អត្ថបទ The Cambodia Daily / 08th-6-2020

ចលនានិស្សិត​​ដើម្បី​​លទ្ធិប្រជាធិបតេយ្យ (Student Movement For Democracy – SMD) ហៅ​កាត់​ថា ​SMD ដែល​ជា​ចលនា​មិន​ចំណុះ​រដ្ឋាភិបាល ត្រូវ​បាន​ដាក់​ដំណើរ​ការ​ជាថ្មី​ម្តង​ទៀត ដោយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។

ក្នុងសេចក្តីប្រកាសព័ត៌មាន​របស់ខ្លួន កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២០ ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ បាន​លើក​ឡើង​ថា អតីតស្ថាបនិក ថ្នាក់ដឹកនាំ និង​សមាជិក​របស់​ខ្លួន សម្រេច​បង្កើត​ស្ថាប័ន​នេះ​ឡើងវិញ ដើម្បី​បន្ត​ទ​ស្សនវិស័យ និង​បេសកកម្ម​របស់​ខ្លួន ក្នុង​បុព្វហេតុ «ចង់​ឃើញ​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ ឯកភាពជាតិ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ»

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ០៧ មិថុនា លទ្ធផល​នៃ​កិច្ចប្រជុំ បាន​ជ្រើសរើស​ លោក អ៊ុំ សំអាន ជា​ប្រធា​ក្រុម​ប្រឹក្សា​ភិបាល នៃ​ចលនា​និស្សិត​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ​នេះ និង​បាន​ជ្រើសរើស លោក ទូច វិបុល ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​ស្ថាប័ននេះ​ជាផ្លូវការ ព្រមទាំង​សហការី​ជាច្រើន​រូប​ទៀត។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បង្កើត​ឡើង​ជាថ្មី​ទៀត ក្រោយ​ការផ្អាក​សកម្មភាព​​របស់ខ្លួន​ជិត ២០​​ឆ្នាំ​មក​នេះ ក្នុង​គោលបំណង «លើកកម្ពស់​ការចូលរួម​ថែរក្សា​ស្ថេរភាព និង​សន្តិភាព​នៅ​កម្ពុជា តាម​រយៈ​​ការ​តស៊ូមតិ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ»

ដោយឡែក បេសកកម្មរបស់ចលនានេះ នឹង​«ប្រើយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​​១៩៩៣ និង​យន្តការ​អន្តរជាតិ​នានា»។ បន្ថែម​ពីនេះ «ផ្សារភ្ជាប់​យុវជន​ខ្មែរ ជាមួយ​​យុវជន​​អន្តរជាតិ ដើម្បី​​ផ្លាស់ប្តូរ​បទពិសោធន៏​គ្នា ទៅវិញ​ទៅ​មក លើ​​របៀប​នៃ​ការ​តស៊ូមតិ ឲ្យ​មានប្រសិទ្ធភាពខ្ពស់, ជំរុញ​ឲ្យមាន​ការឯកភាព​គ្នា រវាង​ខ្មែរ និង​ខ្មែរ» ព្រមទាំង​យន្តការ​​មួយចំនួន​ទៀត។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បាន​បង្កើត​ឡើង​នៅ​ក្នុងឆ្នាំ ១៩៩៨ ដើម្បី​ប្រឆាំង​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត និង​បេក្ខភាព​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្រ្តី នៅ​ក្រោយ​ការបោះ​ឆ្នោត​លើក​ទី២ នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៨។ ចលនានេះ ធ្លាប់​ចូល​រួម​ប្រឆាំង​​តវ៉ា​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា និង​ទាមទារ​ឲ្យរដ្ឋាភិបាល​កម្ពុជា លុប​ចោល​រាល​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ខុសច្បាប់​នានា ដូចជា​នៅ​ឆ្នាំ ១៩៧៩, ១៩៨២, ១៩៨៣ និងឆ្នាំ ១៩៨៥ ។ ថ្នាក់ដឹកនាំ​របស់ចលនា​និស្សិត SMD ចាត់ទុក​ថា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងនោះ បាន​ធ្វើឲ្យ​បាត់បង់​ទឹកដីខ្មែរ​ដោយ​ខុសច្បាប់ រាប់​ម៉ឺនគីឡូ​ម៉ែត្រ​ក្រឡា

