វិទ្យុអាស៊ីសេរី RFA /ដោយ ជាតិ ចំណាន
31-8-2023
ពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ អំពាវនាវឱ្យរដ្ឋាភិបាលអាណត្តិថ្មី ដោះស្រាយដីស្រែចម្ការ និងភូមិមួយចំនួន បានបាត់បង់ទៅវៀតណាម ក្រោយបោះបង្គោលព្រំដែន កាលពីពេលកន្លងទៅ។
ពលរដ្ឋទាំងនោះ ធ្លាប់លើកគ្នាតវ៉ា និង ខឹងសម្បារនឹងមន្ត្រីជំនាញ ដែលបោះបង្គោលព្រំដែន ចំកណ្តាលដីស្រែចម្ការកេរឪពុកម្តាយរបស់ពួកគាត់។
ពលរដ្ឋរាប់រយគ្រួសារ រស់នៅឃុំចាន់មូល ឃុំរូង និងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅតែក្តៅក្រហល់ក្រហាយក្នុងចិត្ត ពេលដែលពួកគាត់ នឹកឃើញរឿងរ៉ាវទាក់ទិនបញ្ហាព្រំដែនម្តងៗ ដោយសារអ្នកភូមិ ទទួលរងនូវភាពអយុត្តិធម៌ជាច្រើន ករណីបាត់បង់ដីស្រែ បាត់បង់ភូមិកំណើត និងការគំរាមតាមប្រព័ន្ធតុលាការ នៅពេលពួកគាត់តវ៉ាមិនពេញចិត្តនឹងអាជ្ញាធរ កំណត់ខណ្ឌសីមាព្រំដែនជាមួយវៀតណាម កាលពីពេលកន្លងទៅ។
ក្រុមពលរដ្ឋទាំងនោះ តែងតែរក្សាភាពស្ងៀមស្ងាត់ និងអត់ធ្មត់ មិនហ៊ានបញ្ចេញមតិ និងតវ៉ាជុំវិញបញ្ហានេះនោះទេ ព្រោះខ្លាចអាជ្ញាធរចាប់ដាក់គុក និងធ្វើទុក្ខបុកម្នេញ។
ពលរដ្ឋរស់នៅឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំថ្លែងសុំមិនបញ្ចេញឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរអូសបន្លាយពេលមិនដោះស្រាយវិវាទដីធ្លី របស់ពលរដ្ឋ រស់នៅតាមបណ្តោយព្រំដែន ដែលត្អូញត្អែរ បាត់បង់ដីស្រែចម្ការកេរឪពុកម្ដាយ ទៅវៀតណាម បន្ទាប់ពីបោះបង្គោលព្រំដែន។
លោកស្រីថា តំបន់ដែលបាត់បង់ដីស្រែទៅវៀតណាម តាមបណ្តោយព្រំដែន ឋិតក្នុងឃុំរូង ឃុំជាំ ឃុំចាន់មូល ឃុំទ្រៀក និងឃុំជាំក្រវៀន។
ពលរដ្ឋលាក់ឈ្មោះ៖ «សោកស្តាយ! មិនដឹងធ្វើម៉េច? ឱ្យតែហ៊ានហាមាត់ គុក មួយមាត់គុក។ ខ្ញុំចង់សំណូមពរឱ្យគាត់ (លោក ហ៊ុន ម៉ាណែត) មើលព្រំដែនស្រួលបួល កុំឱ្យដល់ឪដល់កូន»។
អ្នកភូមិអះអាងថា ពលរដ្ឋរស់នៅតំបន់ព្រំដែន ខ្វះភាពកក់ក្តៅ មិនត្រឹមតែបាត់បង់ដីស្រែកេរដូនតានោះទេ បែរជាក្លាយជាជនរងគ្រោះ ជាប់បណ្តឹងនៅតុលាការ ហើយមកទល់ពេលនេះ មានពលរដ្ឋយ៉ាងហោចណាស់ ៦ នាក់ ជាប់បណ្តឹងនៅតុលាការ ដោយសារតវ៉ាទាមទារដីស្រែចម្ការ ដែលបាត់បង់ទៅវៀតណាម។
រីឯពលរដ្ឋភាគច្រើន បានបោះបង់ដីដែលវៀតណាម រំលោភយក ព្រោះមិនចង់មានរឿងវែងឆ្ងាយ ហើយមិនចង់ចំណាយពេលដើរប្តឹងផ្តល់នោះឡើយ។
