បញ្ចូលអត្ថបទ៖ CWCI Cambodia

ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅលើបណ្តាញសង្គម ជាពិសេសបណ្តាញ​ហ្វេសប៊ុក គេ​ឃើញ​តម្លៃ​សីលធម៌ និង​សុជីវធម៌​ក្នុង​សង្គម​ខ្មែរ មាន​ការធ្លាក់ចុះ​កាន់តែ​ធ្ងន់ធ្ងរ តាម​រយៈការ​ជេរ​ប្រមាថ ការលាបពណ៌ និង​ការកាត់ត​រូបភាព​នានា ដែល​​ពាក់ព័ន្ធ​វិស័យ​នយោបាយ សង្គម និង​សិល្បៈ។

ក្រុមការងារយើង​ សូមលើកយក​ទស្សនៈ​មួយជ្រុង មក​ឆ្លុះបញ្ចាំង​អំពីវិស័យ​នយោបាយ​កម្ពុជា ដែល​កំពុង​ស្ថិតក្នុង​ស្ថានភាព​វិបត្តិ​ជាច្រើន​អន្លើ ខណៈពេល​រដ្ឋាភិបាល​នៃ​លោក ហ៊ុន សែន រំលោភ​បំពាន​រដ្ឋធម្មនុញ្ញផង និងគោលការណ៍​ច្បាប់​អន្តរជាតិនានា​​ផង។ ជាមួយគ្នា​នេះ ទាំង​អ្នកនយោបាយស្រប អ្នកនយោបាយ​ប្រឆាំង និង​អ្នកគាំទ្រ​របស់ពួកគេ​មួយចំនួន បាន​បង្កើត​​ទស្សនៈ​ជ្រុលនិយម បង្ក​ការបែកបាក់​ជាតិ​ធ្ងន់ធ្ងរ​មួយកម្រិត​ទៀត។

ការជេរប្រមាថរបស់ក្រុមជ្រុលនិយម ហាក់ដូចជា​ចូលរួមជួយ​លោក ហ៊ុន សែន ជា​ជាង​បម្រើ​មនសិការ​ លើ​ការតស៊ូមតិរ​បស់​ក្រុមខ្លួន ក្នុងនាម​ជា​អ្នកនយោបាយ​ប្រឆាំង នៃភាគី​របស់​លោក សម រង្ស៊ី អតីត​មេដឹកនាំ​បក្សប្រឆាំង ដែល​សព្វថ្ងៃ​នៅ​ក្រៅ​ប្រទេស។ ពេលខ្លះ គណបក្សប្រជាជនកម្ពុជា របស់​​លោក ហ៊ុន សែន បាន​ដើរតួនាទី​ជាជនរងគ្រោះ ពី​ការជេរ​ប្រមាថ​របស់​អ្នកមាន​និន្នាការ​ប្រឆាំង នៃ​ភាគី​លោក សម រង្ស៊ី នៅ​ប៉ុន្មានឆ្នាំ​មក​​នេះ ថ្វីត្បិត​តែ​លោក ហ៊ុន សែន គឺជា​ដើមចម នៃ​ការរំលោភ​រដ្ឋធម្មនុញ្ញ ឈាន​ទៅការរំលាយ​គណបក្សប្រឆាំង និង ប្លន់យក​កៅអី​រដ្ឋសភា ព្រមទាំង​ក្រុមប្រឹក្សា​ឃុំសង្កាត់​ទាំងអស់ ពីគណបក្ស​ប្រឆាំង នៅចុងឆ្នាំ២០១៧ ក៏ដោយ។ នេះពុំទាន់​រាប់បញ្ចូល​ការចាប់​ឃុំខ្លួន លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ ទាំងបំពាន​អភ័យឯកសិទ្ធិសភា ផងទេ។

មានមតិខ្លះលើកឡើងថា នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកនយោបាយ​មាន​ទេពកោសល្យ បាន​ផ្សាភ្ជាប់​ការជេរ​ប្រមាថ​ទាំងនេះ ទៅនឹង​ប្រជាពលរដ្ឋខ្មែរ ដែល​ជាអ្នក​កាន់ព្រះពុទ្ធ​សាសនា ដើម្បី​យក​ប្រៀប​ខាង​នយោបាយ ក្នុង​ពេល​ខ្លួនគាត់ ក៏ជាមេដឹកនាំ​ជេរប្រមាថ និងលាបពណ៌​គេឯង ដែល​មាន​ទស្សនៈ​មិនស្រប​នឹង​ខ្លួន​ដែរ។

