Tag Archives: ទ្រី ភាព

Global Witness អំពាវនាវដាក់ទណ្ឌកម្ម​សេដ្ឋី​ខ្មែរ​ ៤ រូប ព្រមទាំងបង្ហាញពីការរកស៊ីទុច្ចរឹតរបស់ ហ៊ុន ម៉ាណា, ហ៊ុន តូ និង សុខ ពុទ្ធិវុធ

capturec3b8c3b8lk.png

អង្គការ​ Global Witness ​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​ ដាក់ទណ្ឌកម្ម​សេដ្ឋី​កម្ពុជា​ចំនួន​ ៤ រូប​ ដែល​អង្គការ​នេះ​ចាត់​ទុក​ថា​ បាន​ដើរ​តួនាទី​សំខាន់​ ក្នុងការ​គៃបន្លំនយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឱ្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ បន្ត​ក្តោបក្តាប់​អំណាច​ទាំងស្រុង។សេដ្ឋី​ទាំង ៤ នាក់ មានបីនាក់​ ជា​សមាជិក​ព្រឹទ្ធសភា​នៃ គណបក្ស​ប្រជាជន​កម្ពុជា​ គឺលោក​ឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា​ លី យ៉ុងផាត់​ លោកឧកញ៉ា​ ទ្រី ភាព និង​លោក​ឧកញ៉ា ​ឡៅ ម៉េងឃីន​។

អង្គការ ​Global Witness ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិក ​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ អង្គការ ​Global Witness ​សូមអំពាវនាវ​ឱ្យ​បញ្ចូល​បុគ្គល​ទាំងនេះ​ ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​ផង ​ដោយសារ​តែ​ពួកគេ​ មាន​តួនាទី​ក្នុង​ការធ្វើ​ឱ្យ​ខូច ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ ប្រព្រឹត្តឡើង​ក្រោម​ស្លាក​ក្រុមហ៊ុន​របស់​ពួកគេ‍»។​

ទង្វើ​ខុសឆ្គង​របស់​សេដ្ឋី​ទាំង​ ៤ រូប​ មាន​ការរឹបអូស​ដីធ្លី​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ​កាប់បំផ្លាញ​ព្រៃឈើ រត់ពន្ធ​ឈើខុសច្បាប់​ បូមខ្សាច់​និង​អាជីវកម្ម​កាស៊ីណូ​ជាដើម​។ ក្នុង​ប្រតិបត្តិការ​ទាំងនោះ​ ពួកគេ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល។

នៅក្នុង​យុទ្ធនាការ​ថ្មី​នេះ ​អង្គការ​ Global Witness ​បាន​ចាត់ទុកថា​ការបោះឆ្នោត​ជាតិ​ នៅថ្ងៃទី​២៩ ខែ​កក្កដា​ ខាងមុខ​នេះ ​គឺជា​ការឆក់ប្លន់​សន្លឹកឆ្នោត​ របស់​ពលរដ្ឋ​កម្ពុជា​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ឆក់ប្លន់​សំឡេង​របស់​ពួកគេ​ ក្នុង​ពេល​កន្លងមក​ និង​ឆក់ប្លន់​ធនធាន​ធម្មជាតិ​ របស់​ប្រទេស​ជាតិ។​

លោកស្រី ​Emma Burnett ​អ្នកធ្វើ​យុទ្ធនាការ​ បាន​បញ្ជាក់ក្នុង​បទសម្ភាសន៍​មួយជាមួយ VOA ថា (ចុច​ស្តាប់​បទសម្ភាសន៍​ទាំងស្រុង​ត្រង់​នេះ)៖ «នេះ​គឺ​ជា​ការ​ក្បត់​ពលរដ្ឋ​កម្ពុជា​ និង​ប្រទេស​ទាំងអស់​ ដែល​បាន​ផ្តល់​ប្រាក់​ជំនួយ​រាប់ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា​ កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ ពី​ការវិនាស​ដោយ​របបខ្មែរ​ក្រហម​ ដើម្បី​បាន​ប្រព័ន្ធ​មួយ​ ដែល​គោរព​នីតិរដ្ឋ​ និង​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន។ ដល់ពេល​ដែល​គេ​ត្រូវ​ឱ្យ​ក្រុម​វរជន ​ដែល​បាន​ឆក់ប្លន់​យក​ស្នាដៃ​ទាំងនេះ​ពី​ពលរដ្ឋ ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ​ហើយ‍»។

