Tag Archives: គ.ជ.ប

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវឲ្យពលរដ្ឋ និងមន្រ្តីរាជការ ធ្វើពហិការ កុំដាក់ពាក្យបម្រើជាមន្រ្តីបោះឆ្នោត គជប

download (1)

សេចក្តីអំពាវនាវរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖ «ពលរដ្ឋ និងមន្រ្តីរាជការ ចូរធ្វើពហិការ កុំដាក់ពាក្យជាមន្រ្តីបោះឆ្នោត តាមការជូនដំណឹង គជប» (សូមចុចត្រង់នេះ)


បានឃើញសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្តីពីការជ្រើសរើសមន្រ្តីកិច្ចសន្យារយៈពេលខ្លីជាង ១៣ ម៉ឺននាក់ សម្រាប់ការបោះឆ្នាតិជាតិ ខែកក្កដាខាងមុខនេះ លិខិតលេខ ០៥៧ គ.ជ.ប/សជណ ចុះថ្ងៃ០៨ មិថុនា ២០១៨។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពិនិត្យឃើញថា ការបោះឆ្នោតជាតិ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨ មិនអាចជាការបោះឆ្នោត តាមគន្លងលទ្ធិប្រជាធិបតេយ្យបានទេ ប៉ុន្តែវាជាការបោះឆ្នោតទៅតាមការចង់បាន​​របស់លោក ហ៊ុន សែន ដែលរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ និងរំលោភ​បំពានសេចក្តីទុកចិត្តរបស់ពលរដ្ឋម្ចាស់ឆ្នោតរួចទៅហើយ ហើយបង្កភាពអាមាស នៅលើឆាកអន្តរជាតិ តាមរយៈការដាក់ទណ្ឌកម្មមន្រ្តីគ្រាក់ៗក្នុងរបប ហ៊ុន សែន ជាបឋម។

ករណីមន្រ្តីរាជការ និងពលរដ្ឋ ដាក់ពាក្យបម្រើការងារជា«មន្រ្តីបោះឆ្នោត» គឺមានន័យស្មើនឹងជួយរុញឲ្យប្រទេសកម្ពុជា កាន់ធ្លាក់ចូលជ្រៅទៅក្នុងរបបផ្តាច់ការ ដែលត្រូវទទួលរងទណ្ឌកម្ម​ពី​សហគមន៍​​អន្តរជាតិទេ្វឡើង។ ដល់ពេលនោះ វិស័យនាំចេញសម្លៀកបំពាក់ និងស្បែកជើង ហើយនិងវិស័យនាំចេញនានា ត្រូវបាន​សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក រាំងខ្ទប់កាន់តែមានកម្រិតខ្ពស់។ តើកម្មករនិយោជិត និងអាជីវករខ្មែរ ត្រូវទទួលរងគ្រោះ ឬជួបផលប៉ះពាល់យ៉ាងណាពីរបប ហ៊ុន សែន?

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវដល់ពលរដ្ឋខ្មែរ ធ្វើពហិការ កុំដាក់ពាក្យបម្រើការងារជាមន្រ្តីបោះឆ្នោត តាមការអំពាវនាវរបស់ គ.ជ.ប។ ជាមួយគ្នានេះ យើងខ្ញុំអំពាវនាវជាថ្មីថា សូមពលរដ្ឋខ្មែរ មេត្តា​កុំទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បី​ជៀសវាការងបំពេញចំនួនតួលេខ ចំនួនភាគរយ និងបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន។ សូមពលរដ្ឋដែលស្រឡាញ់ជាតិ ទឹកដី និងយុត្តិធម៌ សូមជ្រើសរើសយកវិធីនេះ ជាជម្រើសដ៏ល្អចុងក្រោយរបស់បងប្អូនជនរួមជាតិ។

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវ៉េស៍) ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨

ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

CWCI ពហិការជាមន្រ្តីបោះឆ្នោត ២០១៨35886345_1820516184672564_2827932572221177856_n

Advertisements

មន្រ្តីឧត្តមគតិនិយម លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប ត្រូវបានក្រសួងអប់រំ លុបឈ្មោះចេញពីមន្រ្តីក្របខ័ណ្ឌ​យ៉ាងអយុត្តិធម៌

vayofm_3478

អតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន ត្រូវបានក្រសួងអប់រំយុវជន និងកីឡា ប្រកាសលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ដោយរំលោភច្បាប់ និងតាមទំនើងចិត្ត ក្រោយពេលលោក ដាក់ពាក្យចូលបម្រើការងារ នៅកន្លែងចាស់វិញ តាមនីតិវិធី និងបទដ្ឋានការងារយ៉ាងណាក្តី។

