The Cambodia Daily
01st-7-2023
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចោទថា កោះត្រល់ទើបតែនឹងបាត់បង់ នៅឆ្នាំ១៩៨២ ក្រោមការចុះហត្ថលេខារបស់លោក ហ៊ុន សែន ជាមួយរដ្ឋាភិបាលវៀតណាម ដែលគាត់ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនៃ សាធារណរដ្ឋប្រជាមានិតកម្ពុជា តាមសន្ធិសញ្ញាខុសច្បាប់មួយចំនួន។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៩ មិថុនា នេះថា តាមរយៈផែនទីដែលដាក់តាំងនៅផ្ទះ របស់មេកម្មាភិបាលខ្មែរក្រហម ឈ្មោះ តា ម៉ុក នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបង្ហាញថា កោះត្រល់ គឺនៅតែជារបស់ខ្មែរនៅឡើយ នាសម័យនោះ។
លោក អ៊ុំ សំអាន បញ្ជាក់ថា ហត្ថលេខាដែលលោក ហ៊ុន សែន បានឯកភាពជាមួយវៀតណាម តាមរយៈសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ បានជួយឱ្យសន្ធិសញ្ញាខុសច្បាប់នានា នៅទសវត្សរ៍ឆ្នាំ១៩៨០ ដែលលោក ហ៊ុន សែន គប់ឃិតលួចចុះហត្ថលេខាជាមួយវៀតណាម មានសុពលភាពឡើងវិញទាំងអស់ ដែលស្មើនឹងកំណត់ថា វៀតណាមត្រូវតែរំលោភយកទឹកដីខ្មែរឱ្យខាងតែបានដូច្នោះដែរ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលមជ្ឈដ្ឋាននានាចោទថា មេដឹកនាំខ្មែរលោក ហ៊ុន សែន បានចុះហត្ថលេខាប្រគល់ កោះត្រល់ និងដែនដីកម្ពុជាមួយចំនួនទៀត ឱ្យទៅប្រទេសវៀតណាម ដោយផ្ទាល់ដៃ ចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ មក។
កាលពីអំឡុងឆ្នាំ១៩៨២ [ថ្ងៃទី៧ កក្កដា ១៩៨២] នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង កូថាច់ បានចុះហត្ថលេខាខុសច្បាប់ កំណត់ព្រំដែនទឹកប្រវត្តិសាស្ត្រ ជាមួយលោក ហ៊ុន សែន ដែលជារដ្ឋមន្ត្រីការបរទេសនាពេលនោះ ហើយក្នុងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រនេះ បានផ្តល់ឱកាសឱ្យប្រទេសវៀតណាម កាត់ឆ្វៀល កោះត្រល់ និង ចង្កោមកោះក្រចកសេះ យកទៅគ្រប់គ្រងទាំងខុសច្បាប់ រហូតដល់សព្វថ្ងៃនេះ។ ជាងនេះទៀត ដោយសារតែកិច្ចព្រមព្រៀងខុសច្បាប់នេះ បានធ្វើឱ្យដែនអាកាស និងផ្ទៃសមុទ្រទំហំ ១០០០០ (១ម៉ឺន) គីឡូម៉ែត្រក្រឡា ដែលជាកម្មសិទ្ធិរបស់កម្ពុជា ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នា ជាមួយវៀតណាម រហូតដល់ពេលនេះផងដែរ។ (នេះជាច្បាប់ចម្លង)។