ចាប់ពីឆ្នាំ​១៩៧៩ រហូតមក​ដល់​បច្ចុប្បន្ន គណបក្ស​ប្រជាជនកម្ពុជា និង​លោក ហ៊ុន សែន បន្តក្រាញអំណាច ក្នុង​ការសម្រេច​គោលបំណង​របស់​ខ្លួន​គឺ «ធ្វើមានបាន​សម្រាប់​ក្រុមគ្រួសារ​ខ្លួន បក្ខពួកខ្លួន និង​ការពារ​អំណាច​របស់ខ្លួន​គ្រប់តម្លៃ ដោយ​ប្រើពាក្យ​ការពារសន្តិភាព មក​បិទបាំង​ការពិត» បើទោះបី​ជា​រដ្ឋាភិបាលរ​បស់​គាត់ បន្ត​រំលោភគោល​ការណ៍​នីតរដ្ឋ, ប្រព្រឹត្ត​អំពើពុករលួយ, រំលោភ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ, ប្រើ​ប្រព័ន្ធ​តុលាការ និង​កងកម្លាំង​ប្រដាប់អាវុធ សម្លុត​គំរាមកំហែង​បំបិទមាត់​ប្រជាពលរដ្ឋ, បំផ្លាញ​​ធនធាន​ធម្មជាតិ, និង​ខ្វះខាត​សំបើម​នូវប្រព័ន្ធ​សុខុមាភាព​សង្គមសម្រាប់​ជួយ​ជន​ខ្សត់​ខ្សោយ ជាពិសេស​ធ្វើឲ្យ​​យុវជនខ្មែរ​រាប់សែននាក់ ធ្វើ​ចំណាកស្រុក ជាដើម។ល។

តើប្រជាពលរដ្ឋខ្មែរ យល់ដឹងបញ្ហា​ទាំងនេះ​ច្បាស់លាស់​ឬទេ? – ប្រាកដ​ណាស់​ថា ប្រជាពលរដ្ឋ​ខ្មែរ អាចដឹង​គ្រប់សព្វ​អំពី​បញ្ហា​សង្គម​ទាំងនេះ។ – ចុះហេតុអ្វី​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ភាគ នៅតែ​អត់ឱន​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​គឺ​លោក ហ៊ុន សែន?

មានកត្តាជាច្រើន​ដែល​ធ្វើឱ្យប្រជាពលរដ្ឋ​ខ្មែរ យល់ថា មេដឹកនាំ​ប្រឆាំង មាន​ភាពទន់ខ្សោយ មិន​អាច​យក​ឈ្នះ​លោក ហ៊ុន សែន បាន។

កត្តាទី១៖ លោក ហ៊ុន សែន និងលោក សម រង្សុី ជាអ្នកនយោបាយ បាន​ធ្វើ​ការ​ដោះ​ដូរ​ផល​ប្រយោជន៍​គ្នា​ទៅវិញ​ទៅ​មក ដោយ​មិន​បាន​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ និងប្រជាពលរដ្ឋ​ ដែល​ប្រាថ្នា​ចង់​បាន ដោយ​ជាក់លាក់​ទេ ៖
លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានព្រមព្រៀង​គ្នា កែប្រែរដ្ឋធម្មនុញ្ញ ពី ២ភាគ៣ (២/៣) មកត្រឹម ៥០បូក១ (៥០%បូក១) នៅថ្ងៃទី ១៥ មីនា ២០០៦ ដែល​ជា​ការ​ដោះ​ដូរនយោបាយ​​កាល​នោះ។ រឿង​នេះហើយ បាន​ធ្វើឱ្យ​អ្នកប្រឆាំង បាក់​កម្លាំង​ពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ និង​ពីមួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ រហូត​ដល់​សព្វថ្ងៃ។
– ការបង្កើត​ជម្លោះ​នយោបាយ ជាលក្ខណៈបុគ្គល រួច​ហើយផ្សះផ្សា​នយោបាយ​ក៏ជាលក្ខណៈបុគ្គល​ច្រំដែលៗ ដែល​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ មើល​ឃើញ​ថា «ពួកគាត់​ទាំងពីរ​នាក់ នឹងត្រូវ​រូវ​គ្នា​វិញ ហើយ​ក៏ទាស់​គ្នា​វិញ នៅថ្ងៃ​ណាមួយ» ពោលគឺ «មិននាំ​មក​ផល​ចំណេញ​សម្រាប់ជាតិ និង​ពលរដ្ឋ​ជាក់លាក់​ទេ»។ ជាក់ស្តែង នៅឆ្នាំ​២០១៣ ជាឆ្នាំធំ​បំផុត ដែល​ប្រជាពលរដ្ឋ​ខ្មែរ ផ្តល់​សេចក្តី​ទុកចិត្ត ដល់​លោក សម រង្សុី និងលោក កឹម សុខា នៃ​គណបក្សសង្គ្រោះជាតិ ដែលបានប្រកាសថា «ឈ្នះការបោះឆ្នោត​ជាតិ និងដឹកនាំ​មហាបាតុកម្ម​រាប់លាន​នាក់»។ ពេលនោះ នៅថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣ ក្រុមសមាជិកសភា​ជាប់ឆ្នោត ៥៥ រូប នៃគណបក្ស​សង្គ្រោះជាតិ បាន​ទៅ​ស្បថ​សច្ចា​នៅ​មុខ​អង្គរវត្ត ខេត្ត​សៀមរាប ថា «មិន​ចូលរួមជាមួយ​សភាជាតិ ដើម្បី​បង្គ្រប់ទឹក ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា នៃ​លោក ហ៊ុន សែន ទេ» ខណៈ​ភាគី​លោក ហ៊ុន សែន ចូល​ស្បថស្បែរ​​ក្នុង​ថ្ងៃប្រជុំ​រដ្ឋសភាដំបូង នៅ​ទីក្រុង​ភ្នំពេញ នាថ្ងៃទី​២៤ ខែកញ្ញា ដដែល​នោះ​ដែរ។ លុះដល់​ខែ​កក្កដា ឆ្នាំ​២០១៤ លោក សម រង្សុី និង​គណបក្ស​សង្គ្រោះជាតិ​ទាំងមូល ប្រកាស​ចូល​ប្រជុំ​រដ្ឋសភា ​យ៉ាង​តល់ក្រហល់ បន្ទាប់​ពី​សម្រប​សម្រួល​ស្ងាត់ៗ ជាមួយ​លោក ហ៊ុន សែន រួចរាល់។
– ការកំណត់គោលដៅនយោបាយ «មានសុី (សម រង្ស៊ី) អត់សែន (ហ៊ុន សែន) ឬមានសែន ​អត់សុី» បាន​​ធ្វើឱ្យ​បែក​បាក់​ស្មារតី​ផ្សះផ្សា​ជាតិ និង​​ឯកភាពជាតិ កាន់​តែ​ធ្ងន់ធ្ងរ ហើយមិន​បាន​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ​ជាដុំកំភួន​សោះ ដែល​ផ្ទុយ​ពី​សេចក្តី​ត្រូវការរបស់​ប្រជាពលរដ្ឋ​​ខ្មែរ ដែល​ប្រថ្នា​ចង់ឃើញ «អ្នកនយោបាយ​ខ្មែរ ចេះ​និយាយ​រកគ្នា ចេះគោរព​គ្នា និង​​ចេះ​យោគយល់​គ្នា»

