Tag Archives: ទូច វិបុល

ពលរដ្ឋខ្មែរ​ក្រៅ​ប្រទេស មិន​ចង់​ឲ្យ​កម្ពុជា វិល​ទៅ​រក​ឆ្នាំ​សូន្យ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ទេ!​

21743333_1537290672998153_2543249889159209496_n

(RFA, 18-9-2017, មួង ណារេត)៖ ពលខ្មែរ-​អាមេរិកាំង និង​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​បំណង​រួម​តែ​មួយ គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស សេរីភាព​ក្នុង​បញ្ចេញ​មតិ​ឡើង​វិញ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​ប្រព្រឹត្ត​ទៅ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌។ ពួកគាត់​ទាមទារ​ឲ្យ​អន្តរជាតិ​ ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ដើម្បី​ស្តារ​ស្ថានការណ៍​ទាំង​នេះ។

ការ​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ ពី​សហរដ្ឋអាមេរិក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ពលរដ្ឋ​មើល​ឃើញ​ថា រាជរដ្ឋាភិបាល​កម្ពុជា កំពុងតែ​ដឹក​នាំ​ប្រទេស​ឆ្ពោះ​ទៅ​កាន់​របប​ផ្ដាច់ការ ​ដោយ​បិទ​នូវ​សិទ្ធិ​សេរីភាព​ធំៗ ​របស់​ពលរដ្ឋ​ខ្លួន។ តាម​រយៈ​ញត្តិ​ដែល​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ជាង ៤០០ ​នាក់ បាន​ដាក់​ទៅ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា កន្លង​ទៅ​នេះ ពលរដ្ឋ​ចង់​អោយ​សហរដ្ឋ​អាមេរិក ដាក់​សម្ពាធ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្តារ​ស្ថានការណ៍​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ។

ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-​អាមេរិកាំង​ លោក ទូច វិបុល ដែល​តំណាង​ក្រុម​អ្នក​តវ៉ា ហើយ​បាន​ប្រគល់​ញត្តិ​ជូន​មន្ត្រី​​ក្រសួង​ការ​បរទេស​អាមេរិក បញ្ជាក់​ថា មន្រ្តី​ជាន់​ខ្ពស់​អាមេរិក ទទួល​បន្ទុក​កិច្ចការ​កម្ពុជា បាន​ប្រាប់​លោក​ថា គេ​បាន​ថត​រូប​​នៃ​ហ្វូង​បាតុករ និង​បញ្ជូន​ទៅ​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​បាន​ជ្រាប​អំពី​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ-​អាមេរិក ដែល​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល​លោក​​ ហ៊ុន សែន។

តំណាង​បាតុករ​ដដែល​ដែល​បាន​ទៅ​ចូល​ជួប​មន្ត្រី​អាមេរិក បាន​បញ្ជាក់​បន្ថែម​​ថា មន្រ្តី​អាមេរិក ថ្លែង​អំណរគុណ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​ក្រោក​ឈរ​ឡើង​បង្ហាញ​នូវ​ឆន្ទៈ​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​រំលោភច្បាប់ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​បន្ត​ថា តាម​មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្នុង​ក្រសួង​ការបរទេស ប្រហែលជា​នៅ​ចុង​ខែ​នេះ នឹង​មាន​ច្បាប់​មួយ​ចេញ​ពី​សភា​សហរដ្ឋ​អាមេរិក ដែល​មាន​ការ​គាំទ្រ​ដោយ​ក្រសួង​ការ​បរទេស មាន​ចំណាត់ការ​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ផង​ដែរ។

លោក​ ទូច​ វិបុល​ បាន​ឡើង​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម តំណាង​ឲ្យ​សំឡេង​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​ ដែល​ប្ដេជ្ញា​ថា នឹង​មិន​ឲ្យ​កម្ពុជា វិល​ទៅ​រក​ឆ្នាំ​សូន្យ និង​ក្រើន​រំលឹក​ឲ្យ​អន្តរជាតិ​កុំ​ភ្លេច​កាតព្វកិច្ច​របស់​ខ្លួន៖ «ក្នុង​ខណៈ​នេះ សហគមន៍​អន្តរជាតិ មិន​អាច​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត​បាន​ទេ នៅ​ចំពោះ​មុខ​កម្ពុជា កំពុង​ធ្លាក់​ក្នុងរណ្តៅ​នៃ​របប​ផ្តាច់ការ។ លទ្ធិប្រជាធិបតេយ្យ​ក្រោម​របប​ ហ៊ុន សែន ទៅ​មុខ​មួយ​ជំហាន ថយ​ក្រោយ​ពីរ​ជំហាន ចាប់​តាំង​ពី​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អ៊ុនតាក់​ ក្នុង​ឆ្នាំ​១៩៩៣»

ពលរដ្ឋ​ខ្មែរ​មក​ពី​រដ្ឋ​មីនីសូតា (Minnesota) មក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​លោកស្រី​ចាត់​ទុក​ថា ជា​រដ្ឋាភិបាល​ផ្តាច់ការ មិន​គោរពតាម​ឆន្ទៈ​ប្រជារាស្រ្ត ព្រោះ​រំលោភ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ លោកស្រី វង្ស សុធី បន្ត​ថា រដ្ឋាភិបាល​មិន​គោរព​តាម​មាគ៌ា​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ទើប​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ និង​ការ​បោះឆ្នោត​សេរី​ ត្រឹមត្រូវ និង​យុត្តិធម៌។ Read more

Advertisements

សេចក្តីថ្លែងការណ៏រួម ថ្កោលទោសរដ្ឋាភិបាលកម្ពុជា និង អំពាវនាវ​សហគមន៏អន្តរជាតិ អន្តរាគមន៍ដោះលែង​លោក កឹម សុខា ស្តារទ្បើងវិញ​លទ្ធិប្រជាធិបតេយ្យ ធានាការបោះឆ្នោត​ដោយសេរី ​យុត្តិធម៌ ឆ្នាំ២០១៨

