Tag Archives: លី យ៉ុងផាត់

Global Witness អំពាវនាវដាក់ទណ្ឌកម្ម​សេដ្ឋី​ខ្មែរ​ ៤ រូប ព្រមទាំងបង្ហាញពីការរកស៊ីទុច្ចរឹតរបស់ ហ៊ុន ម៉ាណា, ហ៊ុន តូ និង សុខ ពុទ្ធិវុធ

capturec3b8c3b8lk.png

អង្គការ​ Global Witness ​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​ ដាក់ទណ្ឌកម្ម​សេដ្ឋី​កម្ពុជា​ចំនួន​ ៤ រូប​ ដែល​អង្គការ​នេះ​ចាត់​ទុក​ថា​ បាន​ដើរ​តួនាទី​សំខាន់​ ក្នុងការ​គៃបន្លំនយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឱ្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ បន្ត​ក្តោបក្តាប់​អំណាច​ទាំងស្រុង។សេដ្ឋី​ទាំង ៤ នាក់ មានបីនាក់​ ជា​សមាជិក​ព្រឹទ្ធសភា​នៃ គណបក្ស​ប្រជាជន​កម្ពុជា​ គឺលោក​ឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា​ លី យ៉ុងផាត់​ លោកឧកញ៉ា​ ទ្រី ភាព និង​លោក​ឧកញ៉ា ​ឡៅ ម៉េងឃីន​។

អង្គការ ​Global Witness ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិក ​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ អង្គការ ​Global Witness ​សូមអំពាវនាវ​ឱ្យ​បញ្ចូល​បុគ្គល​ទាំងនេះ​ ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​ផង ​ដោយសារ​តែ​ពួកគេ​ មាន​តួនាទី​ក្នុង​ការធ្វើ​ឱ្យ​ខូច ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ ប្រព្រឹត្តឡើង​ក្រោម​ស្លាក​ក្រុមហ៊ុន​របស់​ពួកគេ‍»។​

ទង្វើ​ខុសឆ្គង​របស់​សេដ្ឋី​ទាំង​ ៤ រូប​ មាន​ការរឹបអូស​ដីធ្លី​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ​កាប់បំផ្លាញ​ព្រៃឈើ រត់ពន្ធ​ឈើខុសច្បាប់​ បូមខ្សាច់​និង​អាជីវកម្ម​កាស៊ីណូ​ជាដើម​។ ក្នុង​ប្រតិបត្តិការ​ទាំងនោះ​ ពួកគេ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល។

នៅក្នុង​យុទ្ធនាការ​ថ្មី​នេះ ​អង្គការ​ Global Witness ​បាន​ចាត់ទុកថា​ការបោះឆ្នោត​ជាតិ​ នៅថ្ងៃទី​២៩ ខែ​កក្កដា​ ខាងមុខ​នេះ ​គឺជា​ការឆក់ប្លន់​សន្លឹកឆ្នោត​ របស់​ពលរដ្ឋ​កម្ពុជា​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ឆក់ប្លន់​សំឡេង​របស់​ពួកគេ​ ក្នុង​ពេល​កន្លងមក​ និង​ឆក់ប្លន់​ធនធាន​ធម្មជាតិ​ របស់​ប្រទេស​ជាតិ។​

លោកស្រី ​Emma Burnett ​អ្នកធ្វើ​យុទ្ធនាការ​ បាន​បញ្ជាក់ក្នុង​បទសម្ភាសន៍​មួយជាមួយ VOA ថា (ចុច​ស្តាប់​បទសម្ភាសន៍​ទាំងស្រុង​ត្រង់​នេះ)៖ «នេះ​គឺ​ជា​ការ​ក្បត់​ពលរដ្ឋ​កម្ពុជា​ និង​ប្រទេស​ទាំងអស់​ ដែល​បាន​ផ្តល់​ប្រាក់​ជំនួយ​រាប់ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា​ កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ ពី​ការវិនាស​ដោយ​របបខ្មែរ​ក្រហម​ ដើម្បី​បាន​ប្រព័ន្ធ​មួយ​ ដែល​គោរព​នីតិរដ្ឋ​ និង​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន។ ដល់ពេល​ដែល​គេ​ត្រូវ​ឱ្យ​ក្រុម​វរជន ​ដែល​បាន​ឆក់ប្លន់​យក​ស្នាដៃ​ទាំងនេះ​ពី​ពលរដ្ឋ ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ​ហើយ‍»។

