អត្ថបទដោយលោក ម៉ែន ណាត / ១៧ ឧសភា ២០២០
លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង ត្រូវបានដោះលែងឲ្យមានសេរីភាពជាផ្លូវការឡើងវិញ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០ តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ចុះថ្ងៃទី ១២ ខែឧសភា បន្ទាប់ពីជាប់ពន្ធនាគារជាង ៤ ឆ្នាំរួចមក។
លោក ឌីណា ត្រូវបានគេស្គាល់សុសសាយ តាមរយៈសារព័ត៌មានខ្មែរ និងបរទេស បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន នៅថ្ងៃទី ៤ ខែមេសា ២០១៦ ក្រោមបទចោទចំនួន ២ គឺ «ទី១ បទកេងយកប្រយោជន៍ដោយខុសច្បាប់ យោងតាមមាត្រា៥៩៧ និងមាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ ហើយទី២ បទរំលោភអំណាច យោងតាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ»។
នៅមុនពេលចាប់ខ្លួន អង្គភាពប្រឆំាងអំពើពុករលួយ របស់លោក ឱម យិនទៀង ដែលជាស្ថាប័នជំនិតរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា «លោក ស៊ុត ឌីណា មានលុយសុទ្ធជាង ៧ លានដុល្លារអាមេរិក មានមាសសុទ្ធ ៣៣៩ តម្លឹង និងរួមទាំងគ្រឿងអលង្គារមួយចំនួនទៀត ដែលទុកនៅប្រទេសកូរ៉េខាងត្បូង។ សាច់ប្រាក់ កើនឡើង ៣ លានដុល្លារ ដោយភាពមិនប្រក្រតី ក្នុងរយៈពេលត្រឹម ២៥ ខែ អំឡុងពេលលោក កាន់តំណែងជាឯកអគ្គរាជទូត»។
កាលនោះក្រុមអ្នកឃ្លាំមើល និងមិត្តភក្តិរបស់លោក បានហៅការចោទប្រកាន់នោះថា «គ្មានការពិតជាក់ស្តែង និងជារឿងនយោបាយផ្ទៃក្នុង នៃគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន»។
រឿងនៅខាងក្រោយខ្នងនៃការចាប់ខ្លួន លោក ស៊ុត ឌីណា បានកើតឡើងដោយសារតែលោក ប្រើតួនាទីជាម្ចាស់ផ្ទះ ជាឯកអគ្គរាជទូត នៅកូរ៉េខាងត្បូង ដើម្បីទទួលលោក ហ៊ុន ម៉ាណែត ប្រធានក្រុមពង្រឹងយុវជននៅក្រៅប្រទេស នៃគណបក្សកាន់អំណាច។ លោក ឌីណា បង្ហាញខ្លួនប្រៀបដូចមានឋានៈស្មើគ្នា និងហាក់ដូចជាមិនសូវចាត់ទុក លោក ហ៊ុន ម៉ាណែត ជាមេកោយ ដែលធ្វើឲ្យលោក ហ៊ុន ម៉ាណែត បង្ហាញអត្តចរិតមិនពេញចិត្ត តាំងពីឆ្នាំ២០១៥ មកម្ល៉េះ។ បើតាម លោក ប៉ាង សុខឿន អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានហៅលោក ស៊ុត ឌីណា ថា«អាពួកម៉ាក» ធ្លាប់បាននិយាយថា «មូលហេតុនាំឲ្យចាប់ខ្លួនលោក ឌីណា នោះគឺធ្វើឡើងដោយក្រុមការងាររបស់លោក ហ៊ុន ម៉ាណែត រកមធ្យោបាយ និងរកលេសដើម្បី«ធ្វើស៊ី»លោក ឌីណា តែម្តង»។
មុនការឃាត់ខ្លួន ២ ថ្ងៃ គឺនៅថ្ងៃទី ០២ មេសា ២០១៦ លោក ឌីណា នៅក្នុងតំណែង បានទទួលស្វាគមន៍លោក ហ៊ុន ម៉ាណែត និងក្រុមការងារ ដោយរៀបចំពិធីយ៉ាងអធិកអធម ហើយមានការចូលរួមពីក្រុមពលករខ្មែររាប់ពាន់នាក់ នៅកូរ៉េខាងត្បូង ដែលភាគច្រើនជាអ្នកគាំទ្រគណបក្សប្រឆាំង ដឹកនាំដោយ លោក យឹម ស៊ីណន។ ការជួបជុំគ្នាកាលនោះ ពួកគេ បានធ្វើទៅតាមការណែនាំ នូវអ្វីដែលហៅថា «វប្បធម៌សន្ទនា មិនយកខ្មែរណាជាសត្រូវ» ពីសំណាក់គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ជាមួយគណបក្សកាន់អំណាច របស់លោក ហ៊ុន សែន។