ជាងនេះទៅទៀត ក្រុមចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក៏ធ្លាប់​បាន​ធ្វើ​សកម្មភាព​​តវ៉ា​​ជា​ច្រើន​ទៀត លើ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ពង្រឹង​ស្មារតី ដឹកនាំ​យុវជន​ជំនាន់ថ្មី ឲ្យ​ចូល​រួមទាមទារ​យុត្តិធម៌​សង្គម​ផង​ដែរ។

នៅឆ្នាំ ២០០៥ ចលនានិស្សិតមួយនេះ បាន​ផ្អាកសកម្មភាព​របស់ខ្លួន ដោយ​មេដឹកនាំ​សំខាន់ៗ បាន​រងការ​គំរាម​កំហែង​ដល់​អាយុជីវិត ពីសំណាក់​រដ្ឋាភិបាល​ លោក ហ៊ុន សែន ហើយ​បាន​ភៀស​ខ្លួន​ សុំ​សិទ្ធិ​ជ្រក​កោន​​នៅ​ក្រៅ​ប្រទេស។ ទោះបែប​នេះក្តី ក៏ឆន្ទៈ​របស់​ក្រុមនេះ នៅ​តែ​ក្តៅ​គគុក មិន​រុញរា​ក្នុង​ការ​តស៊ូ​លើ​កិច្ចការ​ព្រំដែន​នោះឡើយ។

ថ្លែងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន​​ឌីខេមបូឌា ដេលី (The Cambodia Daily) កាល​ពី​យប់​ថ្ងៃ​ទី ០៣ ខែ​មិថុនា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក អ៊ុំ សំអាន បាន​បញ្ជាក់​ថា «បេសកកម្ម​របស់​ចលនា​និស្សិត​ថ្មី​នេះ នឹង​មិនត្រឹម​តែ​តវ៉ា​រឿងព្រំដែន ជនអន្តោប្រវេសន៍​ខុសច្បាប់ និង​យុត្តិធម៌សង្គម​នោះ​​ទេ ប៉ុន្តែ​ក្រុម​របស់​លោក នឹង​ទាមទារ​យក​កោះត្រល់ របស់​ខ្មែរ ​ត្រឡប់​ពី​ការគ្រប់គ្រង​​របស់​​វៀតណាម មកវិញ នៅ​ពេល​មាន​រដ្ឋាភិបាល​ត្រឹមត្រូវ មិន​ស្ថិត​នៅ​ក្រោមឥទ្ធិពល​​របស់​​វៀតណាម»។ លោក អ៊ុំ សំអានបន្តថា កូនខ្មែរ​មិន​ត្រូវភ្លេចទឹកដី ដែល​បរទេស​ឈ្លាន​ពាន​យក​ទៅនេះ​ទេ

ចំណែកលោក ទូច វិបុល ប្រធាន​ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែរ​នោះ បញ្ជាក់​ថា ការ​បង្កើត​ចលនា​និស្សិត​នេះ​ឡើង​វិញ​គឺ ដើម្បី​ប្រឆាំង​ការឈ្លានពាន​ព្រំដែន​ពីប្រទេស​ជិតខាង និង​បញ្ហា​ជន​អន្តោប្រវេសន៍​ខុសច្បាប់​​លើ​ទឹកដី​កម្ពុជា

ក្រុមស្ថាបនិកនៃ​ចលនានិស្សិត ដែល​ទើប​បង្កើត​ឡើង​ថ្មីនេះ ប្តេជ្ញា​ថា ពួក​គេ​នឹង​ធ្វើជា​គំរូ​​ដល់​​ប្រជា​ពលរដ្ឋ និស្សិត និង​បញ្ញវន្ត​គ្រប់រូប ក្នុង​ការតស៊ូ​មតិ ហើយ​ត្រូវហ៊ាន​និយាយ​ការពិត ហ៊ាន​លះបង់​ដើម្បីបម្រើ​ជាតិ​មាតុភូមិ។ ជាងនេះទៀត ពួកគេ​ក៏បាន​អំពាវនាវ​ឲ្យមាន​ការចូល​រួម​ពី​អតីត​ក្រុម​ការងារ សមាជិក និស្សិត​បញ្ញវន្ត និង​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដោយ​មិនប្រកាន់​និន្នាការ​នយោបាយ​អ្វី​នោះ​ឡើយ

photo SMD2 leaders 2020

.