អត្ថបទដោយចលនានិស្សិតខ្មែរ SMD
ចលនានិស្សិតខ្មែរ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យតុលាការកម្ពុជា ទម្លាល់ចោល និងដោះលែង លោក រ៉ុង ឈុន ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ សូម «ទាញយកសេចក្តីថ្លែងការណ៍» អានខ្លឹមសាងទាំងស្រុងខាងក្រោម។
សេចក្តីថ្លែងការណ៍
សូមទម្លាក់ចោលបទចោទប្រកាន់ និងដោះលែង លោក រ៉ុង ឈុន
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះ អាជ្ញាធររដ្ឋាភិបាល ដែលបានចាប់ខ្លួនលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ «ទាក់ទងនឹងការបំភ្លៃការពិតលើបញ្ហាព្រំដែន ដែលជាបទល្មើសជាក់ស្តែង គឺបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។
ការចាប់ខ្លួននេះ គឺជាការរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ ត្រង់មាត្រា៤១ កថាខណ្ឌទី១ ចែងថា «ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ»។ ជាងនេះទៀត គឺជាការរំលោភ លើសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស មាត្រា១៩ ចែងថា «មនុស្សគ្រប់រូប មានសិទ្ឋិសេរីភាព ក្នុងការបញ្ចេញមតិ និងការសម្តែងមតិ។ សិទ្ឋិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការបញ្ចេញមតិ ដោយគា្មន ការរជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរកការទទួលនិងការផ្សព្វផ្សាយព័តមាន និងគំនិតនានា ដោយ គា្មនព្រំដែន ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ»។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមអំពាវនាវយ៉ាងទទូចដល់តុលាការកម្ពុជា ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
រដ្ឋធានីវ៉ាសុីនតុន ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០
ប្រធានប្រតិបត្តិ
(ហត្ថលេខា)
ទូច វិបុល
.