Tag Archives: វៀតណាម ថាពលរដ្ឋខ្លួន ៨០% រស់នៅស្របច្បាប់ នៅកម្ពុជា

វៀតណាម ថាពលរដ្ឋខ្លួន ៨០% ហើយ រស់នៅស្របច្បាប់ នៅកម្ពុជា បើតាម Vietnam News

 លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃខ្មែរ និងលោក ផាម ប៊ិញមីញ រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម

………………………….
(អត្ថបទ៖ វិទ្យុសម្លេងស្រី្ត WMC ដោយ នួន បូរិន / 30-1-2019)
អ្នកនាំពាក្យនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុស្រ្ដី នៅថ្ងៃនេះថា តួលេខជនបរទេស ធ្វើអន្ដោប្រវេសន៍មកម្ពុជា មានប្រមាណ ១៨ ម៉ឺន ២ ពាន់នាក់ ដែលក្នុងនោះមានពលរដ្ឋវៀតណាម សរុបគឺ ៩០ ភាគរយ។ ទាក់ទងនឹងរឿងនេះ សារព័ត៌មាន​​វៀតណាម (Vietnam News) បានចុះផ្សាយកាលពីថ្ងៃអង្គារ៍ទី ២៩ មករា ថាពលរដ្ឋខ្លួននៅពេលនេះ ប្រមាណ ៨០% ហើយ ដែលរស់នៅស្របច្បាប់នៅកម្ពុជា។ អ្នកវិភាគព្រមានពីកំហុស​ទាក់​ទងនឹងការផ្ដល់សញ្ជាតិ ដែលគ្មានរាជក្រិត្យ។

តាមសារព័ត៌មាន​​វៀតណាម គឺប្រមាណ ៨០% នៃ​ពលរដ្ឋវៀតណាម រស់នៅកម្ពុជា បានទទួលភាពស្របច្បាប់ ក្នុងការរស់នៅ គឺការផ្ដល់ការអនុគ្រោះឱ្យជ្រកកោន ការផ្ដល់នូវប័ណ្ណស្នាក់នៅអចិន្រ្ដៃយ៍ ដែលទាំងអស់នេះ ធ្វើឱ្យពួកគេមានលទ្ធភាពក្នុងការទទួលបានសញ្ជាតិកម្ពុជា ដោយអនុលោមតាមច្បាប់សញ្ជាតិ និង ​ច្បាប់អន្ដោប្រវេសន៍។

អនុប្រធានគណៈកម្មការកិច្ចការអន្ដោប្រវេសន៍វៀតណាម លោក ឡួង ថាច់ ងី បានប្រា​ប់សារព័ត៌មានជាតិ វៀតណាម ញ៉ូវស៍ របស់ខ្លួនថា ពលរដ្ឋវៀតណាមប្រមណា ១១ ម៉ឺននាក់ កំពុងរស់នៅប្រទេសកម្ពុជា ដែលច្រើនតែរស់នៅម្ដុំបឹងទន្លេសាប ដែលជាបឹងធម្មជាតិដ៏ធំជាងគេ នៅអាស៊ីអាគ្នេយ៍។ លោកបានបញ្ជាក់ទៀតថា វៀតណាម បានសម្របខ្លួនជាសហគមន៍ នៅប្រទេសកម្ពុជា រស់នៅ អភិវឌ្ឍខ្លួន និងរួមចំណែកកសាងនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសនេះ។ តែថាក៏មានព​លរដ្ឋវៀតណាមមួយចំនួនទៀត មិនទាន់ទទួលបានភាពស្របច្បាប់នៅឡើយ។

ចាប់តាំងពីឆ្នាំ ២០១៧ មក កម្ពុជា បានចេញសេចក្តីសម្រេចមួយ ដើម្បីពិនិត្យឡើងវិញនិងសហការជា​មួយ​រដ្ឋាភិបាលវៀតណាម ដើម្បីផ្តល់ឯកសារស្របច្បាប់ សម្រាប់​ជនជាតិ​វៀតណាម រស់នៅក្នុងប្រ​ទេសកម្ពុជា។

