មុននឹងសិក្សាលំអិតទៅលើបាតុភូតភ្នំភ្លើង រញ្ជួយដី រលក​យក្ស​​ស៊ូណាមិ (Tsunami) និង ព្យុះ​សង្ឃរា ចូរ​លោក​អ្នក​ស្វែង​យល់​ថា ភពផែនដី ដែល​លោកអ្នក​កំពុង​រស់នៅ អាចនាំ​មក​នូវ​ហាន័យ​កាន់តែ​ខ្ពស់​ទៅៗ បើ​សិន​ក្រុម​មនុស្ស និង​ ក្រុម​មេដឹកនាំ​នានា បន្ត​បណ្តោយ​ឲ្យ​មាន​ការបំផ្លាញ​ធន​ធាន​ធម្មជាតិ ដូចជា​ ការបំផ្លាញ​ព្រៃ​ឈើ ការជីក​យក​រ៉ែគ្រប់​ប្រភេទ នៅ​ក្រោម​ដី ហួស​កំណត់ និង ការចាក់​លុប​បឹងបួរ ស្ទឹង ឬ​អូរ​ធម្មជាតិ ​ជាដើម) ឲ្យ​កាន់​តែ​ហិន​ហោច នៅ​ជុំវិញ​ពិភពលោក នោះ​ប្រៀប​បាន​នឹង​ការ​ចូល​រួម​បំផ្លាញ​ខ្លួន​ឯង​បន្តិច​ម្តងៗ ដោយ​មិន​ដឹង​ខ្លួន។

ការប្រែប្រួលអាកាសធាតុ និង ការឡើងម្តៅ នៅ​ទូទាំង​ពិភពលោក ក៏​កំពុង​តែ​គំរាម​​កំហែង ឲ្យ​មាន​ការ​រលាយ​ទឹកកក នៅ​មហា​សមុទ្រ​ទឹកកក តំបន់​ប៉ូល​ខាង​ត្បូង និង ប៉ូល​ខាង​ជើង ដែល​នឹង​ធ្វើ​ឲ្យ​ទឹក​​សមុទ្រ កើនកម្ពស់ បង្កការលិចលង់ទីក្រុងមួយចំនួន នៅឆ្នាំ ២០៥០ (ដូចជា ក្រុងហូរជីមិញ របស់វៀតណាម, ទីក្រុង​ហុងកុង, ទីក្រុង​បាងកក ជាដើម​។ល។) បើ​សិន​ក្រុម​មេដឹកនាំ នៅ​តែ​មិន​នាំគ្នា ការពារ និង​ស្រោចស្រង់​ធម្មជាតិ។ ការប្រែប្រួល​អាកាសធាតុនេះ បាន​រួម​ចំណែក​បង្ក​​ឲ្យ​មាន​ «ជំងឺចម្លែកៗ» ជាច្រើន​អន្លើ យាយី​ដល់​មនុស្សនា នៅ​ជុំវិញ​ពិភពលោក ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​មក​នេះ។ នេះគឺជា​ដាស់​តឿន​របស់ក្រុម​អ្នកវិទ្យាសាស្ត្រ ទៅ​កាន់​ក្រុមមេដឹកនាំ​នានា នៅ​ជុំ​វិញ​ពិភព​លោក ត្រូវ​ថែរក្សា​ការពារ​ភពផែនដី ដើម្បីជា​ទីជម្រក​ដ៏ល្អ សម្រាប់​មនុស្ស​ជាតិ រាប់​លានឆ្នាំ​ទៅ​មុខ​ទៀត។

