អត្ថបទដោយចលនានិស្សិត SMD
លិខិតមួយច្បាប់របស់ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (ហៅកាត់ជាអង់គ្លេសថា SMD) បានផ្ញើជូនរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បញ្ជាក់អំពីកោះត្រល់ និងចង្កោមកោះក្រចកសេះ ដូចដែលសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៨៧ បានប្រឆាំងជំទាស់នឹង «កិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រ រវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាមួយវៀតណាម ឆ្នាំ១៩៨២»។ លិខិតទៅកាន់រដ្ឋមន្រ្តីការបរទេសនេះ ចុះហត្ថលេខាដោយលោក ទូច វិបុល ប្រធានប្រតិបត្តិ នៃចលនានិស្សិតខ្មែរ SMD មានពីរភាសា៖ ជាខ្មែរ (Downlaod) និង អង់គ្លេស (Downlaod) ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ៣១ កក្កដា ដដែលនេះ។ សូមអានខ្លឹមសារលំអិត ជាភាសាខ្មែរដូចខាងក្រោម។
សូមគោរពជូន
លោក ម៉ៃឃើល ផុមភេអូ (Michael R. Pompeo)
រដ្ឋមន្ត្រីនៃក្រសួងការបរទេសសហរដ្ឋអាមេរិក
លោករដ្ឋមន្រ្តីជាទីគោរពរាប់អាន
យើងខ្ញុំ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង។ លោករដ្ឋមន្ត្រី បានបញ្ជាក់ជំហរយ៉ាងម៉ឹងម៉ាត់ថា «សហរដ្ឋអាមេរិក ប្រកាន់ជំហរច្បាស់លាស់ថា ការអះអាងនានារបស់ក្រុងប៉េកាំង ក្នុងការក្តោបយកធនធាននានា នៅក្នុងឈូងសមុទ្រស្ទើរតែទាំងអស់ នៅសមុទ្រចិនខាងត្បូង គឺខុសច្បាប់ទាំងស្រុង»។ លោករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិក មានផលប្រយោជន៍រួមយ៉ាងជ្រៅ និងជាចីរកាល ជាមួយដៃគូ និងសម្ព័ន្ធមិត្ត ដែលបានគាំទ្រឲ្យមានបទបញ្ជាអន្តរជាតិជាធរមាន»។
យើងខ្ញុំសូមយកឱកាសនេះ ជម្រាបជូនលោករដ្ឋមន្រ្តី នូវការរំលោភច្បាប់សមុទ្រ ពីសំណាក់ប្រទេសវៀតណាម មកលើកម្ពុជា ក្នុងការកាន់កាប់ កោះត្រល់ និង ប្រជុំកោះក្រចកសេះ ដែលជាកម្មសិទ្ធិរបស់កម្ពុជា ផ្អែកតាមប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងច្បាប់អន្តរជាតិ។ វៀតណាម បានរំលោភលើខ្លឹមសារនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ឆ្នាំ១៩៩១ និងធម្មនុញ្ញអាស៊ាន។
– អនុសញ្ញានៃអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS 1982)
អនុសញ្ញាស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ផ្នែក២ ជំពូក២ មាត្រា៣ ចែងថា «រដ្ឋទាំងអស់ មានសិទ្ធិបង្កើតប្រវែង នៃដែនសមុទ្ររបស់ខ្លូនរហូតដល់ដែនកំណត់មិនលើសពីចម្ងាយ ១២ ម៉ាយល៍ ឬស្មេី ២២,២២៤ គីឡូម៉ែត្រ (1 nautical miles = 1,852 meters) ដែលវាស់ពីខ្សែបន្ទាត់មូលដ្ឋានដែនកំណត់ អនុលោមតាមអនុសញ្ញានេះ»។
យោងតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ នេះ និងតាមលក្ខខណ្ឌភូមិសាស្ត្រ កោះត្រល់ (វៀតណាមហៅថា Phú Quốc) គឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា ពីព្រោះដីដុះបន្តពីជួរភ្នំក្រវាញ នៃខេត្តកំពត តភ្ជាប់ទៅដល់កោះត្រល់ ហើយនិងមានរយៈចម្ងាយត្រឹមតែ ១៥ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃខេត្ត កំពត ប្រទេសកម្ពុជា គឺស្ថិតក្នុងរង្វង់ដែន ២២,២២៤ គីឡូម៉ែត្រ ដែលកំណត់ដោយច្បាប់សមុទ្រនេះ។ ប៉ុន្តែ កោះត្រល់ មានរយៈចម្ងាយរហូតដល់ ៤៥ គីឡូម៉ែត្រ ពីតំបន់ហាទៀង នៃខេត្តកៀនយ៉ាង ប្រទេសវៀតណាម ដែលស្ថិតនៅផ្ទៃខាងក្រៅរង្វង់ដែន ២២,២២៤ គីឡូម៉ែត្រ កំណត់ដោយច្បាប់សមុទ្រនេះ។
– កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ (PPA 1991)
ឯកសារទី២ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស មាត្រា១ ចំណុច២-ឃ ចែងថា «បញ្ចប់សន្ធិសញ្ញា និងកិច្ចព្រម ព្រៀងទាំងឡាយ ដែលមិនស្របអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាន នៃដែនដី អព្យាក្រឹតភាព និង ឯកភាពជាតិរបស់ខ្លួន»។
សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ធ្វើឡើងនៅឆ្នាំ១៩៧៩ ១៩៨២ ១៩៨៣ និងឆ្នាំ១៩៨៥ រវាងវៀតណាម- កម្ពុជា ក្រោមស្ថានភាពដែលកម្ពុជា ត្រួតត្រាដោយកងទ័ពវៀតណាម បានក្លាយជាមោឃភាពអស់ហើយ ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ប៉ុន្តែរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកម្ពុជា នៅតែយកមកធ្វើជាមូលដ្ឋានដោះស្រាយជម្លោះព្រំដែន វៀតណាម-កម្ពុជា។ រីឯសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ និងឆ្នាំ ២០១៩ ដែលរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ប្រើជាបង្អែកដែរនោះ ក៏មានខ្លឹមសារបំពានទាំងស្រុង លើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះដែរ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ គឺជាលិខិតូបរណ៍អន្តរជាតិ ឬមានតម្លៃជាច្បាប់អន្តរជាតិ ដែលប្រទេសហត្ថលេខីទាំងអស់ ត្រូវអនុវត្តឲ្យត្រូវខ្លឹមសារ ដោយការគោរពគ្នាជាចាំបាច់។ វៀតណាម និងសមាជិកនៃសមាគមអាស៊ានភាគច្រើន គឺជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជានេះ។
– គោលការណ៍អាស៊ាន (ASEAN Principles)
ធម្មនុញ្ញអាស៊ាន មាត្រា២ ចំណុច២ ចែងថា «អាស៊ាន និងរដ្ឋសមាជិក ត្រូវអនុវត្តឲ្យសមស្រប តាមគោលការណ៍៖ ក). គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ នៃរដ្ឋ សមាជិកអាស៊ានទាំងអស់។ ខ). ចូលរួមការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។ គ). បដិសេធនូវអំពើឈ្លានពាន និងការគំរាមគំហែង ឬការប្រើប្រាស់កម្លាំង ឬសកម្មភាពទាំងឡាយណា ក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិ។»។
នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់អង្គការសហប្រជាជាតិ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ១៩៨៧ សហរដ្ឋអាមេរិក បានតវ៉ាជំទាស់នឹងកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រ ដែលមេដឹកនាំរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងវៀតណាម បានចុះហត្ថលេខារួមគ្នា ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ១៩៨២ ដែលបានកាត់ឆ្វៀលយក កោះត្រល់ និង ចង្កោមកោះក្រចកសេះ របស់កម្ពុជា ដោយរំលោភបំពានលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។ ប្រទេសថៃ សិង្ហបូរី និងប្រទេសអាល្លឺម៉ង់ ក៏បានតវ៉ាជំទាស់នឹងកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្តនេះ ដូចជំហរសហរដ្ឋអាមេរិកដែរ។
