អត្ថបទចលនានិស្សិត SMD / 28-6-2021

ប្រធាន​ប្រតិបត្តិ​​​​ចលនា​​​​និស្សិត​​​​ដើម្បី​​​លទ្ធិ​​ប្រជា​​ធិបតេយ្យ (Student Movement for Democracy – SMD) លោក ទូច វិបុល បាន​​​ចេញ​​​​​​​សេចក្តី​​​ថ្លែងការណ៍​​ បក​ស្រាយ​ខ្លឹមសារ​ខួប ៧០​ឆ្នាំ​នៃ​ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​កាន់​អំណាច​សព្វថ្ងៃ។ សេចក្តី​​ថ្លែងការណ៍​​នេះ បាន​​ចេញ​​​ផ្សាយ​​​​នៅ​​​ថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ​​២០២១។ សូម​ទាញ​​យក​សេចក្តីថ្លែងការណ៍ (Download) ឬ​​​​អាន​​ខ្លឹមសារ​​ទាំង​​​ស្រុង​​ដូច​​ខាង​​​ក្រោម​៖

សេចក្តីថ្លែងការណ៍
គណបក្ស​ប្រជាជន​កម្ពុជា អាយុ​៧០​ឆ្នាំ កើត​ពី​វៀតណាម បម្រើ​វៀតណាម បំផ្លាញ​ខ្មែរ

កើត​បាន​៧០​ឆ្នាំ គិត​ត្រឹម​ថ្ងៃ​នេះ ដោយ​ស្នាដៃ​ក្រុង​ហាណូយ គណបក្ស​ប្រជាជន​កម្ពុជា មាន​ឈ្មោះ​ដើម​ គណបក្ស​ប្រជាជន​បដិវត្ដន៍​កម្ពុជា បាន​ធ្វើ​គ្រប់​សកម្មភាព​យុទ្ធសាស្ត្រ ប្រឆាំង​នឹង​ផល​ប្រយោជន៍​ប្រជាជាតិ​ខ្មែរ​ និង​ដើរ​ផ្ទុយ​ពី​បំណង​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស។​ ចាប់​តាំងពី​ការ​តស៊ូ​ដើម្បី​ដណ្ដើម​អំណាច រហូត​ដល់​បាន​ឱកាស​គ្រប់​គ្រង​អំណាច​ទាំង​ស្រុង​ គណ​បក្ស​​នេះ​ ​ដើរ​តួនាទី​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការ​បំពេញ​មហិច្ឆតា​ឈ្លាន​ពាន​របស់​ប្រទេស​វៀតណាម មក​លើ​ទឹក​ដី​កម្ពុជា​ និង​ ទាញ​ទម្លាក់​កម្ពុជា ឲ្យ​រអិល​ចូល​ក្នុង​វិបត្តិ​ពិបាក​រើខ្លួន​ដូច​សព្វថ្ងៃ។

គណបក្ស​ប្រជាជន​កម្ពុជា ជា​ឧបករណ៍​សម្រេច​បំណង​លុកលុយ​ឈ្លាន​ពាន​របស់​កងទ័ព​វៀតណាម​ ចូល​កាន់​កាប់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ឱ្យ​បាន​មុន​អន្តរាគមន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ បន្ទាប់​ពី​វៀតណាម​បាន​ដឹង​ផែនការ​អន្តរាគមន៍​របស់​អង្គការ​សហ​ប្រជាជាតិ ដើម្បី​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ ពី​របប​ខ្មែរ​ក្រហម នៅ​អំឡុង​ចុង​ខែ​មករា ​ឆ្នាំ​១៩៧៩។ រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​ជា​អាយ៉ង​របស់​ប្រទេស​វៀតណាម​ បាន​ផ្ដល់​ឲ្យ​វៀតណាម​កុម្មុយនិស្ដ ៖

