RFA Khmer /ដោយ ទីន ហ្សាការីយ៉ា
17-7-2023

មន្ត្រី​គណបក្ស​ប្រឆាំង​​ និង​អ្នក​វិភាគ ​រិះគន់​រដ្ឋាភិបាល ដែល​​បន្ត​​សង់​​ស្តូប​​​អនុ​ស្សាវរីយ៍​​វិមាន​​ឈ្នះ​​ឈ្នះ ​នៅ​ខេត្ត​កោះកុង ​ថា ជា​​ការ​​បំផ្លាញ​​ថវិកា​​ដោយ​​ឥត​​ប្រយោជន៍ និង​​ជា​​ការ​​បន្ត​ដឹង​គុណ​ ដល់​ប្រទេស វៀតណាម (Vietnam) ដែល​​បាន​លើក​បន្តុប​លោក ហ៊ុន សែន ​ធ្វើ​នាយករដ្ឋមន្ត្រី​​តែ​ប៉ុណ្ណោះ។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ ចូល​រួម​អបអរសាទរ​ ក្នុង​ពិធី​​បិទ​បញ្ចប់​ការ​ងារ​ចាក់​​បេតុង ៣​ជ្រុង នៃ​ការ​ស្តូប​អនុស្សាវរីយ៍​វិមាន​ ឈ្នះឈ្នះ ​នៅ​​ខេត្ត​​កោះកុង​ នៅ​ព្រឹក​ថ្ងៃ​ទី ១៧ កក្កដា។

មន្ត្រី​គណបក្ស​ប្រឆាំង​ និង​ អ្នក​វិភាគ​ លើក​ឡើង​ថា ការ​សង់​​ស្តូប​អនុស្សាវរីយ៍​​ឈ្នះ​ឈ្នះ​នេះ ​នឹង​មិន​បាន​ផល​ប្រយោជន៍​អ្វី​ដល់​​ពលរដ្ឋ​ និង​សង្គម​ជាតិ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​​ថា ​រដ្ឋាភិបាល​គួរ​តែ​យក​ប្រាក់​ដែល​សង់​ស្តូប​អនុស្សាវរីយ៍​នេះ ​ទៅ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ និង​ យក​ទៅ​ធ្វើ​ផ្លូវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ប្រសើរ​ជាង ពីព្រោះ​លោក​ថា ស្តូប​នេះ​ មិន​បាន​ប្រយោជន៍​អ្វី​ដល់​ប្រទេស​ជាតិ​ឡើយ។ លោក​ចាត់​ទុក​ការ​បន្ត​សង់​ស្តូប​អនុស្សាវរីយ៍​វិមាន​ឈ្នះ​ឈ្នះ​របស់​រដ្ឋាភិបាល​ឯក​បក្ស​នេះ​ថា ធ្វើ​ឡើង​ដើម្បី​បន្ត​ដឹង​គុណ​​វៀតណាម​ ដែល​លើក​បន្តុប​ឱ្យ​លោក ហ៊ុន សែន ធ្វើ​នាយករដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន​៖ «ហើយ​យើង​ដឹង​ហើយ​ នៅ​ពេល​ដែល​កម្ពុជា​ដឹង​គុណ​វៀតណាម​ មិន​ចេះ​ចប់​ អីចឹង​វា​ធ្វើ​ឱ្យ​កម្ពុជា​ កាន់​តែ​បាត់​បង់​ទឹក​ដី​បន្ថែម​ទៀត​ ទៅ​ប្រទេស​វៀតណាម ហើយ​វៀតណាម កាន់​តែ​កើន​ឡើង​ថែម​ទៀត​នៅ​កម្ពុជា។ ឈ្នះ​ដល់​តែ​ខ្មែរ​នឹង​ឈ្នះ​ទាំង​អស់​គ្នា ប៉ុន្តែ​ឈ្នះ​សព្វ​ថ្ងៃ​នេះ​នេះ គឺ​ឈ្នះ​តែ​គណបក្ស​ប្រជាជន ដែល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន និង​អ្នក​មាន​អំណាច​មួយ​ក្ដាប់​តូច​ហ្នឹង។ តែ​ខ្មែរ​ភាគ​ច្រើន គឺ​មិន​ឈ្នះ​ផង​ នឹង​ក្រីក្រ​តោកយ៉ាក ទៅ​ធ្វើ​ការ​នៅ​ថៃ​ នៅ​ម៉ាឡេស៊ី និង​ នៅ​កូរ៉េ​ខាង​ត្បូង ​អី​ជា​ដើម ហើយ​អ្នក​ដែល​មាន​បាន​ឈ្នះ​ហ្នឹង គឺ​តែ​ក្រុម​គ្រួសារ​អ្នក​មាន​មួយ​ក្ដាប់​តូប​ ដែល​កាន់​អំណាច​សព្វ​ថ្ងៃ​នឹង​ឯង»។