លោក វ៉លទ័រ ទ្បម៉ែន (Walter Lohman) និងអ្នកស្រី អូលីវា អុីនូស (Olivia Enos) អ្នកសិក្សាស្រាវជ្រាវ នៅតំបន់អាសុី នៃមូលនិធិបេតិកភណ្ឌ (The Heritage Foundation) ជាអង្គការធនាគារគំនិត ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ជាក់ក្នុងសារណារបស់ខ្លួន ចុះផ្សាយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ថា «អ្វីដែលកើតទ្បើងនៅកម្ពុជា គឺមានសារ:សំខាន់ចំពោះសហរដ្ឋអាមេរិក។ ពីសង្គ្រាមវៀតណាម ដល់សង្គ្រាមត្រជាក់ និងតួនាទីក្នុងអាស៊ាន កម្ពុជាបានក្លាយជាផ្នែកមួយដ៏មានសារ:សំខាន់ នៅក្នុងគោលនយោបាយការបរទេសសហរដ្ឋអាមេរិក»។ សហរដ្ឋអាមេរិក ជាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលត្រូវមានកាតព្វកិច្ច តាមឃ្លាំមើលដំណើរការ នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ជាពិសេសធានាសន្តិសុខ ស្ថិរភាព និងសន្តិភាព នៅក្នុងតំបន់។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមបញ្ជាក់បន្ថែម ជូនលោករដ្ឋមន្រ្តី ម៉ៃឃើល ផុមភេអូ (Michael R. Pompeo) ថា វៀតណាមមានប្រវត្តិជាប់មិនដាច់គ្រប់ដំណាក់កាល ក្នុងការឈ្លានពានប្រទេសកម្ពុជា ចូលកាន់កាប់ដែនដីគោក តាមបណ្តោយព្រំដែន ដែនសមុទ្រ និងកោះនានារបស់កម្ពុជា ព្រមទាំងបង្ហូរជនជាតិវៀតណាម ខុសច្បាប់រាប់លាននាក់ ទៅរស់នៅលើទឹកដីកម្ពុជា ដោយការគប់គិតគ្នា រវាងអាជ្ញាធរកម្ពុជា និងរដ្ឋាភិបាលវៀតណាម ទាំងរំលោភបំពានលើច្បាប់ជាតិ-អន្តរជាតិ ដែលមានជាធរមាន។ ស្របពេលកុម្មុយនិស្ដចិន កំពុងចាក់គ្រឹះអំណាចផ្តាច់ការ លប់លើតំបន់អាស៊ីនោះ ប្រទេសវៀតណាម ក៏នៅតែសាបព្រោះមនោគមវិជ្ជាកម្មុយនីស្តរបស់ខ្លួន រាលដាលគ្របដណ្ដប់លើ អំណាចដឹកនាំនៅកម្ពុជា និងឡាវ ដែលគំរាមកំហែងយ៉ាងខ្លាំង ដល់អនាគតអាយុជីវិតទឹកដី នៃប្រទេសទាំងពីរ។ គ្រឹះឥទ្ធិពលកុម្មុយនិស្ដចិន និងវៀតណាមនេះ បង្កការគំរាមកំហែង ដល់ស្ថិរភាពក្នុងតំបន់ ដែលផ្ទុយពីជំហររបស់សហរដ្ឋអាមេរិក ក្នុងការពង្រីកវិសាលភាពនៃសេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
អាស្រ័យដូចអំណះអំណាងរៀបរាប់សង្ខេបខាងលើ យើងខ្ញុំសូមស្នើលោករដ្ឋមន្រ្តី មេត្តាបញ្ជាក់ឡើងវិញ នូវជំហរ របស់សហរដ្ឋអាមេរិក ដូចក្នុងឆ្នាំ១៩៨៧ ក្នុងការជំទាស់នឹងកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២ និងសូមប្រកាសជំហរទទួលស្គាល់ជាផ្លូវការថា កោះត្រល់ និងចង្កោមកោះក្រចកសេះ ជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា។
សូមលោករដ្ឋមន្រ្តី ម៉ៃឃើល ផុមភេអូ (Michael R. Pompeo) ទទួលនូវការគោរពរាប់អានអំពីយើងខ្ញុំ។
រដ្ឋធានីវ៉ាសុីតុន ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០
ប្រធានប្រតិបត្តិ
(ហត្ថលេខា)
ទូច វិបុល
.
.
គាំទ្រការចងក្រងច្បាប់ អនុសញ្ញា សន្ធិសញ្ញាផ្សេងដើម្បីរក្សាដីកេរ្តិ៍ដូនតាខ្មែរយើង។