មុនពេលឡើងសវនការទាំងដៃជាប់ឃ្នាស់ឃ្នាង នៅតុលាការក្រុងភ្នំពេញ នៅថ្ងៃទី ៧ មេសា ២០១៦ លោក ស៊ុត ឌីណា បាននិយាយទៅកាន់ក្រុមអ្នកកាសែតថា «អយុត្តិធម៌ណាស់សម្រាប់ខ្ញុំ»។ នៅមុនពេលចាប់ខ្លួន លោកក៏ធ្លាប់ផ្ញើសារទៅកាន់លោក ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍ដែរ ប៉ុន្តែគ្មានប្រសិទ្ធភាព។ ក្នុងសារនោះ មានខ្លឹមសារថា «ខ្ញុំទទួលរងភាពអយុត្តិធម៌ ដោយសារការមូលបង្កាច់ និងបង្ខូចកេរ្ត៍ឈ្មោះខ្ញុំ ពីមនុស្សមួយចំនួន នៅក្នុងគណបក្សប្រជាជនកម្ពុជា»។
ក្នុងឆ្នាំ ២០១៦ គឺជាឆ្នាំនៃការចាប់ផ្តើមនូវភាពខ្មៅងងឹតមួយ ដែលមេដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន ចាត់វិធានការក្តៅទ្រង់ទ្រាយធំ ដើម្បីរៀបចំយុទ្ធសាស្រ្តថ្មី និងក្រុមការងារថ្មីបន្ថែម គោលបំណងរក្សាអំណាចរបស់ខ្លួនផង និងចាប់ផ្តើមគិតគូរយន្តការផ្ទរអំណាចឲ្យកូនប្រុសច្បងរបស់លោកផង គឺលោក ហ៊ុន ម៉ាណែត។ កាលនោះ លោក ហោ ណាំហុង ក៏ត្រូវបានបង្ខំឲ្យលាឈប់ពីរដ្ឋមន្ត្រីការបរទេស ដោយរក្សាទុកតំណែងជាសមាជិកសភាមួយប៉ុណ្ណោះ។ លោក ប្រាក់ សុខុន ជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស ជំនួសលោក ហោ ណាំហុង។ ដោយឡែកមន្រ្តីជាន់ខ្ពស់ចាស់ទុំមួយចំនួនទៀត ក៏ត្រូវបានបង្ខំឲ្យចូលនិវត្តន៍ និងលាឈប់ពីតំណែងតែម្តងផងដែរ។
នៅឆ្នាំ ២០១៦ ដដែល រដ្ឋាភិបាលលោក ហ៊ុន សែន ក៏បានរៀបចំយុទ្ធសាស្ត្រក្នុងការកម្ទេចចោលនូវ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងតែមួយគាត់ មានអាសនៈ ៥៥ នៅរដ្ឋសភា ក្នុងចំណោមអាសនៈសរុប ១២៣។ លុះដល់ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខែកក្កដា ឆ្នាំ ២០១៧ គណបក្សកាន់អំណាច ធ្លាក់ចុះការគាំទ្រមកត្រឹមប្រមាណជាង ៥០% ហើយគណបក្សប្រឆាំង កើនសម្លេងគាំទ្ររហូតដល់ប្រមាណ ៤៦% ដែលមានសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់ខ្លួន សរុប ៥០០៧ នាក់។ ដោយហេតុនោះហើយ មេដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន រកលេសថ្មី ចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារ នៅថ្ងៃទី ០៣ កញ្ញា ២០១៧ ហើយបញ្ជាឲ្យតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ១៦ វិច្ឆិកា ២០១៧ បើទោះជាមានការថ្កោលទោសជុំទិស ពីសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ (អ.ស.ប) ផង។
តើលោក ស៊ុត ឌីណា ជានរណា មកពីណា និងធ្វើការជាមួយនរណាខ្លះ?