លោក រ៉ុង ឈុន បញ្ជាក់ថា «កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ខ្ញុំបានដាក់ពាក្យ សុំចូលបម្រើការងារចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ»។ លោក បន្ថែមថា «ប្រកាសរបស់ក្រសួងអប់រំ ចុះហត្ថលេខាដោយរដ្ឋមន្រ្តី ហង់ ជួនណារ៉ុន លិខិតលេខ ១២៣ អយក.ប្រក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ត្រង់ប្រការ១ បានចោទប្រកាន់មកលើរូបខ្ញុំ ថាត្រូវលុបឈ្មោះខ្ញុំ ចាប់ពីថ្ងៃ០១ ខែមករា ឆ្នាំ២០១៨ តទៅ ដោយសាមីជន អវត្តមាន គ្មានច្បាប់អនុញ្ញាត»

គួររំលឹកថា លោក រ៉ុង ឈុន ពេលដែលទៅបម្រើការងារជា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានឋានៈស្មើរដ្ឋមន្រ្តី គឺលោកបានដាក់សុំពាក្យព្យួរការងារ នៅក្រសួងអប់រំនេះ ហើយលុះដល់ពេលលោក លាឈប់ពីសមាជិក គ.ជ.ប លោកក៏បានដាក់ពាក្យចូលបម្រើការងារក្រសួងវិញ តាមនីតិវិធីរបស់ក្រសួង។

លោក រ៉ុង ឈុន បានលាឈប់ពីសមាជិក គ.ជ.ប នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៧ ក្រោយពេល ៤ថ្ងៃ បន្ទាប់ពីតុលាការកំពូល ឬតុលាការតេឡេ របស់របបលោក ហ៊ុន សែន ប្រកាសរំលាយបក្សសង្គ្រោះជាតិ (CNRP) ដែលមានពលរដ្ឋគាំទ្រ ជាងកន្លះនគរ និងមានសមាជិកសភា ៥៥ រូប ព្រមទាំងក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ នាក់។

ស្ថាប័នជាតិ គ.ជ.ប. បច្ចុប្បន្នគឺជា គ.ជ.ប រង់ចាំតែប្រថាប់ត្រា ទៅតាមការចង់បានរបស់របបលោក ហ៊ុន សែន តែប៉ុណ្ណោះ វាគ្មានខុសគ្នាពី គ.ជ.ប ក្នុងអាណត្តិមុនៗឡើយ។

ដោយឡែកថ្មីៗនេះ លោក រ៉ុង ឈុន ត្រូវបានសមាគមនគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្តល់កិត្តិយសជា ទីប្រឹក្សារបស់សមាគម មានភារកិច្ចទំនាក់ទំនងអន្តរជាតិ និងឆ្លើយឆ្លងព័ត៌មាន។ ហើយលោក ក៏បានវិលមកកាន់កិច្ចកាជាថ្នាក់ដឹកនាំររបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលអង្គការមិនមែនរដ្ឋាភិបាល ដែលតែងតែប្រឆាំងជំទាស់របប ហ៊ុន សែន ទៅលើសន្ធិសញ្ញាព្រំដែន ការបង្គោលព្រំដែនថ្មី និងអយុត្តិធម៌សង្គមនានា៕  (អត្ថបទដោយ ម៉ែន ណាត /០៥ កុម្ភៈ ២០១៨)

27657404_1992498987488937_8408738471064581956_n27657037_1992499134155589_969517368801787907_n27718582_2024600911146540_1010997594_n

លោក រ៉ុង ឈុន បញ្ជាក់ជំហរជាថ្មីថា «លាឈប់ពី គ.ជ.ប បើសិនតុលាការកំពូល ចេញសាលក្រមថា រំលាយបក្សប្រឆាំង»

Photo_Template_872x562-5

(អត្ថបទដោយ ម៉ែន ណាត / ១៥ វិច្ឆិកា ២០១៧)
នៅពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវរងការប្តឹងប្តល់ពីក្រសួងមហាផ្ទៃ ទៅកាន់តុលាការកំពូល ដើម្បីស្នើរំលាយគណបក្សនេះ ធ្វើមានសំណួរជាច្រើន ជុំវិញផលប៉ះពាល់ដល់អព្យាក្រឹតភាព របស់ស្ថានប័នបោះឆ្នោតជាតិ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា តើត្រូវដើរតួនាទី គ.ជ.ប សព្វថ្ងៃនេះឯករាជ្យ អព្យាក្រឹឹតឬទេ? តើ គ.ជ.ប បច្ចុប្បន្ន នឹងដូចគ្នា គ.ជ.ប ពីអាណត្តិមុនៗ ដែលគ្រាន់តែជាស្ថាបប័នប្រថាប់ត្រា តាមការចង់បានរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ឬយ៉ាងណា?

