អត្ថបទ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 19-01-2021

អ្នកឃ្លាំមើលបញ្ហា​ព្រំដែន​កម្ពុជា លើក​ឡើង​ថា រាល់​កិច្ច​សហការ​លើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម ជា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ដែល​ កម្ពុជា ចាញ់​ប្រៀប​វៀតណាម ពោល​គឺ​ធ្វើ​ទ្បើង​ខុស​ច្បាប់​ជាតិ ​ហើយ​នាំ​ឱ្យ​កម្ពុជា​ ខាត​បង់​ទឹកដី​របស់​ខ្លួន។

ប្រធាន​ប្រតិបត្តិ​ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ឬ SMD លោក ទូច វិបុល បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ ២០២១ នេះ​ថា កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​វៀតណាម ​ហើយ​កម្ពុជា​នៅ​តែ​បន្ត​ប្រើ​សន្ធិសញ្ញ​ខុស​ច្បាប់​ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៨៩ ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១។ លោក​បន្ត​ថា រាល់​កិច្ច​សហការ​លើ​បញ្ហា​ព្រំដែន គឺ​ធ្វើ​ទ្បើង​ខុស​ច្បាប់​ជាតិ ហើយ​នាំ​ឱ្យ​កម្ពុជា ខាត​បង់​ទឹកដី​របស់​ខ្លួន ជាពិសេសដែន​សមុទ្រ កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ ជាដើម។

ការលើក​ឡើងនេះ ក្រោយ​ពេល​មាន​កិច្ច​ប្រជុំ​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ខុន​ហ្រ្វ៊ែន (Video Conference) ដើម្បី​វាយ​តម្លៃ​ពី​កិច្ច​សហ​ប្រតិ​បត្តិការ​វិស័យ​យោធា ក្នុង​ឆ្នាំ ២០២០ កន្លង​មក និង​បង្កើត​ពិធីសារ​ថ្មី ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិការ​វិស័យ​យោធា ក្នុង​ឆ្នាំ​២០២១ នេះ រវាង​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក  ទៀ បាញ់ ជាមួយ​រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ​វៀតណាម លោក ង៉ូ ស៊ុនលិច (Ngo Xuan Lich) កាល​ពីថ្ងៃទី​៨ ខែ​មករា។

ក្រសួងការពារ​ជាតិ​កម្ពុជា បាន​ស្រង់​ខ្លឹមសារ​នៃ​កិច្ចប្រជុំ ទៅ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​បន្ទាប់​ថា រដ្ឋមន្ត្រី​ការពារ​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្នា​ ក្នុង​ការ​បង្កើន​កិច្ច​សហ​ប្រត្តិការ​រវាង​បណ្ដា​យោធ​ភូមិភាគ នៅ​តាម​បន្ទាត់​ព្រំដែន និង​កម្លាំង​គ្រប់គ្រង​ការពារ​ព្រំដែន​ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ឆ្លង​ដែន។

បទល្មើសទាំងនោះ ដូចជា ការជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខុស​ច្បាប់​ជាដើម។ បន្ថែម​ពី​នេះ រដ្ឋមន្រ្តី​ប្រទេស​ទាំង​ពីរ ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ដើរ​ល្បាត​រួម​គ្នា ឲ្យ​បាន​ហ្មត់ចត់​ តាម​ខ្សែ​ព្រំដែន​ដែរ ដើម្បី​ទប់​ស្កាត់​រាល់​សកម្មភាព​នាំ​ចេញ​នាំ​ចូល​ខុស​ច្បាប់​ និង​ដើម្បី​ទប់​ស្កាត់​ការ​រាលដាល​ជំងឺកូវីដ-១៩ ចូល​ក្នុង​ប្រទេស​នីមួយៗ​ផង​ដែរ។

លោក ទៀ បាញ់ បាន​វាយតម្លៃ​ថា នៅ​ឆ្នាំ​២០២០ កងទ័ព​ប្រទេស​ទាំង​ពីរ បាន​សហការ​រួមគ្នា​យ៉ាង​ស្អិត​ល្មួត ​ក្នុង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ និង​លើក​កម្ពស់​ទំនាក់​ទំនង​ឲ្យ​ដល់​កម្រិត​ ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ និង​យូរ​អង្វែង។ ជាមួយ​គ្នា​នេះ រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា ជំរុញ​ឲ្យ​អនុវត្ត​ពិធីសារ ស្តីពី​សហ​ប្រតិ​បត្តិ​ការ​វិស័យ​យោធា នៃ​ប្រទេស​ទាំង​ពីរ នៅ​ឆ្នាំ​២០២១ នេះ ឲ្យ​បាន​កាន់​តែ​សកម្ម និង​មាន​ប្រសិទ្ធភាព​ផង​ដែរ។

