រាយការណ៍ដោយលោក ហាស់ សាន / The Cambodia Daily / 21-6-2020
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ថា SMD ជំរុញឱ្យអ្នកនយោបាយខ្មែរ ត្រូវប្រកាន់ខ្ជាប់ នូវ«គោលការណ៍ឯកភាពជាតិ ក្នុងការចូលរួមការពារបូរណភាពទឹកដីជាតិខ្មែរ»។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ស្តីអំពីជំហរឯកភាពជាតិ នៅថ្ងៃទី១៧ ខែមិថុនា នេះ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានអំពាវនាវដល់ខ្មែរគ្រប់ភាគី គ្រប់និន្នាការនយោបាយ ជាពិសេស ឥស្សរជនកម្ពុជាសំខាន់ៗ ដូចជាលោកនាយករដ្មមន្ត្រី ហ៊ុន សែន, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង, អតីតមេបក្សសង្រ្គោះជាតិទាំង ២ រូប រួមមានលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវស្វែងរកដំណោះស្រាយនយោបាយរួមមួយជាបន្ទាន់។
ក្នុងសេចក្តីថ្លែងការណ៍នេះ បញ្ជាក់ថា ដំណោះស្រាយនយោបាយរួម ត្រូវឈរលើគោលការណ៏ឯកភាពជាតិ និងកិច្ចសហការគ្នា ក្នុងការទាមទារឲ្យប្រទេសវៀតណាម ប្រគល់ទឹកដីដែលវៀតណាម បានឈ្លានពានយកទៅគ្រប់គ្រង ជាពិសេស«កោះត្រល់» ត្រូវប្រគល់មកជាកម្មសិទ្ធិរបស់កម្ពុជាវិញ តាមខ្លឹមសារ និងយន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ ឯកសារផ្លូវការនានា និងច្បាប់ជាតិ-អន្តរជាតិទាំងឡាយជាមូលដ្ឋាន។
សេចក្តីថ្លែងការណ៍ដដែល លើកឡើងថា ផ្អែកតាមភស្ដុតាងបង្ហាញថា វៀតណាម គឺជាចារី ឬជាជនដៃដល់ ក្នុងការទន្ទ្រានចូលកាន់កាប់ទឹកដីខ្មែរជាបន្តបន្ទាប់ឥតឈប់ឈរ។ លើសពីនេះ វៀតណាមបានប្រើគ្រប់ឧបាយកលក្ដៅ និងត្រជាក់ ដើម្បីសម្រេចបាននូវមហិច្ឆតារបស់ខ្លួន ក្នុងការច្រៀកយកទឹកដីកម្ពុជា តាមរយ:ការដាក់សម្ពាធផ្នែកនយោបាយលើកម្ពុជា។
ការបញ្ជូនកងទ័ពចូលឈ្លានពានកម្ពុជា ដោយខុសច្បាប់, ការបង្ហូរជនជាតិវៀតណាមខុសច្បាប់រាប់លាននាក់ ចូលមករស់នៅលើទឹកដីកម្ពុជា និងការបង្កអសន្តិសុខ និងបញ្ហាផ្សេងៗ បង្កើតជាគ្រោះដល់ទឹកដីកម្ពុជា។ ជាងនេះទៅទៀត ការឈ្លានពានប្រទេសកម្ពុជា ពីសំណាក់វៀតណាម ក៏ជាការគំរាមកំហែងដល់ស្ថិរភាព និងសន្តិភាពនៃប្រជាជាតិអាស៊ាន (ASEAN) ដែរ។
ប្រធានប្រតិបត្តិនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បញ្ជាក់ពីគោលបំណងនៃការចេញញត្តិនេះថា «ពលរដ្ឋខ្មែរទូទៅចង់ឃើញអ្នកនយោបាយខ្មែរគ្រប់និន្នាការនយោបាយ ទាំងកំពុងកាន់អំណាច និងមិនទាន់កាន់អំណាច ចាត់ទុកការការពារបូរណភាពទឹកដី គឺជាបញ្ហារួម ហើយសហការគ្នា ទាមទារឲ្យប្រទេសវៀតណាម ប្រគល់ទឹកដី ដែលវៀតណាមបានឈ្លានពានយកទៅគ្រប់គ្រង ជាពិសេស កោះត្រល់ ប្រគល់មកជាកម្មសិទ្ធិរបស់កម្ពុជាវិញ» ។
