(អត្ថបទដោយ នគរ / ១០ មេសា ២០២០)
ជុំវិញការចាប់​ឃុំខ្លួន​លោក សុវណ្ណ រិទ្ធី ចាង​ហ្វាង​ផ្សាយ​ព័ត៌មាន​អនឡាន ធីវី​អេហ្វប៊ី (TVFB) ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជា​ច្រើន​ពី​អង្គការ​ជាតិ និង​អន្តរ​ជាតិ ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​រូប​លោក ឲ្យ​មាន​សរីភាព​ឡើង​វិញ។

លោក ហ្វីល រ៉ូបឺត​សុន (Phil Robertson) នាយករង​​​អង្គការ​​សិទ្ធិមនុស្ស​​អន្តរជាតិ យូ​មែន​រ៉ៃត៍​វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី នៅ​ថ្ងៃទី ១០ ខែ​មេសា ឆ្នាំ២០២០ ថា «ការ​​ចាប់​​ខ្លួន​ លោក សុវណ្ណ រិទ្ធី ជា​ការ​បង្ហាញ​​ពី​ការ​​ធ្លាក់​​ចុះ​ធ្ងន់​ធ្ងរ នូវ​សេរីភាព​​សារព័ត៌មាន​ នៅ​​កម្ពុជា​»។ លោក ​Robertson បន្ថែម​ថា «រដ្ឋាភិបាល ត្រូវតែ​​ដោះលែង​​អ្នកសារព័ត៌មាន​​រូប​នេះ និង អ្នក​​ផ្សេង​​ទៀត​ ដែល​​ត្រូវ​​បាន​​ចាប់​​ឃុំ​ខ្លួន​​ដោយសារ​តែ​​ការ​សម្តែង​​មតិ ឬ​ការភ័យ​ខ្លាច​​របស់​ពួកគេ​ អំពី​​ជំងឺ​​កូវីដ-១៩»

លោក សុវណ្ណ រិទ្ធី ​ត្រូវ​​បាន​​សមត្ថកិច្ច​​ក្រុងភ្នំពេញ ចាប់ខ្លួន​​កាល​ពី​ថ្ងៃ ០៧ ខែ​ មេសា ក្រោយ​ពេល​​លោក ដក​​ស្រង់​​​សម្ដី​​​​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន សរសេរ​​ថា «​បើ​​អ្នក​​រត់​ម៉ូតូឌុប​​ក្ស័យធន លក់​​ម៉ូតូ​​ចាយ​​សិន​ទៅ រដ្ឋាភិបាល​​គ្មាន​​លទ្ធភាព​​ជួយ​​នោះ​ទេ តុលាការ​​ក្រុង​ភ្នំពេញ ​បាន​​ចោទ​​លោក​ សុវណ្ណ រិទ្ធី ពី​បទ​ញុះញង់​​​ឱ្យ​​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ​​ជាអាទិ៍​ ហើយ​​សម្រេច​​ឃុំខ្លួន​ ​ជា​បណ្ដោះ​អាសន្ន​​នៅ​​ពន្ធនាគារ​​ភ្នំពេញ (PJ) នា​ថ្ងៃ​ទី ០៨ មេសា។

សេចក្តីថ្លែងការណ៍​អង្គការ​សិទ្ធិមនុស្ស Human Rights Watch បាន​បញ្ជាក់​ថា មាន​​មនុស្ស ២៣ ​នាក់ហើយ​ ត្រូវបាន​អាជ្ញាធរ​កម្ពុជា ​ចាប់​ខ្លួន ​ក្រោម​បទ​ចោទ​​ប្រកាន់​​ថា​ «​បាន​​ផ្សព្វផ្សាយ​​ព័ត៌មាន​​ក្លែង​ក្លាយ​​ អំពី​​ជំងឺ​កូវីដ-១៩»។

ទន្ទឹមនឹងគ្នានេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវេស៍ (Norway) បានចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃទី ០៨ ខែ​មេសា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោះ​លែង​លោក សុវណ្ណ រិទ្ធី ឲ្យ​មាន​សេរីភាពឡើង​វិញ និង​ស្នើ​ឲ្យក្រសួង​ព័ត៌មាន ផ្តល់អាជ្ញាប័ណ្ណ​ការផ្សាយ​របស់​អង្គភាព លោក សុវណ្ណ រិទ្ធី ដូច​ធម្មតា។

លោក ម៉ែន ណាត ប្រធាន​​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្លែង​វិទ្យុអាស៊ីសេរី​ថា «លោក សុវណ្ណ រិទ្ធី គ្មាន​កំហុស​ទេ ហើយ​ក៏គ្មាន​ចំណុច​ត្រង់ណា បញ្ជាក់​ពីការសរ​សេរ​ញុះញង់ ដូច​កា​រចោទ​ប្រកាន់​ពីអាជ្ញាធរ​នោះ​ដែរ ​ព្រោះ​លោក​គ្រាន់​តែដក​ស្រង់​សំដីលោក ហ៊ុន សែន តែ​ប៉ុណ្ណោះ»

ចំណែកអង្គការ​អ្នកសារព័ត៌មាន​​គ្មាន​ព្រំដែន (Reporters Without Borders (RSF)) ក៏​បាន​ទាម​ទារ​​ឱ្យ​​អាជ្ញាធរ ដោះ​លែង​​លោក សុវណ្ណ រិទ្ធី នាយក​ផ្សាយ​​ព័ត៌មាន​​អនឡាន TVFB ជាបន្ទាន់​​ផងដែរ។ ហើយអង្គការ​​នេះ បាន​​អំពាវ​នាវ​​ឱ្យ​​ក្រសួង​​ព័ត៌មាន ផ្ដល់​អាជ្ញាប័ណ្ណ​​ព័ត៌មាន ដល់​​ស្ថាប័ន​​ព័ត៌មាន​​អនឡាញ​​របស់​​លោក សុវណ្ណ រិទ្ធី ​ឡើង​វិញ៕

អត្ថបទពាក់ព័ន្ធ៖ សូមដោះលែងលោក សុវណ្ណ រិទ្ធី ​ដែល​​​ដក​​ស្រង់​​សំដី​​លោក ហ៊ុន សែន៖ «បើ​អ្នក​រត់​ម៉ូតូ​ឌុប​ក្ស័យ​ធន​ លក់​ម៉ូតូ​ចាយ​សិន​ទៅ»