ប៉ុន្មានថ្ងៃនេះ ក្រុមអង្គការជាតិ-អន្តរជាតិ និងបណ្តាញអង្គការសារព័ត៌មាន បានអំពាវនាវចម្រុះគ្នា ទៅកាន់រដ្ឋាភិបាល លោក ហ៊ុន សែន ឲ្យដោះលែងលោក សុវណ្ណ រិទ្ធី ចាងហ្វាងផ្សាយព័ត៌មានអនឡាញ TVFB ដែលត្រូវបានចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២០ និងចោទប្រកាន់យ៉ាងអយុត្តិធម៌ ពីតុលាការក្រុងភ្នពេញ នាថ្ងៃទី ០៨ ខែមេសា។
នៅថ្ងៃទី ១១ ខែមសា សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា «ខេមបូចា» និងក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា (OPCC) ស្នើសុំរដ្ឋាភិបាល ឱ្យដោះលែង និងទម្លាក់ចោលបទចោទទាំងស្រុង ទៅលើលោក សុវណ្ណ រិទ្ធី។ សេចក្ដីថ្លែងការណ៍រួម របស់ស្ថាប័នទាំងពីរនេះ សរសេរថា «ការដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្រ្តី មិនគួរត្រូវបានចាត់ទុក ជាបទឧក្រិដ្ឋនោះទេ»។ សេចក្តីថ្លែងការណ៍រួមនេះ បង្ហាញក្តីព្រួយបារម្ភផងដែរ ជុំវិញការចាប់ខ្លួនលោក សុវណ្ណ រិទ្ធី ថាអាចនាំឲ្យមានផលប៉ះពាល់ដល់អ្នកសារព័ត៌មាន ពិបាកក្នុងការបំពេញការងាររបស់ពួកគេបានដោយសេរី។
ការចាប់ឃុំខ្លួនលោក សុវណ្ណ រិទ្ធី ធ្វើឡើងក្រោយពេលលោក បានដកស្រង់សម្តីរបស់លោក ហ៊ុន សែន ទៅសរសេរលើហេ្វសប៊ុកថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។ តុលាការក្រុងភ្នំពេញ បានចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ស្របតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែនរ៉ៃត៍វ៉ច្ឆ (Human Rights Watch) កាលពីថ្ងៃទី ១០ ខែមេសា បានអំពាវនាវឲ្យរដ្ឋាភិបាល ដោះលែងលោក សុវណ្ណ រិទ្ធី និងផ្តល់អជ្ញាប័ណ្ណសារព័ត៌មានជូនគាត់ឡើងវិញ។
កាលពីថ្ងៃទី ០៨ ខែមេសា លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានអំពាវនាវឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ដោះលែងលោក សុវណ្ណ រិទ្ធី ឲ្យមានសេរីភាពឡើងវិញ និងស្នើឲ្យក្រសួងព័ត៌មាន ផ្តល់អាជ្ញាប័ណ្ណការផ្សាយរបស់អង្គភាព លោក សុវណ្ណ រិទ្ធី ដូចធម្មតា។
ចំណែកអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders (RSF)) ទាមទារឱ្យអាជ្ញាធរ ដោះលែងលោក សុវណ្ណ រិទ្ធី នាយកផ្សាយព័ត៌មានអនឡាន TVFB ជាបន្ទាន់ផងដែរ។ ហើយអង្គការនេះ បានអំពាវនាវឱ្យក្រសួងព័ត៌មាន ផ្ដល់អាជ្ញាប័ណ្ណព័ត៌មានជូនលោកវិញ។
នៅឆ្នាំ ២០១៩ មានរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មានពិភពលោក ដែលបង្ហាញដោយអង្គការអ្នកកាសែតគ្មានព្រំដែន ឲ្យដឹងថា «បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាន នៅកម្ពុជា ស្ថិតក្នុងលេខរៀង ១៤៣ ក្នុងចំណោមប្រទេស ១៨០ ដែលជាចំណាត់ថ្នាក់អាក្រក់ ខាងការរឹតត្បិតសេរីភាពព័ត៌មាន៕
(CWCI Cambodia / អត្ថបទដោយ នគរ /១២ មេសា ២០២០)
– អង្គការសិទ្ធិមនុស្ស អំពាវនាវដោះលែងលោក សុវណ្ណ រិទ្ធី និងផ្តល់អាជ្ញាប័ណ្ណឡើងវិញ
.