21427461_2010694805832017_6038615277311266496_o

ការតវ៉ាជាបន្តបន្ទាប់របស់ពលរដ្ឋខ្មែរ នៅក្រៅប្រទេស នៅជុំវិញពិភពលោក ចាប់តាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ មកដល់ពេលនេះ បានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវផ្ញើទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង ប្រទេសមួយចំនួននៃ ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ ផង។ សេចក្តីថ្លែងការណ៍នេះ សរសេរជាភាសាអង់គ្លេស ដោយមានចុះហត្ថលេខាដោយអង្គការ សមាគមខ្មែរនៃតំណាង នៅប្រទេសមួយចំនួន ហើយមានបកប្រែជាភាសាខ្មែរ។

សូមទាញយកសេចក្តីថ្លែងការណ៍រួម ជាភាសាអង់គ្លេស / ជាភាសាខ្មែរ


ធ្វើនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧

សេចក្តីថ្លែងការណ៏រួម
ថ្កោលទោសរាជរដ្ឋាភិបាលកម្ពុជា
ចំពោះការរំលោភសិទ្ធិមនុស្ស នីតិរដ្ឋ និងគោលការណ៏លទ្ធិប្រជាធិបតេយ្យ
និង សូមអំពាវនាវដល់សហគមន៏អន្តរជាតិ
ដើម្បីឲ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់ ស្តារទ្បើងវិញនូវលទ្ធិប្រជាធិបតេយ្យ ធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងធានាឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី

កម្ពុជានឹងមិនត្រទ្បប់ទៅឆ្នាំសូន្យទេ

ក្នុងខណ:នេះ សហគមន៏អន្តរជាតិ មិនអាចគេចវេសពីការទទួលខុសត្រូវ របស់ខ្លួនម្តងហើយម្តងទៀតបានទេ នៅចំពោះមុខកម្ពុជា កំពុងធ្លាក់ក្នុងរណ្តៅនៃ របបផ្តាច់ការ ។ ការមិនឈឺឆ្អាល និងការព្រងើយកន្តើយរបស់អ្នកនិយមសិទ្ធិសេរីភាព បានធ្វើឲ្យមានការរីករាលដាលនៃ អំពើអយុត្តិធម៌ អំពើផ្តាច់ការ និងការរំលោភបំពានច្បាប់ ពីក្រុមផ្តាច់ការ ដែលប្រព្រឹត្តទៅដោយគ្មានញញើតញញើម និងគ្មានការប្រឈមមុខអ្វីទាំងអស់ ។ លទ្ធិប្រជាធិបតេយ្យក្រោមរបប ហ៊ុន សែន ទៅមុខមួយជំហ៊ាន ថយក្រោយពីរជំហ៊ាន ចាប់តាំងការបោះឆ្នោតដែលរៀបចំទ្បើងដោយ អ៊ុនតាក់ (UNTAC) នៅឆ្នាំ១៩៩៣ និង បន្ទាប់ពីការធ្វើរដ្ឋប្រហារបង្ហូរឈាម នៅឆ្នាំ១៩៩៧ របស់ ហ៊ុន សែន ។ ទង្វើរទាំងនេះ ធ្វើឲ្យបេសកកម្មដ៏ធំធេងបំផុត របស់អង្គការសហប្រជាជាតិ ដែលពិភពលោកដឹងឮថា បាននាំសេចក្តីសង្ឃឹម ជូនប្រជាពលរដ្ឋខ្មែររាប់លាននាក់ បាននឹងកំពុងរុញកម្ពុជា ឲ្យឆ្ពោះទៅរកភាពមិនប្រាកដប្រជាទៅវិញ ។ ពិភពលោកដែលនាំមុខខាងសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ នៅតែមានមោទនភាព ចំពោះភាពជោគជ័យរបស់ខ្លួន និងផ្តល់ឱកាសដល់ប្រទេសនានា ឲ្យចូលរួមចំណែកទទួលផលប្រយោជន៏ ពីការធ្វើជាដៃគូជាសកល ទំនាក់ទំនងជាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសន្តិភាព ។ ប៉ុន្តែយើងដែលជាអ្នកនិយមសិទ្ធិសេរីភាព មិនត្រូវផ្តល់ឱកាសឲ្យប្រទេសណាមួយ ដែលរំលោភលើសិទ្ធិជាមូលដ្ឋាន និងរំលោភ លើសីលធម៌របស់មនុស្សជាតិ បានផលប្រយោជន៏ ពីទំនាក់ទំនងទាំងនេះទ្បើយ ។

ក្នុងនាមយើងជាពលរដ្ឋដែលនិយមសិទ្ធិសេរីភាព និងជាអ្នកមានក្តីបារម្ភ យើងខ្ញុំសូមធ្វើការអំពាវនាវ ទៅដល់រដ្ឋាភិបាលនានា ក៏ដូចជាសហគមន៏ពាណិជ្ជកម្ម ដែលពាក់ព័ន្ធ ទទួលយកនូវ សេចក្តីអំពាវនាវដ៏មានសារសំខាន់ និងចាំបាច់បំផុតរបស់យើង ដោយដាក់ចេញ នូវចំណាត់ការនានាជាបន្ទាន់ទៅលើ​របបផ្តាច់ការ ហ៊ុន សែន ដើម្បីបញ្ជៀសសង្គ្រាមសីុវិល នៅកម្ពុជា ។ យើងខ្ញុំសង្ឃឹមថា សេចក្តីអំពាវនាវនេះ គឺជាការសាកល្បងលើភាពអត់ធ្មត់ ក្នុងការមិនអាចទទួលយកបាននូវ អំពើអយុត្តិធម៌ និងបទឧក្រិដ្ឋ នៅកម្ពុជា ហើយជាពិសេស យើងខ្ញុំសង្ឃឹមថា សេចក្តីអំពាវនាវនេះ នឹងក្លាយជាកាតព្វកិច្ចសម្រាប់ប្រទេស​ទាំងអស់ ដែលផ្តល់តម្លៃនិត្តិរដ្ឋ សេចក្តីថ្លៃថ្លូរ និងសិទ្ធិមនុស្ស ដោយនាំគ្នាការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។

