លោក ហ៊ុន កុសល សកម្មជនបក្សប្រឆាំង មាន​ការស្ទាក់​ស្ទើរ​​ក្នុង​​ការឆ្លើយ​​សំណួ​រ​បស់​​លោក តាំង សារ៉ាដា អ្នក​​សម្រប​សម្រួល​​កម្មវិធី​ពិភាក្សា នៃ​​សារព័ត៌​មាន​​​ឌី​ខេមបូឌា ដេលី ដែល​​​​​សួរ​​ថា «បើ​​សិន​​ផាត់​ចោល​​​ភាគី​​​លោក សម រង្ស៊ី តើ​​ដំណោះ​​ស្រាយ​​នយោបាយ​​កម្ពុជា​ អាច​​ទៅ​​រួច​​ដែរ​​ឬ​ទេ?»។ លោក កុសល ឆ្លើយ​ថា «ជារឿង​ដ៏​ស្មុគ​ស្មាញ​ ពីព្រោះ​លោក សម រង្ស៊ី ក៏មាន​ក្រុម​អ្នក​គាំទ្រ​ដែរ»។ ចំណែក​លោក ទូច វិបុល ប្រធាន​​ក្រុមពលរដ្ឋ​និយម បាន​ឆ្លើយ​សំណួរ​ដដែល​នោះថា «សូម​​ទុក​​​រឿង​​អតីតកាល​​ឲ្យ​​នៅ​​ដោយ​​ឡែក រួច​នាំ​គ្នា​កសាង​អនាគត​ សម្រាប់​ប្រទេសជាតិ។ លោក កឹម សុខា គប្បីហ៊ាន​សម្រេច​ចិត្ត​អារកាត់ ផាត់​ចោល​​ក្រុម ​ដែល​​​ដឹកនាំ​​ដោយ​លោក សម រង្ស៊ី នៅ​​​ក្រៅ​​ប្រទេស»

សារព័ត៌មាន ឌីខេមបូឌា ដេលី (The Cambodia Daily) នាំ​មុខ​​ក្នុង​​កម្មវិធី​ជជែក​​ពិភាក្សា ជំុវិញ​​ជំនួប​រវាង​​លោក កឹម សុខា មេដឹកនាំ​​បក្ស​ប្រឆាំង នៃ​​គណបក្ស​សង្គ្រោះជាតិ និង​​លោក ហ៊ុន សែន មេដឹកនាំ​​រដ្ឋាភិបាល កាល​ពី​ថ្ងៃទី ០៥ ឧសភា ឆ្នាំ​២០២០ កន្លង​​ទៅ​​ថ្មីៗ​​នេះ។ កិច្ចពិភាក្សា​នេះ មាន​​រយៈ​ពេល​​ជាង ​១​ម៉ោង ដែល​​​មាន​​វាគ្មិន លោក ទូច វិបុល ប្រធាន​​ក្រុមពលរដ្ឋ​និយម និង​លោក ហ៊ុន កុសល សកម្មជនគណបក្ស​​ប្រឆាំង ហើយ​​​លោក តាំង សារ៉ាដា ជាអ្នក​សម្រប​​សម្រួល​​​កម្មវិធី នៅល្ងាច​​​ថ្ងៃទី ១៨ ខែ​​​ឧសភា។

ប្រធានបទ​នៃ​កិច្ចពិភាក្សានេះ គឺជា​ការចូលរួម​ចំណែក​​ផ្តល់​មតិ​យោបល់​​​ដល់​អ្នក​នយោបាយ ទាំង​ភាគីលោក សម រង្ស៊ី ភាគី​​លោក កឹម សុខា និង​​ភាគីលោក ហ៊ុន សែន ដើម្បី​​ធ្វើ​​យ៉ាង​ណា​​ស្វែង​រក​​ដំណោះ​ស្រាយ​រួមគ្នា ខណៈ​​ពេលប្រទេស​​កម្ពុជា កំពុង​​ប្រឈម​ធ្ងន់ធ្ងរ​ ​ជាមួយ​​វិបត្តិសង្គម ការជាប់គាំង​នយោបាយ និង​វិបត្តិ​​សេដ្ឋកិច្ច ក្នុង​ស្ថានភាព​​ជំងឺ​កូវីដ១៩។ នេះ​បើតាម​​ការលើក​ឡើង​របស់លោក ហ៊ុន កុសល។ លោក ហ៊ុន កុសល បាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​មាន​​ទំនួល​ខុសត្រូវ ក្នុង​​ការ​ដោះ​ស្រាយ​បញ្ហា​​ប្រឈម​​នានា ដើម្បី​ជា​ប្រយោជន៍​​ដល់​កូន​ចៅ​ខ្មែរ​​នៅគ្រប់​​ជំនាន់។ លោក កុសល បន្តថា រដ្ឋាភិបាល លោក ហ៊ុន សែន គប្បី​ទម្លាក់​​ចោល​ការចោទ​ប្រកាន់​លោក កឹម សុខា ទាំងស្រុង។