ការផ្លាស់ប្តូរនេះ មានគោលបំណងដើម្បីស្ថិរភាពសហគមន៍ ក៏ដូចជាការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ជនជាតិវៀតណាម ដើម្បីទទួលបានស្ថានភាពផ្លូវច្បាប់ច្បាស់លាស់ និងធ្វើឱ្យកូនរបស់ពួកគេ មានសិទ្ធិចូលរៀន។

មន្រ្ដីរូបនេះ ក៏ដូចជារដ្ឋាភិបាលវៀតណាម បានសម្ដែងអារម្មណ៍លំបាកខ្លះដែរ ដែលពលរដ្ឋខ្លួន ខ្លះរស់នៅទីនោះជួបការលំបាកលើផ្នែក វប្បធម៌ ភាសា និង​ការយល់ដឹងពីច្បាប់ជាតិ។ ពេលខ្លះទៀត ជនជាតិវៀតណាមទាំងនោះ រងការផ្លាស់ប្ដូរលំនៅឋាន ដូចជាការរៀបចំពួកគេ ឱ្យចាកចេញពីលំនៅឋានលើបឹងទន្លេងសាប ដែលជាទីតាំងពួកគេរស់នៅ និង ប្រកបរបរចុះទូកនេសាទ ដើម្បីផ្គត់ផ្គង់ជីវភាព ក៏ដូចជាមានការ ហៅទៅចុះបញ្ជីទាក់ទងនឹងច្បាប់ខ្លះ ហើយពួកគេពិបាកក្នុងការយលដឹង។ យ៉ាងណា មន្រ្ដីរូបនេះ រំពឹងថា ពលរដ្ឋវៀតណាមនៅកម្ពុជា នឹងអាចសម្របខ្លួន ឬសមាហរណកម្មបាន ហើយអាចរៀនយល់ដឹងឱ្យកាន់តែបានច្រើន និងទូលំទូលាយពីភាសា វប្បធម៌ នៃប្រទេស​កម្ពុជា។

តែយ៉ាងណា នេះជាតួលេខ របស់ភាគីវៀតណាម បញ្ជាក់អំពីពលរដ្ឋខ្លួនរស់នៅកម្ពុជា។ ទាក់ទិន រឿងនេះ លោកឧត្តមសេនីយ៍ កែវ វាន់ថា អ្នកនាំពាក្យនាយកកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានពន្យល់ថា ជនអន្តោប្រវេសន៍មករស់នៅកម្ពុជា គឺសរុបមានជាង ១៨ ម៉ឺននាក់។ តែក្នុងនោះលោកថា ពលរដ្ឋវៀតណាម មានដល់ទៅ ៩០ ភាគរយ។ នៅក្នុងបទសម្ភាសខ្លីមួយជាមួយវិទ្យុស្ត្រី លោកឧត្តមសេនីយ៍ បានបកស្រាយពីហេតុផលនាំអោយកម្ពុជា ត្រូវបានផ្ដល់សិទ្ធិស្នាក់នៅ ដល់ពលរដ្ឋវៀតណាមថា «បច្ចុប្បន្ន​អាជ្ញាធរកម្ពុជាយើង កំពុងតែចុះធ្វើការងារហ្នឹង ហើយមានជនអន្តោប្រវេសន៍ថ្មីខ្លះ គាត់ទើបតែមកនៅ ប៉ុន្តែពួកគាត់មានលិខិតមិនប្រក្រតី អ៊ីចឹងយើងត្រូវធ្វើការដកហូត។ ក្រោយពីការដកហូត ពួកគាត់ត្រូវដាក់ពាក្យសុំជាជនអន្តោប្រវេសន៍។ កាលណាពួកគាត់ មានប័ណ្ណស្នាក់នៅអចិន្ត្រយ៍ ទើបពួកគាត់រស់នៅស្របច្បាប់»។ (…)