  1. យើងខ្ញុំស្នើសុំដល់ប្រទេសលោកសេរី ក្រោកឈរទ្បើងដើម្បីការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយដាក់ចេញនូវចំណាត់ការជាចាំបាច់ណាមួយ ទៅដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ ធានាឲ្យមានការបោះឆ្នោត ប្រកបដោយសេរី និងយុត្តិធម៌ និងធានាឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខនេះ ។
  2. យើងខ្ញុំស្នើសុំដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រើប្រាស់យន្តការនៃច្បាប់ Global Magnitsky Act ដោយដាក់ទណ្ឌកម្មជាចាំបាច់ សមរម្យណាមួយ តាមតែអាចធ្វើទៅបាន និងដាក់ទណ្ឌកម្មពាណិជ្ជកម្ម ទៅលើករបប ហ៊ុន សែន និង ដៃគូ ដែលជាការបន្ថែមលើការហាមឃាត់នៃការផ្តល់ទិដ្ឋាការចំពោះសមាជិកនៃ គណបក្សកាន់អំណាច ។ សហរដ្ឋអាមេរិក ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា តាមរយៈតួលេខនៃការនាំចូលទំនិញ ដែលមានតម្លៃជាង ២០០០ លានដុល្លារ កាលពីឆ្នាំមុន។ គ្រួសារត្រកូល ហ៊ុន ទទួលផលចំណេញរាប់រយលានដុល្លារ ពីការធ្វើវិនិយោគទុន និង ពាណិជ្ជកម្មទាំងនេះ ដែលសហរដ្ឋអាមេរិក ជាអ្នកគាំទ្រអស់រយៈពេលជាយូរមកហើយ។
  3. យើងខ្ញុំស្នើសុំដល់សហភាពអឺុរ៉ុប ដាក់ទណ្ឌកម្មពាណិជ្ជកម្ម ទៅលើរបប ហ៊ុន សែន ផងដែរ ដែលសហភាពអឺុរ៉ុប ជាវិនិយោគិនដ៏ធំ នៅកម្ពុជា។ កម្ពុជា ទទួលផលប្រយោជន៏ជាធំធេង ពីភាពដៃគូពាណិជ្ជកម្ម ជាមួយសហភាពអឺុរ៉ុប តាមរយ:គោលនយោបាយ «អ្វីទាំងអស់លើកលែងតែសពាវុធ្វ» របស់សហភាពអឺរ៉ុប ដែលបើកឱកាសដល់កម្ពុជា នាំផលិតផលចូលទីផ្សារអឺរ៉ុប ដោយគ្មាពន្ធដារ ។ តាមតួលេខកាលពីឆ្នាំ២០១៦ កម្ពុជា បាននាំចេញទៅទីផ្សារអឺរ៉ុប មានរហូតទៅដល់ ៥ រយពាន់លានដុល្លារអាេមរិក ហើយបានធ្វើឲ្យត្រកូល ហ៊ុន ទទួលផលរាប់ពាន់លានដុល្លារអាមេរិក ។ ដូចលោក ដេវីឌ ព្រេដ នៃអង្គការអភិវឌ្ឍន៏អន្តរជាតិរួម លើកទ្បើងថា សហភាពអឺរ៉ុបរក្សាភាពស្ងប់ស្ងាត់ ហើយបណ្តោយឲ្យក្រុមហ៊ុនឧក្រិដ្ឋកម្មនានា នៅកម្ពុជា បន្តចូលក្នុងទីផ្សារអឺរ៉ុប ។
  4. យើងខ្ញុំស្នើសុំដល់ប្រទេស ជប៉ុន ព្យួរជំនួយនានាមកម្ពុជា ។ ជប៉ុន បានផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា តាមរយ:គម្រោងសាងសង់ទ្បើងវិញនូវ ហេដ្ឋារចនាសម័្ពន្ធនៅកម្ពុជា ព្រមទាំងគម្រោងផ្សេងៗទៀតដូចជា កំពង់ផែទឹកជ្រៅ ដែលមានតម្លៃ ២០៩ លានដុល្លារសហរដ្ឋអាមេរិក និង រថភ្លើងអាកាស ដែលមានតម្លៃ ៨០០ លានដុល្លាសហរដ្ឋអាមេរិក
  5. យើងខ្ញុំស្នើសុំដល់សមាគមអាស៊ាន ព្យួរសមាជិកភាពរបស់កម្ពុជា ក្នុងអាស៊ាន។ ការឃុបឃិតរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយប្រទេស ចិន បានគំរាមកំហែងដល់ពាណិជ្ជកម្ម សន្តិសុខ ស្ថិរភាព និងសន្តិភាពនៅតំបន់សមុទ្រចិនខាងត្បូង។ ការគំរាមកំហែងទាំងនេះ ត្រូវតែបញ្ឈប់ ដើម្បីទំនាក់ទំនងសន្តិភាព នៅកន្នុងតំបន់ ។
  6. ជាចុងក្រោយនេះ ជំនួសឲ្យប្រជាពលរដ្ឋខ្មែរជិត ១ លាននាក់ ដែលទទួលរងផលប៉ះពាល់ពីការបណ្តេញចេញពីលំនៅដ្ឋានទាំងខុសច្បាប់ ដែលប្រព្រឹត្តិដោយអ្នកមានអំណាច នៅកម្ពុជា។ ជាពិសេសនៅពេលថ្មីៗនេះ កូនស្រីនាយករដ្ឋមន្ត្រីហ៊ុន សែន ហ៊ុន ម៉ាណា បានបណ្តេញប្រជាពលរដ្ឋ ៤០០ គ្រួសារ ពីដីរបស់ពួកគាត់ទាំងបង្ខំ សម្រាប់សាងសង់រោងចក្រកៅស៊ូរបស់នាង ។ នៅចំពោះមុខបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទាំងនេះ យើងស្នើរសុំ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពន្លឿនការស៊ើបអង្កេតរបស់ខ្លួន និងធ្វើការចោទប្រកាន់ជាផ្លូវការ ទៅលើនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការពាក់ព័ន្ធរបស់គាត់ ទៅលើការរំលោភសិទ្ធិមនុស្សទាំងនេះ ។

ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ប្រទេសលោកសេរី បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ទៅកម្ពុជាដោយសង្ឃឹមថា ប្រទេសមួយនេះ ដែលបានឆ្លងកាត់នូវឧក្រិដ្ឋកម្មមនុស្សជាតិដ៏អាក្រក់បំផុតក្នុងលោក នឹងធ្វើខ្លួនឲ្យជ្រាបចូលក្នុងសង្គមនីតិរដ្ឋមួយ ប្រកបដោយផ្លែផ្កា ប៉ុន្តែក្តីសង្ឃឹមនេះ បានរលាយសាបសូន្យ ដោយសារ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ព្យាយាមបំផ្លាញ និងកំទេច រាល់ការបញ្ចេញមតិ និងការជំទាស់នានាដោយសន្តិវិធី ។ ដំបូង បង្ខំឲ្យ លោក សម រង្សី និរទេសខ្លួន បន្ទាប់មកគៀបសង្កត់ទៅលើសេរីភាពសារពត៌មាន និងចុងក្រោយនេះ ចាប់ខ្លួន លោក កឹម សុខា ដោយគ្មានដីការចាប់ខ្លួនទាំងកណ្តាលអាធ្រាត ទង្វើនេះធ្វើឲ្យអ្នកដែលចង់បានយុត្តិធម៌ មានភាពខ្លាចរអារ ត្អូញត្អែរ និងគេចវេស ។ វាជាកាតព្វកិច្ច និងជាការទទួលខុសត្រូវរបស់យើងគ្រប់រូប ដែលជាអ្នកផ្តល់តម្លៃសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ ត្រូវតែក្រោកឈរប្រឈមមុខនឹងរបបផ្តាច់ការនេះ ។ ដូច្នេះកម្ពុជា នឹងមិនត្រទ្បប់ទៅឆ្នាំសូន្យវិញទេ ៕

.

ជីវប្រវត្តិសង្ខេប៖ លោក ម៉ែន ណាត ពីកូនកសិករ ក្លាយជាបញ្ញវន្ត បន្តដំណើរជាអ្នកជាតិនិយម

13932811_1006700922784387_2575749434272095641_n

ជីវប្រវត្តិសង្ខេប៖ លោក ម៉ែន ណាត ពីកូនកសិករ ក្លាយជាបញ្ញវន្ត បន្តដំណើរជាអ្នកជាតិនិយម
………………………..
លោក ម៉ែន ណាត (ហៅ នគរ គោកធ្លក) ជាកូនកសិករ ក្នុងជីវភាពគ្រួសារមធ្យម មានស្រុកកំណើតនៅ ភូមិ/ឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។ លោក កើតនៅក្នុងសម័យសង្គ្រាម ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៥ (ក្នុងបញ្ជីជាតិ ខែមករា ១៩៧៦)។

បន្ទាប់ពីបញ្ចប់ការសិក្សា នៅវិទ្យាល័យព្រៃសណ្តែក ក្នុងស្រុកទ្រាំង ខេត្តតាកែវ លោក ម៉ែន ណាត បានបន្តការសិក្សា នៅទីក្រុងភ្នំពេញ ផ្នែកសង្គមវិជ្ជា ជំនាន់​ទី៣ (១៩៩៦-២០០០) ហើយបញ្ចប់បរិញ្ញាប័ត្របូក១ នៅមហាវិទ្យាល័យគរុកោសល្យ ឆ្នាំ២០០១។ ប្រវត្តិការសិក្សារបស់លោក ជាសិស្សពូកែ តាំងពីថ្នាក់បឋមសិក្សារហូតមក ហើយលោក បានប្រឡងជាប់ចូលមហាវិទ្យាល័យ ចំនួន ២ កាលនោះគឺ សង្គមវិជ្ជា និង មន្ទីរពិសោធន៍ ផ្នែកសុខាភិបាល។ ក្រៅពីនេះ លោក បានសិក្សាវគ្គបណ្តុះបណ្តាលជំនាញមួយចំនួនទៀត ផែ្នករដ្ឋបាលទូទៅ ច្បាប់ និង វិទ្យាសាស្រ្តនយោបាយផង។

លោក ម៉ែន ណាត ក៏បានបញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្រ្តអប់រំ នៅសាកលវិទ្យាល័យ​អាហ្គ័រឌើរ៍ (University Of Agder or UiA) ប្រទេសន័រវេស៍ (Norway) ឆ្នំា២០១៣ ក្នុងឋានៈជាជនភៀសខ្លួន និងបានទទួលសញ្ជាតិ នៅប្រទេសនេះ។