យ៉ាងណាក៏ដោយ មេដឹកនាំខ្មែរលោក ហ៊ុន សែន ធ្លាប់បានអះអាងជារឿយៗថា រដ្ឋាភិបាលរបស់លោក មិនធ្វើឲ្យកម្ពុជា បាត់បង់ព្រំដែនគោក និងព្រំដែនទឹកទេ ប៉ុន្តែលោកបានទម្លាក់ការទទួលខុសត្រូវចំពោះបញ្ហាបូរណភាពទឹកដី ទៅលើរបបសង្គមរាស្ត្រនិយម ដែលដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ វិញ ដោយចោទថា ព្រះអង្គជាអ្នកធ្វើឱ្យបាត់បង់កោះត្រល់ និងកោះមួយចំនួនទៀត ទៅវៀតណាម មិនមែនលោកនោះទេ។
អនុសញ្ញាស្ដីពីច្បាប់សមុទ្រ របស់អង្គការសហប្រជាជាតិ (UNCLOS-1982) មាត្រា៣ ចែងថា «រាល់រដ្ឋទាំងអស់មានសិទ្ធិបង្កើតប្រវែងនៃដែនសមុទ្ររបស់ខ្លួន រហូតដល់ដែនកំណត់ មិនលើសពីចម្ងាយ ១២ ម៉ាយល៍ ដែលស្មើនឹងជាង ២២ គីឡូម៉ែត្រ ដែលវាស់ពីខ្សែបន្ទាត់មូលដ្ឋាន ដែលកំណត់អនុលោមតាមអនុសញ្ញានេះ។ ដូច្នេះបើផ្អែកតាមលក្ខខណ្ឌភូមិសាស្ត្រជាក់ស្ដែង កោះត្រល់មានរយៈចម្ងាយត្រឹមតែ ១៥ គីឡូម៉ែត្រ ពីខេត្តកំពត នៃប្រទេសកម្ពុជាប៉ុណ្ណោះ ប៉ុន្តែមានចម្ងាយដល់ទៅ ៤៥ គីឡូម៉ែត្រពីតំបន់ហាទៀង នៃខេត្តកៀនយ៉ាង របស់ប្រទេសវៀតណាម។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៧២ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំទីក្រុងភ្នំពេញ បានផ្ញើសារតាមប្រព័ន្ធ AIRGRAM ទៅកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីអំពីច្បាប់សមុទ្រ ដែលនៅក្នុងសារនោះ បានបញ្ជាក់យ៉ាងច្បាស់ថា កោះត្រល់ នៅតែស្ថិតក្នុងដែនសមុទ្ររបស់កម្ពុជានៅឡើយ។
ចំណែកប្រទេសសិង្ហបុរី ក៏បានបញ្ជូនសេចក្ដីរាយការណ៍ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៨៦ ផងដែរថា «កិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ឆ្នាំ១៩៨២ ស្តីអំពីដែនទឹកប្រវត្តិសាស្ត្រ» ត្រូវបានបង្ខំឲ្យចុះហត្ថលេខា ដោយកងទ័ពវៀតណាម នៅពេលវៀតណាម ចូលឈ្លានពានត្រួតត្រាប្រទេសកម្ពុជា ចាប់តាំងពីចុងឆ្នាំ១៩៧៨ មក។
ដោយឡែករដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានធ្វើការប្រឆាំងជំទាស់នឹងកិច្ចព្រមព្រៀងកម្ពុជា-វៀតណាម ឆ្នាំ១៩៨២ ស្តីអំពីដែនទឹកប្រវត្តិសាស្ត្រ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៨៧ ផងដែរ។ ជាងនេះទៀត ផែនទីខ្មែរឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៧៣ ដែលត្រូវបានប្រើដោយសន្និសីទក្រុងប៉ារីស ស្តីអំពីការបញ្ចប់សង្គ្រាមនៅឥណ្ឌូចិនលើកទី២ នៅខែសីហា ឆ្នាំ១៩៧៣ ក៏បានបង្ហាញពីវត្តមានកោះត្រល់ ក្នុងដែនទឹករបស់ប្រទេសកម្ពុជាដែរ ខណៈតំណាងភាគីវៀតណាម ដែលមានវត្តមានក្នុងសន្និសីទនោះ ក៏មិនបានតវ៉ាដែរ ចំពោះទីតាំងកោះត្រល់ មាននៅលើផែនទីនោះ៕