កត្តាទី២៖ សកម្មភាព​ជ្រុលនិយម​នានា នៅ​ពិភព​នយោបាយ​ខ្មែរ គេ​អាច​មើល​ឃើញ​​ថា អ្នក​នយោបាយ​​ខ្មែរ ប្រើ​វោហារ​សាស្ត្រ​វាយប្រហារគ្នា តាម​រូបភាព​ជេរប្រមាថ លាបពណ៌ ញុះញង់ មូលបង្កាច់​គ្នា​ទៅវិញ​ទៅ​មក នៅតែ​បន្ត​កើត​មាន។ បច្ចុប្បន្ននេះ មាន​តឹក​តាងសំបូរ​បែប​បង្ហាញ​ថា លោក ហ៊ុន សែន មេដឹកនាំ​បក្សកាន់​អំណាច, លោក សម រង្សុី អតីតមេដឹកនាំបក្ស​​ប្រឆាំង និង​លោក ខឹម វាសនា មេដឹកនាំ​បក្សជួង ហាក់ដូចជា​ដើរទិសដៅ​ស្របគ្នា ចូល​រួម​យ៉ាង​សកម្ម និង​បណ្តែត​​បណ្តោយ​ឲ្យ​ក្រុម​អ្នក​គាំទ្ររ​​បស់​ខ្លួន នៅ​លើ​បណ្តាញ​សង្គម ដើរ​ជេរប្រមាថ លាបពណ៌ និង​បង្អាប់បន្តុះ​ព្រះពុទ្ធសាសនា ព្រះមហាក្សត្រ និង​ប្រជាពលរដ្ឋ ដែល​មាន​ទស្សនៈ​ផ្ទុយពី​ក្រុម​របស់​ខ្លួន

ការលើកឡើងលើ ជាការបង្ហាញ​នូវក្តីព្រួយបារម្ភ​សង្គម អាចនាំ​ទៅរក​ហានីភ័យ​ធ្ងន់​ធ្ងរ ទាំង​ការ​ស្រុត​ចុះ​តម្លៃ​សីលធម៌ សុជីវធម៌ និង​ទាំង​ការ​លែង​ស្គាល់​ច្បាប់​ទម្លាប់ ដែល​បង្កការ​បែក​បាក់​សង្គម​បន្ថែម​ទៀត។ ដូច្នេះ អ្នកនយោបាយ​ខ្មែរ​គ្រប់​ភាគី និង​ពលរដ្ឋ​ខ្មែរខ្លួន​ឯង​ក្នុង​ចំនួន​ណាមួយ​នោះ គម្បី​ប្រញាប់​ភ្ញាក់រលឹក នាំគ្នា​កែ​ប្រែ​ស្ថានភាព​សង្គម និង កែប្រែ​ប្រក្រតីភាព​ខាង​នយោបាយ​ឡើងវិញ ស្រប​តាម​​ទំនៀម​ទម្លាប់​ដ៏ល្អ​របស់​ដូនតា​ខ្មែរ, ស្របតាម​រដ្ឋធម្មនុញ្ញ និង​​ស្របតាមយន្តការ​ច្បាប់​អន្តរជាតិ

អត្ថបទដោយលោក ទូច វិបុល និង​​លោក ម៉ែន ណាត នៃ​ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ

Photo 1999 & 2016 - Mr Touch Vibol
Photo 1999 & 2016 – Mr Touch Vibol

.

.