អង្គការ​ឃ្លាំមើល​បរិស្ថាន​មួយ​នេះ​ ក៏បាន​ចេញផ្សាយ​គំនូរ​ថ្លុក​មួយចំនួន​ ដែល​បង្ហាញ​ថា ​ឧកញ៉ា​ទាំង ៤ ​មាន​ទំនាក់ទំនង​ជិតស្និទ្ធនឹង ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​និង​ក្រុមគ្រួសារ ​និង​ជា​ប្រភព​ថវិការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ក្នុង​ខណៈពេល​ដែល​ក្រុមគ្រួសា​រលោក​នាយក​រដ្ឋមន្ត្រី​ ដែល​មាន​កូនស្រី​ឈ្មោះលោកស្រី ហ៊ុន ម៉ាណា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ជីករករ៉ែ​ ហើយ​ធ្លាប់​ជា​នាយិការ​ក្រុម​ហ៊ុន ​WS Mining​ ដែល​ក្រុមហ៊ុន​នេះ ​ប្រើ​ប្រាស់​ទាហាន​រដ្ឋាភិបាល ​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ ចូលទៅ​ធ្វើ​ស្រែ​នៅ​តំបន់​ក្បែរ​នោះ ​ហើយ​បំពុល​ទឹក​ធ្វើ​ឱ្យ​ពលរដ្ឋ​ឈឺ​ និង​ងាប់​សត្វ​ពាហនៈ​ជាដើម។

ក្មួយប្រុស​លោក ហ៊ុន សែន ​គឺ​លោក​ឧកញ៉ា​ ហ៊ុន តូ​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ប្រេង​ឥន្ធនៈ​ដ៏ធំ ​ក៏ដូច​ជាត្រូវ​បាន​គេសង្ស័យ​ថា​ជាប់ពាក់ព័ន្ធ​នឹង​បណ្តាញ​រត់​ពន្ធ​គ្រឿង​ញៀន ​និង​លាង​លុយ​កខ្វក់​ ប៉ុន្តែ​លោក​បាន​ប្រកែក។​ ​រី

ឯ​កូន​ប្រសារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ គឺលោក​ សុខ ពុទ្ធិវុធ ​គឺ​ជា​អគ្គនាយ​ក្រុមហ៊ុន​ Soma Group ​ដែល​មានជាប់​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ និង​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ នៅ​តំបន់​ក្បែរ​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​។

អង្គការ​ Global Witness ​ថា​អ្នក​ទាំងនេះ​ នឹង​បាត់បង់​ផលប្រយោជន៍​ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា ​ចាញ់ឆ្នោត​ ដូច្នេះ​ហើយ​ទើប​គណបក្ស​កាន់អំណាច​ ត្រូវ​ធ្វើ​កិច្ចការ​សព្វបែប​យ៉ាង។

ប្រទេស​កម្ពុជា ​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​ នៅថ្ងៃ​អាទិត្យ​ទី ២៩ ខែ​កក្កដា ឆ្នាំ២០១៨ ​ខាងមុខនេះ៕

 

hunfam-137019333_10156503260773210_8573443850318643200_o

.