ខាងក្រោមនេះ គឺ​ជាស្វែងយល់អំពី​បាតុភូតភ្នំភ្លើង (To study volcano situation)៖

បាតុភូតភ្នំភ្លើង តាមភាសា​បច្ចេកទេស​ហៅថា ជាបាតុភូត ស្ថិត​​នៅ​ទីតាំង​ដែល​បន្ទះ តិចតូនិច (Tectonic) ឬ​បន្ទះ​សម្បក​ផែន​ដី ជួប​​ប្រសព្វ​​គ្នា។ នៅ​ពេល​ដែល​វាជួបគ្នា វានឹង​រុញ​​ច្រាន​ឲ្យ​ច្របល់​គ្នា បង្កើត​​បាន​​ជា​រន្ធ​មួយ រួច​ធ្វើ​ចលនា​រុញឡើង ទៅ​កាន់​សំបក​​ផែន​ដី ជាពិសេស «ស្រទាប់​ស្តើង» ហើយ​​នៅ​ពេល​ណា​​​ដែល​​វា​​ធ្វើ​​ចលនា​​សកម្ម​ខ្លាំង វា​​បណ្ដាល​​​ឱ្យ​មាន​​​ការផ្ទុះ​ចេញមក​ក្រៅ មាន​រយៈ​​កម្ពស់​​រហូត​ដល់ ៣០ គីឡូ​ម៉ែត្រ ពីផ្ទៃដី ក៏មាន។

ផ្លាក​តិច​តូ​និ​ច ឬបន្ទះតិចតូនិច (Tectonic Plate) នៃខ្សែ​ក្រវាត់​ភ្នំភ្លើង គឺ​​ជា​​​ផ្ទាំង​​​ស្រទាប់​​​ដី ​មាន​​​ទំហំ​​រាប់ម៉ឺន​​គីឡូ​ម៉ែ​ត្រ​​ការ៉េ ដែល​លាត​​សន្ធឹង​​លើ​​ទឹកដី នៃ​​ប្រទេស​​ជាច្រើន​ ក្នុង​ពិភពលោក។ ផ្លាកតិចតូនិចទាំងនេះ ​ជា​​ស្រទាប់​ក្រៅ​​បង្អស់ ​របស់​ផែនដី​ ឬ សំបក​ដែនដី។ នៅពេល​ដែល ​​ផ្លាក​​តិច​តូ​និ​ច ២ ​ឬ​ច្រើន ​កកិត​​ប៉ះ​គ្នា ពេល​នោះ​​វា​ធ្វើ​សកម្មភាព​​រញ្ជួយ​​ដី ​និង ​ប​ន្ទុះ​​ភ្នំភ្លើង ​កើតឡើង​។ នៅ​ពេល​មាន​បាតុភូត​ទាំង​នេះកើតឡើង ក៏នាំ​ឲ្យ​មាន​ព្យុះ ភ្លៀង​យ៉ាង​គំហុក​ផងដែរ។

ភ្នំភ្លើងនេះ កើតចេញពី​​ ស្រទាប់​ម៉ាក់ម៉ា (Magma) មាន​កម្តៅ​រាប់ពាន់​អង្សា នៅ​ហ៊ុំ​ព័ទ្ធ​​ស្នូល​​ផែនដី ដែល​ធ្វើ​ចលនា​ពុះ​កញ្ជ្រោល ហើយ​​នៅ​ក្រោយ​ពេល​ផ្ទុះ​​ភ្នំភ្លើង វាក៏ក្លាយ​​ទៅ​​ជា​កំអែល​​ភ្នំភ្លើង។

ផេះផង់នៃ​ការផ្ទុះ​ភ្នំភ្លើង ដែល​គ្រប​ដណ្តប់​​ ទៅលើបរិយាកាស វាមាន​​សារធាតុ​គីមី​​ជា​ច្រើន ដែល​​ជា​​ប្រភេទ​​ឧស្ម័ន​ ដូចជា​ ចំហាយ​ទឹក «អ៊ីដ្រូហ្សែន», កាបូន​ឌីអុក​ស៊ីត «ឧស្ម័ន​​កាបូនិច», ស្ពាន់ធ័រ​​ឌីអុកស៊ីត «ស្ពាប់ធ័រ», ហ៊ីដ្រូសែន​ក្លរ៉ាយដ៍ «សារធាតុ ក្ល័រ», ហ៊ីដ្រូ​សែន​​​ហ្លរ៉ាយដ៍ ជាដើម​។ល។