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ​ ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ចូលរួម​អបអរសាទរ​​ពិធី​បញ្ចប់​ការ​ងារ​ចាក់​បេតុង ៣ជ្រុង នៃ​ការ​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​​ឈ្នះ ​ឈ្នះ​ នៅ​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី១៧ កក្កដា។ លោក ទៀ បាញ់ មាន​ប្រសាសន៍​នៅ​ចំពោះ​នាយ​ទាហាន​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ថា ការ​សង់​ស្តូប​នេះ ដើម្បី​​ធ្វើ​ជា​ភស្តុតាង​ផង​ និង​ជា​ការ​រក្សា​ទុក​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ ​ដែល​កម្ពុជា​បាន​ឆ្លងកាត់​កន្លង​មក​ផង។

លោក ទៀ បាញ់​​៖ «ហ្នឹង​ជា​មេរៀន​សម្រាប់​អ្នក​ជំនាន់​ក្រោយ​រៀន​សូត្រ គោរព​ដឹង​គុណ​សម្ដេច ហ៊ុន សែន ស្ថាបនិក និង​ជា​ប្រតិបត្តិករ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំ​មក​នូវ​សន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញលេញ»។

ទោះ​ជា​យ៉ាង​ណា​ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ មើល​ឃើញ​ថា ​ការ​សង់​ស្តូប​នេះ​​ ជា​ការ​​​បំផ្លាញ​ថវិកា​ជាតិ​​ឥត​ប្រយោជន៍ និង​​ជា​ការ​កាឡៃ​ប្រវត្តិសាស្ត្រ ដែល​វៀតណាម ​​ចូល​មក​​ឈ្លានពាន​កម្ពុជា។

លោក គឹម សុខ​៖ «ក្រុម​លោក ​ហ៊ុន សែន​ យក​ដំណើរ​រឿង​​ឈ្លានពាន​ទាំង​ឡាយ​របស់​វៀតណាម​ ចូល​កម្ពុជា ដំណើរ​​រឿង​ដែល​ ហ៊ុន សែន បំពេញ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម​សោះ ប៉ុន្តែ​គេ​ក្រឡៃ​ទៅ​ជា​ការ​សង្គ្រោះ​កម្ពុជា ក្រឡៃ​ទៅ​ជា​​ការ​កសាង​សន្តិភាព របស់​លោក ហ៊ុន សែន​ ទៅ​វិញ​ រហូត​​ទៅ​ដល់​គេ​លើក​តម្កើង​ថា​ លោក ហ៊ុន សែន​ ជា​ស្ថាបត្យករ សន្តិភាព​អស់​ហ្នឹង​ ហើយ​គឺ​ជា​រឿង​ក្រឡៃ​ប្រវត្តិសាស្ត្រ​​។ ពីព្រោះ​ប្រវត្តិសាស្ត្រ​តម្លៃ​ចុង​ក្រោយ​ធំ​បំផុត គឺ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»។

រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ បាន​សាងសង់​​ស្តូប​អនុស្សាវរីយ៍​នេះ​​ នៅ​​រាជធានី​ភ្នំពេញ​ ខេត្ត​​កំពង់ស្ពឺ បន្ទាយ​មានជ័យ ​​ឧត្តរមានជ័យ ​ប៉ៃលិន​ និង​ខេត្ត​កោះកុង ហើយ​រដ្ឋាភិបាល​ ក៏​គ្រោង​សង់​​នៅ​តាម​ខេត្ត​​​ទូទាំង​ប្រទេស​បន្ត​ទៀត។

