ពី​សហរដ្ឋ​​អាមេរិក ក្រុមចលនា​​​និស្សិត​​ដើម្បី​​លទ្ធិ​​ប្រជា​​ធិបតេយ្យ (Student Movement for Democracy – SMD) បាន​​ចេញ​​សេចក្តី​​ថ្លែងការណ៍​មួយ ចាត់​ទុក​ថ្ងៃ ៧ មករា ជា​​ថ្ងៃ​ដែល​វៀតណាម​​​​ចូល​ឈ្លាន​ពាន​​​កម្ពុជា និង​​ទាមទារ​​​​លុប​​ចោល​ពី​​​ទិវា​​​​បុណ្យ​​ជាតិ។ សេចក្តី​ថ្លែងការណ៍​នេះ ចុះ​​​ហត្ថលេខា​​ដោយ​​លោក ទូច វិបុល ជា​​ប្រធាន​ប្រតិបត្តិ​ បាន​ចេញ​​ផ្សាយ​​នៅ​​ថ្ងៃទី ០៦ ខែ​​មករា ឆ្នាំ​២០២១។ សូម​ទាញ​យកសេចក្តីថ្លែងការណ៍ (Download) ឬ​អាន​អត្ថបទ​ទាំង​ស្រុង​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍
៧ មករា ជា​ថ្ងៃ​វៀតណាម​​ឈ្លាន​ពាន​​កម្ពុជា ដែល​​ត្រូវ​​តែ​​លុប​ចោល ពី​ទិវា​​បុណ្យ​ជាតិ

ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ចាត់​ទុក ថ្ងៃ​៧ មករា ១៩៧៩ ជា​ថ្ងៃ​ដែល ប្រទេស​វៀតណាម​លើក​កងទ័ព​ប្រមាណ​ ២០​ម៉ឺន​នាក់ ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា ដោយ​រំលោភ​លើ​ច្បាប់​អន្តរជាតិ។ សមាគម​ប្រជា​ជាតិ​អាស៊ាន និង​អង្គការ​សហ​ប្រជា​ជាតិ បានរួមគ្នាថ្កោលទោសការ ឈ្លានពានរបស់ប្រទេសវៀតណាម ហើយ​ប្រទេស​សិង្ហបុរី​ទំនើប​នៅ​តែ​បន្ត​រំឭក​រឿង​នេះ។  

វៀតណាម​កាត់​ឆ្វៀល​យក​កោះត្រល់ និង ចង្កោម​កោះ​ក្រចកសេះ តាម​រយៈ​កិច្ច​ព្រមព្រៀង​ខុស​ច្បាប់ ស្តីពី​ដែន​ទឹក​ប្រវត្តិ​សាស្ត្រ​ឆ្នាំ​១៩៨២។ វៀតណាម​រំលោភ​យក​ទឹកដី​ព្រំដែន​គោក​កម្ពុជា តាម​សន្ធិ​សញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ខុស​ច្បាប់ ឆ្នាំ​១៩៨៥។ វៀតណាម​បញ្ជូន​និគមជន​របស់​ខ្លួន ខុស​ច្បាប់ ចូល​មក​រស់នៅ​កម្ពុជា តាម​សន្ធិ​សញ្ញា​មិត្តភាព​សហ​ប្រតិបត្តិការ ឆ្នាំ​១៩៧៩ និង​សារចរ​ណែនាំ ឆ្នាំ​១៩៨៦។ វៀតណាម​ប្រមូល​យក​ធានធាន​របស់​កម្ពុជា ទាំង​ធនធាន​ធម្មជាតិ និង  ធនធាន​សល់​ពី​សម័យ​មុនៗ។ វៀតណាម​គ្រប់​គ្រង​សន្តិសុខ​ជាតិ​កម្ពុជា និង ធ្វើ​ឱ្យ​ផ្ទៃ​ក្នុង​ជាតិ​ខ្មែរ បែក​បាក់​ធ្ងន់ធ្ងរ រហូត​ដល់​សព្វថ្ងៃ និង អាច​នាំ​គ្រោះ​អាសន្ន​ដល់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ជាពិសេស ទឹកដី​នៃ​ប្រទេស​កម្ពុជា​ទាំងមូល។