អង្គការ​ឃ្លាំមើល​បរិស្ថាន​មួយ​នេះ​ ក៏បាន​ចេញផ្សាយ​គំនូរ​ថ្លុក​មួយចំនួន​ ដែល​បង្ហាញ​ថា ​ឧកញ៉ា​ទាំង ៤ ​មាន​ទំនាក់ទំនង​ជិតស្និទ្ធនឹង ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​និង​ក្រុមគ្រួសារ ​និង​ជា​ប្រភព​ថវិការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ក្នុង​ខណៈពេល​ដែល​ក្រុមគ្រួសា​រលោក​នាយក​រដ្ឋមន្ត្រី​ ដែល​មាន​កូនស្រី​ឈ្មោះលោកស្រី ហ៊ុន ម៉ាណា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ជីករករ៉ែ​ ហើយ​ធ្លាប់​ជា​នាយិការ​ក្រុម​ហ៊ុន ​WS Mining​ ដែល​ក្រុមហ៊ុន​នេះ ​ប្រើ​ប្រាស់​ទាហាន​រដ្ឋាភិបាល ​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ ចូលទៅ​ធ្វើ​ស្រែ​នៅ​តំបន់​ក្បែរ​នោះ ​ហើយ​បំពុល​ទឹក​ធ្វើ​ឱ្យ​ពលរដ្ឋ​ឈឺ​ និង​ងាប់​សត្វ​ពាហនៈ​ជាដើម។

ក្មួយប្រុស​លោក ហ៊ុន សែន ​គឺ​លោក​ឧកញ៉ា​ ហ៊ុន តូ​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ប្រេង​ឥន្ធនៈ​ដ៏ធំ ​ក៏ដូច​ជាត្រូវ​បាន​គេសង្ស័យ​ថា​ជាប់ពាក់ព័ន្ធ​នឹង​បណ្តាញ​រត់​ពន្ធ​គ្រឿង​ញៀន ​និង​លាង​លុយ​កខ្វក់​ ប៉ុន្តែ​លោក​បាន​ប្រកែក។​ ​រី

ឯ​កូន​ប្រសារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ គឺលោក​ សុខ ពុទ្ធិវុធ ​គឺ​ជា​អគ្គនាយ​ក្រុមហ៊ុន​ Soma Group ​ដែល​មានជាប់​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ និង​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ នៅ​តំបន់​ក្បែរ​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​។

អង្គការ​ Global Witness ​ថា​អ្នក​ទាំងនេះ​ នឹង​បាត់បង់​ផលប្រយោជន៍​ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា ​ចាញ់ឆ្នោត​ ដូច្នេះ​ហើយ​ទើប​គណបក្ស​កាន់អំណាច​ ត្រូវ​ធ្វើ​កិច្ចការ​សព្វបែប​យ៉ាង។

ប្រទេស​កម្ពុជា ​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​ នៅថ្ងៃ​អាទិត្យ​ទី ២៩ ខែ​កក្កដា ឆ្នាំ២០១៨ ​ខាងមុខនេះ៕

 

hunfam-137019333_10156503260773210_8573443850318643200_o

.

Advertisements

ពលរដ្ឋខ្មែរប្រមាណ ៧៧ ម៉ឺននាក់ ទទួលផលប៉ះពាល់ ការបណ្តេញចេញ មកទល់ ២០១៤ និងការរុះរើសំណង់ជុំវិញតំបន់អង្គរ ដោយគ្មានសំណង

download

ចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០១៤ ពលរដ្ឋខ្មែរប្រមាណ ៧៧០.០០០ នាក់ ក្នុងចំណោមពលរដ្ឋសរុប ១៥ លាននាក់ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ក្នុងរឿងទំនាស់ដីធ្លី និងទទួលរងការបណ្តេញចេញ ពីភូមិករ ពីសំណាក់អាជ្ញាធរ និងអ្នកមានអំណាច នៃរដ្ឋាភិបាល ហ៊ុន សែន ។ នេះបើតាមឯកសាររបស់មេធាវីសិទ្ធិមនុស្សអន្តរជាតិ លោក Richard Rogers នៃតុលាការឧក្រិដ្ឋអន្តរជាតិ (ICC)។