វៀតណាម និងកម្ពុជា ថ្វីត្បិតជាប្រទេសជិតខាងនឹងគ្នាពិតមែន តែប្រទេសពីរនេះ មានវប្បធម៌ប្រពៃណី ខុសគ្នាជាច្រើន។ ដើមឡើយ វៀតណាម គេហៅថា អាណ្ណាម ដែលជាជាតិសាសន៍ មកពីតុងកឹងប្រទេសចិន តែសហគមន៍ ចេះពង្រីកទីតាំងរស់នៅបានយ៉ាងធំធេង រហូត​យកបានទឹកដី ចាម្ប៉ា និងគ្រប់គ្រងដែនដីខ្មែរកម្ពុជាក្រោម មកទល់សព្វថ្ងៃ។ តាមសៀវភៅប្រវត្តិសាស្ត្រ របៀបពង្រីកទឹកដី របស់អាណ្ណាម ឬយួន មានច្រើនរូបភាព តែរូបភាពលេចធ្លោជាងគេ មានតែ ២ ប៉ុណ្ណោះ គឺការបញ្ជ្រៀតការរស់នៅ របស់ជនជាតិនេះ និង ការពង្រីងដែនដីព្រំដែន។ 

កន្លងមកអ្នកប្រវត្តិសាស្ត្រខ្លះ ដែលមានឧត្តមគតិជាតិ ច្រើនតែព្រមានពីការធ្លាក់ក្រោមឥទ្ធិពលជាតិសាសន៍នេះ បើមិនមានភាពហ្មត់ចត់ និងវាងវៃនៃការគ្រប់គ្រងជនអន្តោប្រវេសន៍ មកពីប្រទេសនេះ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ និងកិច្ចការសង្គម ដែលបានផ្ដល់បទសម្ភាសរឿងនេះជាមួយវិទ្យុស្រ្តី ក៏បានបង្ហាញខ្លះៗដែរពីភាពធូររលុង នៃការអនុ​វត្តច្បាប់សញ្ជាតិ លើជាតិសាសន៍វៀតណាមនិងចិន។​ លោកនិយាយថា «ពលរដ្ឋវៀតណាម គេឆ្លាតជាងពលរដ្ឋខ្មែរ ដោយសារពលរដ្ឋវៀតណាម គេមក គេរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីបានសិទ្ធិរស់នៅ បានអត្តសញ្ញាណប័ណ្ណ។ ប៉ុន្តែអ្វីដែលខុសឆ្គងគឺ អាជ្ញាធរមូលដ្ឋានខ្មែរខាងអត្តសញ្ញាណប័ណ្ណឲ្យជនបរទេស ដែលគេហៅថា ការយល់នូវវប្បធម៌ ការយល់នូវច្បាប់របស់កម្ពុជា។ ហើយជនរទេសខ្លះ ដែលកាន់អត្តសញ្ញាណប័ណ្ណកម្ពុជា អត់យល់ដឹងប្រពៃណវប្បធម៌ យល់ច្បាប់កម្ពុជា ហើយអត់បានការអនុញ្ញាតព្រះមហាក្សត្រខ្មែរទេ។ តាមត្រូវគឺ ត្រូវមានព្រះមហាក្សត្រ ជាអ្នកឡាយព្រះហស្ថលេខាទទួលស្គាល់ថា ជាពលរដ្ឋខ្មែរ»។ លោកបន្ថែមថា «ច្បាប់សញ្ញាតិកម្ពុជា ធ្វើវិសោធកម្មថ្មីគឺ ជនបរទេស រស់នៅតែ ១ ឆ្នាំទេ គឺមានសិទ្ធិចូ្លសញ្ជាតិកម្ពុជាបានទៀត អ៊ីចឹងអនាគតកម្ពុជា មានការលំបាកក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍។ (…)»។

ទាក់ទិនជនអន្តោប្រវេសន៍ វៀតណាម និង ចិន រស់នៅកម្ពុជា គឺកាលពីសប្ដាហ៍មុន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលលោក រ៉ុង ឈុន ជាសមាជិក បានចេញសេចក្ដីអំពាវនាវសុំឱ្យរដ្ឋាភិបាល ត្រូវធ្វើការប្រុងប្រយ័ត្ន ពីការហូរចូលមករស់នៅកម្ពុជា របស់ជាតិសាសន៍ទាំងពីរនេះ។ សេចក្ដីថ្លែងការណ៍របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដាក់ការព្រួយបារម្ភជាខ្លាំងអំពីអនាគតកម្ពុជា ដែលមាន​ជនជាតិ វៀតណាម និង ចិន រស់នៅដ៏ច្រើន។ យ៉ាងណា ការបារម្ភរបស់ ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា មិនបានឆ្លើយតបជាផ្លូវការ ពីស្ថាប័នជាតិណាមួយរបស់កម្ពុជានោះទេ៕

Advertisements