សាលា​ដំបូង​​រាជ​ធានី​ ​សម្រេច​​​ឃុំ​ខ្លួន​​​អតីត​​​សមាជិក​​​ក្រុម​ប្រឹក្សា​​​ខេត្ត​​-​រាជ​ធានី CNRP​ ៣​ រូប​

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​​ឃុំខ្លួន ​អតីត​​ក្រុមប្រឹក្សា​​រាជធានី​​-ខេត្ត​ មក​​ពី​គណ​បក្ស​​​សង្គ្រោះ​ជាតិ​ ចំនួន ៣ រូប ​ជា​​បណ្តោះ​អាសន្ន​ ​នៅ​​ពន្ធនាគារ​​ព្រៃស ពី​​បទ​ចោទ​​ប្រហាក់​​ប្រហែល​គ្នា​​ពាក់ព័ន្ធ​​ការ​ញុះញង់​​ បង្ក​​ឱ្យ​​មាន​​ភាព​វឹកវរ​ ​នៅ​ក្នុង​​សង្គម។ ការសម្រេច​ឃុំខ្លួន​នោះ ក្រោ​យ​​ពេល​​សមត្ថកិច្ច​​​បាន​​​ចាប់​ខ្លួន​​​ពួក​គេ​​​ជា​បន្តបន្ទាប់​​ ចាប់​តាំង​ពី​​ចុង​​​ខែ​​ឧសភា ដល់​​​ថ្ងៃទី ០១ ខែ​មិថុនា និង​​បញ្ជូន​​​​មក​​​សាលាដំបូង​​រាជធានី​​ភ្នំពេញ។

អ្នកនាំពាក្យ​​សាលាដំបូង​​រាជធានី​​ភ្នំពេញ លោក ​អ៊ី រិន្ទ បាន​​ប្រាប់ ​វី.អូ.ឌី​ (VOD) នៅ​​​ថ្ងៃ​នេះ​ តាម​​​​ប្រព័ន្ធ​​​ទំនាក់​ទំនង​​​តេឡេ​​ក្រាម​​​ថា លោក​ ស៊ុន ធន់ ត្រូវ​​បាន​​​ចៅ​ក្រម​​ស៊ើប​​សួរ​​សាលា​ដំបូង​​​រាជធានី​​ភ្នំពេញ សម្រេច​​​​ឃុំខ្លួន​​បណ្តោះ​អាសន្ន​ ​នៅ​​មណ្ឌល​​កែប្រែ ម១ ឬ​គុក​ព្រៃស ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។ លោក​​បញ្ជាក់​ថា៖ «ឈ្មោះ ស៊ុន ធន់ ត្រូវ​​បាន​​ចៅក្រម​​ស៊ើបសួរ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ សម្រេច​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​នៅ ម១ ពី​បទ រួមគំនិត​ក្បត់ ញុះញង់​​ឱ្យ​​ប្រព្រឹត្ត​​អំពើ​​បង្ក​​ឱ្យ​​មាន​​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ​ដល់​​សន្តិសុខ​​សង្គម និង​​ញុះញង់​​កុំឱ្យ​​យោធិន​​ ស្តាប់​បង្គាប់ តាម​​មាត្រា ៤៥៣, ៤៩៤​, ៤៩៥ និង​មាត្រា ៤៧១ នៃ​ក្រម​​ព្រហ្មទណ្ឌ»

លោក​ ស៊ុន ធន់ បច្ចុប្បន្ន​ជា​គ្រូបង្រៀន ​នៅ​អនុវិទ្យាល័យ​ ហ៊ុន សែន ទួល​ដំណាក់ ក្នុង​​ស្រុក​​បារាយណ៍ ​ខេត្ត​​កំពង់ធំ និង​​​ជា​អតីត​​សមាជិក​​​ក្រុមប្រឹក្សា​​​ខេត្ត​កំពង់ធំ ​របស់​​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​​​ធ្លាប់​​ជា​​អតីត​ប្រធាន​{នៃ} ​​​សមាគម​​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​ប្រចាំ​ខេត្ត​នេះ​​​ទៀត​ផង។

