អត្ថបទចលនានិស្សិត SMD

លោក ទូច វិបុល ប្រធានប្រត្តិបត្តិនៃចលនា​​​​​និស្សិត​​​​​ដើម្បី​​​លទ្ធិ​​ប្រជា​​ធិបតេយ្យ (Student Movement for Democracy – SMD) ​​​ចុះ​ហត្ថលេខា​​​​​​​​សេចក្តី​​​ថ្លែងការណ៍មួយ សំដែង​ការ​អរគុណ​ចំពោះ​សេចក្តី​ស្នើ​ច្បាប់​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ៣ រូប ស្តី​អំពី​​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​នៅកម្ពុជា ដែល​សំដៅ​ដាក់​ទណ្ឌកម្ម​មន្រ្តី​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា សេចក្តី​​ថ្លែងការណ៍​​នេះ ចេញ​​​ផ្សាយ​​​​នៅ​​​ថ្ងៃទី ០៦ ខែសីហា ឆ្នាំ​​២០២១។ សូម​ទាញ​​យក​ (Download) ឬ​​​​អាន​​ខ្លឹមសារ​​ទាំង​​​ស្រុង​​។

សេចក្តីថ្លែងការណ៍
គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ ស្តីពី​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ សូម​ថ្លែង​អំណរគុណ និង​គាំទ្រ​​ចំពោះ​លោក​ព្រឹទ្ធ​សមាជិក Ed Markey មក​ពី​រដ្ឋ Massachusetts ប្រធាន​អនុ​គណៈ​កម្មា​ធិការ​​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​អាសុី​ខាង​កើត នៃ​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក, លោក​ព្រឹទ្ធ​សមាជិក Dick Durbin មកពីរដ្ឋ Illinois និង​លោក​ព្រឹទ្ធ​សមាជិក Marco Rubio មក​ពី​រដ្ឋ Florida ដែល​នឹង​បញ្ចូន​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​សិទ្ធិ​មនុស្ស និ​ងប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ដើម្បី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ នៃ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​ខុសត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស ស្ថាប័ន​ប្រជា​ធិបតេយ្យ និង​អ្នក​នយោបាយ​ប្រឆាំង។

សេចក្តីស្នើច្បាប់នេះ​បញ្ជាក់​ជា​ថ្មី​ថា សហរដ្ឋ​អាមេរិក​មិន​គ្រាន់​តែ​គោរព​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ ដែល​ប្រាថ្នា​ចង់​បាន​សេរីភាព យុត្តិធម៌ និង​ប្រជា​ធិបតេយ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​និង​កំពុង​បំពេញ​តួនាទី​ស្រប​ច្បាប់​របស់​ខ្លួន​ ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស៍​ ឆ្នាំ​​១៩៩១ ដែល​មាន​កាតព្វកិច្ច តាម​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ដំណើរការ​ ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

ការកត់​សម្គាល់​របស់​ព្រឹទ្ធ​សមាជិក Markey ប្រធាន​អនុ​គណៈ​កម្មា​ធិការ​​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​អាសុី​ខាង​កើត ពិត​ជា​មាន​សុភវិនិច្ឆ័យ​ត្រឹម​ត្រូវ​ណាស់ ចំពោះ​ស្ថានភាព​ជាក់​ស្តែង​នៅ​កម្ពុជា ដោយ​បាន​លើក​ទ្បើង​ថា «ប្រជា​ពលរដ្ឋ​ខ្មែរ​សម​តែ​ទទួល​បាន​នូ​វអ្វី​ដែល​បាន​សន្យា​នៅក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស៍ ឆ្នាំ១​៩៩១ គឺ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស ដែល​ឆ្លុះ​បញ្ចាំង​​ពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ មិន​មែន​របប​ដឹកនាំ​ឯកបក្ស​ គាបសង្កត់នោះទេ»

សេចក្តីស្នើច្បាប់នេះ ក៏​ជា​ការ​រំឮក​ជាថ្មី​ដល់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​សហរដ្ឋ​អាមេរិក នឹង​មិន​បណ្តោយ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ស្លាប់​នោះ​ទេ។ ព្រឹទ្ធសមាជិក Durbin មក ពីរដ្ឋ Illinois សហ​ស្ថាបនិក​នៃ​សេចក្តី​ស្នើ​ច្បាប់ បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា «សូម​បញ្ជាក់​ឱ្យ​ច្បាស់​ថា ប្រជា​ធិបតេយ្យ​ដ៍​ក្មេង​ខ្ចី​នៅ​កម្ពុជា ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​បំផុត។ មេដឹកនាំ គាប​សង្កត់​ រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ចាប់ចង គំរាម​កំហែង ព្រម​ទាំង​ធ្វើ​ទុក្ខ​បុក​ម្មេញ​ដល់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង ​និង​សកម្មជន​អហិង្សា»។ ព្រឹទ្ធសមាជិក Rubio មក​ពី​រដ្ឋ Florida សហ​ស្ថាបនិក​នៃ​សេចក្តី​ស្នើច្បាប់ ក៏​បាន​សង្កត់​ធ្ងន់​ថា «ក្រោម​រដ្ឋអំណាច​ផ្តាច់ការ​របស់​លោក ហ៊ុន សែន កម្ពុជា​បន្ត​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ អំពី​ដំណើរការ​ឆ្ពោះ​ទៅ​កាន់​ប្រជា​ធិបតេយ្យ នៅ ​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ»។ ព្រឹទ្ធ​សមាជិក សហ​ស្ថាបនិក​នៃ​សេចក្តី​ស្នើ​ច្បាប់​ទាំង​ពីរ​រូបនេះ​​ប្តេជ្ញា​ចិត្ត​ថា នឹង​ឱ្យ​លោក ហ៊ុន សែន ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

