The Cambodia Daily
11-11-2023
កាសែតអាមេរិកាំងដ៏ល្បីល្បាញ ទាំងក្នុងសហរដ្ឋអាមេរិក ទាំងលើពិភពលោក The Washington Post បានផ្សាយអត្ថបទមួយអំពីលោក តាំង សារ៉ាដា ពលរដ្ឋខ្មែរ-អាមេរិកាំង ដែលមានអាជីពជាអ្នកកាសែត ធ្វើការឱ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយ ផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ឈ្មោះ The Cambodia Daily ដែលផ្សាយជាភាសាខ្មែរនៅទូទាំងពិភពលោក។ [សូមទាញយកអត្ថបទជាអង់គ្លេស ឬ Download in English]។
លោកជាអ្នកបង្កើតកម្មវិធីពិភាក្សាមួយ ដែលមានឈ្មោះថា Idea Talk។ វាជាកម្មវិធីដ៏ល្បីល្បាញមួយ ដែលអាចទាក់ទាញអ្នកចូលទស្សនាពីរវាង ៥ម៉ឺនទៅ ៨ម៉ឺននាក់ និងមានអ្នកចូលទស្សនាតាមអនឡាញ រហូតដល់ទៅជាង ១២លាននាក់ក្នុងមួយខែ។
លោក តាំង សារ៉ាដា ក៏តែងចុះផ្សាយព័ត៌មានស៊ើបអង្កេត អំពីករណីពុករលួយ ការលាងលុយកង្វក់ ការរំលោភដីធ្លី ការបំផ្លាញព្រៃឈើ ការរំលោភសិទ្ធិមនុស្ស ការជួញដូរមនុស្ស ដែលសុទ្ធសឹងតែជារឿងបកអាក្រាត នូវរឿងអាស្រូវរបស់ក្រុមមន្ត្រី អ្នកជំនួញគ្រាក់ៗ និងអ្នកមានប្រាក់ស្ដុកស្ដម្ភក្នុងជួររដ្ឋាភិបាលផ្ដាច់ការ។
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតជាតិ លោក តាំង សារ៉ាដា បានទទួលសារសំឡេងចំនួនពីរលើបណ្ដាញហ្វេសប៊ុក ដែលបុរសម្នាក់ឈ្មោះ ផែង វណ្ណៈ បានគំរាមសម្លាប់លោក ដោយពុះក្បាលនឹងពូថៅ ប្រសិនបើលោកហ៊ានត្រឡប់មកជាន់ទឹកដីប្រទេសកម្ពុជាវិញ។
ចំណែកសារសំឡេងទីពីរ ក៏ជាសារគំរាមសម្លាប់ដែរ ដែលលោក ផែង វណ្ណៈ អះអាងថា លោកមានមិត្តភ័ក្ដិជាច្រើននៅក្រៅប្រទេស រួមសហរដ្ឋអាមេរិក ហើយអ្នកទាំងនោះក៏មិនចូលចិត្តលោក តាំង សារ៉ាដា ដែរ។ លោក ផែង វណ្ណៈ គំរាមថា គ្នីគ្នារបស់គេនៅអាមេរិកអាចទៅរកលោក តាំង សារ៉ាដា ដោយគ្មានញញើតផងដែរ។
ដោយមានប្រវត្តិជាអ្នកសារព័ត៌មានស៊ើបអង្កេត អំពីការរំលោភសិទ្ធិមនុស្ស និងមានបទពិសោធន៍ ជាអ្នកកាសែតជាច្រើនឆ្នាំ ដោយធ្លាប់ធ្វើការឱ្យវិទ្យុមួយនៅកម្ពុជា គឺវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) វិទ្យុសំឡេងសហរដ្ឋអាមេរិកផ្សាយជាខេមរភាសា (VOA) និងវិទ្យុអាស៊ីសេរី (RFA) ក្នុងរដ្ឋធានីវ៉ាស៊ីនតុន។
នៅក្នុងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងនេះ លោក តាំង សារ៉ាដា ក៏តែងតែទទួលសារគំរាមកំហែងដែរ ប៉ុន្តែនៅពេលនេះ គាត់ទទួលសារសំឡេងគំរាមសម្លាប់ដ៏សាហាវបំផុត។
លោក តាំង សារ៉ាដា មានកូនប្រុសម្នាក់ ហើយម្ដាយឪពុកខាងប្រពន្ធរបស់គាត់ ជាមនុស្សចាស់ណាស់ទៅហើយ ដែលរស់នៅក្នុងគ្រួសារជាមួយគ្នា។
ផ្ទះរបស់គាត់ គឺស្ថិតនៅក្នុងអាមេរិក មានដាក់ឧបករណ៍តាមចាប់រូបភាព ដើម្បីសុវត្ថិភាពសម្រាប់គ្រួសាររបស់គាត់ និងរូបគាត់ផ្ទាល់។
