លោក ទូច វិបុល ប្រធាន​ក្រុមពលរដ្ឋនិយម ថ្មីៗនេះ​បាន​ថ្លែង​ក្នុងកិច្ចពិភាក្សា​របស់​​សារព័ត៌មាន​​ឌី​​ខេមបូឌា ដេលី (The Cambodia Daily) អំពី​អ្នកនយោបាយ​​ខ្មែរ​​នៃ​​ក្រុម​ប្រជាធិបតេយ្យ ដែល​​បាន​​​ខកខាន​​​ក្នុង​​​ការទទួល​​ខុសត្រូវ និង​​មិន​​គោរព​គោល​នយោបាយ​​របស់​ខ្លួន ធ្វើ​ជាគំរូ​​ដល់​​​អ្នកគាំទ្រ​ ទាំង​លើក្រមសីលធម៌ និង​​គោលការណ៍​​លទ្ធិ​ប្រជា​ធិបេតយ្យ។ ជាមួយគ្នានេះ លោក​បាន​ស្តី​បន្ទោស​លោក សម រង្ស៊ី ថាមិន​​បាន​​ប្រកាន់​នយោបាយ​​ប្រជាធិបតេយ្យ​​ជាក់​លាក់ ដែល​មិន​​គប្បី​​ធ្វើ​ជាគំរូគេ​​​បាន​​ទេ។

លោក ទូច វិបុល សរសេរនៅលើទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ​ថា «ខ្ញុំកំពុង​បង្រៀន​អ្នកគាំទ្រ​របស់​លោក សម រង្សុី ឲ្យ​យល់​ថា អ្វីទៅ​ដែល​ហៅថា លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិបញ្ចេញ​មតិ (?)។ នៅពេលអ្នក​យល់​ច្បាស់​អំពីលទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ ពេលនោះ​អ្នក​នឹង​ចូលរួម​ជាមួយ​ខ្ញុំ ហើយ​ស្រែក​ថា លោក​ប្រធាន {សម រង្ស៊ី} សម្រាកចុះ ២៥ ឆ្នាំ គ្រប់គ្រាន់ហើយ»។ លោក វិបុល បាន​អំពាវនាវ​ថា «លោក សម រង្ស៊ី ល្មម​ដល់​ពេល​ចូលនិវត្តិន៍ ឬ​លាឈប់​ពីឆាក​នយោបាយ ដោយសារ​​តែ​ភាពបរាជ័យ និង​ការខកខាន​បង្ហាញ​ភាពស្មោះត្រង់​​ ជាមួយ​អ្នក​គាំទ្រ ព្រមទាំង​ខកខាន​គោរព​គោល​ការណ៍​​ច្បាប់​​គតិយុត្តិ​​របស់​ខ្លួន ខណៈពេល​ពលរដ្ឋខ្មែរ ចូលរួម​​យ៉ាង​ពេញ​លេញ​​ ក្នុងការទាមទារ និងកសាង​សង្គម​ប្រជាធិបតេយ្យ​ពិត​ប្រាកដ»

លោក វិបុល លើក​ហេតុផលថា «លោក សម រង្សុី និង​មនុស្សក្បែរខ្លួនមួយចំនួន​របស់​គាត់ បាន​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល តាម​មធ្យោបាយ​ហិង្សា កាល​ពីថ្ងៃទី​ ០៩ វិច្ឆិកា ២០១៩។ ហើយ​​រហូត​មក​​ដល់​ពេល​នេះ តើបទចោទប្រកាន់​នោះ ត្រូវ​បាន​ទម្លាក់​ចោល​​ហើយ​ឬ​នៅ? លើសនេះ​ទៅ​ទៀត ការប៉ុន​ប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ ត្រូវ​បាន​លោកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រេសិតពិសេស​នៃ​អង្គការ​សហប្រជាជតិ (អ.ស.ប /UN) ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជាថា សកម្មភាព​របស់​លោក សម រង្ស៊ី មិនអាច​ទទួល​បាន​ការគាំទ្រ​ពី​អន្តរជាតិទេ»

លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស​នៃ​អង្គការសហប្រជាជាតិ (UN) កាល​ពី​ថ្ងៃទី ​២៥ ខែ​កញ្ញា ឆ្នាំ​​២០១៩ បាន​​ថ្លែង​នៅ​ក្នុង​សន្និសីទ​នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ លើក​ទី​​៤២ នៅ​ទីក្រុង​ហ្សឺណែវ យ៉ាង​ដូច្នេះថា «លោក សម រង្ស៊ី ដែល​កំពុង​រស់នៅនិរទេស​ខ្លួន ចាប់​​ពី​​ឆ្នាំ​​២០១៥ បាន​បន្ត​ប្រើ​វោហាសាស្ត្រ ប្រទូស​សារាយ​ប្រឆាំង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​អ្នកដទៃ រាប់​បញ្ចូលទាំង​ការ​អំពាវនាវ​ឱ្យពលរដ្ឋ​កម្ពុជា ផ្តួលរំលំ​រដ្ឋាភិបាល​ផង ដែល​ទាំងនេះ ខ្ញុំប្រាកដ​ជា​មិន​​​គាំទ្រ​ដាច់​ខាត»

មេដឹកនាំបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែល​ជា​សហស្ថាបនិក​នៃ គណបក្ស​សង្គ្រោះ​ជាតិ​​នោះ មិនដែល​​បាន​​និយាយ​រំលឹក​ឈ្មោះ​មួយ​ម៉ាត់​ណា​សោះ អំពី​លោក សម រង្ស៊ី គឺ​ចាប់​តាំង​ពីលោក កឹម សុខា ខ្លួនឯង ត្រូវ​​បាន​​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​​ត្រពាំងថ្លុង ខេត្ត​ត្បូងឃ្មុំ នា​ខែកញ្ញា ឆ្នាំ​២០១៧ រហូត​មក​ដល់​ពេល​ដែល​លោក ត្រូវ​បាន​ផ្ទេរ​​ទៅ​ឃុំខ្លួន​ក្នុងផ្ទះ នៅភ្នំពេញ ក្នុង​​ឆ្នាំ​​ ២០១៨ និង​​ពេល​​ដែល​​ទទួល​បាន​សេរីភាព​ដើរហើរ​ក្នុង​ប្រទេស នៅ​ថ្ងៃទី​១១ វិច្ចិកា ឆ្នាំ២០១៩។ លោក កឹម សុខា និយាយ​តែ​ម្យ៉ាងគឺ ការទាមទារ​យុត្តិធម៌

លោក សុខា នៅ​បន្តការស៊ូ​មតិ​​​ដោយ​មធ្យោបាយ​អហិង្សា និងតាម​យន្តការ​ច្បាប់​ជាមូលដ្ខាន ជាមួយតុលាការ​​​ក្រុងភ្នំពេញ ទោះបីលោក​តែងតែហៅ​ប្រព័ន្ធ​តុលាការ​នោះថា​ «អយុត្តិធម៌»​ យ៉ាងណា​ក៏ដោយ។

លុះមកដល់​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ​២០២០ លោក កឹម សុខា បាន​ជួបសំណេះសំណាល​ជាមួយ​​លោក ហ៊ុន សែន ប្រមាណ ៥០ នាទី នៅក្នុង​ពិធីបុណ្យសព​មហាឧបាសិកា ប៊ុន ស៊ាងលី ជា​ម្តាយ​របស់​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន។ ខ្លឹមសារ​នៃ​ជំនួបនេះ ត្រូវ​បាន​ក្រុមអ្នកការទូត អ្នកឃ្លាំមើល​សង្គម និង​ពលរដ្ឋខ្មែរ បាន​ហៅ​ថា «ជាជំហាន​វិជ្ជមាន» ជា​ការចាប់ផ្តើម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ និង​ស្តារ​ប្រក្រតីភាពឡើងវិញ​​​នៅ​​កម្ពុជា៕

(អត្ថបទដោយនគរ /១២ ឧសភា ២០២០)

.