អត្ថបទ៖ ចលនានិស្សិត SMD

ចលនា​​​និស្សិត​​ដើម្បី​​លទ្ធិ​​ប្រជា​​ធិបតេយ្យ (Student Movement for Democracy – SMD) ដែ​លមាន​មូលដ្ឋាន​ពី​​សហរដ្ឋ​​​អាមេរិក បាន​​​ចេញ​​​សេចក្តី​​​ថ្លែងការណ៍​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ការ​ចាប់​ខ្លួន​ក្រុម​សកម្មជន​ប្រជា​ធិបតេយ្យ។ សេចក្តី​​ថ្លែងការណ៍​​នេះ ចុះ​​​ហត្ថលេខា​​ដោយ​​លោក អ៊ាប សេង ជាអនុ​​ប្រធាន​​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​នេះ ​ចេញ​​​ផ្សាយ​​​នៅ​​​ថ្ងៃទី ១៥ ខែ​​​មករា ឆ្នាំ​២០២១។ សូម​ទាញ​យកសេចក្តីថ្លែងការណ៍ (Download) ឬ​​អាន​សេចក្តី​ថ្លែងការណ៍​​ទាំង​ស្រុង​ខាង​​ក្រោម។

សេចក្តីថ្លែងការណ៍
រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បញ្ឈប់​ការ​ចាប់​ខ្លួន​សកម្មជន​ប្រជា​ធិបតេយ្យ

ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ សូម​អំពាវ​នាវ​ដល់​រដ្ឋាភិបាល នៃ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន  ត្រូវ​បញ្ឈប់​មធ្យោបាយ​គំរាម​កំហែង​គ្រប់​រូបភាព ទៅ​លើ​សកម្មជន​សង្គម សកម្មជន​នយោបាយ និង​ពលរដ្ឋ​សកម្ម​ទាំង​ឡាយ​ ទោះ​បី​ដោយ​ការ​ចាប់​ខ្លួន ការ​បង្ខំ​ដាក់​ពន្ធនាគារ ឬ​តាម​វិធី​ណា​ក៏ដោយ។ ទង្វើ​នេះ​គឺ​ជា​គំរូ​សម្លាប់​ស្មារតី​ធម្មនុញ្ញ​ប្រជា​ធិបតេយ្យ​ជាតិ ដែល​ក្រុម​អ្នក​ដឹកនាំ​ប្រទេស​ត្រូវ​ចៀស​វាង​ដាច់​ខាត។ 

ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ សូម​រំឭក​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា ការ​ចាប់​ខ្លួន​លោក ម៉ក់ សំអាន អតីត​ក្រុម​ប្រឹក្សា​ឃុំ​ជាំក្រវៀន និង​លោក ព្រៅ ចាន់ធឿន ក្រុម​ប្រឹក្សា​ឃុំ​មេមត់​ ស្រុក​​មេមត់ ខេត្ត​​ត្បូងឃ្មុំ​ (តាម​ប្រភព VOD) ពី​​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការ​បង្កើត​បញ្ហា​ផ្ទៃក្នុង​ជាតិ ឲ្យ​កាន់​តែ​ចាក់​ស្រេះ​បន្ថែម​ទៀត។ យុទ្ធវិធី​នេះ គឺ​ជា​ចេតនា​ធ្វើ​ឲ្យ​ច្របល់​ផ្ទៃក្នុង​ជាតិ​ រុញ​ជាតិ​ឲ្យ​លង់​ក្នុង​វិបត្តិ​យ៉ាង​ជ្រៅ ដោយ​រដ្ឋាភិបាល​ខ្លួន​ឯង ដែល​កំពុង​ដឹកនាំ​ជាតិ។ 

យើង​ខ្ញុំជូន​យោបល់​ដល់​រដ្ឋាភិបាល​ថា សកម្មភាព​ដ៏​ខ្មាស​អៀន​បែប​នេះ ពុំ​មាន​មេ​ដឹកនាំ​ស្មោះ​ត្រង់​ ចំពោះ​បុព្វហេតុ​ជាតិ​រូប​ណា អាច​ប្រព្រឹត្ត​ងាយៗ ទាំង​មិន​ខ្វល់​ពី​ប្រតិកម្ម របស់​ប្រជា​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ ដូច​ឃើញ​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ និង​នៅ​តាម​បណ្ដា​ប្រទេស​កុម្មុយនិស្ដ​ផ្ដាច់ការ​នោះទេ។

ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ សូម​បំភ្លឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា មធ្យោបាយ​នាំ​ចម្រើន​ជាតិ​ មិន​មែន​ការ​បង្កើត​បញ្ហា​បន្ថែម​ឡើយ ប៉ុន្តែ​ជា​ការ​បញ្ឈប់​ផែនការ ដែល​មាន​ចេតនា​បង្ក​ទំនាស់ ហើយ​សម្រប​សម្រួល​ផ្សះផ្សា​គ្នា ពន្លត់​ជម្លោះ​ ក្ដី​ក្ដាំ​ចាស់ៗ​ទាំង​អស់ ដោយ​វិធី​បញ្ចៀស​អំពើ​ហិង្សា​អយុត្តិធម៌។ នេះ​គឺ​ជា​មេរៀន​យោគ​យល់​គ្នា​នៃ​អ្នក​នយោបាយ​ចាស់​ទុំ និង​ថ្លៃថ្នូរ តាម​ថ្នាល​នៃ​អ្នក​ប្រជា​ធិបតេយ្យ ដែល​ចេះ​ដាក់​ខ្លួន​ជា​អ្នក​បម្រើ​ប្រជា​ពលរដ្ឋ​ម្ចាស់​ប្រទេស។

ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ  ក៏​សូម​ដាស់​តឿន​រដ្ឋាភិបាល នៃ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា អ្នក​ដឹកនាំ​ជាតិ ត្រូវ​មាន​ស្មារតី​ដោះស្រាយ​បញ្ហា​ជាតិ និង កុំ​ធ្វើ​ជា​អ្នក​នាំ​រឿង​ដល់​ប្រជា​ជាតិ ដើម្បី​តែ​ប្រយោជន៍​អំណាច​គ្រួសារ​បក្ខពួក។ បើ​ពុំ ដូច្នោះ​ទេ ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​មុខ​ដូច​បច្ចុប្បន្ន នឹង​ត្រូវ​ប្រឈម​ប្រតិកម្ម​កំហឹង​ជាតិ នៅ​ថ្ងៃអនាគត។

រដ្ឋធានីវ៉ាសុីនតុន ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២១

អ៊ាប សេង
អនុប្រធាន​ប្រតិបត្តិនៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ

.

.