មាន​វ័យ ២៨ ឆ្នាំ ជា​កូនប្រុស​របស់ ​លោក ស៊ុន ធន់ គឺ​លោក ស៊ុន ធានី បាន​​ហៅ​ការ​ចាប់​ និង​​ឃុំ​ខ្លួន​ឪពុក​​ពេល​នេះ ​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ និង​ជា​រឿង​អយុត្តិធម៌​ ដែល​គ្រួសារ​​លោក​​ មិន​​អាច​ទទួលយក​បាន ត្បិត​សំណុំរឿង​ក្នុង​ដីកា​ចាប់ខ្លួន​ឪពុក​លោក​នោះ ជា​សំណុំរឿង​​នៅ​​ឆ្នាំ ២០១៨ និង ២០១៩ ប៉ុណ្ណោះ ហើយ​ឪពុក​​លោក ​ក៏បាន​​ផ្អាក​សកម្មភាព​​នយោបាយ​​ តាំងពី​គណបក្ស​សង្រ្គោះ​ជាតិ​ ត្រូវ​បាន​រំលាយ​ម៉្លេះ។ លោក​បន្ត​ថា៖ «ស្ថានភាព​នេះ ​មើលទៅ​វា​ជា​លក្ខណៈ​​នយោបាយ​​សុទ្ធសាធ ព្រោះ​​រាល់ថ្ងៃ​​ហ្នឹង​​គាត់​​អត់​មាន​​បាន​​ប្រព្រឹត្ត​​អ្វី​ទេ គាត់​​នៅ​តែ​ផ្ទះ ​និង​​ទៅ​​សាលា កាល​មុន​គេ​​នៅ​​បង្រៀន ​គាត់​​ទៅ​​សាលា​​ធម្មតា​ទេ។ ហើយ​មួយ​​រយៈ​ហ្នឹង គេ​​បិទ​សាលា​​ទៅ​ គាត់​នៅតែ​ផ្ទះ​ទេ ធ្វើការងារ​​ផ្ទះ​ធម្មតា​​ទៅ ហើយ​សកម្មភាព​នានា​ គាត់​បាន​​បញ្ឈប់​​អស់​ហើយ។ តែ​ដោយសារ​​គាត់​ជាម​ន្ត្រី​​អតីត​​ក្រុមប្រឹក្សា​ខេត្ត ហើយ​​គាត់​ធ្លាប់ធ្វើ​​សកម្មភាព​​ខ្លាំង​​ពី​មុន​ ទើប​ធ្វើ​ឱ្យ​​គេ​ចាប់​គាត់​​តែ​ម្តង​ទៅ។ ជា​រឿង​អយុត្តិធម៌​​ដ៏​ច្បាស់ក្រ​ឡែត​​ដែរ ដែល​​គ្រួសារ​​ខ្ញុំ​​មិន​អាច​ទទួលយក​បាន»

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ឆាយ គឹម​ខឿន បញ្ជាក់​ប្រាប់ VOD នៅ​ថ្ងៃនេះ​ថា លោក ស៊ុន ធន់ ពិតជា​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃម្សិលមិញ រួច​បញ្ជូន​មក​តុលាការមែន។ លោក​ឱ្យ​ដឹង​ថា ក្រៅពី​លោក ស៊ុន ធន់ ក៏​មាន​មនុស្ស​ ២ ​នាក់​ទៀត ​ត្រូវ​បាន​ចាប់ខ្លួន​គិត​ត្រឹម​ចុងខែ​ ​ឧសភា ដល់​ថ្ងៃទី ២ ខែមិថុនា​​នេះ ដោយ​ម្នាក់​​នៅ​ ខេត្តសៀមរាប និង​ម្នាក់ទៀត​ ចាប់ខ្លួន​នៅ​ ខេត្តតាកែវ ដោយ​ចោទប្រកាន់​ពី​បទល្មើស​​ដូចគ្នា។ លោក​អះអាង​ថា មាន​មនុស្ស​ជាង ២០ នាក់​ហើយ ដែល​ត្រូវ​បាន​​សមត្ថកិច្ច​​ចាប់​ខ្លួន​ ពាក់​ព័ន្ធ​​សំណុំ​រឿង​​បែប​នេះ ក្នុង​អំឡុង​ពេល​​វិបត្តិ​​កូ​វីដ១៩។ ប៉ុន្តែ​លោក​​មិនដឹង​ថា ​ពួក​​គេ​ជា​​អតីត​​បក្ស​​ប្រឆាំង​ ឬ​មិន​ប្រឆាំង​​នោះ​​ទេ ដោយ​​ថា ​សមត្ថកិច្ច​ចាប់ខ្លួន​​មនុស្ស​ទាំងនោះ ​យោង​​​តាម​​ដី​កា​រ​​បស់​​​តុលាការ​​​ប៉ុណ្ណោះ។ លោក​​​​មានប្រសាសន៍​ថា៖ «ខ្ញុំ​អត់​បាន​ឆែក​អី​ទេ ខ្ញុំ​មើល​តែ​សវ​តា​​ជាតិ​​គាត់​ទេ ព្រោះ​​ក្នុង​​ដីកា​ គេ​​មិន​បាន​​បញ្ជាក់​​​ថា ​អ្នកឯង​ជា​នរណា​ទេ គេដាក់​តែ​សវ​តា​ជាតិ​ កើត​នៅ​ណា​? អីណា​? ផ្ទះនៅ​ណា? ហើយ​ប្រព្រឹត្ត​អំពើ​អី​?»

