អតីតប្រធាន​អង្គការសម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង និង​សព្វថ្ងៃជា​ប្រធាន​ក្រុមពលរដ្ឋនិយម លោក ទូច វិបុល បាន​រិះគន់​ចំៗ​ទៅ​លើ លោក សម រង្ស៊ី អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ថា បានរំលោភ​គោល​ការណ៍​រួម និង​បំពាន​បទដ្ឋាន​គតិយុត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ។ លោកនិយាយថា លោក សម រង្ស៊ី បាន​រំលោភ​តួនាទី និង​សេចក្តីទុក​ចិត្ត​របស់​លោក កឹម សុខា តាំង​ពី​ពេល​លោក កឹម សុខា ស្ថិត​ក្នុង​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌។ នេះបើតាម​ការ​ថ្លែង​របស់លោក វិបុល ក្នុង​វេទិកាពិភាក្សា​​ជាមួយ​​លោក ហាស់ សាន នៃ​សារព័ត៌មាន​ ឌីខេមបូឌា ដេលី (The Cambodia Daily) ថ្មីៗ​នេះ។

លើទំព័រហ្វេសប៊ុក​លោក ទូច វិបុល នៅ​ថ្ងៃទី ០៩ ខែ​ឧសភា ឆ្នាំ​២០២០ នេះ​ដែរ បាន​អំពាវនាវ​ឲ្យ​លោក សម រង្ស៊ី លាឈប់​ពីមុខនាទី​ជា​ប្រធានស្តីទី នៃ​គណបក្សសង្គ្រោះជាតិ ដែល​លោកថា លោក សម រង្ស៊ី បាន​​តែង​តាំង​​ខ្លួន​ឯង កាល​​ពីថ្ងៃទី ០២ ធ្នូ ឆ្នាំ​២០១៨។ លោក វិបុល បញ្ជាក់ថា តួនាទីរបស់លោក សម រង្ស៊ី នេះ «បង្ក​ភាព​ច្របូក​ច្របល់​ក្នុង​​ចង្កោម​មេដឹកនាំបក្សប្រឆាំង» ក្នុង​ពេល​លោក កឹម សុខា ជា​ប្រធាន​​ស្របច្បាប់ នៃ​គណបក្សនេះ កំពុង​បំពេញ​តួនាទី​របស់ខ្លួន បើទោះបី​ជាប់​ក្នុង​រឿងក្តី​របស់​តុលាការ​​ដ៏អយុត្តិធម៌​នោះ​ក្តី។ លោក វិបុល សរសេរថា «ដោយលោក សម រង្សុី ធ្វើឲ្យ​មាន​ភាព​បរាជ័យ​ហើយ បរាជ័យទៀត នៅ​ពេល​លោក កឹម សុខា កំពុង​តស៊ូមតិ​យ៉ាង​ស្វិតស្វាញ ដោយ​អហឹង្សា ជាមួយ​រដ្ឋអំណាច​ក្រុងភ្នំពេញ»

ជាមួយ​គ្នា​នេះ លោក ទូច​ វិបុល ក៏បាន​រិះគន់​ក្រុម​អ្នក​ប​ន្ទរ​សម្លេង លោក សម រង្ស៊ី ដែរ​​ថា «បន្ថែម​អំបិល​​លើ​​ស្នាម​​របួស {លោក កឹម សុខា} ដោយ​សកម្មជន​នយោបាយ អ្នកវិភាគ បណ្ឌិត និង​អ្នកសារព័ត៌​មាន​​មួយចំនួន ជាពិសេស​វិទ្យុអាសុីសេរី​ផ្នែកភាសា​ខ្មែរ (RFA Khmer) ដែល​បាន​ធ្លាក់​ខ្លួនបម្រើ​ផល​ប្រយោជន៏​នយោបាយ​បរាជ័យ របស់លោក សម រង្ស៊ី តាម​រយៈ​ការផ្សព្វផ្សាយ នូវកម្មវិធី​នយោបាយ​ដែលគ្មាន​មូលដ្ឋាន​ច្បាស់លាស់»

