អត្ថបទ The Cambodia Daily
28-7-2023

បណ្ដាញ​សហជីព​កម្ពុជា ​ដែល​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​អនាគត​កម្មករ​និយោជិត​កម្ពុជា​ នៅ​ពេល​រោងចក្រ ​ដែល​កំពុង​វិនិយោគ​នៅ​ក្នុង​ប្រទេស នាំគ្នា​ប្រកាស​បិទ​បញ្ចប់​កិច្ចសន្យា​ការងារ និង​ព្យួរ​ការងារ​កម្មករ​និយោជិត បន្ទាប់ពី​ដំណើរ​នៃ​ការ​បោះឆ្នោត​ ឆ្នាំ​២០២៣ នេះ ​កំពុង​រង​នូវ​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទណ្ឌកម្ម​បុគ្គល​ពី​សហគមន៍​អន្តរជាតិ។

សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា (FTUWKC) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ពួកគេ​មាន​ការ​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង ​ក្រោយ​ទទួល​បាន​ព័ត៌មាន​ ពី​តំណាង​សហជីព​មូលដ្ឋាន ​ដែល​ជា​សមាជិក​ថា នៅ​តាម​បណ្តា​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា ថៅកែ​រោងចក្រ​បាន​បញ្ចប់​កិច្ចសន្យា​ការងារ និង​ព្យួរ​ការងារ​កម្មករ​និយោជិត​ជា​បន្តបន្ទាប់​ហើយ​នៅ​ពេលនេះ។

ការ​សម្រេច​បញ្ចប់​កិច្ចសន្យា​ការងារ និង​ព្យួរ​ការងារ​កម្មករ​និយោជិត​កម្ពុជា​នៅ​ពេលនេះ ត្រូវ​គេ​រិះគន់​ថា មូលហេតុ​​ចម្បង ​គឺ​បណ្តាល​មកពី​ការ​បោះឆ្នោត ​ដែល​សហគមន៍​អន្តរជាតិ​ មិន​អាច​ទទួលយក​បាន​ នៅ​ពេល​នេះ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ​នៅ​ថ្ងៃទី​២៧ កក្កដា នេះ​ថា ក្រុមហ៊ុន​រោងចក្រ​នានា​នៅ​កម្ពុជា​ បាន​បញ្ចប់​កិច្ចសន្យា​ការងារ និង​ព្យួរ​ការងារ​កម្មករ​និយោជិត ដោយសារ​តែ​ក្រុមហ៊ុន​ទាំងនោះ​ គ្មាន​ការ​បញ្ជា​ទិញ​ពី​សហគមន៍​អឺរ៉ុប បន្ទាប់ពី​ការ​បោះឆ្នោត​ក្លែងក្លាយ​មួយ​ ដែល​គេ​មើល​ឃើញ​ថា កម្ពុជា​នឹង​រង​នូវ​ទណ្ឌកម្ម​នានា​ នៅ​ថ្ងៃ​មុខ

លោក អ៊ុំ សំអាន លើកឡើង​ថា បន្ទាប់ពី​ការ​បោះឆ្នោត​ក្លែងក្លាយ សហភាព​អឺរ៉ុប ​នឹង​ផ្តាច់​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ EBA ១០០​​ភាគរយ ខណៈ​សហរដ្ឋ​អាមេរិក ​ក៏​នឹង​មិន​ផ្តល់​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដល់​កម្ពុជា​វិញ​ដែរ ស្រប​​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច ​លោក ហ៊ុន សែន មិន​ខ្វល់​ពី​ជីវភាព​របស់​កម្មករ​នោះ​ទេ ទោះជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងនោះ ​ត្រូវ​បាន​កាត់​ផ្តាច់​ដោយសារ​ការ​រំលោភ​ច្បាប់​ ក្រោម​ការ​ដឹកនាំ​របស់​គាត់​ក៏ដោយ សំខាន់​ឱ្យ​តែ​គាត់​អាច​ផ្ទេរ​អំណាច​ផ្ដាច់ការ​ត​ពូជ​ ទៅ​កូន​របស់​គាត់​បាន គាត់​មិន​ខ្វល់​ពី​សុខទុក្ខ​កម្មករ​អ្វី​ទាំង​អស់។

កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣ មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន សែន សម្ដែង​ការ​សោកស្តាយ​ដែល​លោក​ មិន​បាន​ចុះ​សួរ​សុខទុក្ខ​កម្មករ​ តាម​រោងចក្រ​ដូច​ការ​សន្យា ​នៅ​មុន​ការ​បោះឆ្នោត ប៉ុន្តែ​មេដឹកនាំ​ខ្មែរ​រូប​នេះ​ បញ្ជាក់​ថា រដ្ឋាភិបាល​ថ្មី និង​នាយករដ្ឋមន្ត្រី​ថ្មី គឺ​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​កាន់​តំណែង​នៅ​ក្រោយ​ការ​បោះឆ្នោត​នេះ នឹង​ចុះ​សួរ​សុខទុក្ខ​កម្មករ​ទាំងនោះ ​ជំនួស​លោក​ជាមិនខាន។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៥ ខែ​កក្កដា នេះ​ថា រដ្ឋាភិបាល​ថ្មី​ដែល​​កើត​ក្រោយ​ការ​បោះឆ្នោត​រំលោភ​ច្បាប់ ​ឆ្នាំ​២០២៣ នេះ កំពុង​បង្ក​វិនាសកម្ម​យ៉ាង​ធំធេង ​ដល់​ផល​ប្រយោជន៍​របស់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ ក្នុង​នោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នានា​ទាំង EBA របស់​សហភាព​អឺរ៉ុប និង GSP សហរដ្ឋ​​អាមេរិក នឹង​ត្រូវ​បាត់បង់​ទាំងស្រុង

លោក គឹម សុខ លើកឡើង​ថា គ្រាន់តែ​ការ​បោះឆ្នោត​ក្លែងក្លាយ​​បាន​បញ្ចប់​ភ្លាម សហរដ្ឋ​អាមេរិក ​ក៏​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ភ្លាម​ដែរ ទាំង​ដែល​រដ្ឋាភិបាល និង​នាយករដ្ឋមន្ត្រី​ថ្មី​ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត មិន​ទាន់​​ត្រូវ​បាន​បង្កើត​ឡើង​ផង​នោះ ដែល​នេះ​គឺ​មាន​ន័យ​ថា ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​នេះ​ នៅតែ​បន្ត​រំលោភ​ច្បាប់​ទៀត​នោះ ទណ្ឌកម្ម​នានា​ដូចជា​ការ​បិទ​ទិដ្ឋាការ​ប្រាកដ​ជា​ នឹង​ដាក់​ចំ​មុខ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នេះ​តែម្តង។

អ្នកវិភាគ​នយោបាយ​រូប​នេះ ​បញ្ជាក់​ថា នៅ​ពេល​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP សហរដ្ឋ​​អាមេរិក​ត្រូវ​បាន​កាត់​ផ្តាច់ ព្រមទាំង​ការ​ដាក់​បម្រាម​របស់​សហរដ្ឋ​អាមេរិក ​មិន​ឱ្យ​ប្រទេស​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ ជាមួយ​ប្រទេស​កម្ពុជា​ បន្ត​ការ​រកស៊ី​ជាមួយ​កម្ពុជា​ទៅ​មុខ​ទៀត​ ដែល​នឹង​អាច​កើតមាន​ឡើង ដោយសារតែ​រដ្ឋាភិបាល​ខុស​ច្បាប់​នេះ នោះ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​កម្មករ នឹង​ត្រូវ​បាត់បង់​ធ្ងន់ធ្ងរ ដូចជា​ភាព​អត់​ការងារ​ធ្វើ​ នឹង​កើតមាន​ពេញ​ផ្ទៃ​ប្រទេស​ជាមិនខាន។

នៅ​ដើម​ឆ្នាំ​២០២៣ នេះ មាន​រោងចក្រ​ជាង ១០​កន្លែង​ហើយ​ដែល​បាន​បិទ​ទ្វារ ខណៈ​រោងចក្រ​ចំនួន ៧១ ព្យួរ​កិច្ច​សន្យា​​ការងារ និង​រោងចក្រ ៦០ ផ្សេង​ទៀត ​បាន​កាត់បន្ថយ​បុគ្គលិក ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​ជាង ៣​ ម៉ឺន​នាក់ ខណៈ​កម្មករ​ជាច្រើន​នាក់​ផ្សេង​ទៀត​ បាន​បាត់បង់​ការងារ​ទាំងស្រុង៕