សូមអានសេចក្តីថ្លែងការណ៍ ដែលមានខ្លឹមសារទាំងស្រុង «អាន ឬទាញយក (download)»។
______________
អត្ថបទ The Cambodia Daily
11th-10-2022
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក អំពាវនាវឱ្យថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សភ្លើងទៀន ចេញមុខតវ៉ាជាសាធារណៈ ដើម្បីទាមទារយុត្តិធម៌ឱ្យអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានចេញសេចក្តីថ្លែងការណ៍ ទាមទារឱ្យតុលាការកម្ពុជា សើរើសំណុំរឿងក្តីដ៏អយុត្តិធម៌របស់ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ ដោយថ្កោលទោសសេចក្តីសម្រេចក្តីរបស់តុលាការក្រុងភ្នំពេញ និងរដ្ឋាភិបាល លោក ហ៊ុន សែន ថាបានប្រើលេសនយោបាយទុច្ចរិតជាប្រព័ន្ធ ទម្លាក់កំហុសយ៉ាងអយុត្តិធម៌ ទៅលើអនុប្រធានគណបក្សភ្លើងទៀន គឺលោក សុន ឆ័យ នៅពេលនេះ។
លោក ម៉ែន ណាត អះអាងថា តាមផ្លូវច្បាប់ លោក សុន ឆ័យ ត្រូវតែមានសិទ្ធិពេញលេញស្របតាមរដ្ឋធម្មនុញ្ញដូចដែលមានចែងក្នុងមាត្រា៣៥ និងមាត្រា៤១ នៃកថាខណ្ឌទី១ ក្នុងនាមជាអ្នកនយោបាយ ដែលមានភារកិច្ចអនុវត្តសិទ្ធិនយោបាយប្រកួតប្រជែងស្មើមុខគ្នា ជាមួយគណបក្សកាន់អំណាច និងគណបក្សផ្សេងៗទៀត។
អនុប្រធានវេទិកាពលរដ្ឋរូបនេះ អំពាវនាវឱ្យតុលាការកម្ពុជា សើរើសំណុំរឿងក្តីដ៏អយុត្តិធម៌ របស់លោក សុន ឆ័យ ក្នុងបំណងបើកសិទ្ធិសេរីភាពនយោបាយ ឲ្យរូបលោកពេញលេញឡើងវិញ ស្របទៅតាមច្បាប់ជាធរមាន ខណៈដំណើរការនៃការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ក៏កាន់តែខិតជិតមកដល់ទៅហើយនោះ។
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ប្រឆាំងនឹងលោក សុន ឆ័យ ដោយទាមទារសំណងជំងឺចិត្តចំនួន ១ លានដុល្លារអាមេរិក ជុំវិញការលើកឡើងរបស់លោក សុន ឆ័យ ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានប្រៀបធៀបនូវការបោះឆ្នោតនេះ ទៅនឹងចោរលួចក្របី កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនោះ។
បន្ថែមពីលើបណ្តឹងបក្សកាន់អំណាច នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ លោក សុន ឆ័យ ក៏ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្ដឹងទៅតុលាការពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយតម្រូវឲ្យធ្វើលិខិតសុំទោសជាសាធារណៈ ចំពោះការបកស្រាយរបស់លោក ដែលលើកឡើងថា ការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ជាការបោះឆ្នោត ដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋ។
អំឡុងពេលសវនាការកាលពីថ្ងៃទី ៧ ខែតុលា តំណាងអយ្យការលោក ប្លង់ សុផល និងមេធាវីការពារក្ដីឲ្យភាគីរដ្ឋាភិបាល គឺលោក គី តិច បានសួរដេញដោលលោក សុន ឆ័យ ដោយយកឃ្លាដែលលោកបានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី៧ ខែមិថុនា កន្លងទៅ។
ក្នុងបន្ទប់សវនាការ ទាំងលោក ប្លង់ សុផល និងលោក គី តិច ចោទប្រកាន់លើលោក សុន ឆ័យ ដោយយកពាក្យក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily ត្រង់ចំណុចថា «វាគ្រប់គ្រងដោយគណបក្សតែមួយទាំងស្រុងពីថ្នាក់លើដល់ក្រោម និងលទ្ធផលបោះឆ្នោតមិនបានឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋ ដោយមានការបំភិតបំភ័យ គំរាមកំហែង ទិញ និងលួចបន្លំ ជាដើម»។
ប៉ុន្តែលោក សុន ឆ័យ បានឆ្លើយទៅកាន់ចៅក្រមថា អ្វីដែលផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily នោះ មិនមែនជាការចោទប្រកាន់ ឬបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាឡើយ។
លោកបញ្ជាក់ថា ភាពមិនប្រក្រតីនេះ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយផ្សេងទៀត ក៏បានលើកឡើងដែរ ដោយមានទាំងចេញសេចក្ដីថ្លែងការណ៍ថែមទៀតផង។ មួយវិញទៀត លោកថាភាពមិនប្រក្រតីរឿងបោះឆ្នោតនេះ រូបលោកក៏ទទួលបានសេចក្ដីរាយការណ៍ ពីសមាជិកតាមបណ្ដាខេត្តនានាដែរ។
ចំពោះពាក្យ «វាគ្រប់គ្រងដោយគណបក្សតែមួយទាំងស្រុងពីថ្នាក់លើដល់ក្រោមនោះ» លោក សុន ឆ័យ បានបកស្រាយថា បច្ចុប្បន្ននៅក្នុងសភាមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលការណ៍នេះ មិនបានឆ្លុះបញ្ចាំងស្មារតីរដ្ឋធម្មនុញ្ញ ខណៈសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏មានតែមួយបក្សដែរ។ ដូច្នេះ អ្វីដែលលោកលើកឡើងជានោះ មិនមែនជាការបរិហារកេរ្តិ៍ ឬបន្លំ ឬបង្ខូចឡើយ ព្រោះរឿងទាំងនេះជារឿងពិត ដោយមានរបាយការណ៍របស់សង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលបានឃ្លាំមើលចំពោះការបោះឆ្នោតឃុំ-សង្កាត់នោះថែមទៀតផង។
ទោះបីជាលោក សុន ឆ័យ បានព្យាយាមបកស្រាយក្នុងបន្ទប់សវនាការ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ មកនិយាយយ៉ាងណាក៏ដោយ ប៉ុន្តែចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានសម្រេចឱ្យអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ចាញ់ក្តីទាំងពីរករណី គឺចាញ់បណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផង និងចាញ់បណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
តុលាការបានបង្គាប់ឲ្យលោក សុន ឆ័យ បង់ប្រាក់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាចំនួន ៣ ពាន់លានរៀល ឬស្មើនឹងប្រមាណ ៧៥ ម៉ឺនដុល្លារអាមេរិក និងបង់ថវិកាចូលរដ្ឋចំនួន ៨ លានរៀលថែមទៀត កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ។
លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក សុន ឆ័យ បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីស្ដាប់តុលាការប្រកាសសាលក្រមថា ការសម្រេចរបស់តុលាការ ជារឿងអយុត្តិធម៌សម្រាប់កូនក្ដីរបស់លោក។ លោកចាត់ទុកសំណុំរឿងនេះថាជារឿងនយោបាយ ហើយការសម្រេចរបស់តុលាការនាថ្ងៃនេះ ចង់បំពេញសិទ្ធិមិនឲ្យលោក សុន ឆ័យ ធ្វើនយោបាយបន្តទៀត៕
