អត្ថបទវិទ្យុអាស៊ីសេរី RFA / ដោយ សុជីវី / 27-12-2020

ក្រុម​អង្គការ​​សង្គម​​ស៊ីវិល ១១៦​ ស្ថាប័ន ស្នើ​សុំ​​ឱ្យ​​​រដ្ឋាភិបាល​​ស៊ុយអែត ​(Sweden) ​ពិចារណា​​​ឡើង​វិញ ចំពោះ​​ការ​​ដក​​ស្ថានទូត​​ ចេញ​​ពី​​កម្ពុជា ទៅ​​ប្រទេស​​ថៃ ដោយ​​ពួកគេ ចាត់​ទុក​ថា នេះ​​ជា​​ការ​​បោះ​បង់​​ដំណើរការ ឬ​​​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​​ចូល​រួម​​អភិវឌ្ឍន៍​​តាម​​បែប​​ប្រជា​ធិបតេយ្យ និង​​ការ​​គោរព​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា ​នា​​ពេល​​កន្លង​​ទៅ។ ការ​​ស្នើ​​សុំ​​បែប​នេះ ធ្វើ​ឡើង​​តាម​រយៈ​​លិខិត​​រួម​គ្នា​​មួយ ចុះ​​ថ្ងៃ​​ទី​​ ១៨ ខែ​​ធ្នូ ដែល​​ផ្ញើ​​ជូន​​ប្រមុខ​​ការទូត​​ស៊ុយអែត។ អ្នក​នាំពាក្យ​​រដ្ឋាភិបាល​​កម្ពុជា លើក​ឡើង​​ដដែល​​ថា ការ​​ដក​​ស្ថានទូត​​ចេញ​ពី​​កម្ពុជា គឺ​ជា​​សម្រេច​​ចិត្ត​​ផ្ទៃ​ក្នុង​​របស់​​ស៊ុយអែត ហើយ​​គ្មាន​​អ្វី​​ត្រូវ​​សោកស្ដាយ​​នោះ​​ទេ។

ក្រុម​អង្គការ សមាគម និង​​សហជីព ទទូច​​ស្នើ​សុំ​​ដល់​​រដ្ឋមន្ត្រី​ការបរទេស​​ស៊ុយអែត អ្នកស្រី អាន់ លីន​ដ៍ (Ann Linde) ផ្លាស់​ប្ដូរ​​ការ​សម្រេច​ចិត្ត​ កាល​ពី​​ចុង​ខែ​​វិច្ឆិកា​​ ឡើង​វិញ ដោយ​​បន្ត​​រក្សា​​ស្ថានទូត​​តំណាង​​របស់​​ខ្លួន ​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា ដើម្បី​​បន្ត​​ចូល​រួម​​ដំណើរ​ការ​​នៃ​ ការ​​អភិវឌ្ឍ​​តាម​​បែប​​ប្រជា​ធិបតេយ្យ និង​​ការ​​គោរព​​សិទ្ធិ​មនុស្ស​ នៅ​​កម្ពុជា។