សហ​មេធាវី​ការពារ​ក្តី​​ឱ្យ​​អតីតមន្ត្រី​បក្ស​ប្រឆាំង​ លោក សំ សុ​គង់ បញ្ជាក់​ថា​ កូន​ក្តី​របស់​លោក​ ៣ រូប ​ដែល​កំពុង​​​ជាប់​​ឃុំ​​​បណ្តោះ​អាសន្ន​​ ក្នុង​​ពន្ធនាគារ​​ព្រៃស រួម​មាន​​អតីត​សមាជិក​​​ក្រុមប្រឹក្សា​​​រាជធានី​​​ភ្នំពេញ​ លោក កាក់ កុម្ភា​រ ដែល​​ត្រូវ​​បាន​​ចាប់​ខ្លួន​​នៅ​ ខេត្តតាកែវ ​កាលពី​ថ្ងៃទី ៣១ ខែឧសភា ដោយ​​ចោទ​ប្រកាន់​​ ២ ​បទល្មើស រួមមាន ​បទ​រួមគំនិតក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាថ៌ ដែល​ប្រព្រឹត្ត​ឡើង​​កាលពី​ឆ្នាំ​ ២០១៩។

ដោយ​ឡែក​ អតីត​សមាជិក​ក្រុមប្រឹក្សា​​ខេត្តសៀមរាប ​លោក ពៀត ម៉ា​ប់ ត្រូវ​បាន​ចាប់ខ្លួន​​ កាល​ពី​​​ថ្ងៃ​ទី​២៧ ខែ​​​ឧសភា និង​​អតីត​សមាជិក​​​ក្រុមប្រឹក្សា​​ខេត្តកំពង់ធំ លោក ស៊ុន ធន់ ដែល​​​ត្រូវ​​​​បាន​​​​ចាប់​​​ខ្លួន​ ​កាល​​ពី​​​​ថ្ងៃ​​ម្សិល​​មិញ​​​​នោះ​ ត្រូវ​​បាន​​​តុលាការ​​​​ចោទ​ប្រកាន់ ៣ បទល្មើស បទ​​រួមគំនិត​ក្បត់ ញុះញង់​​ឱ្យ​​ប្រព្រឹត្ត​​អំពើ​បង្ក​​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់​បង្គាប់ ដែល​ប្រព្រឹត្ត​ឡើង​កាល​ពី​​ឆ្នាំ ២០១៨។

មេធាវី​ការពារ​ក្តី​ដដែល យល់ឃើញ​ថា ​ការ​ចាប់ខ្លួន​កូន​ក្តី​លោក ដោយ​យោង​ទៅលើ​សំណុំរឿង​ចាស់ ជា​រឿង​មិន​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់​នោះ​ឡើយ។​ លោក​បន្ត​ថា៖ «ខ្ញុំ​យល់ថា​ ការ​ចាប់ខ្លួន​ដោយ​យោង​តាម​សំណុំរឿង​ចាស់​ ជា​រឿង​ដែល​មិនទាន់​ត្រឹមត្រូវ​ទៅ​តាម​​​នីតិវិធី​​ច្បាប់​​ទេ ដោយ​សារ​ទាក់ទង​​បញ្ហា​​ផ្លូវច្បាប់​ កាល​ណា​​សំណុំរឿង​​ឆ្នាំ ២០១៨ ឬ ២០១៩ គឺ​​គេ​​មិន​ដែល​​​លាតសន្ធឹង​​​មក​​ថ្ងៃ​​​អនាគត​​​ទេ គឺ​មាន​តែ​​​ធាក់​​ទៅ​​ក្រោយ​​នៃ​​បទល្មើស ដើម្បី​​គេ​​ធ្វើការ​ស៊ើប​អង្កេត​​នូវ​សកម្មភាព​​ដែល​​បាន​​កើតឡើង​​រួចហើយ។ ប៉ុន្តែ​ ក្នុង​រឿង​នេះ ​ខ្ញុំ​ជា​មេធាវី​​ក៏​មិន​យល់​​ដែរ ពាក់ព័ន្ធ​​ការអនុវត្ត​​ច្បាប់​​​របស់​​​តុលាការ​ ឬ​​ក៏​​សមត្ថកិច្ច​​​ហ្នឹង ដែល​​​ចាប់ខ្លួន​​​ក្នុង​​​សំណុំរឿង​​ចាស់ តែ​​​ចាប់ខ្លួន​​​នៅ​​​ឆ្នាំ​​ថ្មី ​ដែល​​​វា​ខុស​​​ទៅ​​នឹង​​​នីតិវិធី​​​ច្បាប់»