ចំណែក​អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន​ប្រាប់​វិទ្យុអាស៊ីសេរី កាល​ពីថ្ងៃទី ០៨ ឧសភា ថា​រូបលោក «សូម​អំពាវ​នាវ​​ឲ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​​បង្ហាញ​ស្មារតី​​រួប​រួម​គ្នា​​ឡើង​វិញ​ឲ្យ​ខ្លាំង​ក្លា ​ដើម្បី​​តស៊ូ​នយោបាយ​ ជាមួយ​បក្សកាន់​អំណាច​របស់​លោក ហ៊ុន សែន» បន្ទាប់​ពីក្រុម​អ្នកគាំទ្រ​របស់​លោក សម រង្ស៊ី និង​អ្នកគាំទ្រ​លោក កឹម សុខា បាន​ប្រឈមមុខ​ដាក់គ្នា និង​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅ​មក នៅ​លើ​​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ថ្មីៗនេះ សកម្មជន​បក្សសង្គ្រោះជាតិ​នៅ​ក្រៅប្រទេស​មួយចំនួន ដែល​គេស្គាល់​ថា ជាមនុស្ស​ជិតស្និទ្ធ​នឹង​ក្រុម​គ្រួសារ លោក កឹម សុខា បាន​និយាយ​ដូចៗ​គ្នា​ថា «លោក សម រង្ស៊ី និង​ភរិយារបស់​គាត់ មិន​ដែលបាន​ទាក់ទង​ដើម្បី​សួរសុខ​ទុក្ខ​លោក កឹម សុខា ម្តង​ណា​ទេ សូម្បី​តែ​ទាក់ទង​តាម​រយៈភរិយា​រ​បស់​លោក កឹម សុខា ឬ​សាច់ញាតិ ឬក៏​មនុស្សជំនិត​របស់លោក កឹម សុខា ក៏អត់ដែរ តាំង​តែ​ពីលោក កឹម សុខា នៅក្នុង​ពន្ធនាគារ រហូត​ដល់​ផ្ទេរ​ទៅ​​រស់នៅ​ក្នុងផ្ទះ»

សម្រាប់​លោក ទូច វិបុល ​បាន​ហៅលោក សម រង្ស៊ី ថា «អ្នកនយោបាយ​គ្មាន​គោលការណ៏​​មូលដ្ឋាន​ច្បាស់លាស់ ដែល​បាន​​បង្កើតព្រឹត្តិការណ៍នានា ​នាំមក​នូវការបែកបាក់​សាមគ្គឺ ក្នុង​ចំណោម​ក្រុមអ្នក​ប្រជាធិបតេយ្យ​ដូចគ្នា» គឺ៖
១- ការបង្កើត​ចលនាសង្គ្រោះជាតិ នៅ​ចុង​ខែ​មករា ​២០១៨ នាំឲ្យ​បរាជ័យ និង​​ការបែក​បាក់។
២- ការបង្កើតព្រឹត្តិការណ៏ ថ្ងៃ ២ ឆ្នូ ២០១៨៖ លោក សម រង្ស៊ី តែងតាំងខ្លួនឯង​ជា​ប្រធាន​ស្តីទី ក៏​បាន​បង្កភាព​បរាជ័យ និង​នាំមក​នូវ​ការបែកបាក់​បន្ថែម។
៣- បង្កើត​ក្រុមការងារតាម​​បក្ខពួក​របស់លោក សម រង្សុី ដដែល​ ដូចជា CNRP-O, CNRPA ។ល។ សុទ្ធ​តែ​​​ទទួល​បរាជ័យ ហើយ​នាំ​មក​នូវ​ការបែកបាក់​ដដែល។
៤- ការប្រកាស​ចលនា​ផ្តួលរំលំ​រដ្ឋាភិបាល នៅ​ថ្ងៃទី ៩ វិច្ឆិកា ២០១៩ នាំ​ឲ្យបរាជ័យធ្ងន់ធ្ងរ ហើយ​នាំ​ឲ្យ​មាន​​ការ​បែក​បាក់​កាន់​តែ​ខ្លាំង។ ជាមួយគ្នានោះ ក្រុម​សកម្មជន​ជាង ១០០ នាក់ {ក្នុង​ប្រទេស​កម្ពុជា} ត្រូវ​បាន​អាជ្ញាធរ​ចាប់ដាក់​គុក។
៥- ការផ្តួចផ្តើមគំនិត​បង្កើត​រណសិរ្សរួបរួមជាតិ​ដើម្បីប្រជាធិបតេយ្យ​នៅកម្ពុជា នា​ពេលថ្មីៗ​នេះ ក៏នៅតែបរាជ័យ និង​នាំមកនូវការបែកបាក់​ដដែល {រួចមក​ទម្លាក់​ការទទួល​ខុស​ត្រូវ ទៅ​ឲ្យអ្នក​ផ្សេង ដែល​នៅក្នុង​សេណា​រីយ៉ូ​របស់​ខ្លួន}។