ក្រុម​អង្គការ​​សង្គម​​ស៊ីវិល​ ​ដែល​​ភាគ​ច្រើន​​ធ្វើ​ការ​​ផ្នែក​សិទ្ធិ​មនុស្ស បរិស្ថាន និង​​​អភិបាល​កិច្ច​​ទាំង​នេះ លើក​ឡើង​​ក្នុង​​លិខិត​​រួម​គ្នា​​ថា ចាប់​តាំង​​ពី​​ប្រទេស​​ស៊ុយអែត មាន​ទំនាក់​ទំនង​​ការ​ទូត​ ​ជាមួយ​​កម្ពុជា កាល​ពី​​ឆ្នាំ ១៩៦១ និង​​បាន​​បើក​​ដំណើរ​ការ​​ស្ថានទូត​​ នៅ​​ក្រុង​ភ្នំពេញ កាល​ពី​​ឆ្នាំ​​ ២០១០ មក រដ្ឋាភិបាល​​ស៊ុយអែត មាន​​វិធី​សាស្ត្រ​​អភិវឌ្ឍន៍​​ពហុ​​វិស័យ និង​​បាន​​ចូល​រួម​​ចំណែក​​យ៉ាង​​សំខាន់​ ​ជំរុញ​​ឱ្យ​​មាន​​អភិបាល​កិច្ច ប្រជា​ធិបតេយ្យ និង​​នីតិ​រដ្ឋ​​នៅ​​កម្ពុជា​។ ពួកគេ​​យល់​ថា ការ​​វិវត្តន៍​​ថយ​ក្រោយ​​ដ៏​​អាក្រក់​ នៅ​​ក្នុង​​ប្រទេស​​កម្ពុ​ជា ចាប់​តាំង​​ពី​ ២០១៧ មក​​ជា​ហេតុ​​ធ្វើ​​ឱ្យ​​ស៊ុយអែត ពិនិត្យ​ និង​​សម្រេច​ចិត្​ត​ឡើង​វិញ ដែល​​អាច​​ធ្វើ​​ឱ្យ​​អន្តរាយ​ ​ដល់​​ការ​​រីក​ចម្រើន​​ជា​​រួម ដែល​​ភាគី​​ទាំង​ឡាយ​​កំពុង​​ខិត​ខំ​​ប្រឹង​ប្រែង​​ធ្វើ​ការ​​ឆ្ពោះ​​ទៅ​​រក​​គោល​ដៅ​​នោះ។

ក្រុម​អង្គការ​​ទាំង​នេះ អំពាវនាវ​​ដល់​​ប្រមុខ​​ការ​ទូត​​ស៊ុយអែត កុំ​​បោះ​បង់​ ឬ​​បែរ​ខ្នង​​ដាក់​​ការ​អភិវឌ្ឍន៍​​ តាម​​បែប​​ប្រជា​ធិបតេយ្យ​ និង​​សិទ្ធិ​មនុស្ស​​របស់​​កម្ពុជា ខណៈ​​ប្រទេស​​កម្ពុជា កំពុង​​ស្ថិត​​នៅ​​លើ​​ផ្លូវ​​បំបែក​​មួយ​​ផ្សេង​​ទៀត។

ក្រុម​អង្គការ​​សង្គម​​ស៊ីវិល​ ដែល​​ចូល​រួម​​ធ្វើ​​សំណើ​​នេះ មាន​​ដូចជា អង្គការ​​តម្លាភាព​​អន្តរជាតិ​​កម្ពុជា (TI Cambodia) អង្គការ​​អុក​ស្វាម (Oxfam) សមាគម​​អាដហុក (ADHOC) វិទ្យាស្ថាន​​តស៊ូ​​មតិ និង​​គោល​នយោបាយ​ (API) វេទិកា​​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​​ស្ដីពី​​កម្ពុជា (NGO Furum) អង្គការ​​អាក់​សិន​អេត​កម្ពុជា ( ActionAid Cambodia) ព្រម​ទាំង​​អង្គការ សមាគម និង​​សហជីព​​ជា​ច្រើន​​​ផ្សេង​ទៀត។

មក​ទល់​​ពេល​នេះ ក្រុម​​អង្គការ​​សង្គម​​ស៊ីវិល ​អះ​អាង​​ថា ពួក​គេ​​នៅ​​មិន​ទាន់​​ទទួល​​បាន​​ការ​​ឆ្លើយ​​តប​​ពី​​រដ្ឋមន្ត្រី​​ការបទេស​​ស៊ុយអែត អ្នកស្រី អាន់ លីនដ៍ (Ann Linde) នៅ​​ឡើយ​​ទេ។ កាលពី​ថ្ងៃ​ទី​​ ២៦ ខែ​​វិច្ឆិកា ក្រសួង​​ការបរទេស​​ស៊ុយអែត បាន​​ប្រកាស​​ដំណឹង​​ដ៏​​គួរ​​ឱ្យ​​ភ្ញាក់​ផ្អើល​​ថា ស៊ុយអែត​ នឹង​​បិទ​​ស្ថាន​ទូត​​របស់​​ខ្លួន​​ នៅ​ភ្នំពេញ នៅ​​ចុង​​ឆ្នាំ​ ២០២១ ខាង​មុខ ហើយ​​សកម្មភាព​​ការ​បរទេស​​ទាំង​ឡាយ​​ជាមួយ​​កម្ពុជា នឹង​​ត្រូវ​​ផ្ទេរ​​ឱ្យ​​ស្ថិត​​ក្រោម​​ការ​​ចាត់​ចែង​​របស់​​ស្ថាន​ទូត​​ស៊ុយអែត ​ប្រចាំ​​នៅ​​ប្រទេស​​ថៃ ​វិញ។