លោក ហ៊ុន កុសល និងលោក ទូច វិបុល យល់ស្របគ្នាថា ជំនួប​រវាងលោក កឹម សុខា និង​​លោក ហ៊ុន សែន ថ្មីៗ​នេះ បាន​បង្ហាញ​​នូវ​​ភាពចាស់ទុំ​​ខាងនយោបាយ ដែល​​​ជា​ជំហាន​​វិជ្ជមាន​​ល្អ​​មួយ មាន​​ការសាទរ​​ពី​ពលរដ្ឋ និង​​ក្រុមអ្នក​ការទូត​​អន្តរជាតិ។ វាគ្មិនទាំងពីររូប​នេះ លើក​ទឹកចិត្ត​ឲ្យលោក ហ៊ុន សែន និង​​លោក កឹម សុខា ត្រូវរួមគ្នា​​ដោះស្រាយ​​បញ្ហានយោបាយ​​កម្ពុជា ផ្អែក​តាមកិច្ចព្រមព្រៀង​ទីក្រុង​បារីស ឆ្នាំ​១៩៩១ និង​គោលការណ៍​​ដើម្បី​​ផលប្រយោជន៍​​ជាតិ​ខ្មែរ​​តែ​មួយ។

លោក ទូច វិបុល បាន​ផ្តល់យោបល់​ឲ្យ​​លោក សម រង្ស៊ី ត្រូវហ៊ាន​​លាឈប់​​ពីប្រធាន​ស្តីទី {នៃ​​​បក្ស​សង្គ្រោះ​ជាតិ ដែល​​​បាន​​​តែង​តាំង​ខ្លួន​ឯង​ កាល​ពីថ្ងៃទី ២ ធ្នូ ២០១៩ នៅ​​សហរដ្ឋ​អាមេរិក ដោយ​រំលោភ​ច្បាប់​​គតិ​យុត្តិ​​ផ្ទៃក្នុង និង​​រំលោភ​សេចក្តី​ទុកចិត្ត​​របស់​លោក កឹម សុខា}។ លោក វិបុល ក៏បាន​​ផ្តល់​យោបល់​ដែរ​ថា «លោក កឹម សុខា បានធ្វើត្រឹមត្រូវ ក្នុងការ​តស៊ូ​មតិ​ដោយ​អហិង្សា តតាំង​ជាមួយ​ប្រព័ន្ធ​តុលាការ​អយុត្តិធម៌»

ឆ្លើយតបសំណួររបស់លោក តាំង សារ៉ាដា ដែលថា «តើត្រូវ​ធ្វើយ៉ាង​​ណា​​​សម្រាប់​​ភាគី​​លោក សម រង្ស៊ី?» លោក ទូច វិបុល បាន​​​លើក​​ជា​គំនិត​​​ថា «ត្រូវ​​ហ៊ាន​​​ធៀប​​​ចោល​​​នូវ​​ក្រុម​​លោក សម រង្ស៊ី ជា​​​ក្រុម​​ជ្រុល​​និយម និង​​​​ឆ្វេងនិយម ដែល​​សំបូរ​ដោយ​​ក្រុម​​អ្នកជេរប្រមាថ​ខាតទាន និង​​​​​ដែល​ធ្លាប់​​​បាន​​​​ប្រកាស​​​ចលនា​​​ផ្តួលរំលំរដ្ឋាភិបាល {ខុស​ច្បាប់​​អន្តរជាតិ}។ ក្រុម​នោះ​​ {ភាគីលោក សម រង្ស៊ី}ជាក្រុម​​​នៅ​ក្រៅ​ប្រទេស {ធ្វើ​នយោបាយ​​​​​ជើង​​មិន​​ជាប់​​ដី}។ ក្រុម​លោក សម រង្ស៊ី បង្កើត​នេះ​​បង្កើត​នោះ ហើយ​​​ចង់​​បង្កើត​​រដ្ឋាភិបាល​​​ក្រៅ​ប្រទេស ផង​​ទៀត ដែល​​មានបំណងកម្ទេចគេឯង ដើម្បី​ខ្លួនឯង ឡើង​​ធ្វើ​​ជា​​នាយករដ្ឋមន្ត្រី។ ការធ្វើរបៀបរបៀបនេះ មិន​​អាច​ទៅ​រួច​ទេ គ្មាន​ប្រទេស​ណា​គាំទ្រ​ទេ ហើយ​​ដើរផ្ទុយ​ពី​គោល​ការណ៍​​​លទ្ធិ​ប្រជាធិបតេយ្យ»

លោក ទូច វិបុល បន្ថែមថា ការផ្តល់​​យោបល់​​របស់​លោក ជាហូរហែរ​កន្លង​​ទៅ គឺ​មាន​បំណង​​ចង់​ជួយ​ ​លោក សម រង្ស៊ី ទៅ​វិញ​ទេ៖ «ចង់ជួយគាត់ ដើម្បី​ឲ្យ​គាត់​​មាន​ការ​ភ្ញាក់​រលឹក និង​ធ្វើការពិចារណា​ឡើង​វិញ។ គាត់​ជា​មនុស្ស​ឆ្លាត គាត់​គួរ​​ធ្វើយ៉ាង​ណា​​ដើម្បី​​ជាផលប្រយោជន៍ជាតិ​​ពិតប្រាកដ ហើយ​​គាត់​ក៏​ត្រូវ​ហ៊ានផាត់​ចោល នូវ​ក្រុម​ដើរ​ជេរ​ប្រមាថ​ទាំង​នោះ​​ចោល​​ដែរ។ បើមិន​ដូច្នេះទេ លោក សម រង្ស៊ី គួរ​តែ​​សម្រាក​ទៅ {ចូលនិវត្តិន៍}»

(អត្ថបទដោយនគរ /១៩ ឧសភា ២០២០)

.