វិទ្យុអាស៊ីសេរី RFA /ដោយ សេក បណ្ឌិត
19-8-2023

ព្រះសង្ឃ និង​យុវជន​ខ្មែរក្រោម​ នៅ​ខេត្ត​ព្រះ​ត្រពាំង ចូលរួម​បង្កើត​ក្រុម​រក្សា​វប្បធម៌​និគម​ថ្កូវ ឬ​មាន​ឈ្មោះ​ក្នុង​យូធូប​​ថា (WAT KHMER HISTORY) ដើម្បី​ផលិត​បទ​ចម្រៀង​រៀបរាប់​អំពី​ប្រវត្តិ​វត្ត​នីមួយៗ នៅ​ទឹកដី​កម្ពុជា​ក្រោម និង​រៀបរាប់​ពី​ជីវភាព​ពលរដ្ឋ​ខ្មែរក្រោម​ផង​ដែរ។ ក្រុម​រក្សា​វប្បធម៌​និគម​ថ្កូវ ស្នើ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក​​ ជួយ​ឧបត្ថម្ភ និង​គាំទ្រ ដើម្បី​ឱ្យ​ការផលិត​បទ​ចម្រៀង​ អាច​បន្ត​ទៅ​មុខ​ទៀត​បាន។

បទ​មួយ នៃ​ក្រុម​រក្សា​វប្បធម៌​និគម​ថ្កូវ គឺ​បទ «សម្រស់​ខេត្ត​យើង​» ដែល​រៀបរាប់​ពី​ខេត្ត​ព្រះ​ត្រពាំង ​ដែល​មាន ១៤៣​​វត្ត ជា​កន្លែង​សម្រាប់​ការ​សិក្សា​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម។ ក្នុង​សំលៀកបំពាក់​បុរាណ​ខ្មែរ អ្នកចម្រៀង​ខ្មែរក្រោម​ក៏បាន​រៀបរាប់​ថា ខេត្ត​ដ៏​ចំណាស់​នេះ​មាន​ទីតាំង​ប្រវត្តិសាស្ត្រ​ល្បីៗ​រួមមាន​គូរ​ស្រះស្រី និង​ដើម​ឈើ​ទាល​​ឧកញ៉ា សឺន គុយ ដែល​ជា​និមិត្តរូប​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម ​ចូលរួម​ការពារ និង​អភិរក្ស​វប្បធម៌។

ព្រះចៅ​អធិការ​វត្ត​ស្វាយ​សៀម​ចាស់ និង​ជា​អ្នកដឹកនាំ​ក្រុម​ភ្លេង ព្រះតេជព្រះគុណ ថាច់ ថាយយៀន លើកឡើង​ថា ព្រះអង្គ​ ចាប់ផ្ដើម​បង្កើត​ក្រុម​ភ្លេង​ ចាប់​តាំង​ពី​ឆ្នាំ ២០១៣ ក្នុង​គោល​បំណង​រក្សា​វប្បធម៌ និង​រៀបរាប់​ពី​ជីវភាព​ពលរដ្ឋ​​ខ្មែរ​​ នៅ​​កម្ពុជា​​ក្រោម។ ព្រះតេជព្រះគុណ ថាច់ ថាយយៀន បន្ត​ថា​ ព្រះអង្គ​គឺជា​អ្នកនិពន្ធ​ចម្រៀង ​ដែល​បទ​ទាំងនោះ​ រៀបរាប់​ពី​វប្បធម៌ និង​ជីវភាព​ពលរដ្ឋ​ខ្មែរក្រោម និង​កែច្នៃ​ទំនុកភ្លេង​បុរាណ​ខ្មែរ​ដូចជា​រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ ​ជាដើម​ មក​ដាក់បញ្ចូល​គ្នា។

ព្រះតេជព្រះគុណ ថាច់ ថាយយៀន ឱ្យដឹង​ថា ការផលិត​បទ​ចម្រៀង​ដំបូង​ឡើយ​ មាន​ការ​ប្រឈម និង​ផល​លំបាក​​ជា​​ខ្លាំង ដោយសារ​ការផលិត​បទចម្រៀង ​ត្រូវ​ការ​​គ្រូ​បង្រៀន សម្ភារៈ​​សម្រាប់​​ថត និង​កត្តា​ជីវភាព​របស់​យុវជន ​ដែល​ត្រូវការ​ធ្វើការ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។ ប៉ុន្តែ​ក្រោយ​មក នៅ​ឆ្នាំ​​២០១៨ ព្រះតេជព្រះគុណ ថាច់ ថាយយៀន លើកឡើង​ថា ដោយមាន​ការឧបត្ថម្ភ​ពី​សប្បុរសជន​ខ្មែរក្រោម​ ទាំង​ក្នុង និង​ក្រៅប្រទេស ធ្វើ​ឱ្យ​ក្រុម​រក្សា​វប្បធម៌​និគម​ថ្កូវ​ បាន​ចាប់ផ្ដើម​ផលិត​វីដេអូ​ចម្រៀង និង​អាច​ផ្សព្វផ្សាយ ​តាមរយៈ​ប្រព័ន្ធ​សង្គម​ ដូចជា​ហ្វេសប៊ុក (Facebook) និង​យូធូប (Youtube) ដើម្បី​ឱ្យ​ពិភពលោក​ បាន​ស្គាល់​ពី​វប្បធម៌​ខ្មែរក្រោម។