លោក ម៉ែន ណាត ធ្លាប់ជាមន្រ្តីរាជការ នៃការិយាល័យកំណត់ហេតុ នាយកដ្ឋាននីតិវិធី រដ្ឋសភា ពីឆ្នាំ​១៩៩៩ ដល់ឆ្នាំ​​​២០០៥។ ទន្ទឹមនឹងនេះ លោក ក៏បានរៀបចំ សមាគមមន្រ្តីរាជការឈ្មោះថា «សមាគម​មន្រ្តីរាជកការឯករាជ្យកម្ពុជា (CICA or Cambodia Independent Civil-servants Association)» ក្នុងគោលបំណងលើកស្ទួយលក្ខខណ្ឌមន្រ្តីរាជការ ជីវភាពមន្រ្តីរាជការ និងសិទ្ធិមនុស្ស។

កាលនៅជានិស្សិត លោក ម៉ែន ណាត បានក្លាយជាយុវជនឆ្នើម និង ជាមេដឹកនាំ ក្នុងចំណោមមេដឹកនាំនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD or Students’ Movement for Democracy)  ពីខែកញ្ញា ឆ្នាំ​១៩៩៨ ដែលជាក្រុមអ្នកជាតិមនិយម ប្រឆាំងនយោបាយដឹកនាំ របស់លោក ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា ដែលគាំទ្រដោយប្រទេស​វៀតណាម។ លោក ម៉ែន ណាត ជានិស្សិត​ម្នាក់ ក្នុងចំណោមនិសិ្សតក្រីក្រ មានការតស៊ួូខ្ពស់ ស្នាក់នៅ វត្តនាគវ័ន ខណ្ឌបឹងកក់២ ក្រុងភ្នំពេញ។ ជាមួយគ្នានេះ លោក ក៏ជាអ្នកសម្របសម្រួល ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodia Watchdog Council) បង្កើតឡើងនៅឆ្នាំ​​២០០២ ដែលជាបណ្តុំអង្គការ សមាគម និងសហជីព។ ក្រុមប្រឹក្សានេះ គឺបានធ្វើសកម្មភាពខ្លាំងក្លា ទៅលើការលើកកំពស់សិទ្ធិកម្មករ សិទ្ធិមន្ត្រីរាជការ សិទ្ធិពលរដ្ឋ យុត្តិធម៌សង្គម និង កិច្ចការព្រំដែន។

{សមាជិកស្ថាបនិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ឆ្នាំ​​២០០២ រួមមាន៖
១. លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកម្ពុជា។ លោក ត្រូវបានធ្វើឃាតដោយ ចារកិច្ចរដ្ឋាភិបាល ហ៊ុន សែន ថ្ងៃទី២២ មករា ឆ្នាំ២០០៤ ខណៈពេលជាប់គាំងនយោបាយ ក្រោយការបោះឆ្នាំជាតិ ឆ្នាំ២០០៣។
២. លោក រ៉ុង ឈុន ប្រធានសមាគមសមាគមគ្រូបង្រៀនកម្ពុជា ដែលបច្ចុប្បន្នជាសមាជិកនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៏(គ.ជ.ប)។ 
៣. លោក អ៊ុំ សំអាន ប្រធានចលនានិស្សិតដើម្បីលទិ្ធប្រជាធិបតេយ្យ ដែលសព្វថ្ងៃជាតំណាងរាស្រ្ត នៃគណបក្សសង្គ្រោះជាតិ​ អាណត្កិទី៥ (២០១៣-២០១៨)។ ប៉ុន្តែលោក អ៊ុំ សំអាន ត្រូវបានរដ្ឋាភិបាល ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ  (២ ឆ្នាំកន្លះ )កាលពីខែមេសា ឆ្នាំ២០១៦ ក្នុងរឿងផែនទីព្រំដែន និង ដឹកនាំយុវជន ចុះពិនិត្យបង្គោលព្រំដែនថ្មី ដែលបានបោះរំ លោភចូល ក្នុងទឹកដីខ្មែរ។
៣. លោក ម៉ែន ណាត ប្រធានសមាគមមន្រ្តីរាជការកម្ពុជា ដែលសព្វថ្ងៃជាប្រធាននៃ ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា និង ជាប្រធានសហគមន៍ខ្មែរ នៅប្រទេសន៍វេស៍ (Norway)។
៤. លោក ឆាំ ឆានី ប្រធានសមាគមកសិការកម្ពុជា ដែលសព្វថ្ងៃ ជាអនុប្រធាន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានមូលរដ្ឋនៅប្រទេេស ន័រវេស៍ (Norway)។
៥. លោក ជា មុន្នី (ប្អូនប្រុសលោក ជា វិជ្ជា) ស្ថាបនិកសហជីពសេរីកម្មករកម្ពុជា ហើយសព្វថ្ងៃគឺប្រធានសហជីពនេះ។
៦. អ្នកស្រី ឆន សុខា ប្រធានសម្ព័ន្ធសហជីពកម្មករកាត់ដេរកម្ពុជា ដែលសព្វថ្ងៃ ជាមន្រ្តិសម្របសម្រួសសិទ្ធិកម្មករ នៃអង្គការសិទ្ធិមនុស្សមួយ។}

លោក ម៉ែន ណាត ត្រូវបានគេទទួលស្គាល់ថា យុវជនរៀនពូកែកាលនៅរៀន ឧស្សាហ៍ព្យាយាម ស្មោះត្រង់ ចិត្តទូលាយ មានគំនិតអហិង្សានិយម មិនចេះបង្កជម្លោះជាមួយមិត្តភ័ក្រ្ត ឬអ្នកដទៃ, មានការអធ្យាស្រ័យខ្ពស់ជាមួយជនទូទៅ និង ក្នុងសហគមន៍។ ក្រៅពីនេះ លោកជាមនុស្ស ដែលមានសមត្ថភាពខ្ពស់ លើកិច្ចការរដ្ឋបាល និង ជាមនុស្សយកចិត្តទុកដាក់ ចំពោះការងារ ក្នុងក្រុមការងារ ដើម្បីបម្រើប្រយោជន៍រួម និង សហគមន៍ ក៏ដូចជាប្រទេសជាតិផងដែរ។ លោក ជាមនុស្សរស់នៅជាមួយឧត្តមគតិ មិនក្បត់មនសិការ និងមិត្តភ័ក្រ្ត ក្នុងការងារ។ លោក ម៉ែន ណាត បានភៀសខ្លួន មករស់នៅប្រទេស​ន័រវ៉េស៍ (Norway) ដើមឆ្នាំ​២០០៦ ដោយសាររដ្ឋាភិបាល ហ៊ុន សែន គំរាម និង តាមចាប់ខ្លួន ពីព្រោះតែលោក ជាមួយសមាជិកឯទៀត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ប្រឆាំងជំទាស់សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី ឆ្នាំ២០០៥ និង ប្រឆាំងរឿងអន្តោប្រវេសន៍ យួនខុសច្បាប់ នៅកម្ពុជា។