លោក រ៉ុង ឈុន សមាជិក ១ រូប ក្នុងចំណោមសមាជិកទាំង ៩ រូបរបស់ គ.ជ.ប បានបញ្ជាក់ជាថ្មីទៀតថា លោកប្រាកដក្នុងចិត្ត និងបានត្រៀមលក្ខណៈរួចហើយថា «ត្រូវលាឈប់ពី គ.ជ.ប បើសិនសាលក្រមតុលាការកំពូល សម្រេចក្តីថា ត្រូវរំលាយ គណបក្សសង្គ្រោះជាតិ» មែននោះ។  លោក ថ្លែងថា «ខ្ញុំធ្វើការក្នុង គ.ជ.ប ធ្វើអីទៀត បើខ្ញុំមិនអាចការពារឆន្ទៈរបស់ពលរដ្ឋ ជាម្ចាស់ឆ្នោតបានផង។ ដូច្នេះហើយ ខ្ញុំត្រូវតែលាឈប់»។

តុលាការកំពូល នឹងបើកសវនាការជំនុំជំរះក្តី លើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧។ ស្របពេលជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានចេញបទបញ្ជាតឹងតែង ដាក់កម្លាំងសមត្ថកិច្ចគ្រប់ច្រកល្ហក ក្នុងក្រុងភ្នំពេញ ក្នុងបំណងទប់ស្កាត់ការហែក្បួនណាមួយ របស់អ្នកគាំទ្របក្សប្រឆាំង ក្នុងកំឡុងពេលសវនាការ របស់តុលាការកំពូល។

នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី០៨ វិច្ឆិកា បានប្រកាសធ្វើមេផ្នល់ ១ សង ១០០ ថាគណបក្សសង្រ្គោះ​​ជាតិ នឹងត្រូវរំលាយ ហើយលោក ចាក់ខាង «រំលាយ»។ ការលើកឡើងនេះ បានធ្វើឲ្យមានការរិះគន់ខ្ទរខ្ទារ ពីមតិជាតិ និងអន្តរជាតិ។ ហើយសហគមន៍ន្តរជាតិ បន្តអំពាវនាវឲ្យមានការដោះលែង លោក កឹម សុខា និងជំរុញឲ្យកម្ពុជា វិលមកប្រក្រតីភាពឡើងវិញ ដើម្បីការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ប្រកប​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ទោះជាយ៉ាងណាក្តីលោក រ៉ុង ឈុន ថ្លែងសង្កត់ធ្ងន់ថា លោកនឹងលាឈប់ពី គ.ជ.ប បើសិនតុលាការកំពូល ចេញសាលក្រមជាផ្លូវការថា រំលាយបក្សប្រឆាំង។

កាលពីខែកញ្ញា ឆ្នាំ២០១៧ លោក រ៉ុង ឈុន បានបញ្ជាក់ជំហរជាហូរហែររួចហើយថា «ខ្ញុំនឹងដើរចេញពី គ.ជ.ប. បើសិនគណបក្សប្រឆាំង CNRP ត្រូវបានលោក ហ៊ុន សែន រំលាយ»។ ជំហរនេះ កើតឡើងក្រោយពេលមួយសប្តាហ៍ បន្ទាប់លោក កឹម សុខា មេដឹកនាំបក្សសង្គ្រោះជាតិ ត្រូវបានចាប់ឃុំខ្លួន ដោយកម្លាំងរបស់លោក ហ៊ុន សែន កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងបទចោទប្រកាន់ថា «ក្បត់ជាតិ» បានឃុបឃឹតជាមួយបរទេស {សហរដ្ឋ​អាមេរិក} ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមខ្សែវីដេអូមួយ តាំងពីចុងឆ្នាំ២០១៣។

គួសបញ្ជាក់ថា លោក រ៉ុង ឈុន គឺជាអតីតមេដឹកនាំសហជីព និង សមាគមគ្រូបង្រៀនកម្ពុជា ដ៏ល្បីល្បាញ បានក្លាយជាសមាជិក គ.ជ.ប តាមកូតារបស់ គណបក្សសង្គ្រោះជាតិ នៅដើមឆ្នាំ​២០១៥ កន្លងទៅ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានសមាជិក ៩ រូប ដែល ៤ រូប មកពីគណបក្សសង្គ្រោះជាតិ, ៤ រូបមកពីគណបក្សប្រជាជនកម្ពុជា និង ១ រូបទៀត មកពីស្ថាប័នឯករាជ្យ (សង្គមស៊ីវិល)៕