អត្ថបទដោយ កញ្ញា ខាន់ លក្ខិណា
សារព័ត៌មាន VOD / 02nd-3-2022
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អ្នកណាខ្លាំងពូកែទៅយកកម្ពុជាក្រោមខ្លួនឯងទៅ ហើយលោកនឹងជួយធ្វើក្ដារមឈូស និងជួយកប់សពឱ្យ ដោយថា កម្ពុជាក្រោម មិនមែនបាត់បង់ក្នុងជំនាន់លោកដឹកនាំនោះទេ ពោលគឺបានបាត់បង់តាំងពីមុនឪពុក រួមទាំងរូបលោកមិនទាន់កើតមកម្ល៉េះ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នាព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដោយចោទជាសំណួរថា ហេតុអ្វីបានជាចង់ឱ្យលោក ទៅយកកម្ពុជាក្រោមវិញនោះ? ព្រោះអីទឹកដីកម្ពុជាក្រោម បានបាត់បង់តាំងពីលោក មិនទាន់កើតមកម្ល៉េះ។ លោកបន្តថា បើអ្នកណាពូកែចង់បានកម្ពុជាក្រោមមកវិញនោះ សូមឱ្យពួកគេ ទៅយកខ្លួនឯងទៅ រូបលោកនឹង «ជួយធ្វើក្ដារមឈូស និងកប់សពឱ្យ» ផងដែរ។
លោកថា៖ «មួយមកឆ្កុយហ្មង សម្ដេចសុំលើកទ័ពវាយយកកម្ពុជាក្រោម។ ខ្ញុំឆ្លើយតប[ខមិន]ទៅវិញ ទៅវាយយកខ្លួនឯងទៅ ខ្ញុំប្រុងថែមទៅវាយយកខ្លួនឯងទៅ ខ្ញុំជួយធ្វើក្ដារមឈូស និងកប់ខ្មោចឱ្យ។ កម្ពុជាក្រោម បាត់តាំងពីខ្ញុំមិនទាន់កើត ឪពុកខ្ញុំមិនទាន់កើត រឿងអីមកឱ្យខ្ញុំទៅយក។ អ្នកណាពូកែ សូមអញ្ជើញទៅ ហើយខ្ញុំនឹងជួយក្នុងការធ្វើក្ដារមឈូស និងកប់ខ្មោចឱ្យ។ ហើយរឿងហ្នឹង ខ្ញុំបាននិយាយតាំងពីឆ្នាំ១៩៩៥ និង ៩៦ នៅពេលនោះ មានការព្យាយាមចង់ធ្វើខ្ញុំប្រកាសត្រង់ៗតែម្ដង»។
លោក ហ៊ុន សែន បន្តថា រឿងទឹកដីកម្ពុជាក្រោម ជារឿងអតីតកាលដែលបានកន្លងមកផុតយូរណាស់មកហើយ ខណៈពិភពលោក បានគូសផែនទីរួចទៅហើយដែរ សូម្បីតែការហោះហើរលើអាកាសក៏បានកំណត់ត្រឹមត្រូវថែមទៀតផង។
លោកថា៖ «សូម្បីតែនៅលើយន្តហោះ គេដាក់ផែនទីឱ្យយើងមើល ហោះដល់កន្លែងណាអី កន្លែងណា ព្រំដែនយើងនៅប៉ុនរាល់ថ្ងៃហ្នឹងតើ! មានទៅនៅវៀតណាម មានទៅនៅថៃប៉ុន្មាន ខេត្តនៅថៃ នៅវៀតណាមនេះទៀត មានទៅផុតផែនទីហ្នឹងណា»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា បើនិយាយផ្លូវច្បាប់ កម្ពុជានៅតែមានសិទ្ធិក្នុងការទាមទារមកវិញ ដោយសារការផ្ទេរទឹកដីកម្ពុជាក្រោម ទៅឱ្យវៀតណាមគ្រប់គ្រងនោះ មិនមានឯកសារបញ្ជាក់ណាមួយ ដែលកម្ពុជាកាត់ទៅឱ្យប្រទេសវៀតណាមឡើយ ដោយថា ការកាត់ និងផ្ទេរនេះ ធ្វើឡើងដោយបារាំង ជាមួយវៀតណាម តែប៉ុណ្ណោះ។
លោកបន្តថា ប្រជាពលរដ្ឋទាំងអស់នៅមិនទាន់បានដឹងឮ ឬទទួលស្គាល់អំពីរឿងកាត់ទឹកដីខ្មែរប្រគល់ទៅឱ្យវៀតណាម ពីសំណាក់បារាំង នៅឡើយ។
