អត្ថបទ The Cambodia Daily
29-4-2021
បទល្មើសនាំឈើប្រណិត ចេញពីខេត្តស្ទឹងត្រែង បន្តកើតមានរាល់ថ្ងៃ ខណៈប្រមុខដឹកនាំរដ្ឋាភិបាល កំពុងមមាញឹករកវិធីទប់ស្កាត់ និងព្យាបាលអ្នកជំងឺ Covid-19។
ពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង បានអះអាងថា បទល្មើសនាំឈើប្រណិត ជ្រកក្រោមស្លាកក្រុមហ៊ុនអង្គរផ្លាយវូត របស់លោកឧកញ៉ា ទ្រី ភាព កំពុងធ្វើសកម្មភាពរាល់ថ្ងៃ ដោយមានឈ្មោះ លោក ជា ពៅ ជាឈ្មួញដើរប្រមូលទិញឈើប្រណិត ជាពិសេសប្រភេទឈើធ្នង់ជាច្រើនតោន ពីពលរដ្ឋរស់នៅស្រុកសៀមប៉ាង រួចដឹកបន្តចូលបរិវេណក្រុមហ៊ុន សៀ ម៉ុន ដើម្បីលួចបង្កប់ដឹកចេញជាមួយឈើស្របច្បាប់។
ប្រភពដដែលបន្តថា រាល់ថ្ងៃនេះ ចំពោះសកម្មភាពដឹកឈើប្រណិត ចូលទៅក្នុងក្រុមហ៊ុន សៀ ម៉ុន គេសង្កេតឃើញ លោក ជា ពៅ បានបញ្ជាកម្លាំងសន្តិសុខ ឲ្យយាមកាមយ៉ាងតឹងរឹងបំផុត ហើយចំពោះកម្មករទាំងឡាយណា ដែលមានទូរស័ព្ទនៅជាប់ខ្លួន ក៏តម្រូវឲ្យដកទុកដែរ ព្រោះខ្លាចបែកធ្លាយរូបភាព នៃសកម្មភាពដឹកឈើប្រណិតខុសច្បាប់ ចូលទៅក្នុងក្រុមរបស់ខ្លួន។
ប្រភពឲ្យដឹងបន្តទៀតថា ឈើប្រភេទធ្នង់ ដែលឈ្មួញឈើឈ្មោះ ជា ពៅ កំពុងដើរទិញពីពលរដ្ឋរាល់ថ្ងៃនេះ គឺប្រមូលទិញពីតំបន់ព្រំដែនខ្មែរ-ឡាវ និងពីឧទ្យានជាតិវីរជ័យ នៃស្រុកសៀមប៉ាង ដែលជាឈើមិនមែនស្ថិតក្នុងផ្ទៃដី របស់ក្រុមហ៊ុន សៀ ម៉ុន ដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលនោះទេ។
ឈើទាំងនោះ ត្រូវបានដឹកតាមរថយន្តម៉ាកសាំយ៉ុង ចូលទៅក្នុងបរិវេណក្រុមហ៊ុន សៀ ម៉ុន នៅចន្លោះម៉ោង ១២ រំលងអាធ្រាត ដល់ម៉ោង ០៤ជិតភ្លឺ។
ប្រភពដដែលបញ្ជាក់ថា កន្លងទៅនេះ ក្រុមហ៊ុនអង្គរផ្លាយវូត ធ្លាប់បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន សៀ ម៉ុន ដោយភាគីខាងក្រុមហ៊ុន សៀ ម៉ុន បានយល់ព្រមលក់ឈើឈរ ឬឈើរស់ ប្រភេទលេខ១ លេខ២ និងលេខ៣ ទៅឲ្យក្រុមហ៊ុនអង្គរផ្លាយវូត ដោយសារតែក្រុមហ៊ុន សៀ ម៉ុន ពុំមានប្រាក់ ដើម្បីបន្តវិនិយោគរបស់ខ្លួន តទៅមុខទៀត។
ក្រុមហ៊ុននេះ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឲ្យកាប់ឈើ កាលពីឆ្នាំ២០១៧ លើផ្ទៃដីចំនួនជិត ៣ ម៉ឺនហិកតា (២៩,៦៦១ ហិកតា) មានទីតាំងនៅចំណុចស្រែរមាំង ស្ថិតក្នុងភូមិណាអូង ឃុំបូរីអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ប៉ុន្តែជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន សៀ ម៉ុន ពុំបានអនុវត្តតាមផែនការមេនៃកិច្ចព្រមព្រៀង ជាមួយរាជរដ្ឋាភិបាល ដែលតម្រូវឲ្យក្រុមហ៊ុននេះ ដាំដុះឈើឡើងវិញ និងជួយថែរក្សាធនធានធម្មជាតិ នៅជុំវិញតំបន់នោះទេ។ ជាក់ស្តែងក្រុមហ៊ុននេះ បានត្រឹមកាប់ឈើលក់ និងបានឈូសឆាយព្រៃអស់ជាច្រើនពាន់ហិកតា ហើយបែរជាទៅដាំក្រូចវល្លិ និងដាំឪឡឹកទៅវិញ។
ចំណែកនៅក្នុងសៀវភៅផែនការមេ របស់ក្រុមហ៊ុន សៀ ម៉ុន ជាមួយរាជរដ្ឋាភិបាល គឺបានសរសេរបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន សៀ ម៉ុន ត្រូវដាំដើមប្រេងខ្យល់ ដើមអាកាស្យា – ដើមធ្នង់ និងដើមឈើបេង ជាដើម។
ទាក់ទិនបញ្ហានេះ លោក ទុំ នីរ៉ូ ប្រធានស្តីទី នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បញ្ជាក់ថា លោកមិនទាន់ក្តាប់ព័ត៌មាន ជុំវិញករណីក្រុមហ៊ុន សៀ ម៉ុន កំពុងធ្វើសកម្មភាពប្រមូលទិញឈើប្រណិតខុសច្បាប់ខាងលើនេះទេ ព្រោះរូបលោកទើបចូលមកកាន់តំណែងជាប្រធានស្តីទីថ្មីៗនេះប៉ុណ្ណោះ។ ប៉ុន្តែករណីនេះ រូបលោក នឹងប្រមូលព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធជាមុនសិន មុននឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីចុះទៅពិនិត្យក្រុមហ៊ុនខាងលើនេះក្នុងពេលឆាប់ៗខាងមុខនេះ។
ទោះជាបែបនេះក្តី សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក ជា ពៅ ប្រធានក្រុមហ៊ុន សៀ ម៉ុន ដែលរងការចោទថា កំពុងធ្វើសកម្មភាពប្រមូលទិញឈើប្រណិត មានឈើធ្នង់ជាដើម នៅក្នុងខេត្តស្ទឹងត្រែង ដើម្បីបំភ្លឺបាននៅឡើយទេ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១៕
.