ក្រោយមានការគំរាមរបស់លោក ផែង វណ្ណៈ ចុងក្រោយនេះ លោក តាំង សារ៉ាដា បានសម្រេចប្ដឹងទៅសមត្ថកិច្ចប៉ូលិស FBI និងក្រសួងការបរទេសសហរដ្ឋអាមេរិក។
ពាក្យបណ្ដឹងរបស់គាត់បានរៀបរាប់ថា លោកមានក្តីបារម្ភពីជីវិតរបស់លោកជាខ្លាំង រួមទាំងសុវត្ថិភាពរបស់មិត្តរួមការងារ និងមិត្តភក្ដិស្និទ្ធស្នាលជាអ្នកកាសែតដូចលោកឯទៀត ដែលពួកគេសុទ្ធសឹងតែរងនូវការគំរាមសម្លាប់ ហើយលោកពិតជាមានក្តីបារម្ភខ្លាំងណាស់។
ដោយឆ្លើយតបនឹងពាក្យបណ្ដឹងលោក តាំង សារ៉ាដា ភ្នាក់ងារ FBI ចំនួន ២នាក់ បានមកសម្ភាសសាកសួរលោក តាំង សារ៉ាដា ហើយបានត្រួតពិនិត្យសំឡេងសារ ដែលគំរាមសម្លាប់កាត់ក្បាលលោក តាំង សារ៉ាដា ទៀតផង។
ទីបំផុត ស្ថាប័ន FBI សម្រេចចាប់ផ្ដើមតាមដានស្ថានភាព និងមុខសញ្ញាពាក់ព័ន្ធទាំងឡាយ ដែលជាគោលដៅតាមគំរាមសម្លាប់លោក តាំង សារ៉ាដា។
យោងតាមកាសែត The Washington Post ភ្នាក់ងារ FBI សម្រេចដាក់ឈ្មោះលោក តាំង សារ៉ាដា ក្នុងបញ្ជីអាទិភាពដែលត្រូវតាមឃ្លាំមើល និងការពារ។
នៅលើពិភពលោកនេះ មេដឹកនាំផ្ដាច់ការ ជនផ្ដាច់ការ តែងតែចាត់បញ្ជូនភ្នាក់ងារសម្ងាត់ ឬមនុស្សកំណាចទៅធ្វើឃាត ហើយក្នុងនោះក៏មានកម្លាំងចារកម្មរបស់រដ្ឋាភិបាលផ្ដាច់ការនោះតាមចាប់ខ្លួន ចាប់ពង្រត់ តាមគំរាមសម្លាប់ បំភិតបំភ័យ និងយាយីចំពោះក្រុមដែលហ៊ាននិយាយការពិត និងរិះគន់។ ក្រុមដែលរងការគំរាមសម្លាប់បំភិតបំភ័យនេះ ច្រើនតែជាសកម្មជន អ្នកនយោបាយបក្សប្រឆាំង អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ និងសកម្មជនសង្គម ដែលហ៊ានចេញមុខរិះគន់ការដឹកនាំនៃរដ្ឋាភិបាលផ្ដាច់ការនោះ។
ការគំរាមកំហែងពីមេដឹកនាំប្រទេសផ្ដាច់ការទាំងនោះ ត្រូវគេមើលឃើញថាមានភាពខ្លាំង ហើយប៉ះពាល់ដល់ប្រព័ន្ធដឹកនាំប្រជាធិបតេយ្យនៃប្រទេសនោះទៀតផង។
ខណៈនេះ អង្គការឃ្លាំមើលសេរីភាពលើពិភពលោក (Freedom House) បានធ្វើការកត់សម្គាល់ថា រយៈពេលជាង ២ឆ្នាំមកនេះ ប្រព័ន្ធដឹកនាំបែបផ្ដាច់ការ បានប៉ះពាល់ជាខ្លាំងដល់សេរីភាពបញ្ចេញមតិ សេរីភាពនយោបាយ និងវាយប្រហារទៅលើសកម្មជនសង្គម រួមទាំងអ្នកសារព័ត៌មានផងដែរ ខណៈពួកគេប្រើប្រាស់អាជីពរបស់ខ្លួនក្នុងយុទ្ធនាការការពារសេរីភាពរបស់មនុស្ស។
របបផ្ដាច់ការទាំងនោះ បានសិក្សាអំពីរបៀបឆ្លើយតបគ្រប់កាលៈទេសៈ គ្រប់ទម្រង់ ទាំងហិង្សា ទាំងសកម្មភាពប្រើប្រាស់ឧបករណ៍គំរាមកំហែង ហើយពួកគេតែងតែប្រើមធ្យោបាយចុងក្រោយ គឺចាប់ពង្រត់ និងប្រើអំពើហិង្សាវាយតប់ទៅលើក្រុមអ្នកដែលជាមុខសញ្ញា របស់រដ្ឋាភិបាលផ្ដាច់ការ ដែលត្រូវតាមកម្ទេច។