ក្នុងឯកសារប្រវត្តិរូបចូលជាសមាជិក នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ នៅឆ្នាំ ១៩៩៩ បានឲ្យដឹងថា លោក ស៊ុត ឌីណា កើតនៅថ្ងៃទី ១៤ វិច្ឆិកា ១៩៧៦ នៅស្រុកមង្គលបុរី ខេត្តបាត់ដំបង (សព្វថ្ងៃ នៅក្នុងខេត្តបន្ទាយមានជ័យ)។ អសយដ្ឋានសព្វថ្ងៃរបស់លោក ឌីណា រស់នៅក្នុងខណ្ឌទួលគោក ក្រុងភ្នំពេញ។ លោក កើតក្នុងគ្រួសារអ្នកមានទ្រព្យមធ្យម ដែលឪពុករបស់លោក គឺលោក ស៊ុត ប៉េងគុណ ជាអតីតតំណាងរាស្ត្រ ពីគណបក្សហ្វ៊ុនស៊ិនប៉ិច អាណត្តិទី១ (១៩៩៣-១៩៩៨) ហើយក្រោយមក លោក ប៉េងគុណ បានចូលរួមជាមួយលោក សម រង្ស៊ី ក្នុងគណបក្សសម-រង្ស៊ី នៅអាណត្តិទី២ (១៩៩៨-២០០៣) ប៉ុន្តែមិនបានជាប់ឆ្នោតជាតំណាងរាស្ត្រទៀតទេ ខណៈដែលគណបក្សនេះ មានតែ ១៥ កៅអី ក្នុងរដ្ឋសភាជាតិ។ ម្តាយរបស់លោក ឌីណា គឺជាស្ត្រីមេផ្ទះ។ លោក មានប្អូនប្រុស ១ រូប និងប្អូនស្រី ១ រូប ចូលរួមក្នុងក្រុមការងារនៃ រណសិរ្សប្រជាធិបតេយ្យនិស្សិតបញ្ញវន្តខ្មែរ ក្នុងឆ្នាំ ២០០០។
នៅខែមករា ឆ្នាំ១៩៩៩ លោក ស៊ុត ឌីណា ជាសិស្សមន្ត្រីជាន់ខ្ពស់ ផ្នែកការទូត នៅសាលាភូមិន្ទរដ្ឋបាល ត្រូវបានតែងតាំងជាអនុប្រធានទី១ នៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ជាចលនាយុវជនជាតិនិយម ធ្វើការងារលើការតស៊ូមតិ ក្នុងរឿងការពារបូរណភាពទឹកដីខ្មែរ ការពារយុត្តិធម៌សង្គម និងធនធានធម្មជាតិ។ ចលនានេះ ប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការអនុវត្តគោលនយោបាយមិនស្អាតស្អំរបស់រដ្ឋាភិបាល លោក ហ៊ុន សែន។ កាលនោះ៉ លោក សារ៉ូ ស៊ីវត្ថា និស្សិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាប្រធានចលនានេះ (សព្វថ្ងៃប្តូរឈ្មោះមក សារ៉ូ សុវិជ័យ), លោក អ៊ុំ សំអាន និស្សិតសង្គមវិជ្ជា ជាអគ្គលេខាធិការរងទី១, លោកស្រី ស៊ុន សុគន្ធមាលា សិស្សមន្រ្តីជាន់ខ្ពស់ ផ្នែករដ្ឋបាលទូទៅ នៃសាលាភូមិន្ទរដ្ឋបាល ជាអគ្គលេខាធិការរងទី២, លោក ម៉ែន ណាត និស្សិតសង្គមវិជ្ជា ជាប្រធានរដ្ឋបាល និងទំនាក់ទំនងនិស្សិតតាមមហាវិទ្យាល័យ។ ចំណែក លោក ទូច វិបុល និស្សិតផ្នែកវិទ្យាសាស្ត្រសេដ្ឋ បានក្លាយជាអនុប្រធាននៃចលនានិស្សិតនេះ ក្នុងឆ្នាំ ១៩៩៩ នៅពេលដែលលោក ស៊ុត ឌីណា, លោក ម៉ែន ណាត និងលោកស្រី ស៊ុន សុគន្ធមាលា (កាលនោះនៅជាកញ្ញា) ចេញទៅដឹកនាំរណសិរ្សនិស្សិតបញ្ញវន្តខ្មែរ ដែលមានទស្សនវិស័យការងារ និងបេសកកម្មដូចគ្នានឹងចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែរ។