ជាលក្ខណៈផ្ទាល់ខ្លួន ជាមួយខ្ញុំ ប៉ាង សុខឿន (ខ្មែរ សុវណ្ណភូមិ) លោក ម៉ែន ណាត ក៏មិនខុសពីលោក ទូច វិបុល (អតីតអនុប្រធាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សព្វថ្ងៃជាប្រធានសម្ព័នអង្គការខ្មែរអាមេរិកាំង នៅសហរដ្ឋអាមេរិក) និងលោក អ៊ុំ សំអាន ដែរ។ ពួកយើងជាមិត្ត និងជាក្រុមការងារដ៏ល្អ ហើយអ្វីដែលពិសេសជាងគេ គឺលោក ម៉ែន ណាត និង ខ្មែរ សុវណ្ណភូមិ ប្រៀបបាននឹងគ្រួសារតែមួយ។ ពួកយើង មកពីខេត្តតាកែវ ដូចគ្នា។ ពួកយើង នឹងបន្តដំណើររបស់យើងរួមគ្នាទៅមុខ រហូតបានជោគជ័យ និងកសាងមាតុភូមិរបស់យើង ឲ្យខ្លាំងក្លាឡើងវិញ ឲ្យទាល់តែបាន។ (អត្ថបទដោយ ប៉ាង សុខឿន, ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ)

20140618_171114

សូមមើលវីដេអូនីមួយៗខាងក្រោម 

ហ៊ុន សែន ធ្វើទុក្ខបុកម្នេញយ៉ាងអយុត្តិធម៌ លើអ្នកប្រឆាំង, ជនស្លូតត្រង់ និង អ្នកស្នេហាជាតិ

ហ៊ុន សែន ធ្វើទុក្ខបុកម្នេញយ៉ាងអយុត្តិធម៌ លើអ្នកប្រឆាំង, ជនស្លូតត្រង់ និង អ្នកស្នេហាជាតិ!

អត្ថបទ ម៉ែន ណាត,  08-8-2017 (Update)
«នៅទីណាក៏ដោយ ចិត្តយើងមិនអាចស្ងប់បានទេ ពីព្រោះយើងជាផ្នែកមួយ នៃយុត្តិធម៌សង្គម និង ជាជាតិសាសន៍របស់ខ្មែរ»

ក្រោមការដឹកនាំលោក ហ៊ុន សែន តាំងពីទសវត្សទី៨០ មកទល់សព្វថ្ងៃ មិនដែលផ្តល់យុត្តិធម៌ ជូនជនស្លូតត្រង់ និង អ្នកទន់ខ្សោយ ម្តងណាទេ។ មានមនុស្សជាច្រើន ស្លាប់ ជាប់គុក និងក្លាយជាជនពិការ យ៉ាងអយុត្តិធម៌ ហើយបញ្ហាបូរណភាពទឹកដី ក៏បាត់បង់ ទៅប្រទេសជិតខាង ជាពិសេសវៀតណាម រួមទាំងប្រជុំ កោះត្រល់ (សន្ធិសញ្ញាព្រំដែនទឹក ដែលចុះហតុថលេខាដោយលោក ហ៊ុន សែន ជាមួយវៀតណាម ខែកក្កដា ១៩៨២)។

ពួកយើង ជាមនុស្សជំនាន់ថ្មី បានលះបង់ជាច្រើន និង បាត់បង់ជីវិត មិត្តរួមការងារជាច្រើន ក្នុងការចូលរួមតវ៉ាមហាបាតុកម្ម ជួយ សម្តេចក្រុព្រះ និង លោក សម រង្ស៊ី ដើម្បីប្រឆាំង លោក ហ៊ុន សែន តាំងពីឆ្នាំ១៩៩៨។ ហើយមកដល់ឆ្នាំ២០១៣ ឆ្នាំ២០១៤ ក៏យើង ជួយកិច្ចការខ្លះជូន បក្សសង្គ្រោះជាតិ របស់លោក សម រង្ស៊ី និងលោក កឹម សុខា។ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៤ មកពួកយើង លែងជាចំណែកនៃគណបក្សប្រឆាំងទៀតហើយ ប៉ុន្តែយើង នៅតែបន្តធ្វើកិច្ចការចំពោះមុខជាតិ, ជនងាយរងគ្រោះ និងរឿងបូរណភាពទឹកដី។

គណបក្សសង្គ្រោះជាតិ ដឹកនាំមហាបាតុកម្ម ទាមទារយុត្តិធម៌ក្នុងការបោះឆ្នោត ក្រោយការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ ដែលមានពលរដ្ឋប្រមាណ ១ លាននាក់ចូលរួម។ ថ្ងៃទី០២-០៤ ខែមករា ឆ្នាំ២០១៤ រដ្ឋាភិបាលចាំផ្ទះរបស់លោក ហ៊ុន សែន បង្ក្រាបមាហាបាតុកម្មយ៉ាងឃោរឃៅ សម្លាប់បាតុករ ៥ នាក់, របួស ៤០ នាក់, បាត់ខ្លួន ១នាក់ និង ចាប់ខ្លួនឃុំឃាំង ៤០ នាក់។ គណបក្សសង្គ្រោះជាតិ ចុះកិច្ចព្រមព្រៀងជាមួយ គណបក្សកាន់អំណាច របស់លោក ហ៊ុន សែន ថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ ដើម្បីដោះស្រាយ បញ្ហាជាប់គាំង នយោបាយ ហើយដឹកនាំតំណាងរាស្រ្តរបស់ខ្លួន ៥៥ រូប បំពេញកិច្ចការរដ្ឋសភា។