ខាងភាគី​វៀតណាម ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ អំពី​កិច្ច​សហ​ប្រតិ​បត្តិការ​ល្អ​ប្រសើរ ជាមួយ​កម្ពុជា​ លើ​ការងារ​ព្រំដែន បើ​ទោះ​បី​ជា​ឆ្នាំ​២០២០ កន្លង​ទៅ យោធា​វៀតណាម បាន​ចូល​មក​បោះតង់ ប្រមាណ ៣០០ កន្លែង ហើយ​ប្រែក្លាយ​ទៅ​ជា​​​សំណង់​រឹង​មាំ រាប់​សិប​កន្លែង ពិសេស​នៅ​តំបន់​មិន​ទាន់​ឯកភាព​គ្នា​យ៉ាង​ណា​ក្តី។

ទោះជា​យ៉ាងណា​ក៏ដោយ លោក ទូច វិបុល អះអាង​ថា ដោយសារ​រដ្ឋាភិបាល​កម្ពុជា ស្ថិត​ក្រោម​ឥទ្ធិពល​វៀតណាម នាំ​ឲ្យ​វៀតណាម​ បន្ត​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​ដល់​កម្ពុជា​ឥត​ឈប់​ឈរ។ យ៉ាងនេះក្តី លោក​ថា ដើម្បី​ឲ្យ​កិច្ច​សហ​ការ​លើ​ការងារ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ និង​ធានា​អធិបតេយ្យភាព បូរណភាព​ទឹកដី​រៀងៗ​ខ្លួន កម្ពុជា​ត្រូវ​ប្រកាស​ដាក់​មោឃៈភាព​ នៃ​សន្ធិ​សញ្ញា​នានា ដែល​ធ្វើ​ទ្បើង​ចន្លោះ​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៨៩ រួម​នឹង​សន្ធិ​សញ្ញ​បំពេញ​បន្ថែម​នានា លើស​ពី​នេះ កម្ពុជា​ត្រូវ​តែ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ ដូចជា​ប្រទេស​បារាំង ដែល​ម្ចាស់​អាណានិគម ជួយ​បញ្ជាក់​ពី​ការ​កំណត់​ព្រំដែន។

លោកថា កម្ពុជាត្រូវតែប្រកាសថា កោះត្រល់ និងកោះចង្កោះកោះក្រចកសេះ ជារបស់កម្ពុជា ហើយ​វៀតណាម ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ទី​នោះ មុន​នឹង​ផ្តើម​ការចរចារ​ជា​ដើម។

កាលពីដើម​ឆ្នាំ ២០២០ យោធា​វៀតណាម បាន​សម្រុក​ចូល​មក​​បោះតង់ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ប្រមាណ ៣០០ កន្លែង ក្រោម​ហេតុផល​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩។ អាជ្ញាធរ​ព្រំដែន​កម្ពុជា អះអាង​ថា តង់​ ដែល​ភាគី​វៀតណាម បោះ​​នៅ​​តាម​​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នោះ បាន​ធ្វើ​ឡើង​នៅ​តំបន់​មិន​ទាន់​ឯកភាព​គ្នា។

ក្រោយមាន​ការរិះគន់ និង​ស្នើ​សុំ​ឱ្យ​ភាគី​វៀតណាម រុះ​រើ​នូវ​តង់​ដែល​បោះ​ឆ្នោត ក្នុង​តំបន់​មិន​ទាន់​ឯកភាព​គ្នា​ ពី​សំណាក់​កម្ពុជា​ នោះ ​ភាគី​វៀតណាម មិន​ត្រឹម​តែ​មិន​អើពើ​នោះ​ឡើយ ប៉ុន្តែ​ពួកគេ​បាន​ប្រែ​ក្លាយ ពី​តង់ ទៅ​ជា​សំណង់​រឹងមាំ ធ្វើ​អំពី​ឈើ និង​ថ្ម នៅ​តំបន់​ជាច្រើន​ថែម​ទៀត​ផង ពិសេស​ក្នុង​ភូមិសាស្ត្រ​ជាប់​ព្រំដែន ក្នុង​ខេត្ត​កណ្តាល តែ​ម្តង។

ចុងក្រោយ​ ទើប​មានព័ត៌មាន​ថា វៀតណាម ព្រម​រុះរើ​សំណង់​រឹងមាំ និង​តង់​មួយចំនួន​ក្នុង​​ភូមិសាស្ត្រ​ជាប់​ខេត្ត​កណ្តាល ប៉ុន្តែ​តង់​ និង​សំណង់​រឹងមាំ នៅ​តាម​បណ្តោយ​ព្រំដែន ជាប់​បណ្តា​ខេត្ត​កម្ពុជា​ផ្សេង​ទៀត វៀតណាម​នៅ​មិន​ទាន់​រុះរើ​នៅ​ឡើយ​ទេ៕

.

.