ដីស្រែចម្ការរបស់អ្នកភូមិចាន់មូល តាមបណ្ដោយព្រំដែន នៅចំណុចភូមិចាន់មូល សរុបជាង ៣០០ ហិកតារ ដែលវៀតណាមគ្រប់គ្រង តាំងពីឆ្នាំ១៩៩៨ រដ្ឋាភិបាលបានសម្របសម្រួល បោះបង្គោលព្រំដែនជាមួយភាគីវៀតណាមរួចរាល់ ភាគីវៀតណាម បានប្រគល់ដីនៅតំបន់នោះមួយផ្នែក ដែលមានទំហំ ជាង ៧០ ហិកតារប៉ុណ្ណោះ ឱ្យអាជ្ញាធរខ្មែរវិញ។
អ្នកស្រុកអះអាងទៀតថា ភូមិចាន់សាលា ឋិតនៅចំណុចវាលត្បូង ដែលជាភូមិបុរាណមួយ ពលរដ្ឋខ្មែររស់នៅទីនោះច្រើនជំនាន់មកហើយ បច្ចុប្បន្នបានក្លាយជាវាលរហោឋាន គ្រប់គ្រងដោយវៀតណាម។
រីឯនៅភូមិតានង ក្នុងឃុំចាន់មូល ឋិតនៅចន្លោះបង្គោលព្រំដែន លេខ ៩៧ រហូតដល់៩៩ មានដីស្រែជាច្រើនហិកតារ ត្រូវវៀតណាមគ្រប់គ្រង ដោយមានបង្គោលព្រំដែនខ្លះ បោះចំកណ្តាលដីស្រែអ្នកភូមិ។
លើសពីនេះទៀត ភូមិអំផុល និងភូមិភោគ ដែលជាភូមិដ៏ចំណាស់ ឋិតក្នុងឃុំចាន់មូល បច្ចុប្បន្នក៏ត្រូវបានវៀតណាម កាន់កាប់ដែរ ក្រោយពីរដ្ឋាភិបាល បោះបង្គោលព្រំដែន ជាមួយវៀតណាមរួចរាល់ ចាប់តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០២២។ រីឯក្រសួងមហាផ្ទៃ បានលុបឈ្មោះភូមិទាំងនេះ ចេញពីបញ្ជីគ្រប់គ្រងរដ្ឋបាលឃុំ/សង្កាត់។
កន្លងទៅអ្នកភូមិតែងតែចួបជុំគ្នា និយាយដើម មន្ត្រីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលចុះទៅពន្យល់ពួកគាត់ ឱ្យទទួលយកការកំណត់ខណ្ឌសីមា ដែលពួកគាត់ចោទប្រកាន់ថា ធ្វើឱ្យបាត់បង់ដីស្រែចម្ការរបស់ពលរដ្ឋខ្មែររាប់រយគ្រួសារ។
ពលរដ្ឋម្នាក់ឈ្មោះ ឆាយ វិត បានថ្លែងជាសាធារណៈផ្តាំទៅអតីតទេសរដ្ឋមន្ត្រីនៃ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង ថា ភូមិអំផុល និងភូមិភោគ មិនមែនបាត់បង់នៅសម័យដូនតាខ្មែរនោះទេ គឺបាត់ក្នុងសម័យនេះ។
ឆាយ វិត៖ «គណៈកម្មាធិការព្រំដែន គេមកដល់ គេឈរមើលសិន គេថា អ៊ំៗមកនេះ គេថាអ៊ំអើយ គេថា ស្រុកខ្មែរ ព្រំដែនមានទាំងពីច្បាប់ជាតិ និងអន្តរជាតិ ផែនទីធ្វើតាំងពីឆ្នាំប៉ុន្មាន? គេប្រាប់? គេថា យើងឆ្ការៗ ធ្វើតាំងពីដូនតាមើល រឿងដីធ្លីស្អីៗ មិនដឹងជា របស់គេ និងជារបស់យើង ឥឡូវយើងមានផែនទី។ គេមកពន្លត់កំហឹងពួកខ្ញុំ។ ដីនេះ ពួកខ្ញុំធ្វើតាំងពីដូនតាមក ពួកខ្ញុំមិនដឹងផែនទីត្រឹមណាទេ? ភូមិអំផុល និងភូមិធ្លក សុទ្ធតែភូមិខ្មែរ មិនមែនបាត់តាំងពីដូនតាមកទេ បាត់សម័យខ្ញុំទេ។ គាត់ថា ភូមិខ្មែរចូលដីវៀតណាម ខ្ញុំ បើមានកាំភ្លើង ចង់បាញ់ទូរទស្សន៍ហ្នឹងចោល គាត់ថា ពលរដ្ឋចូលដីវៀតណាម ឱ្យលោកឯង រៀនមួយសារទៀត»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបកស្រាយបន្ថែមរឿងនេះ ពីរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការកិច្ចការព្រំដែន លោក ឡាំ ជា បាននៅឡើយទេ នៅថ្ងៃទី ៣០ សីហា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