អង្គការ Freedom House បានធ្វើការកត់សម្គាល់ទៀតថា ៩ឆ្នាំកន្លងមកនេះ អំពើគំរាមកំហែងឆ្លងដែនបានប៉ះពាល់ដោយផ្ទាល់ទៅលើជនរងគ្រោះ។ កាលពីឆ្នាំ២០២១ យ៉ាងហោចណាស់មានអំពើគំរាម និងការយាយីលើរូបរាងកាយយ៉ាងហោចណាស់ មានចំនួន ៦០៨ ករណី ប៉ុន្តែឥឡូវករណីនេះ បានកើនឡើងដល់ទៅ ៨៥៤ករណីហើយ ហើយភ្នាក់ងាររបស់រដ្ឋាភិបាលផ្ដាច់ការនោះ យ៉ាងតិច ៣៨ នាក់ ចេញមុខខ្លាំងក្នុងការគំរាមសម្លាប់ ទៅលើក្រុមប្រឆាំង អ្នករិះគន់ អ្នកសារព័ត៌មាន និងអ្នកដែលហ៊ានផ្សាយរឿងពិតរបស់ខ្លួន សម្រាប់ប្រទេសចំនួន ៩១។
ប្រទេសចំនួន ១០ ដែលមានការគំរាមកំហែងខ្ពស់បំផុតទៅលើអ្នករិះគន់ មានប្រទេសចិន ប្រទេសតួកគី ប្រទេសតាជីគីស្ថាន ប្រទេសរុស្ស៊ី ប្រទេសអេហ្ស៊ីប ប្រទេសទើកមីនីស្ថាន ប្រទេសអ៊ុយបេគីស្ថាន ប្រទេសបេឡារ៉ូស ប្រទេសអ៊ីរ៉ង់ និងប្រទេសរ៉វ៉ាន់ដា។
យោងតាមសេចក្តីរាយការណ៍ពីអង្គការ Human Rights Watch ដែលផ្សាយថ្មីៗនេះ បាននិយាយអំពីការប្រព្រឹត្ត ការសម្លាប់ ការចាប់ពង្រត់ ការប៉ុនប៉ងសម្លាប់ ការប៉ុនប៉ងចាប់ពង្រត់ និងការបាត់ខ្លួនអ្នករិះគន់ និងក្រុមប្រឆាំង រួមទាំងការធ្វើទារុណកម្ម លើរូបរាងកាយទៀតផង ជាពិសេសប្រទេស ដែលស្ថិតនៅក្នុងប្រព័ន្ធបែបផ្ដាច់ការនិយម។
ដោយសារការធ្វើទុក្ខបុកម្នេញដូចនេះ ពលរដ្ឋដែលរស់នៅក្រោមរបបផ្ដាច់ការទាំងនោះ ចាំបាច់ត្រូវនាំគ្នារត់ភៀសខ្លួន ពីប្រទេសកំណើតរបស់ខ្លួន។
ចំណែកសារព័ត៌មាន The Cambodia Daily ដែលមានលោក តាំង សារ៉ាដា ជាប្រធានខាងផ្នែកគ្រប់គ្រងអ្នកសារព័ត៌មាន និងការផ្សព្វផ្សាយនេះ ត្រូវបានគេកត់សម្គាល់ថា តែងតែផ្សាយអំពីហេតុការណ៍ ដែលពាក់ព័ន្ធនឹងរឿងអាស្រូវទាំងឡាយ នៅក្នុងប្រទេសកម្ពុជា។ សារព័ត៌មាននេះ ក៏តែងតែចុះផ្សាយអំពីស្ថានភាពដែលប្រទេសកម្ពុជា បច្ចុប្បន្ននេះកំពុងធ្លាក់នៅក្នុងសមរភូមិភូមិសាស្ត្រនយោបាយ នៅក្នុងកណ្ដាប់ដៃប្រទេសចិន ផងដែរ។
មិនតែប៉ុណ្ណោះ សារព័ត៌មានដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតុន មួយនេះ បានចុះផ្សាយជាច្រើននូវរឿងអាស្រូវរបស់បុគ្គលល្បីៗ នៅប្រទេសកម្ពុជា ដែលកំពុងកាងទីពីក្រោយដោយរដ្ឋាភិបាល។ ទាំងនេះហើយដែលលោក តាំង សារ៉ាដា អ្នកកាសែត The Cambodia Daily ត្រូវរងការគំរាមកំហែងរហូតដល់គំរាមសម្លាប់ផ្ដាច់ជីវិតទៀតផង។
សំណុំរឿងគំរាមសម្លាប់លោក តាំង សារ៉ាដា ដែលកាសែត The Washington Post ដ៏ល្បីនៅលើពិភពលោក បានចុះផ្សាយក្នុងគេហទំព័ររបស់ខ្លួន កំពុងតែទាក់ទាញយ៉ាងខ្លាំង ដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើន ដែលបានដកស្រង់ធ្វើការប្រែសម្រួល និងផ្សាយបន្តថែមទៀត។
លោក តាំង សារ៉ាដា ជាអ្នកកាសែតខ្មែរ-អាមេរិកាំងដំបូងគេបង្អស់ ដែលទទួលការគំរាមសម្លាប់ លើទឹកដីសហរដ្ឋអាមេរិក ហើយត្រូវបានចុះផ្សាយដោយកាសែតអាមេរិកាំង The Washington Post៕