បញ្ជាក់បន្ថែម៖ លោក សារ៉ូ ស៊ីវត្ថា បានភៀសខ្លួនទៅនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅឆ្នាំ ២០០១ រស់នៅជាពលរដ្ឋសាមញ្ញ ហើយសព្វថ្ងៃជាសកម្មជនបក្សសង្គ្រោះជាតិ នៅទីនោះ។ ដោយឡែក លោក អ៊ុំ សំអាន ទៅនៅសហរដ្ឋអាមេរិក ឆ្នាំ ២០០៤ រួចមកបានក្លាយជាសមាជិកសភា នៃគណបក្សសង្គ្រោះជាតិ ឆ្នាំ ២០១៣-២០១៨។ ប៉ុន្តែលោក សំអាន ពីខែមេសា ឆ្នាំ ២០១៦ ដល់ខែសីហា ឆ្នាំ ២០១៨ ត្រូវបានរបបដឹកនាំរបស់លោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ ដោយសារតែលោក តស៊ូមតិរឿងព្រំដែនជាមួយវៀតណាម និងទាមទារឲ្យរដ្ឋាភិបាល ដោះស្រាយរឿងព្រំដែននេះ តាមយន្តការអន្តរជាតិ (មានអត្ថបទលំអិត)។ លោក សំអាន សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិកវិញ។ ចំណែក លោកស្រី ស៊ុន សុគន្ធមាលា ជាភរិយាក្រោយរបស់លោក ស៊ុត ឌីណា បានបោះបង់ចោលឧត្តមគតិដើមរបស់ខ្លួន ចូលរួមជាមួយបក្សកាន់អំណាច លោក ហ៊ុន សែន នៅខែមិថុនា ឆ្នាំ ២០០៩ ហើយបានក្លាយជាសមាជិក នៃក្រុមការងារសេដ្ឋកិច្ច និងវប្បធម៌ មានឋានៈស្មើអនុរដ្ឋលេខាធិការ នៅទីស្តីការគណៈរដ្ឋមន្រ្តី។ ចំពោះលោក ម៉ែន ណាត អតីតអនុប្រធានរណសិរ្សប្រជាធិបតេយ្យនិស្សិតបញ្ញវន្តខ្មែរ នៅឆ្នាំ ២០០០-២០០២ ហើយក្រោយមក ជាប្រធានសមាគមមន្រ្តីរាជការកម្ពុជា និងជាអ្នកសម្របសម្រួលនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ឆ្នាំ២០០២-២០០៦ និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សានេះ នៅប្រទេសន័រវេស៍ (សូមអានជីវប្រវត្តិលំអិត) គឺជាអ្នកស្រាវជ្រាវច្បាប់ និងឯកសារព្រំដែនកម្ពុជា។ លោក ទូច វិបុល បានទៅរស់នៅសហរដ្ឋអាមេរិក នៅចុងឆ្នាំ ២០០០ ហើយក្រោយមក ក្លាយជាប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង និងសព្វថ្ងៃ ជាប្រធានក្រុមពលរដ្ឋនិយម (សូមអានលំអិត)។
លោក ស៊ុត ឌីណា ដាក់ឈ្មោះខ្លួនឯងថា ម៉ៅ មឿងយ៉ាត ជាមេដឹកនាំរណសិរ្សប្រជាធិបតេយ្យនិស្សិតបញ្ញវន្តខ្មែរ ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០២។ កាលនោះលោក ម៉ែន ណាត ជាអនុប្រធាន ហើយលោកស្រី ស៊ុន សុគន្ធមាលា ជាអគ្គលេខាធិការ។ នៅចុងខែឧសភា ឆ្នាំ ២០០២ លោក ស៊ុត ឌីណា និងលោកស្រី ស៊ុន សុគន្ធមាលា បង្កើតគណបក្សនយោបាយមួយឈ្មោះថា «គណបក្សរណសិរ្សជនជាតិខ្មែរ» ដើម្បីចូលរួមការបោះឆ្នោតជាតិ សម្រាប់អាណត្តិទី៣ នៅឆ្នាំ ២០០៣ ប៉ុន្តែគណបក្សនេះ មិនទទួលបានការគាំទ្រក្នុងការបោះឆ្នោតទេ។