  • សន្ធិសញ្ញាមិត្តភាព សន្តិភាព និង​សហ​ប្រតិបត្តិការ រវាង​កម្ពុជា​-​វៀតណាម ថ្ងៃ​១៨ ខែ​កម្ភៈ ឆ្នាំ​១៩៧៩ ទទួល​ស្គាល់​ភាព​ចំណុះ​របស់​កម្ពុជា ដាក់​ខ្លួន​ក្រោម​ការ​ត្រួត្រា​របស់​វៀតណាម។
  • កិច្ចព្រមព្រៀង ស្តីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ថ្ងៃ​៧ ខែ​កក្កដា ឆ្នាំ​១៩៨២ ប្រគល់​កោះត្រល់  និង ចង្កោម​កោះ​ក្រចកសេះ ទៅ​ឲ្យ​វៀតណាម និង​បាន​ដាក់​ផ្ទៃ​សមុទ្រ​ខ្មែរ ​១​ម៉ឺន​គីឡូម៉ែត្រ​ការេ ជា​តំបន់​គ្រប់​គ្រង​រួមគ្នា (ដែន​សមុទ្រ​ខ្មែរ​មាន​ផ្ទៃ​សរុប ៩៥.០០០ គឺទ្បូ​ម៉ែត្រ​ការេ)។
  • កិច្ចព្រមព្រៀង ស្ដីពី​របៀប​ដោះស្រាយ​បញ្ហា​ព្រំ​ប្រទល់​ដែន និង​លក្ខន្តិកៈ​ព្រំដែន​គោក ថ្ងៃ​២០ ខែ​កក្កដា ១៩៨៣ សម្រួល​ដល់​ការ​ហូរ​ចូល​និគមជន​វៀតណាម​ខុស​ច្បាប់​​មក​រស់នៅ​កម្ពុជា។
  • សន្ធិសញ្ញា​កំណត់​ព្រំដែនរដ្ឋ ឆ្នាំ​១៩៨៥ កែ​ប្រែ​គំនូស​ព្រំដែន​ថ្មី​រវាង​កម្ពុជា និង​វៀតណាម ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​បាត់​បង់​ដី​ស្រែ​ចំការ​តាម​ព្រំដែន សូម្បី​តែ​ភូមិ​កំណើត​របស់​ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​សព្វថ្ងៃ​ ក៏​ត្រូវ​ប្រគល់​ឱ្យ​វៀតណាម​កាន់​កាប់។
  • សារាចរណែនាំ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​១៩៨៦ ជួយ​សម្រួល​លក្ខខណ្ឌ​រស់នៅ​របស់​និគមជន​វៀតណាម​ខុស​ច្បាប់​ ដូច​ជា​ការ​ផ្ដល់​ដីធ្លី ទីជំរក ការ​ឧបត្ថម្ភ ការ​ថែរក្សា ការ​អប់រំ និង​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ ជាដើម។
  • ការអនុវត្តផែនការ​«ក៥»​របស់​វៀតណាម ក្រោយ​វៀតណាម​បាន​លើក​បន្ទុប លោក ហ៊ុន សែន ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី (នាយក​រដ្ឋមន្ត្រី) កាល​ពី​ឆ្នាំ​១៩៨៥ ដែល​ផែន​ការ​នេះ បាន​សម្លាប់​បុរស​ខ្មែរ​ពេញ​កម្លាំង ជាង​ ២០​ម៉ឺន​នាក់។ 

លោក ហ៊ុន សែន តែង​តែ​អុកឡុក​កម្ពុជា មិន​ព្រម​អនុវត្ត​កិច្ចព្រម​ព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស៍ ឆ្នាំ ១៩៩១ ហើយ​នៅ​តែ​ឱ្យ​តម្លៃ​អនុវត្តន៍​កិច្ច​ព្រមព្រៀង និង​សន្ធិសញ្ញា​នានា ដែល​រដ្ឋាភិបាល​អាយ៉ង ដឹកនាំ​ដោយ​លោក ហ៊ុន សែន ខ្លួន​ឯង​ បាន​ចុះហត្ថលេខា​ខុស​ច្បាប់​ជាមួយ​វៀតណាម​កន្លង​មក ដើម្បី​បម្រើ​ផល​ប្រយោជន៍​វៀតណាម​សុទ្ធ​សាធ។