Advertisements

ហ៊ុន សែន «សន្យាកាត់ក» ឆ្នាំ២០០២ បរាជ័យរឿងទប់ស្កាត់ការបំផ្លាញព្រៃឈើ ឥឡូវប្តូរពាក្យថា ​កាប់​បំផ្លាញ​ព្រៃឈើ​ «ដូច​កាប់​ក្បាល ហ៊ុន សែន​»

3-HunSen_27

ឧកញ៉ា ទ្រី ភាព ដែល​មាន​អំណាច​បំផុត ​នៅ​កម្ពុជា ត្រូវ​បាន​គេ​រាយការណ៍​ថា គាត់​ បាន​រក​ចំណេញ​ខុស​ច្បាប់​ជាង ២២០ លាន​ដុល្លារ​អាមេរិក ពី​ការ​កាប់​ឈើ​ប្រណីត​ រយៈ​ពេល ៣ ឆ្នាំ នៅ​ជួរ​ភ្នំ​ក្រវាញ {ដោយមិនទាន់រាប់បញ្ចូលពីតំបន់ផ្សេងៗទៀតផង} (កាសែតភ្នំពេញប៉ុស្តិ៍ ខែតុលា ២០១៤)។ សូមចុចត្រង់នេះ អានលំអិតលោក ទ្រី ភាព រាប់គ្នាជាប្អូនធម៌របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាភរិយានាយករដ្ឋមន្រ្តី ហ៊ុន សែន។

ចំណែកក្រុមហ៊ុន ឧកញ៉ា គិត ម៉េង ក៏ចូលរួមកាប់បំផ្លាញ និងរកស៊ីឈើប្រណិត នាំចេញទៅកាន់ប្រទេសវៀតណាម។ លោក គិត ម៉េង គឺជាឈ្មួញដែលជិតស្និទ្ធនឹងលោក ហ៊ុន សែន និងគ្រួសាររបស់លោកតែម្តង ព្រមទាំងជួយឈរឈ្មោះឲ្យក្រុមហ៊ុនមួយចំនួន ជូនលោកស្រី ហ៊ុន ម៉ាណា ជាកូនស្រីលោក្ ហ៊ុន សែន ដូចតំបន់កំសាន្ត កោះរ៉ុង ជាដើម។ សូមចុចអានលំអិត

ក្រៅពីនេះនៅមាន ពួកឧកញ៉ា រកស៊ីបំផ្លាញព្រៃឈើជាច្រើនទៀត ដែលគេអាចរាប់ឈ្មោះបាន ដូចជា ហ៊ុន ជា ជាក្មួយប្រុសរបស់លោក ហ៊ុន សែន, ភរិយាលោក ហ៊ុន ណេង ជាបងថ្លៃរបស់លោក ហ៊ុន សែន, លឹម ប៊ុណ្ណា ជាសាច់ញាតិរបស់ក្រុមគ្រួសារលោក ហ៊ុន សែន និង សឹង សំអុល ជាដើម។ល។ (អត្ថបទដោយ ម៉ែន ណាត)


ហ៊ុន សែន «សន្យាកាត់ក» ពីឆ្នាំ២០០២ បរាជ័យរឿងទប់ស្កាត់ការបំផ្លាញព្រៃឈើ ប៉ុន្តែឥឡូវប្តូរពាក្យថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ «​ដូច​កាប់​ក្បាល ហ៊ុន សែន​»!


លោក​ ហ៊ុន សែន ចាត់ទុក​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ «​ដូច​កាប់​ក្បាល» ​របស់​លោក

(Phnom Penh Post, ផាក់ ស៊ាងលី, 23-8-2017)

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា​ស្អប់​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ចាត់ទុក​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ «​ដូច​កាប់​ក្បាល​» ​របស់​លោក ខណៈ​ដែល​សកម្មជន​បរិស្ថាន​ បាន​ធ្វើការ​រិះគន់​តាំងពី​យូរ​មក​ហើយ​ថា បទល្មើស​ព្រៃឈើ​ ដែល​នៅ​តែ​កំពុង​បន្ត​កើតឡើង​ រាប់​ទសវត្សរ៍​មក​ហើយ​នេះ​ ភាគច្រើន​បង្ក​ឡើង​ដោយ ឧកញ៉ា និង ​មន្ត្រី​មាន​អំណាច ​មួយ​ចំនួន​។

ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ​ស្តីពី​ «​ការ​ការពារ និង ​អភិរក្ស​ធនធាន​ធម្មជាតិ​» ​នៅ​វិមាន​សន្តិភាព​កាលពី​ម្សិលមិញ​ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ ៨០០ ​នាក់​ មកពី​ស្ថាប័ន​ពាក់ព័ន្ធ លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ​លោក ​ស្អប់​អ្នក​បំផ្លាញ​ព្រៃឈើ​ ហើយ​ចាត់​ទុក​ការ​កាប់​ឈើ​ ដូចជា​ «​ការ​កាប់​ក្បាល» ​របស់​លោក​អ៊ីចឹង​ដែរ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ណា​មួយ វា​មិន​ខុស​ពី​ការ​កាប់​ក្បាល​ខ្ញុំ​ករុណា​ខ្ញុំ​ទេ​។ អ៊ីចឹង​បាន​ខ្ញុំ​ករុណា​ខ្ញុំ​ស្អប់​ណាស់​ អា​មនុស្ស​កាប់​ឈើ បំផ្លាញ​ព្រៃឈើ​នេះ​។ រៀងរាល់​ប្រជុំ​គណបក្ស ខ្ញុំ​តែង​រំឭក​ហើយ​ថា​ កុំ​អត់​ឱន​ជាមួយ​អ្នក​ប្រព្រឹត្ត​អំពើ​អនាធិបតេយ្យ​ អំពី​បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃឈើ ទោះបី​អ្នក​នោះ​មាន​ឋានៈ​ស្អី​ក៏ដោយ​»​។

លោក​នាយក​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ​អ្នក​ខ្លះ​រស់នៅ​​ក្នុង​រាជធានី​ភ្នំពេញ តែ​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ រតនគិរី ឬ​ខេត្ត​មណ្ឌលគិរី​ជាដើម​។ អ៊ីចឹង​នៅ​ភ្នំពេញ​ គេ​ចាត់​ទុក​ថា​ «​ជា​ឈ្មួញ ឬ​ឧកញ៉ា​ល្អ​»​។ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ ឯ​ខេត្ត​ទាំង​នោះ​ ដែល​ខាត​ផលប្រយោជន៍​ ដោយ​ការ​កាប់​ព្រៃឈើ​នោះ​ គឺ​បាន​ចាត់​ទុក​អ្នក​កាប់​ឈើ​នោះ​ថា​ «​ជា​ឧក្រិដ្ឋជន​ក្នុង​តំបន់​នោះ​ទៅ​វិញ​ទេ​»​។

លោក​មាន​ប្រសាសន៍​ថា​៖ «​គេ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ ​ក្នុង​នាម​ជា​អ្នក​កាប់​ឈើ តែ​គេ​មក​ចូលរួម​កសាង​បន្តិចបន្តួច នៅ​ខេត្ត​កំពង់ចាម កណ្តាល រួច​ហើយ​អ្នក​ខេត្ត​កំពង់ចាម កណ្តាល គិត​ថា​អា​នេះ​វា​ល្អ​។ ចេះ​តែ​នាំ​គ្នា​ថា​ល្អ​ទៅ ប៉ុន្តែ​ត្រូវ​មើល​ប្រវត្តិ​»​។ លោក​បន្ត​ថា​ បើ​មាន​បាន​ដោយសារ​ការ​រកស៊ី​កាប់​ឈើ ឬ​បំផ្លាញ​ព្រៃឈើ​នេះ​វា​គឺជា​រឿង​ «​ត្រូវ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​»​។

ទោះ​យ៉ាង​ណា​ប្រមុខ​រដ្ឋាភិបាល​ បញ្ជាក់​ថា​៖ «​អ៊ីចឹង​អា​រឿង​ព្រៃឈើ​នេះ យើង​បាន​ខិតខំ​ច្រើន​ណាស់​។ តែ​ដូច​បាន​និយាយ​អ៊ីចឹង​។ អស់​អា​ធំ​ [​បទល្មើស​ធំ​] វា​នៅ​សល់​អាតូច តែ​អា​ធំ ក៏​នៅ​មាន​…​ដែរ ព្រោះ​ឥឡូវ​រណារ​បច្ចុប្បន្ន​នេះ អស់​ទាស់​ហើយ​។ ពី​ដើម​ប្រើ​ដឹង កាប់​ ៣ ​ថ្ងៃ​មិន​ទាន់​រលំ​ ១ ​ដើម​ផង​។ តែ​ឥឡូវ​ដាក់​ប៉ាច់​ដួល កាត់​ជា​កង់ៗ​ដឹក​ទៅ​…​ថា ​គ្រឿង​ញៀន​ទៅ​វា​លំបាក គេ​លេប​ក្នុង​ពោះ​…​តែ​ឈើ​ វា​ទៅ​រួច​ ព្រោះ​ឈើ​វា​ដាក់​លើ​ឡាន​ពេញៗ​»​។

