បើតាម​សារព័ត៌មាន VOD នៅថ្ងៃទី​១៧ មិថុនា នេះឲ្យដឹងថា «មេធាវី​ការពារក្តី​ឱ្យ​កញ្ញា សេង ធារី គឺលោក ជូង ជូងី បាន​អះអាង​ថា កូន​ក្តីលោក ត្រូវបាន​គេ​បញ្ជូន {ពី​ពន្ធនាគារ​ព្រៃ​ស ភ្នំពេញ} ​ទៅ​ឃុំខ្លួន ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ កាល​ពីថ្ងៃទី​១៥ ខែ​មិថុនា ទាំង​មិន​បាន​ដឹង​ពី​មូលហេតុ»

គួរបញ្ជាក់ថា ដោយសារ​មាន​ប្រតិកម្ម​កាន់​តែ​ច្រើន​ឡើង ​ពី​ពលរដ្ឋ ពី​អង្គការ​ជាតិ​-​អន្តរជាតិ និង​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ពី​សហរដ្ឋ​អាមេរិក។ ម្ល៉ោះ​ហើយ​កញ្ញា សេង ធារី ត្រូវ​បាន​​គេ​​បញ្ជូន​ទៅ​ឃុំ​ខ្លួន នៅ​ខេត្ត​ព្រះវិហារ ដែល​​អាច​និយាយ​បាន​ថា រដ្ឋាភិបាល​នៃ​លោក ហ៊ុន សែន ​ខ្លាច​មាន​ការ​ផ្ទុះ​ការតវ៉ា​ណា​មួយ​ជា​យថាហេតុ។ /​(អត្ថបទ​បន្ថែម៖ លោក ម៉ែន ណាត)

…………………..

The Cambodia Daily
17-6-2022

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ថា​ការ​កាត់ទោស​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង កញ្ញា សេង ធារី ដែល​ជា​មេធាវី​អន្តរជាតិ និង​សកម្មជន​នយោបាយ​ជា​ច្រើន​​នាក់​ទៀត ​ដាក់​គុក​ច្រើន​ឆ្នាំ «ពី​បទ​ក្បត់​ជាតិ» ដូច​គ្នា​ទៅ​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​ ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ​ទៅ​លើ​អ្នក​តវ៉ា​ដើម្បី​សិទ្ធិ​សេរីភាព។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក ​នៅ​ថ្ងៃទី​១៥ មិថុនា ថា ការ​កាត់ទោស​មេធាវី​អន្តរជាតិ កញ្ញា សេង ធារី និង​សកម្មជន​នយោបាយ​ជាច្រើន​ទៀត ​ដាក់​គុក​ច្រើន​ឆ្នាំ​ ពី​បទ​ក្បត់​ជាតិ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ឡើងវិញ ​នូវ​ការ​បង្ក្រាប​សកម្មជន​នយោបាយ​ដោយ​ហិង្សា​ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា កាលពី​ឆ្នាំ​២០១៤ ដែល​ធ្វើ​ឱ្យ​លំហ​ប្រជាធិបតេយ្យ​កាន់តែ​រួម​តូច​ចង្អៀត ​សម្រាប់​អ្នក​តស៊ូ​ដើម្បី​សេរីភាព​នៅ​កម្ពុជា។

បណ្ឌិត ឡៅ ម៉ុងហៃ រំឭក​ថា ការ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​កាលពី​ឆ្នាំ​២០១៤ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឱ្យ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ​របស់​អង្គការ​សហប្រជាជាតិ រិះគន់​យ៉ាង​ធ្ងន់ៗ​ថា តុលាការ​ខ្មែរ​ជា​ស្ថាប័ន​ដែល​មិន​ឯករាជ្យ និង​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​ របស់​បក្ស​កាន់​អំណាច ដើម្បី​បំបិទ​សំឡេង​អ្នក​តវ៉ា​ដើម្បី​សិទ្ធិ និង​សេរីភាព ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ ​មាន​ភាព​អាប់អួរ​ពោរពេញ​ដោយ​ការ​បង្ក្រាប​មិន​រើស​មុខ ​ពី​សំណាក់​កងកម្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម។ លោក​បន្ត​ថា ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ ធ្លាប់​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​គោរព​ច្បាប់ និង​គោលការណ៍​តុលាការ​ឯករាជ្យ​ផង​ដែរ ប៉ុន្តែ​ហាក់​មិន​ឃើញ​មាន​ការ​ប្រែប្រួល​ណា​មួយ​នោះ​ឡើយ។

កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ក្រុង​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​កញ្ញា សេង ធារី រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ​ដូចជា​លោក សម រង្ស៊ី និង​លោក អេង ឆៃអ៊ាង ជាដើម និង​សកម្មជន​ជាច្រើន​រូប​ទៀត ដូចជា​លោក ទុំ ប៊ុនថន និង​លោក កាក់ កុម្ភារ ផង​ដែរ​ឱ្យ​ជាប់​ពន្ធនាគារ​ចាប់ពី ៥​ឆ្នាំ​ដល់ ៨​ឆ្នាំ ក្នុង​នោះ​ក៏​មាន​អ្នក​ដែល​ត្រូវ​ព្យួរ​ទោស និង​អ្នក​ដែល​តុលាការ​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ថែម​ទៀត។

នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ជុំវិញ​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ លើ​មន្ត្រី​បក្ស​ប្រឆាំង សកម្មជន​នយោបាយ និង​កញ្ញា សេង ធារី កាលពី​ថ្ងៃ​អង្គារ ទី​១៤ មិថុនា ដោយ​ចាត់ទុក​ថា ​ជា​រឿង​នយោបាយ​ដែល​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ​បន្ទាប់ពី​ការ​ចាប់​ខ្លួន​កញ្ញា សេង ធារី ភ្លាមៗ​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​​នេះ គឺជា​ការ​សាកល្បង​ដ៏​ធំ​មួយ​ទៀត ​របស់​លោក ហ៊ុន សែន ដើម្បី​ចង់​ដឹង​ប្រតិកម្ម​របស់​ សហរដ្ឋ​អាមេរិក ​ក្នុង​កាលៈទេសៈ​នេះ បន្ទាប់ពី​ការ​ចាប់​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ ​ភ្ជាប់​នឹង​សហរដ្ឋ​អាមេរិក ​កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ។

ចំណែក​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ថ្កោលទោស​ភ្លាមៗ​ ជុំវិញ​ការ​ចាប់​ខ្លួន​កញ្ញា សេង ធារី នេះ​ដែរ​ថា ការ​សម្រេច​របស់​តុលាការ គឺជា​ការ​កាត់​ក្តី​យ៉ាង​អយុត្តិធម៌​ ទៅ​លើ​កញ្ញា សេង ធារី លើ​សកម្មជន​នយោបាយ និង​អ្នក​នយោបាយ​ប្រឆាំង​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​សាលក្រម​នេះ ​ធ្វើឡើង​តាម​ការ​បង្គាប់​បញ្ជា​បែប​នយោបាយ ​ពី​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​រក​ឃើញ​ថា កម្ពុជា​ បានជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ តាម​ផ្លូវ​តុលាការ​ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ៕