ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ជាក្រុមហ៊ុនរកស៊ីប្រមូលទិញឈើ និងកាប់ឈើខុសច្បាប់យ៉ាងរង្គាល នៅប្រទេសកម្ពុជា នាំចេញទៅប្រទេសវៀតណាម។ លោក ទ្រី ភាព ជាឈ្មួញដ៏មានឥទ្ធិពល ដែលមានខ្នងបង្អែកជិតស្និទ្ធបំផុតជាមួយក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងចំណោមក្រុមឈ្មួញ ពួកឧកញ៉ា និងមន្រ្តីមានអំណាចជាច្រើនទៀត។ (អត្ថបន្ថែម៖ CWCI Cambodia)
The Cambodia Daily
25-5-2021
ក្រុមហ៊ុន ទ្រី ភាព បានប្រើគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយកន្លែងប្រវត្តិសាស្ត្រ បញ្ជាក់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ ក្នុងខេត្តព្រះវិហារ។
ជនជាតិដើមភាគតិចកួយជាច្រើនគ្រួសារ រស់នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ចោទក្រុមហ៊ុន ទ្រី ភាព ថា បានបំផ្លាញទីកន្លែងអាស្រ័យផល ទឹកស្ទឹង ដីព្រៃពនេចរ និងព្រៃសមូហភាព របស់ពួកគេអស់ជិត ១ រយហិកតារ នៅរយៈពេល ១០ ខែកន្លងមកនេះ។
ពលរដ្ឋថា ក្រុមហ៊ុនបានប្រើគ្រឿងចក្រ ៣ គ្រឿង ឈូសឆាយនៅទីតាំងសន្លុងស្លដែក ដែលអ្នកភូមិហៅកន្លែងនោះថា តម្កល់អត្តសញ្ញាណប្រវត្តិសាស្ត្រជនជាតិកួយ។ តំណាងជនជាតិដើមភាគតិចកួយ ឱ្យដឹងថា មេការក្រុមហ៊ុនឈ្មោះ តយ ឈូសឆាយកម្ទេចកន្លែងប្រវត្តិសាស្ត្រកួយ ឋិតនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដែលអ្នកភូមិថែរក្សាតំបន់នោះ ជាកន្លែងគោរពបូជា អារក្សអ្នកតា និងព្រៃជំនឿ។
ជនជាតិដើមភាគតិចកួយ បានបង្ហោះសារអំពាវនាវឱ្យអាជ្ញាធរខេត្តព្រះវិហារ រក្សាតំបន់នោះឱ្យគង់វង្ស និងហាមឃាត់គ្រឿងចក្រក្រុមហ៊ុន ទ្រី ភាព ជាបន្ទាន់ ព្រោះសកម្មភាពឈូសឆាយនោះ ធ្វើឲ្យបាត់បង់ទីកន្លែងបង្កបង្កើនផលយ៉ាងសំខាន់របស់អ្នកស្រុកជាច្រើនគ្រួសារ។
ក្រុមហ៊ុន ទ្រី ភាព ( TRY PHEAP IMPORT EXPORT CO., LTD. ) វិនិយោគដំណាំកៅស៊ូ និងដំណាំឧស្សាហកម្មផ្សេងទៀត។ អ្នកភូមិថា ក្រុមហ៊ុននេះ បានឈូសឆាយបាត់បង់ព្រៃស្រោងទ្រង់ទ្រាយធំ លុបទឹកអូរ និង ព្រៃចម្ការវិលជុំរបស់ជនជាតិដើមភាគតិចកួយ អស់ជាបន្តបន្ទាប់។ ក្រុមហ៊ុន ទ្រី ភាព ទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពី រដ្ឋាភិបាលទំហំជិត ១ ម៉ឺនហិកតារ (៩.៩១៦ ហិកតារ) តាំងពីឆ្នាំ ២០១១៕
.