  • ដើម្បី​ត​ថ្លៃ​ទាមទារ​អំណាច ក្រោយ​ចាញ់​ការ​បោះ​ឆ្នោត​យុត្តិធម៌ ដែល​រៀបចំ​ដោយ​អ៊ុនតាក់ (UNTAC) ឆ្នាំ​១៩៩៣ លោក ហ៊ុន សែន បាន​គំរាម​ធ្វើ​តំបន់​អបគមន៍​ផ្ដាច់​ទឹកដី​ខ្មែរ ចំនួន ៣​ខេត្ត​ មាន​ស្វាយរៀង ព្រៃវែង និង​កំពង់ចាម (បច្ចុប្បន្ន កំពង់ចាម និង​ត្បូងឃ្មុំ) ទៅ​ភ្ជាប់​ជាមួយ​ទឹកដី​ប្រទេស​វៀតណាម។ ដោយសារ​មហិច្ឆតា​នេះ​របស់ លោក ហ៊ុន សែន បាន​ជម្រុញ​ឱ្យ​មាន​ការ​ចែក​អំណាច ធ្វើ​ឲ្យ​កម្ពុជា ស្ទះ​ដង្ហើម​លទ្ធិ​ប្រជា​ធិបតេយ្យ។
  • ក្រោយ​រដ្ឋប្រហា​របង្ហូរ​ឈាម ឆ្នាំ​១៩៩៧ ដែល​ដឹកនាំ​ធ្វើ​ដោយ​លោក ហ៊ុន សែន គាត់​បាន​ផ្ដល់​ឱ្យ​វៀតណាម​ កាត់​យក​ផ្ទៃ​សមុទ្រ​ខ្មែរ ៣០.០០០ គីឡូ​ម៉ែត្រ​ការេ និង​ថៃ​ ក៏​បាន​កាត់​យក ៣០.០០០​គីឡូ​ម៉ែត្រ​ការេ​ដែរ។ 
  • ឆ្នាំ​២០០៥ លោក ហ៊ុន សែន ដឹក​នាំ​ធ្វើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម ទាំង​បំពាន​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​ក្រុង​បារីស៍​ ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ទឹកដី​ជាតិ​ខ្មែរ​យ៉ាង​ធំធេង។​​ 
  • ជា​បន្តបន្ទាប់ ករណីព្រំដែន និង​ផែនទី​ព្រំដែន​កម្ពុជា​-​វៀតណាម ហើយ​និង​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ ដែល​រស់នៅ​កម្ពុជា រដ្ឋាភិបាល​លោក ហ៊ុន សែន ចាំ​ស្ដាប់​តាម​ការ​បង្គាប់​បញ្ជា​របស់​វៀតណាម​គ្រប់​កាលៈទេសៈ

គណបក្សប្រជាជនកម្ពុជា ពិត​ជាបាន​បម្រើ​ប្រទេស​វៀតណាម​ល្អ​ណាស់ និង បង្កើត​ស្នាដៃ​បំផ្លាញ​​កម្ពុជា​គួរ​ឲ្យ​រន្ធត់។