នាយក​ប្រតិបត្តិ​​អង្គការ​​តម្លាភាព​​កម្ពុជា លោក ប៉ិច ពិសី មាន​​ប្រសាសន៍​​ថា ប្រទេស​​ស៊ុយអែត មាន​​គុណ​​តម្លៃ និង​​​បាន​​ផ្ដល់​​ផល​​វិជ្ជមាន​​ជាច្រើន​​ សម្រាប់​​កម្ពុជា ដូច្នេះ​​ការ​​​ចាក​​ចេញ​​​របស់​​​ស្ថានទូត​​​ស៊ុយអែត​​​​នេះ នឹង​​​ធ្វើ​​​ឱ្យ​​​ប៉ះ​​ពាល់​​​ដល់​​​ដំណើរ​​ការ​​​កសាង​​​ប្រជា​ធិបតេយ្យ ការ​​គោរព​​សិទ្ធិ​មនុស្ស និង​​នីតិរដ្ឋ​​នៅ​​កម្ពុជា​។ លោក​​សង្ឃឹម​ថា ការ​​ស្នើ​សុំ​​របស់​​ក្រុម​​អង្គការ​​សង្គម​​​ស៊ីវិល​​​ដ៏​​​ច្រើន​​​លើស​​​លប់​​​មក​ពី​​គ្រប់​​វិស័យ និង​​ជា​​តំណាង​​ឱ្យ​​ពលរដ្ឋ​​រាប់​​លាន​​នាក់​​ផង​​នោះ នឹង​​ធ្វើ​​ឱ្យ​​រដ្ឋាភិបាល​​ស៊ុយអែត​​ ពិចារណា​ឡើង​វិញ៖ «ស៊ុយអែត​ ជា​​ប្រទេស​​មួយ​​ដែល​​ឥទ្ធិពល ហើយ​​មាន​​ភាព​​ទន់ភ្លន់​​ នៅ​​​ក្នុង​​ការ​​ជំរុញ​​ឱ្យ​​មាន​ការ​​ជជែក​​គ្នា​​ក្នុង​​វិបត្តិ​​ធំៗ​ នៅ​ក្នុង​​​ប្រទេស​​យើង ដូច្នេះ​​វត្តមាន​​របស់​​គាត់ រួមមាន​​សហភាព​​អឺរ៉ុប និង​​សហរដ្ឋ​​អាមេរិក​​នេះ គឺ​ជា​​តួអង្គ​​សំខាន់​​ណាស់​ ​ក្នុង​ដំណើរ​ការ​​លទ្ធិ​ប្រជា​ធិបតេយ្យ។ យើង​​លើក​ទឹក​ចិត្ត​​ឱ្យ​​អ្នក​នយោបាយ​​ស៊ុយអែត ​ពិចារណា​​ឡើង​វិញ​​ហើយ បន្ត​​បេសកកម្ម​​របស់​​ខ្លួន​​ក្នុង​​ដំណើរ​​ជាមួយ​​ប្រជា​ពលរដ្ឋ​​ខ្មែរ ​ក្នុង​​ការ​​កសាង​​ប្រជា​ធិបតេយ្យ​ និង​​សិទ្ធិ​មនុស្ស»