ជាងនេះទៅទៀត ក្រុមចលនានិស្សតិ ដែលទើបចាប់កំណើតជាលើកទី២ នេះ បានទាមទារឲ្យប្រទេសវៀតណាម ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ជាសមាជិកអាស៊ាន និងជាប្រទេសហត្ថលេខីនៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ដែរនោះ ត្រូវតែគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងត្រូវទទួលខុសត្រូវនៅចំពោះមុខគោលការណ៍ និងច្បាប់អន្តរជាតិ នៅពេលដែលវៀតណាម បានរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ក្នុងការចូលឈ្លានពានយកទឹកដីខ្មែរ ជាបន្តបន្ទាប់។
ទោះបីជាយ៉ាងនេះក្តី ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានប្រាប់សាព័ត៌មាន The Cambodia Daily តាមទូរស័ព្ទថា «ការអំពាវនាវរបស់ក្រុមចលនានិស្សិតនេះ គឺដើម្បីចង់បានល្បីឈ្មោះប៉ុណ្ណោះ»។ លោកបន្ដថា ការទាមទារកោះត្រល់ មកវិញ លុះត្រាតែកម្ពុជា មានសេដ្ឋកិច្ចខ្លាំង មានការត្រៀមខ្លួនរួចជាស្រេច ពីសំណាក់មហាជន និងមានកម្លាំងយោធាខ្លាំងជាមុន។ លោកបានបញ្ជាក់ទៀតថា «ពុំមានផែនទីណាមួយ បញ្ជាក់ថា កោះត្រល់ ជារបស់ខ្មែរនោះទេ សូម្បីសៀវភៅរបស់លោក ស៊ាន ប៉េងសែ {អ្នកជំនាញផែនទីខ្មែរ} ក៏សរសេរខុស ពាក់ព័ន្ធនឹងបញ្ហាកោះត្រល់ នេះដែរ» (?)។
ទោះជាយ៉ាងណាក៏ដោយ អនុប្រធានក្រុមប្រឹក្សាភិបាល របស់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យលោក ម៉ែន ណាត បានប្រតិកម្មថា «ចលនានិស្សិត កំណើតទី២ នេះ មិនមែនបង្កើតឡើង ដើម្បីចង់ល្បីឈ្មោះដូចលោក សុខ ទូច និយាយទាំងខ្វះការពិចារណានោះទេ»។ លោកបន្តថា ចលនានិស្សិតនេះ បង្កើតឡើងតាំងពីខែកញ្ញា ឆ្នាំ១៩៩៨ មកម៉្លេះ។
ចលនានិស្សិតនេះ ត្រូវបានរៀបចំឡើងវិញ ក្នុងទស្សនវិស័យ និងគោលបំណងច្បាស់លាស់ ព្រមទាំងមានការចូលរួមពីក្រុមអ្នកជំនាញព្រំដែន អ្នកច្បាប់ និងបញ្ញវន្តជាឥស្សរជនជាច្រើនទៀត។ អ្នកឃ្លាំមើលខាងកិច្ចការព្រំដែនរូបនេះ អះអាងថា ចលនានិស្សិត កំណើតទី២ នេះ មានទស្សនវិស័យ «ចង់ឃើញកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ ឯកភាពជាតិ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ» និងមានគោលបំណង «ធ្វើការតស៊ូមតិអហិង្សាជាមួយស្ថាប័នជាតិ និងអន្តរជាតិ ក្នុងការស្តារលិទ្ធិប្រជាធិបតេយ្យ ការពារបូរណភាពទឹកដី និងលើកកម្ពស់ការចូលរួមថែរក្សាស្ថេរភាព និងសន្តិភាពនៅកម្ពុជា»។