សមាជិករដ្ឋសភា ២ រូបគឺលោក ញ៉ាយ ចំរើន និង គង់ សុភា ត្រូវបានក្រុមកងអង្គរក្សលោក ហ៊ុន សែន ព្រួតគ្នាវាយដំ រងរបួសជាទម្ងន់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ លោក កឹម សុខ អនុប្រធានទី១ នៃរដ្ឋសភា ត្រូវបានដកហូតតំណែងយ៉ាងអយុត្តិធម៌ និងរំលោភរដ្ឋធម្មនុញ្ញ ពីសំណាក់រដ្ឋសភា និងរដ្ឋាភិបាល ហ៊ុន សែន ថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០១៥។ លោក សម រង្ស៊ី ត្រូវបានដកហូតពីសមាជិករដ្ឋសភា ពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំដដែលនេះ ដូចករណីលោក កឹម សុខា ដែរ។  ជាមួយគ្នានេះ សមាជិកព្រឹទ្ធសភា ហុង សុខហួរ និងសកម្មបក្សប្រឆាំងជាច្រើរូបទៀត ក៏ត្រូវបានចាប់ឃុំខ្លួនផងដែរ។ ដោយឡែកសមាជិករដ្ឋសភាបក្សប្រឆាំង ដែលរឿងកិច្ចការព្រំដែន គឺលោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦ ក្រោយពេលោក បានភៀសខ្លួន ទៅសហរដ្ឋអាមេរិក ជាងកន្លះឆ្នាំ។ លោក សម រង្ស៊ី ត្រូវបានបង្ខំលាឈប់ពីប្រធានគណបក្សប្រឆាំង ខែកុម្ភះ ឆ្នាំ២០១៧ បន្ទាប់លោក ហ៊ុន សែន បញ្ជាឲ្យរដ្ឋសភា ហេង សំរិន ធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ។ ច្បាប់គណបក្សនយោបាយនេះ ជាច្បាប់បង្ខំ និងដាក់ទណ្ឌកម្មរដល់អ្នកនយោបាយរងគ្រោះ ដែលជាប់បទឧក្រិដ្ឋ។

រំលឹក‬៖
– មិត្តរួមការងាររបស់យើងនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងមហាបាតុកម្ម ឆ្នាំ១៩៩៨ ត្រូវបានកម្លាំងរដ្ឋាភិបាល ហ៊ុន សែន បាញ់សម្លាប់បាតុករ ៣២ នាក់ និង បាត់ខ្លួនជាង ១០០ នាក់
– មិត្តរួមការងាររបស់យើងនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្ងៃទី២២ មករា ២០០៤ លោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់ ក្រោមការបញ្ជា របស់ខ្មោចលោក ហ៊ុក ឡងឌី និងពាក់ព័ន្ធដល់ ហេង ពៅ ផង។
– ថ្ងៃទី១៤ តុលា ២០០៥ ពួកយើង ត្រូវបានលោក ហ៊ុន សែន ប្រកាស ចាប់ខ្លួន ដោយសារយើង ប្រឆាំងនឹងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ដែលជាសន្ធិសញ្ញា កាត់ទឹកដីឲ្យ យួន។ សមាសភាពមាន ខ្ញុំ ម៉ែន ណាត, លោក រ៉ុង ឈុន, លោក ជា មុន្នី, លោក ឆាំ ឆានី, លោក ប៉ាង សុខឿន, លោក អៀ ចាន់ណា
– ថ្ងៃទី២៦ តុលា ២០១៥ សមាជិកសភា ញ៉យ ចំរើន ដែលអតីតក្រុមការងាររបស់យើង នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ត្រូវបានបាតុករហិង្សា របស់លោក ហ៊ុន សែន វាយឲ្យរបួសធ្ងន់ធ្ងរ ជាមួយសមាជិកសភា គង់ សុភា ដែលទាន់បានទទួល យុត្តិធម៌ នៅឡើយ។
– ថ្ងៃទី១១ មេសា ២០១៦ សមាជិកសភា លោក អ៊ុំ សំអាន ត្រូវបាន រដ្ឋាភិបាល ហ៊ុន សែន ចាប់ដាក់គុក ដោយរំលោភរដ្ឋធម្មនុញ្ញ ធ្ងន់ធ្ងរ។ លោក សំអាន គឺជាក្រុមការងាររបស់យើង តាំងពីឆ្នាំ១៩៩៨ ជាមួយលោក សារ៉ូ ស៊ីវុត្ថា, លោក ទូច វិបុល និង សមាជិកសភា ញ៉យ ចំរើន

 

ទស្សនៈចំពោះកម្ពុជា កែសម្រួល និងផ្លាស់ប្តូរប្រព័ន្ធដឹកនាំ ទៅថ្ងៃអនាគត

20160220_184636-1-1

កិច្ចពិគ្រោះយោបល់ អំពីការជជែកដេញដោលចំហ (Debate) លើប្រព័ន្ធដឹកនាំជាតិ!

