អត្ថបទដោយ TCD / 30-6-2020

ក្រុមសិល្បករអាជីពមួយចំនួន បារម្ភពីការបាត់បង់មរត៌ក នៃសិល្បៈវប្បធម៌ ដែល​កំពុង​រងការ​គម្រាម​កំហែង ពី​អ្នកសិល្បៈ​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ជនអាណាធិបតេយ្យ​មួយ​​ក្តាប់តូច ដែល​យក​វិស័យ​សិល្បៈ ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ក្នុងអាជីពជំនួញ លើ​បណ្តាញសង្គម​ហ្វេសប៊ុក។

លោក សុះ ម៉ាច អតីតប្រធាន​សមាគមសិល្បៈករខ្មែរ បញ្ជាក់ថា «ក្នុងនាមជាអ្នកសិល្បៈ ត្រូវគោរពក្រមសីលធម៌វិ​ជ្ជាជីវៈរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ព្រោះសកម្មភាពសិល្បៈរបស់ សិល្បករ សិល្បការិនី​គ្រប់​រូប បាន​ចូល​រួម​ចំណែក​យ៉ាងសំខាន់ ដើរតួនាទី​ជួយផ្សព្វផ្សាយវប្បធម៌ អរិយ្យធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនារបស់​ជាតិសាសន៍​ខ្លួន ឲ្យពិភពលោក បានស្គាល់​អំពី​អត្តសញ្ញាណ​ជាតិរប​ស់​ខ្មែរ»។  លោកបន្តថា «អ្នកសិល្បៈ​​ទាំងអស់ ​ត្រូវមាន​​ភក្តីភាព​​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវ​ប្រកាន់ខ្ជាប់​​នូវ​​គោលការណ៍​សីលធម៌ គុណធម៌ សច្ចធម៌ ទាំង​សំណេរ ទាំង​ការប្រើប្រាស់​ពាក្យពេចន៍ កាយវិការ ឥរិយាបថ ការ​ស្លៀកពាក់ ដោយ​រក្សា​ឲ្យ​បាន​​នូវ​ភាពថ្លៃថ្នូរ ដើម្បី​រួមចំណែក​​លើកកម្ពស់​​សីល​ធម៌​សង្គម និង​កិត្យានុភាព​​ជាតិ»។ ការលើកឡើងនេះ ធ្វើឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន ឌឹខេមបូឌា ឌែលី The Cambodia Daily កាលពីរាត្រីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ​២០២០ កន្លងទៅនេះ។

ចំណែកស្ថាបនិកនៃ គ្រួសារតារាកម្ពុជា លោក ផាត់ តារារដ្ឋ មានប្រសាសន៍ក្នុងកម្មវិធី Idea Talk នេះដែរថា «ដើម្បីមានលក្ខណៈ​សម្បត្តិគ្រប់គ្រាន់​ជាអ្នកសិល្បៈ ត្រូវឆ្លងកាត់​ការអប់រំ បណ្តុះបណ្តាល និង​ទទួលស្គាល់​ពី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ យ៉ាងត្រឹមត្រូ​វ។ ដូច្នេះ​មុននឹងអ្នកសិល្បៈ សម្រេចចិត្ត​ធ្វើអ្វីមួយ ត្រូវ​គិតអំពីផល​ប៉ះពាល់ជា​អវិជ្ជមាន​ ឬជាគំរូអាក្រក់​ ដល់​សង្គមជាតិទាំងមូល»។ លោកបន្តថា «អ្នកសិល្បៈ​ខ្លះ​ ដើម្បីទាក់ទាញ​ចំណាប់​អារម្មណ៍​ពីស្រទាប់យុវវ័យ ហ៊ានធ្វើសកម្មភាព​ស្រើបស្រាល លើទី​សាធារណៈ ដោយ​មិន​បាន​​គិតពីតម្លៃអាជីព ជាអ្នកសិល្បៈរបស់ខ្លួន​សោះឡើយ។ ជាងនេះ​ទៅទៀត​ មានការវាយ​ប្រហារ​គ្នា​ទៅវិញទៅមក ដោយប្រើពាក្យសម្តីអសុរោះ ការជេរប្រទេសគ្នាជាដើម ​ព្រោះ​តែគំនុំផ្ទាល់ខ្លួន​​ ដោយ​គ្រាន់តែ​ចង់ឈ្នះគ្នារៀងៗខ្លួនប៉ុណ្ណោះ»