កាលពីខែកក្កដាកន្លងទៅ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែននៃ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានមួយ បង្ហាញថា ការបោះបង្គោលព្រំដែន រវាងកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងត្រឹមត្រូវ ម៉ត់ចត់ និងច្បាស់លាស់ ដើម្បីរក្សាបានផ្ទៃក្រឡាដីកម្ពុជា ១៨១.០៣៥ ដូចបានកំណត់ច្បាស់ នៅក្នុងរដ្ឋធម្មនុញ្ញ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ពន្យល់ថា រដ្ឋាភិបាលបោះបង្គោលព្រំដែន ជាមួយវៀតណាម ដោយមិនផ្អែកតាមមរតករបស់បារាំង ឬ អនុសញ្ញាកម្ពុជា-កូសាំងស៊ីន ឆ្នាំ១៨៧៣ នឹងធ្វើឱ្យដីស្រែ និងភូមិខ្មែរមួយចំនួន បាត់បង់ទៅវៀតណាម ជាបន្តបន្ទាប់។
លោក អ៊ុំ សំអាន៖«អ្វីដែលបោះបង្គោលកន្លងមក មិនត្រឹមត្រូវ គួរតែសើរើឡើងវិញ។ ភូមិខ្មែរ និងផ្ទះខ្មែរ ចូលដីយួន លេខាធិការដ្ឋានគណៈកម្មការព្រំដែន គួរតែពិនិត្យមើលឡើងវិញ។ បើដោះស្រាយមិនចេញ គួរតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាហ្នឹងបាន»។
ទាក់ទិនបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរតែដោះស្រាយបញ្ហានេះ និងទុក្ខកង្វល់រួមរបស់ពលរដ្ឋ ដើម្បីលាងជម្រះកម្អែលប្រវត្តិសាស្ត្រ ដែលបន្សល់ពីឪពុករបស់លោក។
លោក ម៉ែន ណាត៖ «ការបោះបង្គោលព្រំដែន ធ្វើឡើងដោយរដ្ឋាភិបាល ហ៊ុន សែន កន្លងហើយ យកសន្ធិសញ្ញា ឆ្នាំ១៩៨៥ ជាមូលដ្ឋាន រួមទាំងធ្វើផែនទីថ្មីៗ មិនត្រឹមត្រូវ តាមផែនទីដើម ចែងក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញ។ តាមច្បាប់ ត្រូវសើរើឡើងវិញ។ នាយករដ្ឋមន្ត្រីក៏ដោយ ត្រូវមានទោស ស្មើនឹងទោសជាតិប្រហារ ឬទោសក្បត់ជាតិ»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហ៊ុន សែន បានទៅចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែន ដែលបានបោះរួចចំនួន ៨៤% ជាមួយភាគីវៀតណាម ដល់រដ្ឋធានីហាណូយ។
បើទោះជាគណបក្សប្រឆាំង ចាត់ទុកការបោះបង្គោលព្រំដែនកន្លងទៅ មិនស្របតាមមរតកបន្សល់ទុកពីអាណានិគមនិយមបារាំង និង ផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា៕