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ពិនិត្យ​ឃើញ​ថា ការ​កំណត់​យក​ថ្ងៃ​៧ មករា ជា​ថ្ងៃ​បុណ្យ​ជាតិ គឺ​ជា​ការ​សម្រេច​ឯកតោ​ភាគី របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច មិន​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​សាមគ្កី​ជាតិ និង​ឯកភាព​ជាតិ ពី​ខ្មែរ​គ្រប់​ភាគី​ទ្បើយ ហើយ​គឺ​ជា​ការ​លើក​តម្កើង​នយោបាយ​ឈ្លាន​ពាន​របស់​វៀតណាម ដែល​បំផ្លាញ​ប្រទេស​កម្ពុជា។

ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ យល់​ថា យើង​ខ្មែរ ត្រូវ​តែ​បញ្ចប់​ព្រឹត្តិការណ៍ ថ្ងៃ​៧ មករា ដោយ​ឈរ​លើ​ស្មារតី​ឯកភាព​ជាតិ​ខ្មែរ ដើម្បី​បញ្ចប់​នូវ​ការ​ខ្វែង​គំនិត​គ្នា ក្នុង​ចំណោម​ជាតិ​ខ្មែរ​តែ​មួយ។ យើង​ខ្ញុំ​ប្រកាន់​ជំហរ​ថា ថ្ងៃ​៧ មករា​ នេះ ត្រូវ​លុប​ចេញ​ពី​ទិវា​បុណ្យ​ជាតិ ហើយ​យក​ថ្ងៃទី​២៣ តុលា ជា​ទិវា​បុណ្យ​ជាតិ​ជំនួស​វិញថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ទិវា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ឧបករណ៍​ច្បាប់​អន្តរជាតិ​ជា​ធរមាន ដែល​បាន​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​ប្រទេស​វៀតណាម មក​លើ​ប្រទេស​កម្ពុជា ហើយ​បង្រួប​បង្រួម​គ្រប់​ភាគី​ជម្លោះ​ខ្មែរ ឲ្យ​ចូលរួម​បោះ​ឆ្នោត​យុត្តិធម៌​សកល ឆ្នាំ ១៩៩៣ ដែល​បង្កើត​បាន​រដ្ឋធម្មនុញ្ញ​​ជាតិ តាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស ជាមូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព​ថ្លៃថ្នូរ និង​អំណាច​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ប្រទេស។

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ សង្ឃឹម​យ៉ាង​មុតមាំ​ថា រដ្ឋាភិបាល​កម្ពុជា និង​សភា​ជាតិ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​តម្កល់​តម្លៃ​ជាតិ​ខ្មែរ​ជាធំ ដោយ​ប្រកាស​មោឃភាព​នៃ​សន្ធិ​សញ្ញា​នានា ដែល​ធ្វើ​ទ្បើង​អំឡុង​ឆ្នាំ​១៩៧៩ ដល់ ​ឆ្នាំ​១៩៨៩ និង​សន្ធិ​សញ្ញា​ពាក់​ព័ន្ធ​ថ្មីៗ​បន្ថែម​ទៀត ព្រម​ទាំង​ត្រូវ​លុប​ចោល​ទិវា​បុណ្យ​ជាតិ​ថ្ងៃ​ ៧ មករា ដោយ​ដាក់​ជំនួស​មក​វិញ ​នូវ​ថ្ងៃ ២៣ តុលា ជា​ទិវា​បុណ្យ​ជាតិ ទើប​អាច​ផ្តល់​សច្ចធម៌​ប្រវត្តិសាស្ត្រ​ជាតិ​ខ្មែរ​បាន។

រដ្ឋធានី​វ៉ាសុីនតុន ថ្ងៃទី០៦ ខែ​មករា ឆ្នាំ​២០២១

ទូច វិបុល
ប្រធាន​ប្រតិបត្តិ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​

.

.