អត្ថបទ The Cambodia Daily / 10th-12-2020

ក្រុមអ្នកឃ្លាំមើល រិះគន់ថា ជម្លោះ​នយោបាយ​រវាងលោក សម រង្ស៊ី និង​លោក ហ៊ុន សែន មិន​បាន​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ និង​មិន​បាន​ដោះ​ស្រាយ​វិបត្តិ​នានា​របស់​ប្រទេស​ជាតិ​នោះ​ទេ។

ប្រធាន​ប្រតិបត្តិ​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ថា រាល់​ការ​ចរចា​រក​ដំណោះ​សា្រយ​នៃ​វិបត្តិនយោបាយ រវាង លោក សម រង្ស៊ី និង​លោក ហ៊ុន សែន កន្លង​មក បាន​ជួយ​ឱ្យ​លោក ហ៊ុន សែន កាន់​តែ​មាន​ឱកាស​ក្តោប​ក្តាប់​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ។ លោក បញ្ជាក់​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចេះ​រស់​នៅ​ជាមួយ​គ្នា ដោយ​​មិន​​ប្រកាន់​​និន្នាការ​​នយោបាយ ​ចេះ​​យោគយល់​គ្នា​ក្នុង​នាម​ពូជ​សាសន៍​តែ​មួយ និង​​ឈប់​​កាប់​​សម្លាប់​​គ្នា​​ដើម្បី​អំណាច កម្ពុជា​​ពិត​ជា​ត្រូវការ​អ្នក​នយោបាយ​ ដែល​មាន​បេះដូង មាន​​ព្រហ្មវិហា​ធម៌ និង​គុណធម៌​ខ្លាំង ទើប​អាច​រក​ដំណោះ​ស្រាយ​ជូន​ជាតិ និង​ផ្តល់​សេចក្តី​សុខ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ពេញ​លេញ។

លោ ទូច វិបុល ចោទ​ជា​សំណួរ​ថា តើ​ហេតុ​អ្វី​បាន​ជា លោក សម រង្ស៊ី ស្នើ​សុំ​លោក ហ៊ុន សែន កែ​រដ្ឋធម្មនុញ្ញ? តើ​ហេតុ​អ្វី​បាន​ជា​លោក សម រង្ស៊ី ដក​ពាក្យ​បណ្តឹង​ដែល​បាន​ចោទ​ប្រកាន់ លោក ហ៊ុន សែន ពី​តុលាការ​អាមេរិក ក្រុង New York? តើ​ការ​ដោះ​ដូរ ផល​ប្រយោជន៍​​នយោបាយ រវាងលោ សម រង្ស៊ី និង​លោក ហ៊ុន សែន កន្លង​មក បាន​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ និង​ពលរដ្ឋ​ខ្មែរ​ឬទេ ឬ​គ្រាន់​តែ​បម្រើ​ផល​ប្រយោជន៍​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ឬ​យ៉ាង​ណា?

ការរិះគន់នេះ ធ្វើ​ឡើង​ក្រោយ​ពេល​អនុប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​មន្ត្រី​ជាន់ខ្ពស់​របស់​គណ​បក្ស​​នេះ​មួយ​ចំនួន​ ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍ ចូល​ទៅ​កម្ពុជា​វិញ ដើម្បី​រក​ការ​ចរចា ផ្សះ​ផ្សា​នយោបាយ​ជាមួយ​លោក ហ៊ុន សែន នៅ​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២១ ខាង​មុខ​នេះ។