បើតាមកាសែតថ្មីៗ បាន​ចុះផ្សាយ​អំពី «អ្វីជា​​ខ្សែ​ក្រវាត់​ភ្នំភ្លើង?» កាលពី​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការព្រមាន នូវ​លទ្ធភាព​ដែល​អាច​នាំទៅ​ផ្ទុះភ្នំភ្លើង ជា​យថា​ហេតុ។

ក្រុមអ្នកវិទ្យាសាស្រ្ត ហៅតំបន់​​សកម្មភាព​ភ្នំភ្លើង និង ​រញ្ជួយ​ដី ថា «​ខ្សែ​​ក្រវ៉ាត់​​ភ្នំភ្លើង​» ឬ​ភាសា​​អង់គ្លេស​​​ហៅថា «The Ring of Fire»។ តំបន់ខ្សែ​ក្រវាត់​នេះ ​​​មាន​​ប្រវែង​​ប្រមាណ​ ៤០០០០ ​គីឡូម៉ែត្រ និង​ផ្ទុក​ចំនួន ​៤៥០ ​ភ្នំភ្លើង​។

​បើនិយាយអំពី «​រលក​យក្ស​ស៊ូណាមិ» ​ដែល​​មនុស្ស​​ភាគ​ច្រើន​ ​បានដឹង ​គឺ​ជា​​លទ្ធផល​​នៃ​​ការ​រញ្ជួយ​​ដី ​នៅ​បាត​​សមុទ្រ​។ កម្លាំង​​រញ្ជួយ «ផ្លាក​​តិច​​តូ​និ​ច​» ទាំង​នោះ វា​​ប​ញ្ជេ​ញ​​ពេល​កកិត ​ដ៏មាន​​ទំហំ​ធំ​មហិមា រហូត​ដល់​​អាច​​រុញ​ទឹក​សមុទ្រ​ រាប់លាន​តោន​ ឲ្យ​មក​​មាន​​វត្ត​មាន នៅ​​លើ​ដី​គោក​ ដែល​មាន​កម្ពស់ទឹក​រលក អាច​ឡើង​ដល់ ២០ ម៉ែត្រ ឬខ្ពស់ជាងនេះ។

ខ្សែក្រវ៉ាត់​ភ្នំភ្លើង គឺជា​ចន្លោះ ​ឬ​ ពំនុះ​ចែក ​រវាង​​ផ្លាក​​របស់​​សមុទ្រ​​ប៉ាស៊ីហ្វិក ​និង ​ផ្លាក​របស់​​ទ្វីប​​ដទៃៗ​​ទៀត ដូចជា​ ទ្វីបអាស៊ី ទ្វីប​​អា​មេ​រីក​​ខាង​ជើង និង​ ទ្វីប​​អា​មេ​រីក​​ខា​ងត្បូង​​ជាដើម។

ក្រុមប្រទេស ​ដែល​​នៅតាម​​ប​ណ្តោ​យ​តំបន់​​ខ្សែក្រវាត់​ភ្នំភ្លើង ដូចជា ឥណ្ឌូណេស៊ី តៃវ៉ាន់ ជប៉ុន តំបន់​​ឆ្នេរ​​​ខាង​លិច​​សហរដ្ឋ​អាមេរិក និង ​ស៊ី​លី ជាដើម គឺ​​​ជួប​ប្រទះ​ញឹកញាប់ នូវ​គ្រោះ​រ​ញ្ជូ​យ​ដី ​និង ​ប​ន្ទុះ​​ភ្នំភ្លើង៕

(អត្ថបទស្រាវជ្រាវដោយលោក ម៉ែន ណាត /Text by MR Mèn Nath, to study the nature & science)

.