សកម្មជនដីធ្លីមួយចំនួន ត្រូវបានចាប់ដាក់ឃុំឃាំង ក្រោយពីពួកគេ តវ៉ាការពារដីធ្លីរបស់ខ្លួន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមសកម្មជន ត្រូវបានដោះលែងនៅក្រៅឃុំ ប៉ុន្តែពួកគេ នៅតែជាប់បណ្តឹងរបស់តុលាការ។ អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីពីតំបន់បឹងកក់ ភ្នំពេញ ត្រូវបានចាប់ខ្លួនជាថ្មី ដាក់ព័ន្ធនាគារ កាលពីដើមឆ្នាំ២០១៧ រហូតមកដល់ពេលនេះ។

ក្រុមឈ្មួញដីធ្លីធំៗ សុទ្ធតែជិតស្និទ្ធនឹង ក្រុមគ្រួសារនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន និងកូនស្រី ហ៊ុន ម៉ាណា ជាអ្នកក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជា ក្រោមរបាំងខុសច្បាប់ ការរំលោភសិទ្ធិមនុស្ស និងពាក់ការបណ្តេញពលរដ្ឋ ចេញពីលំនៅដ្ឋានផង (របាយការណ៍អង្គការ Global Witness 2016)។

ក្រុមឈ្មួញដីធ្លីធំៗទាំងនោះ រួមមាន ៖

  • លោក ពុង ឃាវសែ ម្ចាស់មជ្ឈមណ្ឌល កោះពេជ្រ និង តំបន់ត្រើយខាងកើត ជ្រោយចង្វារ ភ្នំពេញ។
  • លោកស្រី ស៊ុយ សុផាន ហៅ យាយផាន កាន់កាប់តំបន់ បុរីកីឡា ភ្នំពេញ និង ដីធ្លីជាច្រើកន្លែងទៀត។
  • លោកស្រី ជឹង សុភាព ហៅ យាយភូ និងស្វាម៉ី លោក ឡៅ ម៉េងឃិន (សមាជិកព្រឹទ្ធសភា បក្សកាន់អំណាច) កាន់កាប់តំបន់បឹងកក់ ភ្នំពេញ និង តំបន់ជាច្រើនទៀត។
  • លោក គិតំម៉េង ម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុនវារីអគ្គីសនី ទំនប់សេសានពីរ ខេត្តស្ទឹងត្រែង បានបណ្តេញពលរដ្ឋ ពីលំនៅដ្ឋាន នៅខាងក្រោមខ្សែទឹក នៃទំនប់នោះ។
  • លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា នៃបក្សកាន់អំណាច កាន់កាប់ដីធ្លីមួយភាគ ធ្វើក្រុមហ៊ុនស្ករអំពៅ នៅខេត្តកោះកុង និង កំពង់ស្ពឺ។
  • លោក ម៉ែន សារុន កាន់កាប់ដីកសិកម្ម តំបន់ព្រំដែន ខ្មែរ-យួន ជាពិសេសនៅស្រុកមេត់ ត្បូងឃ្មុំ ហើយនិងការជួលដីព្រំដែនខ្មែរ ឲ្យទៅ យួន ធ្វើកសិកម្ម ដែលនៅតែរំលោភសេចក្តីប្រកាស របស់រដ្ឋាភបាល ឆ្នាំ២០១៥ «ហាមការលក់ ការជួលដីធ្លី នៅព្រំដែន ទៅឲ្យបរទេស»។ល។
  • ក្រុមហ៊ុនបុរី ប៉េងហួត និង ហុង ពាវ ក្តោបក្តាប់ដីធ្លីតំបន់ជាយក្រុងភ្នំពេញ សាងសង់ផ្ទះល្វេង និង បូរីថ្មីៗរាប់ភ្លេច ។ល។និង។ល។

(អត្ថបទដោយ ម៉ែន ណាត)

homes-in-Apsara

អាជ្ញាធរ​អប្សរា​ បន្ត​រុះរើ​សំណង់​ខុស​ច្បាប់ ​បាន​ ៤៩ ​កន្លែង ដោយគ្មានសំណង {ទោះបីពលរដ្ឋ បង្ហាញលិខិតអនុញ្ញាសាងសង់}