និគមជនវៀតណាម​ខុស​ច្បាប់​រាប់​លាន​នាក់ ទាំង​អ្នក​ចូល​មក​កម្ពុជា​ពី​មុនៗ និង​ពួក​អ្នក​មក​ថ្មីៗ តាំង​ទីលំនៅ​លើក​ទឹក​ដី​កម្ពុជា​ ដោយ​សេរី។ ពួក​គេ​រស់នៅ​កក​កុញ លើ​ផ្ទែ​ទឹក​ទន្លេ និង​បឹង​ខ្មែរ ទាំង​មាន​កិច្ច​ជួយ​ជ្រោម​ជ្រែង​ពី​អាជ្ញាធរ​នៃ គណបក្ស​ប្រជាជន​ កម្ពុជា។ វៀតណាម​ខុសច្បាប់​រាប់​សិប​ម៉ឺន​នាក់ ចូល​តាម​នយោបាយ​សម្បទាន​ដី​ធ្លី។ អង្គការ​ក្នុង​ស្រុក​មួយ កាល​ពី​ឆ្នាំ​២០១៨ បាន​រាយការណ៍​ថា រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ផ្ដល់​ដី​សម្បទាន​ឱ្យ​ក្រុមហ៊ុន​វៀតណាម​ជាង ៣៥ ម៉ឺនហិកតា។ ១​ហិកតា​ អនុញ្ញាត​ឱ្យ​អតីត​យុទ្ធជន​វៀតណាម ២នាក់ ចូល​ទៅ​ប្រកប​ការងារ​លើ​ដី​សម្បទាន​ទាំង​នោះ។ រដ្ឋាភិបាល លោក ហ៊ុន សែន ក៏​បាន​ផ្ដល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ខ្មែរ ជិត ៩៦​ម៉ឺន​ហិកតា ដែល​ក្រុមហ៊ុន​ខ្លះ​ធ្វើ​អាជីវកម្ម​វៀតណាម ក្រោម​ឈ្មោះ​អ្នក​ជំនួញ​ខ្មែរ។ 

ព្រៃឈើ​ប្រណិត​ប្រមាណ ៤០%​ ទូទាំង​ប្រទេស ត្រូវ​បាន​បំផ្លាញ។ អំពើពុករលួយ ក្លាយ​ជា​ប្រព័ន្ធ​ប្រមូល​លុយ​ធ្វើ​សេដ្ឋី​របស់​ គ្រួសារ​អ្នក​ដឹកនាំ និង​បង្កើត​បណ្ដាញ​ការពារ​អំណាច​គ្រួសារ​គណបក្ស។ ការ​កែ​ទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ជាតិ​ជាង ៣០​ឆ្នាំ​មក​នេះ ​ឡើង ដល់​កម្រិត​តំណែង​តួនាទី​គ្រប់​ស្ថាប័ន ត្រូវ​ប្រកាស​លក់​ជា​ចំហ និង​តែង​តាំង​គ្រួសារ នៃ​ពួក​អ្នកដឹកនាំ​តាម​អំពើ​ចិត្ត​ ហើយ​ស្ថាប័ន​រដ្ឋ ព្រឹទ្ធសភា រដ្ឋសភា តុលាការ ក្រុមប្រឹក្សា​ធម្មនុញ្ញ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ … សុទ្ធ​តែ​ជា​សេនាធិការ​ជួយ​ថែ​ទាំ​អំណាច​របស់​គ្រួសារ​លោក ហ៊ុន សែន។ វិស័យ​អប់រំ សុខាភិបាល សង្គមកិច្ច កាកបាទ​ក្រហម និង ប្រព័ន្ធ​សេវា​សាធារណៈ​ទាំង​អស់ ត្រូវ​លោក ហ៊ុន សែន ប្រើ​ជា​អាជីកម្ម ចម្រាញ់​យក​ចំណេញ​នយោបាយ​អំណាច​របស់​គាត់។ 