ព្រះតេជព្រះគុណ ថាច់ ថាយយៀន៖ «ផល​លំបាក​មាន​ដូចជា កត្តា​ក្នុង​ក្រុម ព្រោះ​អី​យើង​បង្កើត​ក្រុម​មួយ​ វា តែង​តែ​​ប៉ះពាល់​ដល់​មជ្ឈដ្ឋាន​ខាង​ក្រៅ ដូចជា​សង្គម ទីមួយ​រដ្ឋាភិបាល ពេលខ្លះ​ គេ​មើលបំណាំ​យើង​ដែរ ព្រោះ​អី​យើង​​បង្កើត​ជា​ក្រុម​មួយ គេ​មិន​ចង់​ឱ្យ​មាន​ទេ ទីពីរ​ទៀត​គឺ កត្តា​ប្អូនៗ​អ្នក​សិក្សា ពេលខ្លះ​ប្អូនៗ​រវល់​ការសិក្សា ក៏​បោះ​បង់​​ចោល​ក្រុម ហើយ​ទី​បី​ទៀត​គឺ កត្តា​មុខរបរ​តែម្ដង ដល់​ប្អូនៗ​ធំ​ហ្នឹង​ គឺ​ពេលខ្លះ​គិតតែ​ការ​ធ្វើ​រោងចក្រ ឬក៏​ធ្វើ​​ប្រកប​អាជីវកម្ម​រកស៊ី គឺ​មិន​បាន​ការចូលរួម​ថែរក្សា​វប្បធម៌​ហ្នឹង​បន្ត​ទៅ​ទៀត​ទេ»។

ព្រះតេជព្រះគុណ ថាច់ ថាយយៀន មាន​សង្ឃដីកា​បន្ត​ថា បច្ចុប្បន្ន​យុវជន​ក្រុម​រក្សា​វប្បធម៌​និគម​ថ្កូវ​ មាន​ប្រមាណ ៣០ ទៅ​ ៤០​នាក់ ដែល​បន្ត​ស្ម័គ្រចិត្ត និង​អាច​ទទួល​បាន​កម្រៃ​តិចតួច​ សម្រាប់​ភេសជ្ជៈ ឬ​ថ្លៃ​ធ្វើ​ដំណើរ។ តែ​ទោះជា​យ៉ាងណា ព្រះតេជព្រះគុណ ថាច់ ថាយយៀន ថា ដើម្បី​សម្រេច​គោលដៅ​ផ្សព្វផ្សាយ​ទូលំ​ទូលាយ​​ជាង​នេះ គឺ​​ទាម​ទារ​​ឱ្យ​​មាន​​ការ​​ជួយ​​ឧបត្ថម្ភ​​បន្ត​​ទៅ​ទៀត ព្រោះថា​ នៅ​មាន​វត្ត និង​តំបន់​ប្រវត្តិសាស្ត្រ​ផ្សេង​ទៀត ​ដែល​មិនទាន់​បាន​ផ្សព្វផ្សាយ​នៅ​ឡើយ។

ព្រះតេជព្រះគុណ ថាច់ ថាយយៀន៖ «អាត្មាភាព​សង្ឃឹម​ថា ជួយ​យកចិត្តទុកដាក់ អំពី​ខ្មែរ​កណ្ដាល​ក្ដី ខ្មែរ​លើ​ក្ដី និង​ខ្មែរ​ខាងក្រៅ​ប្រទេស​ក្ដី ជួយ​យកចិត្តទុកដាក់​ចំពោះ​ខ្មែរ​បងប្អូន​កម្ពុជា​ក្រោម ដែល​មាន​ការ​ខ្វះខាត​ ទាំង​វិស័យ​សិក្សា វិស័យ​សិល្បៈ​អប់រំ អ្វី​ជាដើម​ហ្នឹង ​គឺ​ខ្វះខាត​ច្រើន ហើយ​ដូចនេះ​សង្ឃឹម​ថា បងប្អូន​គ្រប់​ច្រក​ទិស​សូម​ជួយ​យកចិត្តទុកដាក់​នៅ​កន្លែង​ហ្នឹង គឺ​ដើម្បី​ខ្មែរក្រោម​យើង​គង់វង្ស»។