បើ​តាម​លោក ហ៊ុន សែន កម្ពុជា​បាន​ចាប់ផ្តើម​ហាមឃាត់​ការ​នាំ​ចេញ​ឈើ​ តាំងពី​ឆ្នាំ​ ១៩៩៨ ​មក​ម៉្លេះ ហើយ​រយៈពេល​ជិត​ ២០ ​ឆ្នាំ​មក​នេះ​បម្រាម​នេះ​ នឹង​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត ​ដែល​រួមមាន​ទាំង​ការ​មិន​ដំណើរការ​ឡើង​វិញ​ នូវ​ការ​កាប់​ឈើ​ហុប​យក​ទៅ​កែច្នៃ​ ក្នុង​រោងចក្រ​វិញ​នោះ​ទេ​។ ប៉ុន្តែ ​លោក​បាន​ឲ្យ​ក្រសួង​កសិកម្ម ​ធ្វើការ​ពិចារណា​លើ​ការ​កាប់​ឈើ​ សម្រាប់​តម្រូវការ​ក្នុង​ស្រុក ដូចជា​ ធ្វើ​សាលារៀន វត្ត​អារាម ធ្វើ​អុស និង​ លំនៅឋាន​ពលរដ្ឋ​។

ជាមួយ​គ្នា​នេះ​ លោក​ ហ៊ុន សែន ក៏​បាន​ធ្វើការ​រិះគន់​ក្រុម​បរទេស​ដូចជា​ អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក Global Witness ថា​ជា​​ស្ថាប័ន​ «​ចង្រៃ​សុទ្ធ និង​មេ​ពេស្យា​»​។ «Global Witness រឿង​ចាប់ផ្តើម​ពី​ទៅ​យក​ប្តី​គេ​។ ខ្ញុំ​និយាយ​ទៅ​ច្បាស់​ទៅ​យក​ប្តី​គេ​ទេ​។ ដល់​ប្រពន្ធ​គេ​ទៅ​​រក​រឿង​ថា ​ថៅកែ​កាប់​ឈើ​អ្នក​ទៅ​រក​រឿង​។ បាន​ចេះ​តែ​កើត​ជា​រឿង​បន្តបន្ទាប់ៗ​។ ឥឡូវ​សរសេរ​សុទ្ធ​តែ​រឿង​អី “​ប្រទេស​កម្ពុជា​ជា​ប្រទេស​សម្រាប់ លក់​”​។ រួច​ហើយ​ចេះ​តែ​បន្ត​ទៅ​។ ចាប់ផ្តើម​ចេញ​ពី​អាហ្នឹង ក៏​ប្រមាថ​ចំពោះ​ត្រកូល​ ហ៊ុន ​រហូត​ដល់​ហ៊ាន​…​គេ​សម្លាប់​ត្រកូល​ ហ៊ុន សូម្បី​តែ​កូន​ក្នុង​អង្រឹង​។ ​ត្រង់​ចំណុច​នេះ​ហើយ​ខ្ញុំ​ប្រកាស​សង្គ្រាម​មុន​តែ​ម្តង ​មិន​ឲ្យ​អ្នក​ឯង​ធ្វើ​ផ្តេសផ្តាស​។ ត្រកូល​ ហ៊ុន ​មិនមែន​ជា​ត្រកូល ​សម្រាប់​អ្នក​ឯង​សម្លាប់​ទេ​»​។ Read more