មេធាវី​​ដដែល បញ្ជាក់​ថា ​លោក​​នឹង​​ដាក់​លិខិតស្នើ​សុំ​​ទៅ​​ចៅ​ក្រម​ស៊ើប​សួរ ដើម្បី​​ឱ្យ​​កូន​​ក្តី​ខ្លួន​​ទាំង ៣ រូប​ បាន​​​នៅ​​​ក្រៅ​ឃុំ​​​ជា​បណ្តោះ​អាសន្ន និង​​ខិតខំ​ប្រមែ​ប្រមូល​​ភស្តុ​តាង​​ដាក់​​ទៅ​​តុលាការ​ ដើម្បី​​ស្នើ​​ឱ្យ​​​ទម្លាក់​ចោល​​លើ​​សំណុំ​រឿង​​​កូន​​ក្តី​​​របស់​​លោក​​ផង​​ដែរ។

នាយករង​អង្គការ​លី​កាដូ លោក អំ សំអាត មើលឃើញ​ថា ការ​ចាប់​ខ្លួន​​អតីតមន្ត្រី​​​បក្ស​ប្រឆាំង​​​បន្ត​​បន្ទាប់​​​ក្នុង​​​​សំណុំ​​រឿង​​​ចាស់​​​​ពេល​នេះ ធ្វើ​ឱ្យ​គេ​​មើល​ឃើញ​​ថា ​ជា​រឿង​​នយោបាយ​​ច្រើន​ជាង​​ការអនុវត្ត​​ច្បាប់ ព្រមទាំង​​​ជា​​ការ​គំរាមកំហែង​​បំបាក់​​ស្មារតី​​អតីតមន្ត្រី​​​បក្ស​សង្គ្រោះ​ជាតិ​​​ផង​​ដែរ។

យ៉ាងនេះ​ក្តី​ ក្នុង​ស្ថានភាព​​នៃ​វិបត្តិ​​កូ​វីដ១៩ សង្គម​​ស៊ីវិល​រូប​នេះ​​យល់ថា ​អ្នក​នយោបាយ​​​គប្បី​​​រួម​គ្នា​​​ដោះ​ស្រាយ​​​បញ្ហា​​​ជាតិ ដោយ​​​ទុក​​រឿង​​​នយោបាយ​​​មួយ​ឡែក​​សិន។

លោក អំ សំអាត មានប្រសាសន៍​ថា៖ «ពីព្រោះ​យើង​មើលឃើញ​ហើយ​ថា​ នៅ​បណ្តា​​ប្រទេស​​ផ្សេង​ៗ នៅ​​ពេល​​មាន​​​បញ្ហា​​​អីចឹង ​គឺ​គេ​ធ្វើការ​​ជជែកគ្នា​​ដោយសន្តិវិធី ​ធ្វើ​​យ៉ាង​ណា​​​ដោះស្រាយ​​​នូវ​​​វិបត្តិ​​រួម​​​របស់​​ប្រទេស​​ជាតិ ប្រយោជន៍​​ប្រជាពល​រដ្ឋ​​សង្គម​​ជាតិ​​យើង។ រឿង​​នយោបាយ​​​ទុក​​មួយ​​​​ឡែក​សិន»

កាលពី​ថ្ងៃម្សិលមិញ​ ថ្លែង​ពី​ខេត្ត​ព្រះសីហនុ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ព្រមាន​ដល់​អតីតមន្ត្រី​បក្ស​ប្រឆាំង​​នៅ​ក្នុង​​ស្រុក ​និង​​ក្រៅ​ស្រុក​​ជាថ្មី​​ទៀត ដែល​​ហ៊ាន​​ធ្វើ​ចលនា​បង្កចលាចល​សង្គម​ ដោយ​​យក​បញ្ហា​​នៃ​វិបត្តិ​កូ​វីដ​១៩ ជា​លេស​ ដើម្បី​​ផ្តួល​រំលំ​​រដ្ឋាភិបាល​​លោក ដោយ​លោក​​អះអាង​​ថា​ នឹង​​ប្រើ​យុទ្ធសាស្ត្រ​កាត់​ក្បាល ហើយ​បំបែក​ខ្លួន​ក្រុមប្រឆាំង​​ថែម​ទៀត​​ផង។