ចំណែកលោក ម៉ែន ណាត និងសហការីមួយចំនួនទៀត មិនបានចូលរួមជាមួយលោក ស៊ុត ឌីណា នៅក្នុងគណបក្សនយោបាយថ្មីនោះទេ ដែលនាំឲ្យមានការខ្វែងគំនិតគ្នា ដោយលើកឡើងថា «ធ្វើឲ្យបែកខ្ញែកសម្លេងអ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយម»។ លោក ម៉ែន ណាត ជំទាស់ជាមួយលោក ស៊ុត ឌីណា តាំងពីដើមដំបូង ក្នុងរឿងបង្កើតគណបក្សនយោបាយនោះ។ ប៉ុន្តែលោក ឌីណា និង សុគន្ធមាលា កាលនោះបានយល់ស្របជាមួយលោក ម៉ែន ណាត ដែលផ្តួចផ្តើមគំនិត ដើម្បីសម្របសម្រួលជាមួយក្រុមចលនានិស្សិត ក្រុមយុវជន អង្គការ សមាគម និងសហជីពមួយចំនួន ចងក្រងរៀបចំជា «ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា» បង្កើតឡើងនៅថ្ងៃទី ១៦ កញ្ញា ២០០២ ដដែលនោះ។ សមាជិកស្ថាបនិកនៃក្រុមប្រឹក្សានេះ រួមមាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយ លោក អ៊ុំ សំអាន, សហជីពសេរីកម្មករ ដឹកនាំដោយ លោក ជា វិជ្ជា, សមាគមសិករកម្ពុជា ដឹកនាំដោយ លោក ឆាំ ឆានី, សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដឹកនាំដោយ លោក រ់ុង ឈុន, សម័្ពន្ធសហជីព ស៊ីខៅឌូ ដឹកនាំដោយ លោកស្រី ឆន សុខា និង រណសិរ្សនិស្សិតបញ្ញវន្តខ្មែរ ដឹកនាំដោយ លោក ម៉ែន ណាត ហើយក្រោយមក រណសិរ្សនិស្សិតនេះ បានជំនួសដោយ សមាគមមន្ត្រីរាជការកម្ពុជា ដឹកនាំដោយលោក ម៉ែន ណាត ដដែល។
ក្រោយបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ឆ្នាំ ២០០១ លោក ស៊ុត ឌីណា ដែលជាយុវជនក្នុងសេណារីយ៉ូនៃគណបក្សហ្វ៊ុនស៊ិនប៉ិចផងនោះ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការអឺរ៉ុបខាងកើត ក្នុងក្រសួងការបរទេស។ កាលនោះ គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាគណបក្សដៃគូ ជាមួយបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគ្នា។ ហើយសម្តេចក្រុមព្រះ គឺជាប្រធានរដ្ឋសភាជាតិ។
គណបក្សរណសិរ្សជនជាតិខ្មែរ របស់លោក ស៊ុត ឌីណា បានប្តូរឈ្មោះរបស់ខ្លួន និងផ្ទេរការដឹកនាំទៅឲ្យ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៤ នៅឆ្នាំ ២០០៨ ដោយទទួលបាន ២ កៅអីក្នុងរដ្ឋសភាជាតិ។ ពេលនោះ លោក ស៊ុត ឌីណា មិនបានជាប់ឆ្នោតទេ ទោះបីលោក ជាអគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គណបក្សនរោត្តមរណប្ញទ្ធិ ដែលជាគណបក្សប្តូរឈ្មោះថ្មីក្តី ក្រោយពេលដែលគណបក្សហ្វ៊ុនស៊ិនប៉ិច បានបែកបាក់គ្នាជាក្រុមៗ ក្រោមល្បិចកលនយោបាយ នៃបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ដែលមានតួសំដែង និងអ្នកដឹកនាំរឿងដោយសម្តេចក្រុមព្រះ អង្គឯងផ្ទាល់ ជាមួយលោក ញឹក ប៊ុនឆាយ ជាអតីតអនុប្រធានព្រឹទ្ធសភា និងជាអតីតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។