សេចក្តី​ស្នើ​ច្បាប់​របស់​ព្រឺទ្ធសភា និង​រដ្ឋសភា​សហរដ្ឋ​អាមេរិក គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពីឆន្ទៈ​នយោបាយ​របស់​ពលរដ្ឋ​អាមេរិក​ ផ្ញើ​ជូន​ទៅ​រដ្ឋបាល​លោក​ប្រធានា​ធិបតី Joe Biden ថា​ត្រូវ​ការពារ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា និង​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​តម្លៃ ​ហើយ​ឱ្យ​លោក ហ៊ុន សែន ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​ឱ្យ​ខាង​តែ​បាន។ សេចក្តី​ស្នើ​ច្បាប់​នេះ ក៏​ជា​កាយវិការ​ម៉ឺង​ម៉ាត់​របស់​សហរដ្ឋ​អាមេរិក ជួយ​បំភ្លឺ​ផ្លូវ ពង្រីក​ផ្លូវ និង​លើក​ទឹកចិត្ត​ដល់់​ប្រជា​ពលរដ្ឋ​ខ្មែរ ​ឲ្យ​កាន់​តែ​ក្លា​ហាន ជឿ​ជាក់ និង​ប្ដេជ្ញា​ចិត្ត ក្នុង​បេសកកម្ម​តស៊ូ ដើម្បី​ប្រជា​ធិបតេយ្យ នៅ​ពេល​ពួក​គាត់​ដឹង​កាន់​តែ​ច្បាស់​ថា សហរដ្ឋ​អាមេរិក​ពិត​ជា​មិន​បោះ​បង់​ប្រជា​ពលរដ្ឋ​ខ្មែរឡើយ។ នេះ​គឺ​ជា​រង្វាន់​ដ៏​ធំ ដែល​សហរដ្ឋ​អាមេរិក ផ្ដល់​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុង កាលៈ​ទេសៈ​វិបត្តិ​ជាតិ​ដ៏​ធ្ងន់​ធ្ងរ។

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ យល់​ឃើញ​ថា ដើម្បី​បញ្ចៀស​ការ​ប្រឈម​គ្នា​កាន់​តែ​ខ្លាំង ​រវាង​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ប្រាថ្នា​ប្រជា​ធិបតេយ្យ និង​រដ្ឋអំណាច​លោក ហ៊ុន សែន ព្រម​ទាំង​ជា​ហេតុ​ផល​ពង្រីក​ទំនាក់​ទំនង​ល្អ រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក ដែល​នឹង​នាំ​ផល​ប្រយោជន៍ សេដ្ឋកិច្ច និង​សន្តិសុខ សម្រាប់​កម្ពុជា​​នោះ រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ប្រតិបត្តិ​ឲ្យ​ឃើញ​លទ្ធផល​ជាក់ស្ដែង នៅ​ក្នុង​ឆ្នាំ​២០២១ នេះ ៖

(១). បើកលំហ​សេរីភាព​នយោបាយ​ឡើង​វិញ។
(២). ជជែកគ្នា ដើម្បី​រៀបចំ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ។
(៣). ជជែកគ្នា ដើម្បី​កែ​សម្រួល​ច្បាប់​បោះ​ឆ្នោត និង​ច្បាប់​គណបក្ស​នយោបាយ ឡើង​វិញ។
(៤). បើកលំហ​សេរីភាព​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឡើង​វិញ។
(៥). បើក​លំហ​សេរីភាព​សង្គម​ស៊ីវិល​ឡើង​វិញ។
(៦). រក្សាជំហរ​អព្យាក្រឹត ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ។

វា​ជា​ការ​ចាំបាច់​ណាស់ ដែ​លកិច្ចការ​ទាំង​នេះ អាច​សម្រេច​ទៅ​បាន​ល្អ ដោយ​កិច្ច​សហការ​របស់​រដ្ឋាភិបាល​ ជាមួយ​ភាគី​ខ្មែរ​ទាំង​អស់ ទាំង​សង្គម​ស៊ីវិល និង​គ្រប់​គណបក្ស​នយោបាយ។

រដ្ឋធានីវ៉ាសុីនតុន ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២១

ទូច វិបុល
ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ

.