លោក ​ហ៊ុន សែន មានប្រសាសន៍​ថា៖ «ហើយ​ខ្ញុំ​សូម​ព្រមាន សូមកុំ​ឆ្លៀតឱកាសកូ​វីដ១៩ ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ឱ្យ​សោះ បង្កចលាចល​ឱ្យ​សោះ។ អ្នក​ចង់​សាក កម្លាំង​របស់​អ្នក​កាន់តែ​ថយ​ចុះ តាមរយៈ​ផ្តាច់​ក្បាល បំបែក​ដងខ្លួន​តែម្តង។ និយាយប្រាប់​លោក​ឯង​ឱ្យ​ត្រង់ ឱ្យ​ច្បាស់»

អ្នកវិភាគ​នយោបាយ​ លោកបណ្ឌិត ឡៅ ម៉ុង​ហៃ យល់ឃើញ​ថា ការ​ចាប់ខ្លួន​អតីតមន្ត្រី​បក្ស​ប្រឆាំង​ជាបន្ត​បន្ទាប់​នេះ ជា​ការអនុវត្ត​នូវ​អ្វី​ដែល​ជា​យុទ្ធសាស្ត្រ​កាត់​ក្បាល​បំបែក​ខ្លួន​បក្ស​ប្រឆាំង​ដូច​ការ​លើកឡើង​របស់​​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។

អ្នកវិភាគ​ដដែល​បន្ត​ថា ​យុទ្ធសាស្ត្រ​នេះមិន​មានប្រសិទ្ធភាព​ទេ ហើយ​បាន​បង្ហាញថា គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ ត្បិត​គណបក្ស​នេះ​បាន​ដក់ជាប់​ក្នុងទឹក​ចិត្ត​ពលរដ្ឋ​កន្លះ​នគរ​រួច​ទៅ​ហើយ។ ប៉ុន្តែ​ វា​បាន​បង្ហាញ​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ពី​ការ​បែកបាក់​សាមគ្គី​ជាតិ និង​មិន​អាច​​សម្រេច​​គោលដៅ​​នៃ​ការ​រួមរស់​ដោយ​សុខដុមរមនា​ជាមួយគ្នា ​ក្រោម​​ដំបូល​​ប្រទេស​​តែ​មួយ។

លោក​មានប្រសាសន៍​ថា៖ «នៅតែ​មានការ​បែកបាក់​គ្នា។ តាមពិត​ទៅ ​គឺ​អរិ​យភាព​រវាង​អ្នកដឹកនាំ​ប្រទេស និង​ប្រជាពលរដ្ឋ​ដែល​មាន​ជាប់ជំពាក់​ក្នុង​ការ​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ហ្នឹង។ អាហ្នឹង​បើ​គេ​គិត​យក​ស្តង់ដារ​ឯកភាពជាតិ សាមគ្គីភាព ហើយ​សង្គម​រស់នៅ​សុខដុម​គ្នា មិន​អាច​សម្រេច​បាន​គោលដៅ​​ហ្នឹង​ទេ»

គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​ស ម្រេច​រំលាយ​កាលពី​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ និង​បាន​​​ហាម​មន្ត្រី​ជាន់ខ្ពស់​​បក្ស​នេះ ១១៨ រូប ​មិន​​ឱ្យ​ធ្វើ​​នយោបាយ​រយៈពេល ៥ ឆ្នាំ។ ការ​រំលាយ​​គណបក្ស​សង្រ្គោះ​ជាតិ ក្រោយ​ពី​ចាប់ខ្លួន​​អតីតប្រធាន​​បក្ស​នេះ​ លោក កឹម សុខា ដាក់​ពន្ធនាគារ​ប្រមាណ ៣ ខែ​ ដោយ​​ចោទប្រកាន់​​ពី​ទោស​ក្បត់​ជាតិ ខណៈ​សំណុំ​រឿង​នេះ​​ នៅ​​បន្ត​​រហូត​ដល់​​ពេល​បច្ចុប្បន្ន ​មិន​ទាន់​​បញ្ចប់​នោះ​ទេ ហើយ​លោ​ក កឹម សុខា ក៏​មិនទាន់​​ត្រូវ​​បាន​​តុលាការ​​ប្រកាស​ថា​ មានទោស ​ឬ​គ្មាន​​ទោស​​នោះ​​ដែរ​៕

.