ជុំវិញ​ការធ្វើមាតុភូមិ​និវត្តន៍​នេះ អតីត​​ប្រធាន​​បក្ស​​សង្គ្រោះ​​ជាតិ លោក សម​ រង្ស៊ី កាល​​ពី​ថ្ងៃទី​​៥ ខែ​ធ្នូ ឆ្នាំ​​២០២០ នេះ បាន​អំពាវ​នាវ​​រៃអង្គាស​​ថវិកា​ ពី​សមាជិក និង​​អ្នក​​គាំទ្រ​​របស់​​ខ្លួន ដើម្បី​​ជួយ​​ដល់​​បេសកកម្ម​​ថ្នាក់​​ដឹកនាំ​​បក្ស​​ប្រឆាំង ដែល​​គ្រោង​​ធ្វើ​​មាតុភូមិ​​និវត្តន៍​ ដើម​ឆ្នាំ ​២០២១ ខាង​​មុខ​នេះ។

យុទ្ធសាស្រ្ត​មាតុភូមិ​និវត្តន៍​នេះ ត្រូវ​បាន​លោក សម រង្ស៊ី ប្រើ​​ប្រាស់​​ប្រកាស​​ចូល​​ស្រុក​​ម្តង​​រួច​​មក​​ហើយ កាល​ពី​ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ​ទាំង​ស្រុង។ បរាជ័យ​នេះ បាន​​នាំ​​ឲ្យ​​មន្ត្រី​ជាន់ខ្ពស់ សមាជិក និង​​សកម្មជន​​បក្ស​​ប្រឆាំង ដែល​​បាន​​ចូល​រួម​​ក្នុង​​ព្រឹត្តការណ៍ ៩ វិច្ឆិកា រង​​ការ​​ចោទ​​ប្រកាន់​​ពី​​តុលាកា​រ​របស់​​លោក ហ៊ុន សែន ពី​​បទ​​ប៉ុនប៉ង​​ធ្វើ​​រដ្ឋប្រហារ​​ផ្តួល​រំលំ​​រដ្ឋាភិបាល​​កម្ពុជា​​បច្ចុប្បន្ន ហើយ​​ត្រូវ​​សមត្ថិច្ច​​បាន​​ចាប់​​ខ្លួន និង​​ត្រូវ​​តុលាការ​ កោះ​​ហៅ​ជា​​បន្ត​​បន្ទាប់ ខណៈ​​សមាជិក​​ខ្លះ​​ទៀត បាន​​រត់​​ភៀស​​ខ្លួន​​ទៅ​​រស់នៅ​​ឯ​​ក្រៅ​​ប្រទេស​​ទៀត​​ផង។

យ៉ាងណាក៏ដោយ អគ្គលេខាធិការ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន បណ្ឌិត សាម អ៊ីន ធ្លាប់​លើក​ឡើង​ថា យុទ្ធសាស្ត្រ​នយោ​បាយ​​របស់​​ក្រុម​​លោក សម រង្ស៊ី ដែល​​បាន​​ប្រើ​ប្រាស់​​កន្លង​មក មិន​​បាន​ផ្តល់​ជា​ដំណោះ​ស្រាយ​ល្អ សម្រាប់​កសាង​សង្គម​ប្រជា​ធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​គោរព​រដ្ឋធម្មនុញ្ញ នោះ​ទេ។

ក្រុមអ្នកឃ្លាំមើលសង្គម សំដែង​ការអបអរ​សាទរ​ ដែល​មន្ត្រី​អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស មាន​បំណង​ធ្វើ​មាតុភូមិ​និវត្តន៍ ដើម្បី​រក​ការ​ផ្សះ​ផ្សា​នយោបាយ ប៉ុន្តែ​ពួក​គេ​ជំរុញ​ឲ្យ​លោក សម រង្ស៊ី ចេញ​មុខ​ដឹកនាំ​យុទ្ធនាការ​នេះ​ដោយ​ផ្ទាល់ ប្រសិន​បើ​ពួក​គេ​​មិន​ប្រគល់​​ភារកិច្ច​នោះ ទៅ​ឲ្យ​លោក កឹម សុខា ជា​អ្នកដឹកនាំ​ស្វែង​រក​ការ​ផ្សះផ្សា​ជាតិ​ទេ​នោះ៕

.

.