គិត​ត្រឹម​ឆ្នាំ​២០១៨ វត្ត​នៅ​កម្ពុជា​ក្រោម​មាន​ចំនួន ៤៦១​វត្ត និង​មាន​ព្រះសង្ឃ​ចំនួន​ជាង ៨​ពាន់ ៥​ រយ​អង្គ​ ក្នុង​នោះ វត្ត​ ដែល​មាន​អាយុ​ចាស់​ជាងគេ​ នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម គឺ​មុន​ពេល​ដែល​វៀតណាម បាន​ចូល​ឈ្លានពាន និង​រស់​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​ មាន​ឈ្មោះថា «វត្ត​សម្បូរ​រង្ស៊ី» ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ស្គាល់​ថា «វត្ត សម្បួរ​» បាន​កកើត​ក្នុង​ពុទ្ធសករាជ ៩១៦ បើ​គិត​មកទល់​ឆ្នាំ​២០២៣ នេះ មាន​អាយុកាល ១៦៥១ ឆ្នាំ ដែល​ឋិត​ក្នុង​ឃុំ​ក្រសាំង ស្រុក​កំពង់ស្ពាន ខេត្ត​ព្រះ​ត្រពាំង

ខ្មែរក្រោម​ អះអាង​ថា ប្រសិនបើ​ខ្មែរក្រោម​បាត់បង់​វត្ត​អារាម មានន័យ​ស្មើនឹង​បាត់បង់​ទឹកដី វប្បធម៌ និង​ពូជពង្ស​ខ្មែរក្រោម​តែម្ដង​។ ខ្មែរ​កម្ពុជា​ក្រោម ក៏​រក្សា​ទី​វត្ត​អារាម ដើម្បី​សហគមន៍​អន្តរជាតិ​ដឹង​ថា ខ្មែរ​ក្រោម ជា​ជនជាតិ​ដើមកំណើត​នៅ​លើ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​វៀតណាម ​បាន​វាតទី​គ្រប់គ្រង មិន​ដូច​វៀតណាម​ដែល​អះអាង​ថា ខ្មែរ​ក្រោម​ជា​ជនជាតិភាគតិច ​រស់នៅ​លើ​ទឹកដី​វៀតណាម​នោះ​ទេ។

អ្នកចម្រៀង នៃ​ក្រុម​រក្សា​វប្បធម៌​និគម​ថ្កូវ លោកស្រី អាន សោភា លើកឡើង​ថា លោក​ស្រី ចេះ​ភាសា​ខ្មែរ​ដោយ​បាន​​រៀន​ពី​ឪពុកម្ដាយ ព្រះសង្ឃ និង​សូត្រធម៌​នៅ​វត្ត​អារាម និង​ក្រោយ​មក​នៅ​អំឡុង​ឆ្នាំ​២០២០ អ្នកស្រី បាន​ហាត់​រៀន និង​ស្ម័គ្រចិត្ត ច្រៀង​ចម្រៀង​យីកេ ល្ខោនបាសាក់ និង​បទ​ភ្លេងសម័យ​ទៅ​តាម​ពិធីបុណ្យ​ផ្សេងៗ​។ លោក​ស្រី អាន សោភា ថា ការ​ក្លាយជា​អ្នកចម្រៀង និង​ចូលរួម​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ ​គឺជា​ក្ដី​ស្រមៃ​តាំងពី​តូច​មក​ម្ល៉េះ។

លោកស្រី អាន សោភា៖ «សព្វថ្ងៃ​នាង​ខ្ញុំ ខំប្រឹង​អស់​សមត្ថភាព​ដើម្បី​ជួយ​កូន​ខ្មែរ​ខាង​រក្សា​វប្បធម៌​ហ្នឹង និង​ជួយ​លោកគ្រូ​ផ្សព្វផ្សាយ​បទ​ចម្រៀង ដែល​លោកគ្រូ​គាត់​តែង​អំពី​ប្រវត្តិ​នៃ​វត្ត​នានា​នឹង​ឱ្យ​បាន​សម្រេច»។