ដោយ សទ្ធ គឹមសឿន, Phnom Penh Post, 14-8-2017
ភ្នំពេញ៖ សំណង់​ចំនួន​ ៤៩ ​កន្លែង​ក្នុង​ចំណោម​សរុប​ ៥២០ ​កន្លែង​ដែល​បាន​សាងសង់​ រំលោភ​លើ​ដី​រមណីយដ្ឋាន​អង្គរវត្ត ​បាន​រុះរើ​រួច​ក្នុង​រយៈពេល​ ៣ ថ្ងៃ ​ដែល​កម្លាំង​អាជ្ញាធរ​អប្សរា និង​សមត្ថកិច្ច​ចម្រុះ​ នៃ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​សៀមរាប ​បាន​បើក​ប្រតិបតិ្តការ​ កាលពី​សប្ដាហ៍​មុន ហើយ​ក្នុង​ប្រតិបតិ្តការ​នេះ ​មិន​ទាន់​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា ​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ ជា​ម្ចាស់​សំណង់​នោះ​ទេ​។

កាលពី​ថ្ងៃ​ទី​ ១ ខែ​សីហា អាជ្ញាធរ​អប្សរា​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង ហើយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន ​បាន​ស្ម័គ្រចិត្ត​រុះរើ​ដោយ​​ខ្លួនឯង និង​មួយ​ចំនួន​ទៀត​ មិន​ទាន់​រុះរើ​តាម​ការ​ជូន​ដំណឹង​ ទើប​រដ្ឋបាល​ខេត្ត​សៀមរាប និង​អាជ្ញាធរ​អប្សរា​ចុះ​មក​រុះរើ​ដោយ​ផ្ទាល់​ ជាមួយ​នឹង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ និង​រថយន្ត​បាញ់​ទឹក និង​រថយន្ត​សារ៉ែន​ជាច្រើន​គ្រឿង​ផង​ដែរ​។

លោក ឡុង កុសល់ ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ ​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សំណង់ ​បាន​សាងសង់​រំលោភ​លើ​ ដី​រមណីយដ្ឋាន​អង្គរវត្ត​ ក្នុង​អំឡុង​ពេល​មុន និង​ក្រោយ​ពេល​នៃ ​យុទ្ធនាការ​បោះឆ្នោត​សរុប​ចំនួន ៥២០ កន្លែង​ក្នុង​នោះ​អាជ្ញាធរ​បាន​រុះរើ​ផ្ទះ និង​សំណង់​ខុសច្បាប់​បាន ៤៩ ​កន្លែង និង​ពលរដ្ឋ​បាន​ស្ម័គ្រ​ចិត្ត​រុះរើ​ដោយ​ខ្លួនឯង ​មាន​ចំនួន​ប្រហែល​ជិត ៥០ ​កន្លែង​ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​ ១០ ដល់ ១៣ ខែ​សីហា​។

លោក​បន្ត​ថា​អាជ្ញាធរ ​បាន​ធ្វើការ​រុះរើ​សំណង់​ខុស​ច្បាប់​ ទាំង​នេះ​មាន ៣ គោលដៅ​ធំៗ​ រួម​មាន​ស្រុក​ប្រាសាទ​​បាគង ស្រុក​អង្គរធំ និង​ក្រុង​សៀមរាប (​មុខ​ប្រាសាទ​បន្ទាយក្តី​) ហើយ ២ គោលដៅ​ទៀត​នឹង​បន្ដ​នៅ​ពេល​ក្រោយ​គឺ​នៅ​ស្រុក​ពួក និង​ស្រុក​ប្រាសាទ​បន្ទាយស្រី​។