ប្រធាន​អង្គភាព​​អ្នកនាំ​ពាក្យ​​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​​ប្រសាសន៍​ថា ក្រុម​​អង្គការ​​សង្គម​​ស៊ីវិល ដែល​​ចូល​រួម​​ដាក់​​លិខិត​​ទៅ​​ប្រមុខ​​ការទូត​​ស៊ុយអែត​​នេះ នៅ​​មាន​​ចំនួន​​តិច បើ​​ធៀប​​នឹង​​ចំនួន​​អង្គការ​ ​ដែល​​ចុះ​​បញ្ជី​​ក្នុង​​ក្រសួង​មហា​ផ្ទៃ​​ ជាង​ ៤​​ពាន់​​ស្ថាប័ន ដូច្នេះ​​លោក ជឿ​​ថា​​គ្មាន​​ឥទ្ធិពល​​ធ្វើ​​ឱ្យ​​ស៊ុយអែត​ ពិចារណា​​តាម​​ការ​​ស្នើ​សុំ​នោះ​​ទេ​។ ទន្ទឹម​​គ្នា​​នេះ លោក​បញ្ជាក់​​ថា​ រដ្ឋាភិបាល គ្មាន​​​អ្វី​​ត្រូវ​​សោក​ស្ដាយ​ ​ចំពោះ​​ការ​​ដក​​ស្ថានទូត​​ស៊ុយអែត ​ពី​​កម្ពុជា​​នោះ​​ទេ ព្រោះ​​ជា​​ការ​​សម្រេច​ចិត្ត​​ផ្ទៃក្នុង​​របស់​​ស៊ុយ​អែត ហើយ​​មន្ត្រី​​ស៊ុយអែត ក៏​​បាន​​ប្រកាស​​ខ្លួន​ឯង​​រួច​ហើយ​​ថា នៅ​តែ​​បន្ត​​កិច្ច​​សហ​ប្រតិបត្តិការ​ ​ជាមួយ​​កម្ពុជា​​ដដែល៖ «លទ្ធិ​​ប្រជា​ធិបតេយ្យ មិន​​មែន​​នំ​ប៉័ង​​ឯ​ណា មិន​មែន​​ដឹក​​យក​​មក​​ចែក​​គ្នា​​ញាំ​​ឯ​ណា ជា​​ការ​​កសាង​ និង​​ការ​​ប្តេជ្ញា​​របស់​​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ទាំង​អស់ មិន​មែន​​តែ​​រដ្ឋាភិបាល​​ទេ គឺ​​ទាំង​អស់​​គ្នា រាប់​ទាំង​​សង្គម​​ស៊ីវិល​​នេះ​​ផង​​ដែរ។ អ្វី​​ដែល​​ខ្ញុំ​​មើល​​ឃើញ​ ​គឺ​​អីចឹង​។ ការ​​ត្រឡប់​មក​វិញ ឬ​​មិន​ត្រឡប់​មក​វិញ ​គឺ​ជា​​សិទ្ធិ​​អធិបតេយ្យ​​របស់​​ប្រទេស​​ស៊ុយអែត។ រដ្ឋាភិបាល​​យើង មិន​​មាន​​ឥទ្ធិពល​​អ្វី​​ទប់​ស្កាត់​​ការ​​ដក​​ទូត​​ចេញ​​ពី​​កម្ពុជា​​ទេ»។

ទោះជា​យ៉ាងណា ក្រម​​អង្គការ​​សង្គម​​ស៊ីវិល ជឿ​​ថា ការ​ដែល​​ប្រទេស​​មាន​​ប្រជាធិប​តេយ្យ​​គំរូ និង​​មាន​​ឥទ្ធិពល ប្រកាស​​ដក​​ស្ថាន​ទូត​​បែប​នេះ គឺ​​ប្រាកដ​​ជា​​មាន​​ផល​​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ ​សម្រាប់​​កម្ពុជា ដោយសារ​​ទំនាក់​ទំនង​​​រវាង​​​​ប្រទេស​ និង​​​ប្រទេស ហើយ​និង​​​ការ​​ជួយ​​គាំទ្រ​​ផ្សេងៗ នឹង​​បាត់​បង់ ​ឬ​​ចុះ​​ខ្សោយ​​បន្តិច​​ម្តងៗ​។ លើស​​ពី​​នេះ ពួក​គេ ជឿ​​ថា សម្រេច​ចិត្ត​​ដក​​ស្ថានទូត​​នេះ​ ដោយ​សារ​​ប្រទេស​​ស៊ុយអែត ខក​ចិត្ត​​ចំពោះ​​ទង្វើ​​របស់​​រដ្ឋាភិបាល​​កម្ពុជា ដែល​​បំផ្លាញ​​គោល​ការណ៍​​លទ្ធិ​ប្រជា​ធិបតេយ្យ និង​​ការ​រំលោភ​​សិទ្ធិ​មនុស្ស​​ធ្ងន់ធ្ងរ​​នៅ​​កម្ពុជា។