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​រៀបចំ​ការ​ពិភាក្សា​ លើ​​សេចក្តី​ព្រាង​​ក្រមសីលធម៌​​នៃ​អ្នក​សិល្បៈ​ ក្នុង​​​គោលបំណង​ទប់ស្កាត់​​ផលប៉ះពាល់​​​លក្ខណៈ​​អវិជ្ជមាន និង​​ដើម្បី​​លើក​​កម្ពស់​​សិល្បៈ​វប្បធម៌​ខ្មែរ។ សេចក្តី​ព្រាង​ក្រមសីលធម៌​​នៃ​​អ្នក​សិល្បៈ ​មាន ១២ ប្រការ​ ​ធ្វើ​​ឡើង ​ក្នុង​គោល​បំណង​​លើក​​កម្ពស់​​ការ​ថែរក្សា ការពារ​​សិល្បៈ វប្បធម៌ ទំនៀម​ទម្លាប់ ប្រពៃណី និង​អត្តសញ្ញាណ​ជាតិ​ ឲ្យ​បាន​​គង់វង្ស ​ដើម្បី​លើក​​កម្ពស់​មុខមាត់​ប្រទេសជាតិ លើ​ឆាក​អន្តរជាតិ។

ម្យ៉ាងវិញទៀតចំពោះ​បុគ្គល ដែលបាន​ប្រព្រឹត្ត​ផ្ទុយ​​នឹង​ក្រម​សីលធម៌ ​នៃ​អ្នក​សិល្បៈ ក្រុម​ប្រឹក្សា​​​វិន័យ​ទាំង ៤ ក្រសួង {ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន ក្រសួងអប់រំ និងក្រសួងកិច្ចការ​នារី​} ​មាន​សិទ្ធិ​​ណែនាំ ឬ​​ស្តីបន្ទោស​​ដោយ​​ផ្ទាល់​​មាត់​ ឬ​ព្រមាន​​ជា​លាយ​លក្ខណ៍​អក្សរ​ ​ផ្សព្វផ្សាយ​​ជា​សាធារណៈ និង​​ផ្អាក​មិន​​ឲ្យ​ធ្វើ​សកម្មភាព​​ទាក់ទង​​នឹង​​វិស័យ​សិល្បៈ​ណា​មួយ ​ស្រប​តាម​កំហុស​ឆ្គង​​នៃ​​អ្នក​សិល្បៈ ​បាន​​ប្រព្រឹត្ត។

សាព័ត៌មាន The Cambodia Daily នៅមិនទាន់អាចសុំការបំភ្លឺពីក្រសួងវប្បធម៌ និង​វិចិត្រ​​សិល្បៈ ពាក់ព័ន្ធ​នឹង​ចំណាត់​លើភាពខុសឆ្គងនៃ ក្រុមសិល្បការិនី ដែល​ប្រើប្រាស់បណ្តាញ​​សង្គម​​ហ្វេសប៊ុក វាយ​ប្រហារគ្នា​​ថ្មីៗនេះ នៅឡើយទេ។​

លោក សុះ​ ម៉ាច មានប្រសាសន៍ថា «ជាអ្នកសិល្បៈគ្រប់រូប មាន​កាតព្វកិច្ច​ត្រូវចូល​រួមចំណែក​​ថែរក្សា ការពារ អភិរក្ស​នូវកេរដំណែលមរត៌ក នៃ​អរិយ្យធម៌​របស់ជាតិ​សាសន៍ខ្លួន ឲ្យ​បាន​គង់វង្ស»។ លោកបន្តថា «ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសិល្បៈ គឺជាត្រីវិស័យ​មួយដ៏សំខាន់ សម្រាប់​ឲ្យអ្នកសិល្បៈគ្រប់រូប ត្រូវតែប្រតិបត្តិ និងត្រូវ​ប្រកាន់ខ្ជាប់ខ្លួន​តាមកាលៈទេសៈ ដើម្បី​ឲ្យទស្សនិកជន ក៏ដូចជា​មហាជន​ទាំងមូល​ទទួល​យក​បាន»

លោក ផាត់​ តារារដ្ឋ បានអំពាវនាវ​ទៅក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ គួរចាត់​វិធាន​ការឲ្យ​​បាន​​ត្រឹម​ត្រូវ  និង​ច្បាស់​លាស់ ដើម្បី​ទប់ស្កាត់សកម្មភាព​មិនល្អ​របស់អ្នកសិល្បៈ និង​ជនអាណាធិបតេយ្យ ដែល​មិន​បានឆ្លងកាត់​ការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ របស់ក្រសួង ដែល​កំពុង​ធ្វើចរាចរណ៍យ៉ាង​គគ្រឹក​គគ្រេង ក្នុងសង្គម​សិល្បៈ​ខ្មែរ៕

.