លោក​ថា​៖ «​នេះ​គឺជា​លេស​របស់​ពួកគាត់​ ក្នុង​ការ​ឆ្លៀត​ឱកាស​ អំឡុង​ពេល​បោះឆ្នោត​ឆ្នាំ ២០១៧-២០១៨ នេះ អាជ្ញាធរ​អប្សរា​ តែងតែ​បញ្ជូន​មន្ត្រី​របស់​ខ្លួន ​ទៅ​នាំ​ពួកគាត់​ជា​ប្រចាំ​ដែរ ប៉ុន្ដែ​ពួកគាត់​មិន​បាន​យក​ចិត្ត​ទុកដាក់​ព្រម​ទាំង​បាន​ជឿ​លើ​សម្ដី ​ភូតកុហក​របស់​ជាង​ផ្ទះ ឬ​ជាង​សំណង់​មួយ​ចំនួន​។ អាជ្ញាធរ​​អប្សរា​ មិន​ដែល​ប្រកាស​ថា​កន្លែង​នេះ ឬ​កន្លែង​នោះ​អាច​សាងសង់​បាន​នោះ​ទេ​»​។

លោក​បញ្ជាក់​ថា​សំណង់ ឬ​ផ្ទះ​ដែល​សង់​ពី​ឆ្នាំ​ ១៩៨០ រហូត​មក​ដល់​ពេល​នេះ​ វា​មិនមែន​ជា​ប្រធានបទ​នៃ​យុទ្ធនាការ​រុះរើ​នេះ​ទេ​។ កន្លង​មក​អ្នក​សាងសង់ សំណង់​ខុស​ច្បាប់​ទាំង​នេះ​ ភាគច្រើន​ពួកគាត់​មិន​មែន​សាងសង់​ ក្នុង​បំណង​រស់​នៅ​ទេ ប៉ុន្ដែ​ពួកគាត់​សាងសង់​ ក្នុង​បំណង​ចាប់​យក​ដី ឬ​ចាប់​យក​ទីតាំង​ទុក​ប្រើប្រាស់​ផ្សេងៗ​ទៀត និង​មួយ​ចំនួន​ ជឿ​លើ​អ្នក​ញុះញុង់​ ដូចជា​អ្នក​ម៉ៅការ​សាងសង់​សំណង់ ប៉ុន្ដែ​អាជ្ញាធរ​មិន​បាន​ចូលរួម​បិទ​បាំង​នៃ​ ការ​សាងសង់​ល្មើសច្បាប់​នេះ​ទេ​។

លោក ពេជ្រ ស្រួច ប្រជាពលរដ្ឋ​នៅ​សង្កាត់​នគរធំ​ ដែល​រង​នូវ​ការ​រុះរើ​ផ្ទះ​នេះ ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​បាទ​គ្រាន់តែ​សាងសង់​ផ្ទះ​នៅ​ទេ មិនមែន​ធ្វើ​រឿង​ខុស​ច្បាប់​អ្វី​នោះ​ទេ បើ​រើ​ផ្ទះ​ខ្ញុំ ខ្ញុំ​មិន​ដឹង​ទៅ​ណា​ទៀត​ទេ​។ បើ​នៅ​ក្បែរ​ប្រាសាទ​អង្គរ​ទៅ​ ខ្ញុំ​មិន​ថា​ទេ តែ​នេះ​គឺ​ឆ្ងាយ​ដល់​ទៅ​ជិត ១០ ​គីឡូម៉ែត​ (​តំបន់​ ២)»​។

លោក សូ ណារិន មន្ត្រី​សម្រប​សម្រួល​នៃ​ អង្គការ​អាដហុក​ ខេត្ត​សៀមរាប​បាន​យល់​ឃើញ​ថា​៖ «​ការ​អនុវត្ត​​រុះរើ​ផ្ទះ​ពលរដ្ឋ​នេះ ​នៅ​មិន​ទាន់​ស្មើភាព​គ្នា​នៅ​ឡើយ​ទេ ដោយ​មិន​បាន​អនុវត្ត​ច្បាប់​ ព្រម​គ្នា​»​។

ក្រុម​គណៈកម្មការ​ចម្រុះ​ ក៏​អំពាវនាវ​ដល់​ប្រជាជន​ ឲ្យ​ស្ម័គ្រចិត្ត​ក្នុង​ការ​រុះរើ​​សំណង់​ខុស​ច្បាប់ និង​ចូលរួម​សហការ ​ជាមួយ​ក្រុម​ការងារ​ជា​បន្ត​ទៀត ​ចៀសវាង​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ និង​ផលប្រយោជន៍​ របស់​បងប្អូន​ទៀត​ផង​៕

វីដេអូខាងក្រោមនេះ បង្ហាញពីជ្រុងមួយនៃសង្គម៖