លោក ម៉ែន ណាត បន្តថា «ចំពោះករណីរឿងរ៉ាវកោះត្រល់ មិនអាចនិយាយថា «ជាការបាត់បង់យូរហើយនោះទេ ឬបាត់បង់តាំងពីឆ្នាំ ១៩៣៩ ដូចការអះអាងរបស់លោក ហ៊ុន សែន និងលោក សុខ ទូច នោះទេ»។ លោកបន្តថា «ការអះអាងរបៀបនេះ គឺជាការសម្លាប់ខ្លួនឯង និងជាការចង់បំបាត់ប្រវត្តិសាស្ត្ររបស់ខ្មែរទាំងមូលតែប៉ុណ្ណោះ»។ លោកបន្តថា «រឿងកោះត្រល់ នេះ គឺត្រូវបានវៀតណាម បង្ខំឲ្យលោក ហ៊ុន សែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រ នៅខែកក្កដា ឆ្នាំ១៩៨២ ដែលបានគូសផែនទី «លេបត្របាក់យកកោះត្រល់ និងចង្កោមកោះក្រចកសេះ ផងដែរ»»។
ចំណែកឯកសារចរាចរ របស់លោក ប្រវីយេ (Brévié) ដែលចុះថ្ងៃទី ៣១ មករា ១៩៣៩ បានបញ្ជាក់លំអិតថា «កោះត្រល់ ជារបស់ប្រទេសកម្ពុជា ហើយបារាំង គ្រប់គ្រងកោះត្រល់ តែផ្នែកប៉ូលីស និងរដ្ឋបាលប៉ុណ្ណោះ»។ ព្រះរាជក្រឹត្យរបស់ស្តេចព្រះ នរោត្តម សុរាម្រិត ឆ្នាំ១៩៥៧ បញ្ជាក់ថា «កោះត្រល់ ឬ កោះភូកុក គឺជាឈ្មោះកោះតែមួយ ដែលជាកម្មសិទ្ធិរបស់កម្ពុជា»។ លុះដល់រដ្ឋាភិបាល ក្នុងសម័យលោកសេនាប្រមុខ លន់ នល់ និងរបបក្រហម ក៏នៅតែបញ្ជាក់ថា «កោះត្រល់ គឺជាកម្មសិទ្ធិរបស់កម្ពុជា» ហើយនៅឆ្នាំ១៩៧៦ កងទ័ពខ្មែរក្រហម បានលើកទ័ពឈរជើងនៅលើកោះត្រល់ បានមួយរយៈផងទៀត។
រហូតមកដល់ឆ្នាំ ២០០៥ អតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ក៏បានរំលឹកទៅលោក ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាលថា «គ្មានសម័យណា គ្មានមេដឹកនាំណា ដែលហ៊ាននិយាយថា កោះត្រល់ ត្រូវបានកាត់ទៅឲ្យវៀតណាមទេ»។ ព្រះអង្គមានបន្ទូលថា «កោះត្រល់ ជារបស់កម្ពុជា»។ បើតាមឯកសារផ្លូវច្បាប់ រួមទាំងច្បាប់សមុទ្រ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ផង គឺថាភាគីកម្ពុជា មានអាទិភាពផ្លូវច្បាប់ពេញលេញ ជាម្ចាស់កោះត្រល់។
លោក ម៉ែន ណាត អះអាងថា ដោយសារភស្តុតាងទាំងអស់នេះហើយ ហើយបានជាចលនានិស្សិត ទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើមោក្ខភាព ឬលុបចោលរាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ក្នុងទសវត្សរ៍ទី៨០ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងរឿងកោះត្រល់ ទៅតាមយន្តការអន្តរជាតិ ដែលអាចធានាយុត្តិធម៌ ទាំងភាគីកម្ពុជា និងវៀតណាម។ យ៉ាងនេះក្តី ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បង្ហាញសុទិដ្ឋិនិយមថា ឥស្សរជននយោបាយខ្មែរ សំខាន់ៗ ខាងលើ នឹងតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយរួមគ្នាដោះស្រាយវិបត្តិទឹកដី របស់ប្រទេសជាតិ ដែលកំពុងប្រឈមគ្រោះអន្តរាយនេះ៕

.