លទ្ធផលជាក់ស្ដែង ប្រទេស​ជាតិ​ធ្លាក់​ខ្សោយ​ដុន​ដាប​គ្រប់​វិស័យ ហើយ​ឃើញ​រឹងមាំ​តែ​កង​អង្គរក្ស​ឯកជន​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។ កម្ពុជា​ជំពាក់​បំណុល​បរទេស ដល់​ប្រមាណ ១​មុឺន​លាន​ដុល្លារ​អាមេរិក ។ បរិស្ថាន និង​ធនធាន​ធម្មជាតិ​ ខ្ទេច​ខ្ទាំ រីឯ​អ្នក​ការពារ​បរិស្ថាន​ ត្រូវ​បាន​ធ្វើ​ទុក្ខ​បុកម្នេញ និង​ត្រូវ​ដាក់​គុក។ ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​ស្រុក យំ​ស្រែក​ ព្រោះ​ត្រូវ​អ្នក​មាន​/​ឧកញ៉ា និង​អ្នកមាន​អំណាច​បក្ខពួក ប្លន់​យក​ដីស្រែ​ចំការ។ ពលរដ្ឋខ្មែរ​ពេញ​កម្លាំង ប្រមាណ​ជាង ២​លាន​នាក់ រត់​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ដែល​ក្នុង​ចំនួន​ភាគ​ខ្លះ ត្រូវ​បង្ខំ​ចិត្ត​ចូល​ទឹកដី​ថៃ ដោយ​ខុស​ច្បាប់ ព្រោះ​តែ​បញ្ហា​ក្រីក្រ និង​អត់​ការងារ​ធ្វើ​​ក្នុង​ប្រទេស​កម្ពុជា។ គ្រឿង​ញៀន​រីក​ពេញ​ស្រុក​ភូមិ។

ស្ថានភាព​ចុង​ក្រោយ​​នៃ​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​តាម​ទំនើង​ចិត្ត។ ប្រធាន​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​កំណត់​ដែន​ធ្វើ​ដំណើរ ក្នុង​បណ្ដឹង​ក្បត់​ជាតិ ហើយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ ក៏​ត្រូវ​បាន​បិទ​សិទ្ធិ​ធ្វើ​នយោបាយ។ នយោបាយ​ជាតិ​គាំង។ សិទ្ធិ​សេរីភាព​ពលរដ្ឋ​ត្រូវ​បាន​រំលោភ​បំពាន។ លទ្ធិ​ប្រជា​ធិបតេយ្យ​ត្រូវ​បាន​សម្លាប់។ សកម្មជន​នយោបាយ សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ ប្រឈម​នឹង​ការ​គំរាម​សុវត្ថិភាព​គ្រប់​សកម្មភាព​ និង​ត្រូវ​ចាប់​ដាក់​គុក​យ៉ាង​អយុត្តិធម៌។ បុគ្គល​ឆ្នើមៗ​ក្នុង​សង្គម ដូចជា​លោក កែម ឡី, លោក ជា វិជ្ជា, លោក ឈុត វុទ្ធី … ត្រូវ​គេ​ធ្វើ​ឃាត​ក្រៅ​ច្បាប់។ ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រម​​ព្រៀង​ក្រុង​ប៉ារីស៍ ដែល​មាន​គោលដៅ​បម្រើ​ផល​ប្រយោជន៍​ជាតិ​ខ្មែរ ត្រូវ​លោក ហ៊ុន សែន បំភ្លេច​ចោល។ បញ្ហា​អព្យាក្រឹត​កម្ពុជា​ ក្លាយ​ជា​ចំណោទ​ដេញ​ដោល​របស់​មិត្ត​មហា​អំណាច។ ក្រោម​អំណាច លោក ហ៊ុន សែន បណ្តា​ប្រទេស​ធំៗ បាន​លើក​និយាយ​ចំៗ អំពី​ការ​រង្កៀស​ចិត្ត​ការ​ទូត និង​ដក​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​កម្ពុជា​​ ដូចជា​ករណី EBA-អឺរ៉ុប ជាដើម ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ខាត​ប្រយោជន៍​យ៉ាង​សម្បើម។ 

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ សូមទ​ទូច​ឲ្យ​លោក ហ៊ុន សែន ដក​ខ្លួន​ពី​អន្ទាក់​វៀតណាម និង​ភ្ញាក់ រឭក​ងាក​មក​ផ្សះផ្សា​បង្រួប​បង្រួម​ខ្មែរ​គ្រប់​និន្នាការ​ឡើង​វិញ ទើប​អាច​ដោះ​ស្រាយ​វិបត្តិ​ជាតិ​ដ៏​ធ្ងន់ធ្ងរ​ទាំង​អស់​នេះ​បាន។

 រដ្ឋធានីវ៉ាសុីនតុន ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១

ទូច វិបុល
ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ

.