អត្ថបទដោយ ម៉ែន ណាត
30-8-2023

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថ្មី ក្នុង​នោះ​មាន​មន្រ្តី​កំពូលៗ មាន​ទីប្រឹក្សា ជំនួយការ និង​មន្ត្រី​ជំនាញ​អម​នាយក​រដ្ឋមន្រ្តី​ផង បានកើនឡើង​ដល់ ៣១២៤​នាក់​ហើយ ក្នុង​អំឡុង​ពេល​មិនដល់ ១០​ថ្ងៃ​ផង បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​តែង​តាំង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣ តាម​រយៈ​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន

ព្រះមហាក្សត្រ​ព្របាទ​សម្តេច​ព្រះ នរោត្តម សីហមុនី នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០២៣ បាន​ចេញ​ព្រះរាជ​ក្រឹត្យ​​ដោយ​ឡែក​ពី​គ្នា តាម​សំណើ​របស់​នាយក​រដ្ឋមន្រ្តីថ្មី លោក ហ៊ុន ម៉ាណែត តែង​តាំង​ទីប្រឹក្សាក្រសួង​យុត្តិធម៌ ចំនួន​ ១៨៧​នាក់, ទីប្រឹក្សា​ក្រសួង​ឧស្សាហកម្ម ចំនួន ៥៩នាក់, ទីប្រឹក្សា​ក្រសួង​មុខងារ​សាធារណៈ ចំនួន ១៥​នាក់, ផ្តល់​ឋានៈ​ដល់​មេធាវី​រដ្ឋាភិបាល ចំនួន ១៥​នាក់ ហើយ​និង ទីប្រឹក្សា​និង​ជំនួការ​របស់​លោក ស សុខា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ចំនួន ៣៣​នាក់ ដោយ​​​មិន​រាប់​បញ្ជូល​នាយករង​ខុទ្ទកាល័យ​ ចំនួន ១៥​នាក់​ផ្សេង​ទៀត​នោះ​ផង។ ​ដូច្នេះ ​ចំនួន​ទីប្រឹក្សា និង​ជំនួយការ បាន​កើន​ដល់ ១៦០៥​នាក់​ហើយ។

ចំណែក​ឯ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថ្មី ក៏​កើន​ឡើង​បន្ថែម​ទៀត គឺ​កើន​ឡើង​ចំនួន ១៥១៩នាក់។ សរុបសេចក្តីទៅ ទាំង​ទីប្រឹក្សា ជំនួយការ និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ត្រូវ​កើន​ឡើង​ ចំនួន ៣១២៤​នាក់​ គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២៣។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣ ព្រះ​មហា​ក្សត្រ ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ តែង​តាំង​សមាស​ភាព​គណៈ​រដ្ឋមន្ត្រី​ថ្មី រួម​ទាំង​តំណែង​​អនុ​រដ្ឋ​លេខាធិការ​អម​ក្រសួង​​ស្ថាប័ន​ជាតិ មាន​ចំនួន​សរុប ១៥៤៣ នាក់។ លុះមកដល់ថ្ងៃទី​២៥ ខែ​សីហា លោក ហ៊ុន ម៉ាណែត បាន​ស្នី​តែង​តាំង​​ទីប្រឹក្សា និង​​ជំនួយការ​​នាយក​រដ្ឋមន្ត្រី ចំនួន ១៧៤ នាក់​បន្ថែម​ទៀត។

ចំនួន​មន្ត្រី​ជាន់ខ្ពស់​ទាំង ៣១២៤នាក់ ខាងលើនេះ មិន​ទាន់​បាន​រាប់​បញ្ជូល​ទាំង នាយករង​ខុទ្ទកាល័យ​អ្នក​ដឹកនាំ​កំពូលៗរាប់​រយ​នាក់ និង មិន​ទាន់​រាប់​បញ្ជូល​ទីប្រឹក្សា និង​ជំនួយការ​នៃ ប្រធានរដ្ឋសភា អនុប្រធាន​រដ្ឋសភា ហើយ​និង​​ព្រឹទ្ធសភា ព្រមទាំង​ ទីប្រឹក្សា​អម​អគ្គ​លេខាធិការដ្ឋាន នៃ​​រដ្ឋសភា និង ព្រឹទ្ធសភា​ មាន​រាប់​រយ​នាក់​ទៀត។

ក្រៅ​ពី​នេះ មិន​បាន​ទាំង​រាប់​បញ្ចូល​ផង​ទេ នូវ​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​ទៀត នៅ​ក្នុង​ស្ថាប័ន​កំពូលៗ​មួយ​ចំនួន ដូចជា ក្រុម​ប្រឹក្សា​​រដ្ឋ​ធម្មនុញ្ញ, ឧត្តម​ក្រុម​ប្រឹក្សា​ព្រះ​មហា​ក្សត្រ ដែល​មាន​លោក ហ៊ុន សែន ជាប្រធាន និង ក្រសួង​ព្រះ​បរម​រាជ​វាំង ជាដើម។ល។

ក្រុម​អ្នក​ច្បាប់ អ្នក​ឃ្លាំមើល​សង្គម អ្នកវិភាគ និង​ក្រុម​បញ្ញវន្ត​និយម​កណ្តាល បាន​កត់​សម្គាល់​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ជា​រដ្ឋាភិបាលក្បាលធំហួសមាឌ ដោយបង្កើនចំនួនបរិមាណមន្ត្រីអែបអប ពុករលួយ បក្ខពួក​និយម គ្រួសារ​និយម និង ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ ដែល​បង្កើន​នូវ​ផល​វិបាក​កាន់​តែ​ធ្ងន់​ធ្ងរ​ដល់​សង្គម​ទាំង​មូល​​បន្ថែម​ទៀត។

អត្ថបទដោយ ម៉ែន ណាត
អតីត​មន្ត្រី​នាយកដ្ឋាន​នីតិវិធី​​នៃ​រដ្ឋសភា
ជា​ក្រុម​ការងារ​នៃ វេទិកា​ពលរដ្ឋ និង ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា