ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ជា​ក្រុមហ៊ុន​រកស៊ី​ប្រមូល​ទិញឈើ និង​កាប់ឈើ​ខុសច្បាប់​យ៉ាង​រង្គាល នៅ​ប្រទេស​កម្ពុជា នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម។ លោក ទ្រី ភាព ជា​ឈ្មួញ​ដ៏​មានឥទ្ធិពល ដែល​​មាន​ខ្នង​បង្អែក​ជិតស្និទ្ធ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ចំណោម​​ក្រុម​ឈ្មួញ ពួក​ឧកញ៉ា និង​មន្រ្តី​មាន​អំណាច​ជាច្រើន​ទៀត។ (អត្ថបន្ថែម៖ CWCI Cambodia)

The Cambodia Daily
25-5-2021

ក្រុមហ៊ុន ទ្រី ភាព បាន​ប្រើ​គ្រឿង​ចក្រ​ជាច្រើន​គ្រឿង ឈូស​ឆាយ​កន្លែង​​ប្រវត្តិ​សាស្ត្រ បញ្ជាក់​អត្តសញ្ញាណ​របស់​ជនជាតិ​​ដើម​ភាគ​តិច​កួយ ក្នុង​​​ខេត្ត​ព្រះវិហារ។

ជនជាតិដើមភាគតិចកួយ​ជាច្រើន​គ្រួសារ រស់នៅ​ឃុំ​សាលាវិស័យ ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់ធំ ចោទ​ក្រុមហ៊ុន​ ទ្រី ភាព ថា បាន​បំផ្លាញ​ទីកន្លែង​អាស្រ័យ​ផល ទឹកស្ទឹង ដីព្រៃពនេចរ និង​ព្រៃ​សមូហភាព របស់​ពួក​គេ​អស់​ជិត ១ រយ​ហិកតារ នៅ​រយៈ​ពេល ១០ ខែ​កន្លង​មក​នេះ។

ពលរដ្ឋថា ក្រុមហ៊ុន​បាន​ប្រើ​គ្រឿង​ចក្រ ៣ គ្រឿង ឈូសឆាយ​នៅ​ទីតាំង​សន្លុង​ស្លដែក ដែល​អ្នកភូមិ​ហៅ​កន្លែង​នោះ​ថា តម្កល់​អត្ត​សញ្ញាណ​ប្រវត្តិសាស្ត្រ​ជនជាតិ​កួយ។ តំណាង​ជនជាតិ​ដើម​ភាគតិច​កួយ ឱ្យ​ដឹង​ថា មេការ​ក្រុមហ៊ុន​ឈ្មោះ​ តយ ឈូស​ឆាយ​កម្ទេច​កន្លែង​ប្រវត្តិសាស្ត្រ​កួយ ឋិត​នៅ​ភូមិ​អូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដែល​អ្នក​ភូមិ​ថែរក្សា​តំបន់​នោះ ជា​កន្លែង​គោរព​បូជា អារក្ស​អ្នកតា និង​ព្រៃ​ជំនឿ។

ជនជាតិដើម​ភាគតិច​កួយ បាន​បង្ហោះ​សារ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ រក្សា​តំបន់​នោះ​ឱ្យ​គង់​វង្ស និង​ហាម​ឃាត់​គ្រឿង​ចក្រ​ក្រុមហ៊ុន ទ្រី ភាព ជាបន្ទាន់ ព្រោះ​​សកម្មភាព​ឈូសឆាយ​នោះ ធ្វើ​ឲ្យ​បាត់​បង់​ទី​កន្លែង​បង្កបង្កើន​ផល​យ៉ាង​សំខាន់​របស់​អ្នក​ស្រុក​ជាច្រើន​គ្រួសារ។

ក្រុមហ៊ុន ទ្រី ភាព​ ( TRY PHEAP IMPORT EXPORT CO., LTD. ) វិនិយោគ​ដំណាំ​កៅស៊ូ និង​ដំណាំ​ឧស្សាហកម្ម​ផ្សេង​ទៀត។ អ្នក​ភូមិ​ថា ក្រុមហ៊ុន​នេះ បាន​ឈូស​ឆាយ​បាត់​បង់​ព្រៃ​ស្រោង​ទ្រង់​ទ្រាយ​ធំ លុប​ទឹក​អូរ និង ព្រៃ​ចម្ការ​វិលជុំ​របស់​ជនជាតិ​ដើម​ភាគ​តិច​កួយ អស់​ជា​បន្ត​បន្ទាប់។ ក្រុមហ៊ុន ទ្រី ភាព ទទួល​សិទ្ធិវិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី រដ្ឋាភិបាល​ទំហំ​ជិត ១​ ម៉ឺន​ហិកតារ (៩.៩១៦ ហិកតារ) តាំង​ពីឆ្នាំ ២០១១៕

.