ទោះបីយ៉ាងណាក្តី លោក ទូច វិបុល ផ្តល់គំនិតជាដំណោះស្រាយ​មួយចំនួន ដូចជា៖
១- លោក សម រង្សុី ត្រូវ​លាឈប់​ពីតួនាទី ដែល​តែង​តាំង​ដោយ​ខ្លួន​ឯង ​ជាប្រធាន​ស្តីទី។
២- អ្នកពាក់ព័ន្ធនឹង​ចលនា​ផ្តួលរំលំ​រដ្ឋាភិបាល ត្រូវ​លាឈប់​ពី​គណបក្សសង្គ្រោះជាតិ ហើយ​បន្ត​ចលនារបស់​ខ្លួន​ទៅមុខទៀត ប្រសិន​ខ្លួន​មានឆ្ទៈពិតប្រាកដ ក្នុង​បេសសកម្ម​ផ្តួល​រំលំ​រដ្ឋាភិបាលកម្ពុជា​ពិតប្រាកដ​មែន​នោះ។ {គ្មាន​សហគមន៍​អន្តរជាតិ​ណាមួយ ទៅ​គាំទ្រ​ចលនា​ខុស​ច្បាប់ សូម្បី​អង្គការ​សហប្រជាតិ (អ.ស.ប) រឹតតែ​មិន​អាច​គាំទ្រ​ទាល់​តែ​សោះ}
៣- អ្នក​នៅក្នុង​គណបក្សសង្គ្រោះជាតិ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​គណបក្ស​របស់ខ្លួន​មក​វិញ ហើយ​បន្តគោរព​ និង​ដើរតាម​នៃ​ការតស៊ូមតិ​ដោយ​អហឹង្សា ដែល​​មាន​លោក កឹម សុខា កំពុង​នាំមុខ។
៤- ចំពោះសកម្មជន​នយោបាយ​វិញ ត្រូវ​ជ្រើសរើសផ្លូវដើរថា តើដើរតាមវិថីរបស់លោក សម រង្សុី ឬតាមវិថីរបស់លោក កឹម សុខា ឬក៏ចង់បង្កើតគណបក្ស​នយោបាយ​ដោយខ្លួនឯង (?)។

លោក ទូច វិបុល ជូនយោបល់បន្ថែមទៀតថា «សូមញែកឲ្យដាច់ពីគ្នា រវាងបំណង​ល្អ នៃ​ការចង់រួបរួម​សាមគ្គឺ និង​សកម្មភាព​ដែល​នាំមក​នូវការបែកបាក់សាមគ្គឺ។ សម្រាប់អ្នកវិភាគ ត្រូវហ៊ាននិយាយឲ្យចំជម្ងឺ ឬដើរ​តាម​សម្តីមាស របស់បណ្ឌិត កែម ទ្បី គឺហ៊ាននិយាយការពិត»

(អត្ថបទដោយ នគរ /០៩ ឧសភា ២០២០)

អត្ថបទទាក់ទង
លោក ទូច វិបុល​៖ កុំ​មក​ហៅ​ខ្ញុំ​ទៅ​សាមគ្គីភាព​ជាមួយ​​​អ្នក​​នយោបាយ​លេង​ល្បែង [និង] ជាមួយ​លោក សម រង្ស៊ី អ្នក​សាប​​ព្រោះ​​ការ​ប្រមាថ​​លាប​ពណ៌​​

 

.