អត្ថបទ CWCI Cambodia / 12th-6-2020
ក្រុមចលនានិស្សិតខ្មែរ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចុះហត្ថលេខាដោយលោក ទូច វិបុល ប្រធានប្រតិបត្តិនៃចលនានេះ បានចេញសេចក្តីថ្លែងការណ៍មួយ មានខ្លឹមសារ ៣ ចំណុច ទាមទារឲ្យរដ្ឋាភិបាលវៀតណាម រុះរើជំរំ និងតង់ ដែលបោះនៅតាមព្រំដែនខ្មែរ និងជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ប្តឹងតវ៉ាករណីវៀតណាមឈ្លានពានកម្ពុជា។ សូមទាញយកត្រង់នេះ។
សូមអានខ្លឹមសារសេចក្តីថ្លែងការណ៍ទាំងស្រុង ដូចខាងក្រោម៖
សេចក្តីថ្លែងការណ៍
ទាហានវៀតណាម ត្រូវរុះរើជំរំ និងតង់ទាំងអស់ចេញពីព្រំដែនកម្ពុជា
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ យល់ឃើញថា កាបោះតង់របស់យោធាវៀតណាម កើនឡើងចំនួន ២៥៦ នៅតាមព្រំដែនកម្ពុជា គឺជាការរំលោភឈ្លានពានលើអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរ ព្រមទាំងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថេរភាព និងសន្តិភាពក្នុងតំបន់អាស៊ាន។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្ សូមកោតសរសើរ លោក ហ៊ូ សាគុណ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែនកម្ពុជា ដែលមានសេចក្តីក្លាហានហ៊ានរាយការណ៍ អំពីករណីយោធាវៀតណាម ចូលមកបោះតង់ នៅតាមបណ្តោយព្រំដែនកម្ពុជា «ជាឯកតោភាគីចំនួន ២៥៦ កន្លែង» នៅក្នុង «តំបន់មិនទាន់ឯកភាពគ្នា ឬតំបន់ស» ដែលធ្វើឡើងក្នុងទឹកដីខ្មែរ ដោយវៀតណាមប្រើពាក្យថា ជាតំបន់គ្មានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ រួចបានបញ្ជាក់ក្នុងសេចក្តីប្រកាសរួម ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ដើម្បីឲ្យភាគីកម្ពុជា ត្រូវតែគោរព និងអនុវត្តតាម ហើយហាមប្រាមពលរដ្ឋខ្មែរ មិនឲ្យចូលទៅធ្វើស្រែចម្ការរបស់ខ្លួននៅតំបន់ទាំងនោះ មុនពេលរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោះស្រាយ។
ជាក់ស្តែងយោធាវៀតណាម បានប្រើប្រាស់តំបន់ទាំងនេះ ដើម្បីបោះជំរំ ឬបោះតង់កើនឡើងរហូតដល់ ២៥៦ កន្លែង បើធៀបទៅនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រុមយោធាវៀតណាម បានបោះតង់តែ ១១៤ កន្លែង។ សកម្មភាពបោះតង់របស់យោធាវៀតណាម នៅតាមបណ្តាយព្រំដែនកម្ពុជា គឺជាការគំរាមកំហែងដោយផ្ទាល់ និងដោយប្រយោលដល់កម្ពុជា ព្រមទាំងបង្កការភ័យខ្លាចដល់ពលរដ្ឋខ្មែរ រស់នៅតាមបណ្តោយព្រំដែន។ សកម្មភាពទាំងនេះ រំលោភយ៉ាងធ្ងន់ធ្ងរ លើមាត្រា១ ចំណុច ២.គ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលចែងថា «ជៀសវាងការជ្រៀតជ្រែករបស់រដ្ឋដទៃៗទៀត ដោយផ្ទាល់ ឬដោយប្រយោល ទោះតាមរូបភាពណាក៏ដោយ»។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា យ៉ាងទទូច៖
១. ត្រូវបន្តការងារបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យវៀតណាម រុះរើជំរំ ឬតង់ ចេញឲ្យផុតពីព្រំដែនកម្ពុជា។
២. ត្រូវពិចារណាឡើងវិញ ជំរុញការដាក់«មោក្ខភាព» នូវកិច្ចព្រមព្រៀង និងសន្ធិសញ្ញាមិនស្មើភាពគ្នា រវាងកម្ពុជា-វៀតណាម ដូចជាសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ និងឆ្នាំ២០១៩ រួមទាំងសេចក្តីប្រកាសរួម ឆ្នាំ១៩៩៥ និងឯកសារខុសច្បាប់ក្នុងទសវត្សរ៍ទី៨០ ដើម្បីឲ្យស្របនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា២ និងមាត្រា៥៥។
៣. ត្រូវលើកយកបញ្ហាជម្លោះព្រំដែននេះ ទៅកាន់សហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយករណីមួយចំនួនទៀត ដូចជាចង្កោមកោះត្រល់ ជាដើម ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។
រដ្ឋធានីវ៉ាស៊ីងតោន ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០
(ហត្ថលេខា)
ទូច វិបុល ប្រធានប្រតិបត្តិ
.


.