លោក ស៊ុត ឌីណា និងភរិយាក្រោយរបស់លោកគឺ លោកស្រី ស៊ុន សុគន្ធមាលា នៅថ្ងៃទី ២៥ មិថុនា ២០០៩ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន។ ជាមួយគ្នានោះ លោក ស៊ុត ឌីណា ត្រូវបានរដ្ឋាភិបាល តែងតាំងជាអនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងជាទីប្រឹក្សាផ្ទាល់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ហើយភរិយារបស់លោក ត្រូវបានតែងតាំងជាសមាជិកក្រុមការងារសេដ្ឋកិច្ច និងវប្បធម៌ មានឋានៈស្មើអនុរដ្ឋលេខាធិការ នៅទីស្តីការគណៈរដ្ឋមន្រ្តី ផងដែរ។
នៅថ្ងៃទី ១១ វិច្ឆកា ២០១៣ លោក ស៊ុត ឌីណា ត្រូវបានតែតាំងជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង ដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។
លុះដល់ថ្ងៃទី ០៤ មេសា ២០១៦ លោក ស៊ុត ឌីណា ត្រូវបានដកហូតតូនាទីពីឯកអគ្គរាជទូតនេះ រួចត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារព្រៃ.ស នៅទីក្រុងភ្នំពេញ ដូចបានបញ្ជាក់ជូនខាងលើរួចហើយ។
ទន្ទឹមនឹងគ្នានោះ រដ្ឋាភិបាលលោក ហ៊ុន សែន បានតែងតាំងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ជាឯកអគ្គរាជទូតថ្មី ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ជំនួសលោក ស៊ុត ឌីណា។ លោក ឡុង ឌីម៉ង់ គឺជាកូនប្រុសរបស់ លោក ឡុង វីសាឡូ អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាអនុប្រធានគណៈកម្មាធិការចម្រុះព្រំដែនរបស់រដ្ឋាភិបាល ដែលមានលោក វ៉ា គឹមហុង ជាប្រធាន។ លោក ឡុង វីសាឡូ ក៏ត្រូវបានតែងតាំងជាឯកអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសថៃ ផងដែរ៕
ឯកសារពិគ្រោះ
– ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
– ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ឆ្នាំ១៩៩៩
– កម្រងឯកសារស្រាវជ្រាវ «សកម្មភាពតស៊ូមតិ ឆ្នាំ២០០៣» នៃរណសិរ្សនិស្សិតបញ្ញវន្តខ្មែរ
– សៀវភៅកំណត់ហេតុ អំពីការតស៊ូមតិរបស់និស្សិតបញ្ញវន្តខ្មែរ ក្នុងកិច្ចការបូរណភាពទឹកដី ឆ្នាំ២០០២
– សារព័ត៌មាន RFA Khmer, RFI និង VOA Khmer


.


