The Cambodia Daily
26-9-2023
អ្នកឃ្លាំមើល ហៅវិធានការរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលប្រកាសចាត់ការទាហានដែលពាក់ព័ន្ធគ្រឿងញៀន ថាមិនមានប្រសិទ្ធភាពឡើយ ដោយសារពួកអ្នកជួញដូរ និងចែកចាយគ្រឿងញៀន មិនមែនជាកូនទាហាន ឬមន្ត្រីតូចតាចនោះទេ។
ការលើកឡើងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានព្រមានចាត់វិធានការច្បាប់ ចំពោះទាហានណាដែលជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន។ ក្រៅពីប្រកាសដូច្នេះ លោកថា អ្នកដែលប្រឡងចូលក្របខ័ណ្ឌកងទ័ព ក៏ត្រូវតែធ្វើតេស្ដគ្រឿងញៀនយ៉ាងតិចចំនួនបួនដងផងដែរ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily ថា វិធានការរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនេះ មិនមានប្រសិទ្ធភាពឡើយ ដោយសារតែអ្នកជួញដូរ និងចែកចាយគ្រឿងញៀន មិនមែនជាកូនទាហាន ឬមន្ត្រីតូចតាចនោះទេ ដោយភាគច្រើនជាមេទាហាន ដែលមានឋានៈតួនាទីគ្រាក់ៗ និងពាក់ផ្កាយផងដែរ។
លោកក៏មិនមានជំនឿទៅលើការធ្វើតេស្ដ និងស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៅក្នុងក្របខ័ណ្ឌកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការនោះទេ ពីព្រោះកន្លងមក មានបទពិសោធន៍រួចហើយថា រដ្ឋាភិបាល មិនហ៊ានចាត់វិធានការលើពួកគេ ដោយសារអ្នកទាំងនោះ ជាក្រុមបក្ខពួក និងសាច់ញាតិរបស់ខ្លួន។
លោក ម៉ែន ណាត អះអាងថា ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀនបាន លុះត្រាតែរដ្ឋាភិបាល ហ៊ានបើកការស៊ើបអង្កេតដែលមានការចូលរួមពីអង្គការសង្គមស៊ីវិល សហគមន៍អន្តរជាតិដោយឯករាជ្យ និងតម្លាភាព។ លើសពីនេះ លោកជំរុញឲ្យចាប់ផ្ដើមស៊ើបអង្កេតពីក្រុមមន្ត្រី កងកម្លាំងប្រដាប់អាវុធដែលធ្លាប់ជួញដូរគ្រឿងញៀន និងនៅពីក្រោយខ្នងករណីនេះកន្លងមក មកដាក់ទោសតាមច្បាប់ ដើម្បីជាគំរូ និងជាការព្រមានទៅមន្ត្រីកងកម្លាំងប្រដាប់អាវុធផ្សេងៗទៀត។
កាលពីពេលថ្មីៗនេះ អធិការរងខណ្ឌព្រែកព្នៅ ម្នាក់បានធ្លាក់ពីលើអគារស្លាប់ ដោយសារគេចខ្លួន អំឡុងពេលសមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន នៅទីតាំងនោះ។ ការគេចខ្លួនរបស់អធិការរងខណ្ឌព្រែកព្នៅ ម្នាក់រហូតដល់ធ្លាក់ពីបន្ទប់ជាន់ទី៣៧ នៃអគារស្កាយឡាញ ដោយសមត្ថកិច្ចសង្ស័យថា អធិការរងខណ្ឌរូបនេះ កំពុងជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ ឲ្យដឹងថា អាជ្ញាធរគ្រឿងញៀន ប្រកាសដាក់ចេញទិសដៅការងារអាទិភាពចំនួន៥ សម្រាប់អនុវត្តបន្តនៅពេលខាងមុខ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ទៅតាមការប្ដេជ្ញារបស់រដ្ឋាភិបាលថ្មី។ ក្នុងចំណោមការងារអាទិភាពទាំង ៥ នោះ គឺការផ្ដោតទៅលើការលុបបំបាត់ការចែកចាយ ប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេស តាមក្លឹបកម្សាន្ត ខារ៉ាអូខេ ជាដើម ក្រោយសមត្ថកិច្ចរកឃើញថា ក្លឹបកម្សាន្តនៅទូទាំងប្រទេស ប្រមាណ ១៣០០ទីតាំង ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។
ក្នុងរយៈពេល ៨ខែឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនទូទាំងប្រទេស បានចំនួនជាង ៥ពាន់ករណី (៥០៦០ករណី) ដោយឃាត់ខ្លួនជនសង្ស័យចំនួនជាង ១ម៉ឺន ២ពាន់នាក់ (១២៣៥៦នាក់)។ ក្នុងនោះ សមត្ថកិច្ចដកហូតសារធាតុញៀនជាង ២៦០០គីឡូក្រាម និងកញ្ឆាស្ងួតជិត ៥០គីឡូក្រាម ហើយសារធាតុគីមីជាង ៨០០គីឡូក្រាម។
លោក មាស វិរិទ្ធ បញ្ជាក់ថា តួលេខជនល្មើសប្រព្រឹត្តគ្រឿងញៀនជាង ១ម៉ឺននាក់នេះ ជាចំនួនដែលអាជ្ញាធរគ្រប់គ្រង និងបង្ក្រាបបាន ខណៈបទល្មើសជាក់ស្ដែងប្រមាណ ៣ ម៉ឺនករណីផ្សេងទៀត ដែលធ្វើឲ្យអាជ្ញាធរមិនអាចគ្រប់គ្រងបាន៕