លោកថា៖ «គាត់គិតថា គាត់ [កម្ពុជាក្រោម] ជាផ្នែកមួយនៃទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះគាត់ជាខ្មែរ គាត់ [ខ្មែរកម្ពុជាក្រោម] ចង់រស់នៅក្រោមការដឹកនាំរបស់ខ្មែរយើង មិនទាន់មានការផ្ដាច់ខ្លួនឯករាជ្យឬយ៉ាងណាមួយនៅឡើយទេ។ តាំងពីដើមមក ពួកគាត់នៅតែតាំងខ្លួនជាខ្មែរ ព្រះមហាក្សត្រ ជាព្រះមហាក្សត្រខ្មែរទាំងអស់គ្នា កម្ពុជាជាទឹកដីរួមរបស់គាត់តាំងពីដើមមក»។
ប្រធានចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD – People Movement for Democracy, Cambodia) លោក ទូច វិបុល ចាត់ទុកការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីឆ្លុះបញ្ចាំងឱ្យឃើញថា លោក ហ៊ុន សែន មិនមានស្មារតីជាតិនិយមពិតប្រាកដ និងមិនយល់ចំពោះការតស៊ូរបស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងធ្វើនៅលើឆាកអន្តរជាតិ នាពេលកន្លងមករហូតដល់បច្ចុប្បន្ន។ លោកបន្តថា ការតស៊ូរបស់ពលរដ្ឋខ្មែរក្រោម ដើម្បីបានសិទ្ធិរស់នៅកម្ពុជាក្រោមនោះ ក៏ត្រូវបានអង្គការសហប្រជាជាតិ ទទួលស្គាល់ផងដែរ។
លោក ទូច វិបុល បន្តថា ការលើកឡើង និងតស៊ូទាមទារកម្ពុជាក្រោមមកវិញ មិនមែនជាការទៅធ្វើសង្គ្រាមជាមួយនឹងប្រទេសវៀតណាមឡើយ ប៉ុន្តែជាការតស៊ូមតិតាមផ្លូវច្បាប់ជាតិ និងអន្តរជាតិទៅវិញទេ។
លោកថា៖ «ប្រសាសន៍របស់គាត់មិនមានអ្វីចម្លែកទេ ដោយសារទំនៀមទម្លាប់របស់គាត់ និយាយ ការប្រើប្រាស់ភាសាហិង្សា ដូចខ្ញុំបញ្ជាក់សារដើម វាមិនឆ្លុះបញ្ចាំងអំពីមេដឹកនាំដែលមនសិការជាតិពិតប្រាកដរបស់ខ្លួន។ ជាថ្មីម្ដងទៀត ការតស៊ូមតិ ការលើកឡើងរបស់អ្នកវិភាគក្ដី របស់ប្រជាពលរដ្ឋខ្មែរជាទូទៅក្ដី ឬអ្នកណាក៏ដោយ ដែលលើកឡើងពីបញ្ហាកម្ពុជា កោះត្រល់ ចង្កោមកោះច្រកសេះទាំងអស់នេះ មិនមែនមានន័យថា គេទៅលីកាំភ្លើងទៅច្បាំងជាមួយប្រទេសវៀតណាមនោះទេ គឺគេនិយាយអំពីការតស៊ូមតិអំពីច្បាប់ជាតិ និងអន្តរជាតិ ហើយឈរស្មើមុខគ្នា នៅតុលាការអន្តរជាតិ»។
ទឹកដីកម្ពុជាក្រោម ដែលបារាំងហៅថា ដែនដីកូសាំងស៊ីន (Cochinchine) មានចំនួន ២១ ខេត្ត-ក្រុង ត្រូវបានបារាំងកាត់ទៅឱ្យវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ នៅក្នុងអំឡុងពេលដែលបារាំងដាក់អាណានិគមលើកម្ពុជា ដែលចុះហត្ថលេខាដោយប្រធានាធិបតីបារាំង លោក វាំងសង់ អូរីយូល (Vincent Auriol)៕

.