លោកស្រី អាន សោភា ថា លោកស្រី និង​សមាជិក​ក្រុម​ មាន​បញ្ហា​ប្រឈម​នឹង​រឿង​ថវិកា ​ក្នុង​ការ​បន្ត​សកម្មភាព ដូច្នេះ​សមាជិក​ក្រុម​នីមួយៗ ​ត្រូវធ្វើ​ការ​ផ្គត់ផ្គង់​គ្រួសារ​ផង​ដែរ​។ ទោះ​ជា​​យ៉ាងណា លោកស្រី អាន សោភា លើក​ឡើង​​ថា នឹង​ប្ដេជ្ញាចិត្ត ដើម្បី​បន្ត​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ និង​បង្ហាត់​បង្រៀន​ដល់​កូន​ខ្មែរ​ក្រោម​ជំនាន់​ក្រោយ​ផង​ដែរ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ប្រចាំ​កម្ពុជា លោក តាំង សារៈ លើកឡើង​ថា ការ​ថែរក្សា​វប្បធម៌ និង​ប្រពៃណី​របស់​ពលរដ្ឋ​ខ្មែរក្រោម ​មាន​សារសំខាន់​ ដើម្បី​ការពារ​ពូជ​សាសន៍​ខ្មែរក្រោម ​កុំ​​ឲ្យ​បាត់បង់ ព្រោះ​ប្រសិនបើ​វប្បធម៌​ខ្មែរក្រោម​​បាត់បង់​នោះ នឹង​លែង​មាន​ពលរដ្ឋ​ខ្មែរ ​ដែល​ជា​ជនជាតិ​ដើម​ រស់នៅ​លើទឹក​ដី​វៀតណាម។ ទោះ​ជា​​យ៉ាង​ណា លោក តាំង សារៈ ដើម្បី​អាច​អាច​អភិរក្ស​វប្បធម៌​ខ្មែរក្រោម​បាន ទាមទារ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ទីកន្លែង​ ជួយ​ឧបត្ថម្ភ​គាំទ្រ ព្រោះ​ថា រដ្ឋ​វៀតណាម​ មិន​ឧបត្ថម្ភ​គាំទ្រ​លើ​សកម្មភាព​ណាមួយ​ របស់​ពលរដ្ឋ​ខ្មែរក្រោម​នោះ​ទេ។

លោក តាំង សារៈ៖ «ប្រសិនបើ​ខ្មែរ​កម្ពុជា​ក្រោម​ មិន​មាន​វប្បធម៌​ឱ្យ​ប្លែក​ពី​​ជន​ជាតិ​​វៀត​ណាម​ទេ គឺ​ប្រហែលជា​យើង​ពិបាក​នឹង​ធ្វើ​ការ​កត់សម្គាល់​ថា នរណា​ជា​ខ្មែរ នរណា​ជា​វៀតណាម អាហ្នឹង​ជា​លក្ខណៈ​ទូទៅ នៅក្នុង​ភូមិ​មួយ ​ប្រសិនបើ​គ្មាន​វត្ត​អារាម​សម្រាប់​បង្ហាញ​នូវ​វប្បធម៌ ប្រពៃណី និង​រចនាបថ​ផ្សេងៗ​ទេ ច្បាស់​ជា​យើង ​មិន​ដឹង​ថា នោះ​ជា​ភូមិ​ខ្មែរ​ទេ»។

ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បារាំង ​ហៅថា «ដែនដី​កូសាំងស៊ីន (Cochinchine)» មាន​ទំហំ ៦៧. ៧០០​គីឡូម៉ែត្រ​ការ៉េ ឬ​មាន​ចំនួន ២១​ ខេត្ត​-​ក្រុង ប៉ុន្តែ​ក្នុង​សម័យ​​អាណា​និគម​និយម​​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឱ្យ​ស្ថិត​ក្រោម​អាណា​និគម​​វៀត​ណាម​ គ្រប់គ្រង​បន្ត​ទាំង​ខុសច្បាប់ កាល​ថ្ងៃទី​៤ មិថុនា ឆ្នាំ​១៩៤៩។ ចាប់តាំងពី​បាន​គ្រប់គ្រង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​មក អាណានិគម​​វៀត​ណាម ​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​រំលាយ​ពូជសាសន៍​ខ្មែរក្រោម​។ កត្តា​នេះ​ហើយ ទើប​ជំរុញ​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម ចាប់ផ្ដើម​តស៊ូ​ពលី​ជីវិត ដើម្បី​ការពារ​អត្ត​សញ្ញាណ វប្បធម៌ អក្សរ​សាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ និង​ប្រពៃណី​ជាតិខ្មែរ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​នៅ​ថ្ងៃ ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០១ បាន​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ នៃ​អង្គការ​សហប្រជាជាតិ នៃ​អង្គការ​ប្រជាជាតិ និង​ប្រជាជន​គ្មាន​តំណាង (UNPO) ហើយ​ទង់ជាតិ​កម្ពុជា​ក្រោម ​ត្រូវ​បាន​បង្ហូត​​លើកដំបូង​នៅ​ការិយាល័យ (UNPO) ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់ ជាមួយ​នឹង​ទង់ជាតិ​នៃ​ប្រជាជាតិ​នានា​ទាំង​ ៥២ ផ្សេងទៀត​ ដែល​ជា​សមាជិក​របស់ (UNPO)៕