នាយក​ប្រតិបត្តិ​​នៃ​​គណៈកម្មាធិការ​​អព្យាក្រឹត និង​​​យុត្តិធម៌​​ ដើម្បី​​បោះ​ឆ្នោត​​ដោយ​​សេរី និង​​ត្រឹម​ត្រូវ​​នៅ​​កម្ពុជា ឬ​​ហៅ​ថា​ អង្គការ ​និចហ្វិក (NICFEC) លោក សំ គន្ធាមី ទទួល​​ស្គាល់​​ថា ស៊ុយអែត បាន​​ដើរ​​តួនាទី​​យ៉ាង​​សំខាន់​ ក្នុង​​ការ​​គាំទ្រ​​កិច្ច​ការ​​ជាច្រើន​​ដល់​​រដ្ឋាភិបាល អង្គការ​​សង្គម​​ស៊ីវិល និង​​តួអង្គ​​ដទៃ​​ទៀត ដោយ​​ឈរ​​លើ​​គោល​ការណ៍​​ប្រជា​ធិបតេយ្យ និង​​សិទ្ធិ​មនុស្ស។ លោក​​បន្ត​​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល គ្រោង​នឹង​ជជែក​គ្នា​ដើម្បី​ដាក់​លិខិត​ដាច់ដោយឡែក​មួយទៀត ទៅ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើសុំ​ឱ្យ​​ចរចា​​ជាមួយ​​រដ្ឋាភិបាល​​ស៊ុយអែត ក្នុង​​ការ​​បន្ត​​ដាក់​​ស្ថានទូត​ នៅ​​កម្ពុជា៖ «វា​​ស្រួល​​ថា កាល​ណា​​គាត់​​មាន​​វត្ត​មាន​នៅ​​ហ្នឹង គាត់​​បាន​ជួយ​​ដល់​​ស្ថានភាព​​ទាំង​ពីរ​ ទាំង​​ប្រជា​ធិបតេយ្យ​ និង​​ការ​​គោរព​​សិទ្ធិមនុស្ស ហើយ​​ការងារ​​ជាមួយ​​សង្គម​​ស៊ីវិល ក៏​​វា​​ងាយ​ស្រួល​​ផង»។

គិត​ចាប់​​ពី​ឆ្នាំ​ ២០១៤ ដល់​​ឆ្នាំ​ ២០១៨ ប្រទេស​​ស៊ុយអែត ​បាន​​ផ្តល់​​ជំនួយ​​ឥត​​សំណង ក្នុង​​ទឹក​ប្រាក់​​ប្រមាណ ១២៥ ​លាន​​ដុល្លារ​​អាមេរិក ដល់​​រដ្ឋាភិបាល​​កម្ពុជា ដោយ​​បាន​​ផ្ដោត​​លើ​​វិស័យ​​អភិបាលកិច្ច យេនឌ័រ សិទ្ធិ​មនុស្ស អប់រំ ការងារ និង​​វិស័យ​​បរិស្ថាន​។ ទោះ​ជា​​យ៉ាង​​នេះ​​ក្តី ក្នុង​​រយៈ​ពេល​​ចុង​ក្រោយ​​នេះ រដ្ឋាភិបាល​​ស៊ុយអែត តែង​តែ​​ចេញ​មុខ​​រិះ​គន់​​ខ្លាំងៗ​ ​ចំពោះ​​របប​​ក្រុង​ភ្នំពេញ​ ជុំវិញ​​ការ​រំលោភ​​គោល​ការណ៍​​ប្រជា​ធិបតេយ្យ​ និង​​ការ​រំលោភ​​សិទ្ធិ​មនុស្ស​​ធ្ងន់ធ្ងរ​ នៅ​​កម្ពុជា៕

.

.