កន្លង​មក​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្លាប់​រង​ការរិះគន់​ច្រើន ​ពាក់ព័ន្ធ​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​​ឈ្នះ​​ឈ្នះ​​នេះ។ ស្តូប​នេះ ត្រូវ​​គណបក្ស​ប្រជាជន​កម្ពុជា​ រួម​ទាំង​មេ​ដឹក​នាំ​ទី​ក្រុងភ្នំពេញ​ លោក​ ហ៊ុន សែន​ ផង​ មាន​មោទនភាព​ខ្លាំង​បំផុត​ ដែល​បាន​សាងសង់​​ស្តូប​នេះ​ឡើង​ នៅ​ក្នុង​សម័យ​របស់​លោក ​ថា ​ជា​និមិត្ត​រូប​សន្តិភាព​ក្រោយ​ពី​បាន​ផ្ដួល​រលំ​របប​ខ្មែរ​ក្រហម​ បាន​ជោគ​ជ័យ។

អ្នក​វិភាគ ​លើក​ឡើង​ថា ការ​សង់​ស្តូប​នេះ ជា​ការ​ចង់​បង្ហាញ​ឲ្យ​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ មើល​ឃើញ​ពី​ស្នា​ដៃ​​របស់​គណបក្ស​កាន់​អំណាច ​ដឹក​នាំ​ប្រទេស ទទួល​បាន​ជ័យជម្នះ ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល​ ក្រោម​រូបភាព​គោល​នយោបាយ​ឈ្នះ​ឈ្នះ​ របស់​លោក​ ហ៊ុន សែន​ ដែល​ជា​ស្នា​ដៃ​មួយ​ដ៏​អាក្រក់ ​សម្រាប់​បន្សល់​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ថ្វីត្បិត​នយោបាយ​ឈ្នះ​ឈ្នះ​នេះ​ ចែង​អំពី​ខ្មែរ​គ្រប់​ភាគី​ឈ្នះ​ទាំង​អស់​គ្នា​ក្ដី ផ្ទុយ​ទៅ​វិញ​នយោបាយ​នេះ​ បង្កប់​នូវ​ភាព​ពិស​ពុល​កម្ទេច​ខ្មែរ​គ្នា​ឯង​ ធ្វើ​ឲ្យ​ក្រុម​បក្ស​ប្រឆាំង អ្នក​មាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល ​និង​ពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី​ស្ទើរ​ពេញ​មួយ​នគរ ​រង​ការ​ឈឺ​ចាប់​ ក្រោម​រូប​ភាព​អភិវឌ្ឍន៍​ផ្សេងៗ។ លើស​ពី​នេះ​ទៀត ក្រុម​បក្ស​ពួក​លោក ហ៊ុន សែន ​ដែល​ជា​អ្នក​ទទួល​បាន​ជ័យ​ជម្នះ​នោះ រស់​នៅ​លើ​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ តាម​រយៈ​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ និង​តួនាទី ឋានៈ បុណ្យស័ក្ដិ ដែល​ធ្វើ​ឲ្យ​មាន​គម្លាត​អ្នក​មាន​ អ្នក​ក្រ ​កាន់​តែ​ឆ្ងាយ​ដាច់​ពី​គ្នា និង​​អំពើ​អយុត្តិធម៌​​នៅ​ក្នុង​សង្គម៕

រូបថត៖ លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​លោក ហ៊ុន សែន និង លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ
រូបថត៖ លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​លោក ហ៊ុន សែន និង លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ
រូបថតលោក គឹម សុខ (Photo: Kim Sok)
រូបថតលោក គឹម សុខ (Photo: Kim Sok)
លោក អ៊ុំ សំអាន រូបថត​ឆ្នាំ​២០១៦
លោក អ៊ុំ សំអាន រូបថត​ឆ្នាំ​២០១៦