កាពិគ្រោះយោបល់នេះ ធ្វើឡើងជាញឹកញាប់ជាមួយក្រុមការងារ កាលពីឆ្នាំ២០១៦ កន្លងទៅ សំដៅទៅលើការកែទម្រង់ប្រព័ន្ធដឹកនាំ ក្នុងជួរគណបក្សនយោបាយ (ប្រជាធិបតេយ្យ) និង ប្រព័ន្ធដឹកនាំរដ្ឋផង។ យើងមិនលំអិតក្នុងអត្ថបទនេះទេ ប៉ុន្តែយើងសូមធ្វើការកត់សម្គាល់ខ្លះ ដូចខាងក្រោម ដើម្បីងាយយល់។

ពលរដ្ឋគ្រប់រូប មានសិទ្ធិចូលរួមក្នុង ជីវភាពនយោបាយ ក្នុងគណបក្សមួយ ដោយបើកចំហ ដោយមាន ការប្រគួតប្រជែងស្មើភាពគ្នា ជ្រើសរើសតំណាងរបស់ខ្លួន ពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ។ ការណ៍នេះ គេធ្វើតាមរយៈ ការជជែកដេញដោលជាចំហ (Debate) ក្នុងចំណោម សមាជិក ឬអ្នកចូលរួម ដើម្បី​ចំម្រាញ់​បេក្ខភាពនីមួយៗ ចេញពីឆន្ទៈពលរដ្ឋ និងចូលរួម។ គណៈកម្មធិការវាយតម្លៃ ត្រូវពិភាក្សាលំអិត អំពីគោលការណ៍នេះ ទៅតាម ស្ថានភាពជាក់ស្តែង ផ្សារភ្ជាប់ទីតាំងភូមិសាស្រ្ត និងប្រពៃណីទំលៀមទំលាប់ របស់ពលរដ្ឋ។

#បញ្ជាក់៖ បក្សនយោបាយ គឺអង្គការនយោបាយ របស់ក្រុមមួយ ដែលមានគំនិត និងគោលការណ៍ដូចគ្នា សំដៅទៅបម្រើកិច្ចការជាប្រយោជន៍របស់ពលរដ្ឋ និង ជាតិជាធំ តាមរយៈឃុំ សង្ការ រដ្ឋសភា និ​ងរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតគាំទ្រ របស់ពលរដ្ឋ។ ធ្វបក្សនយោបាយ មិនសំដៅទៅការស្វែងរកអត្ថប្រយោជន៍ ពីអ្នកនយោបាុយ ឬពីឈ្មួញរកស៊ី ឬក៏អ្នកនយោបាយកាន់អំណាច ដើម្បីបំផ្លាញ ផលប្រយោជន៍សាធារណជន និង ជាតិបានទេ។

ឯកសារនេះ កំណត់មូលដ្នានគ្រឹះនៃ យុទ្ធានាការដេញដោលបើកចំហ (Debate) និង កំណត់រយៈពេល ជាក់លាក់ ក្នុងកម្មវិធីនយោបាយ ដែល ជាយន្តការថ្មី សម្រាប់ប្រទេសកម្ពុជា។ មេដឹកនាំ បក្សនយោបាយ នឹងលែងក្លាយជាអ្នកនិយាយតែម្នាក់ឯង ឬជាគ្រូឧទ្ទេសន៍ ថ្លែងឲ្យពលរដ្ឋចំហមាត់ស្តាប់ ទៀតហើយ។ ពលរដ្ឋ ដែលចូលរួមក្នុងកម្មវិធីយុទ្ធនាការ អាចជ្រើសរើស តំណាងរបស់ខ្លួន។ ពលរដ្ឋ និង បេក្ខជនជាតំណាង គឺជាអ្នកផ្តល់យោបល់ផ្ទាល់ និង ជាអ្នកបង្ហាញ អំពីសមត្ថភាព ព្រមទាំងគោលការណ៍ទទួលខុសត្រូវនានា ដើម្បីអភិវឌ្ឍមូលដ្ឋាន និង មណ្ឌល របស់ខ្លួន សម្រាប់ក្រោយពេលជាប់ឆ្នោត ជាតំណាងរាស្រ្ត ឬជាសមាជិកក្រុមប្រឹក្សាណាមួយ។ យុទ្ធនាការនេះ ត្រូវបញ្ចប់ ឲ្យបានមុន គណបក្សនយោបាយ បញ្ជូនបញ្ជីឈ្មោះបេក្ខជន ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមការកំណត់។ ទម្រង់នៃយុទ្ធនាការ នីមួយៗ មានលក្ខណៈដូចគ្នា ដូចបានបញ្ជាក់ខាងក្រោម៖

– ឧទាហរណ៍៖ បេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ និង ខេត្ត/ក្រុង ត្រូវធ្វើជាមួយគ្នា និង ត្រូវរៀបចំ យុទ្ធនាការរយៈពេល ៦ ខែ គឺពីខែធ្នូ ដល់ខែឧសភា សម្រាប់ អាណត្តិនីមួយៗ។
– ឧទាហរណ៍៖ បេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និងបេក្ខភាព នាយករដ្ឋមន្រ្តី ត្រូវធ្វើ និងត្រូវរៀបចំយុទ្ធនាការ រយៈពេល ៥ គឺពីខែសីហា ដល់ខែធ្នូ សម្រាប់ អាណត្តិនីមួយៗ។

នេះជាចំណែកមួយនៃឯកសារ ដែលកំពុងចងក្រង ហើយឯកសារនេះ នឹងក្លាយជាមូលដ្ឋានគំនិត ដ៏សំខាន់ សម្រាប់ពលរដ្ឋខ្មែរ និង យុវជនជំនាន់ថ្មី ដែលមានបំណងធ្វើនយោបាយ ទៅថ្ងៃក្រោយ។

(ក្រុមពិគ្រោះយោបល់៖ ប៉ាង សុខខឿន, លោក ម៉ែន ណាត, លោក ទូច វិបុល។ /អត្ថបទ ម៉ែន ណាត)