អត្ថបទ The Cambodia Daily
08th-9-2022
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ការសម្រេចចិត្តរបស់បេសកជនពិសេសរបស់ អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា អ្នកស្រី ណូអេលីន ហេហ្សឺ (Noeleen Heyzer) ដែលនឹងមិនវិលត្រឡប់ទៅធ្វើទស្សនកិច្ចនៅប្រទេសភូមា សាជាថ្មី ដោយសារមិនបានចូលជួបមេដឹកនាំរដ្ឋាភិបាលស៊ីវិល អ្នកស្រី អ៊ុងសាន ស៊ូជី គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីជំរុញឱ្យរបបសឹកភូមា ងាកទៅរកការអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យឡើងវិញ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ កញ្ញា នេះថា ការសម្រេចរបស់បេសកជនពិសេសរបស់ អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការភូមា គឺជាការបង្ហាញពីគោលបំណងក្នុងការទាមទារឱ្យរបបសឹកភូមា បញ្ចប់នូវវិបត្តិរបស់ខ្លួនយ៉ាងពិតប្រាកដ ប៉ុន្តែការធ្វើដំណើរទស្សនកិច្ចរបស់ប្រធានអាស៊ានប្តូរវេន លោក ហ៊ុន សែន កន្លងមក គឺជាសញ្ញានៃការលើកទឹកចិត្តឱ្យរបបសឹកភូមា អនុវត្តរបបដឹកនាំផ្ដាច់ការរបស់ពួកគេ កាន់តែខ្លាំងទៅវិញប៉ុណ្ណោះ។
លោក ម៉ែន ណាត លើកឡើងថា តួនាទីជាប្រធានអាស៊ានប្តូរវេនរបស់លោក ហ៊ុន សែន នៅពេលនេះ មិនត្រឹមតែមិនអាចជួយដោះស្រាយវិបត្តិក្នុងតំបន់សម្រាប់អាស៊ានបានប៉ុណ្ណោះទេ ប៉ុន្តែបែរជាធ្វើឱ្យប្រទេសដែលជាសមាជិកអាស៊ាន មានការបែកបាក់សាមគ្គី ដោយសារតែខ្លួនទៅវិញ។ ជាក់ស្តែង កិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានលើកពេលផងដែរ ដែលបញ្ហានេះបញ្ជាក់ឱ្យឃើញពីភាពមិនចុះសម្រុងគ្នា រវាងមេដឹកនាំអាស៊ានផ្សេងទៀត ក្រោមការរៀបចំរបស់មេដឹកនាំកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា បេសកជនពិសេសទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា របស់អង្គការសហប្រជាជាតិ អ្នកស្រី ណូអេលីន ហេហ្សឺ (Noeleen Heyzer) កាលពីថ្ងៃទី៥ កញ្ញា បានប្ដេជ្ញាថា អ្នកស្រីនឹងមិនត្រឡប់ទៅធ្វើទស្សនកិច្ចនៅប្រទេសភូមា សាជាថ្មីឡើយ រហូតទាល់តែអ្នកស្រីត្រូវបានអនុញ្ញាតឱ្យចូលជួបអតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិល អ្នកស្រី អ៊ុងសាន ស៊ូជី។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអ្នកស្រី ណូអេលីន ហេហ្សឺ (Noeleen Heyzer) បានធ្វើដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួន កាលពីខែសីហា ឆ្នាំ២០២២ ទៅកាន់ប្រទេសភូមា ដើម្បីជួបជាមួយមេយោធាផ្ដាច់ការភូមា ដើម្បីពិភាក្សារកដំណោះស្រាយវិបត្តិនានា ដែលកំពុងកើតមានសព្វថ្ងៃនេះ ប៉ុន្តែក្នុងដំណើរទស្សនកិច្ចនេះ អ្នកស្រី មិនត្រូវបានអនុញ្ញាតឱ្យជួបជាមួយអតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិល អ្នកស្រី អ៊ុងសាន ស៊ូជី ឡើយ។
វិបត្តិនយោបាយនៅប្រទេសភូមា បានកើតឡើងចាប់តាំងពីរបបសឹកភូមា ធ្វើរដ្ឋប្រហារបង្ហូរឈាមដណ្តើមអំណាចដោយទម្លាក់រដ្ឋាភិបាលស៊ីវិល របស់អ្នកស្រី អ៊ុងសាន ស៊ូជី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មក ដែលបញ្ហានេះ បានក្លាយទៅជាវិបត្តិមួយ ដែលប្រទេសជាសមាជិកអាស៊ាន ទាំង៩ ត្រូវដោះស្រាយ ដើម្បីកុំឲ្យវិបត្តិដែលកើតលើប្រទេសនេះ ក្លាយទៅជាវិបត្តិកាន់តែធ្ងន់ធ្ងរផ្សេងទៀតក្នុងតំបន់។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ចាប់តាំងពីកម្ពុជាក្លាយជាប្រធានអាស៊ានប្តូរវេន កាលពីដើមខែមករា ឆ្នាំ២០២២ មក គឺមានរយៈពេល ៨ ខែ ក្នុងតួនាទីជាប្រធានអាស៊ាន កម្ពុជាមិនអាចជំរុញឱ្យរបបសឹកភូមា អនុវត្តកិច្ចព្រមព្រៀងទាំង ៥ ចំណុចរបស់អាស៊ាន បាន ១ ចំណុចនោះទេ ហើយកម្ពុជា ក៏នៅតែគ្មានវិធានការណាមួយ ចំពោះរបបសឹកនេះដែរ ទោះបីជារបបសឹកនេះ បានកាត់ទោសប្រហារជីវិត លើអ្នកតស៊ូដើម្បីសេរីភាពរបស់ប្រជាជនភូមាក៏ដោយ។
ជុំវិញបញ្ហានេះ កាលពីចុងខែធ្នូ ឆ្នាំ២០២១ មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានអះអាងថា នៅពេលលោកធ្វើជាប្រធានអាស៊ាន លោកមិនអាចទុកឱ្យអាស៊ាន នៅមិនគ្រប់ទឹកដូចសព្វថ្ងៃនេះទេ ព្រោះថា អាស៊ានដែលមានតែ ៩ ប្រទេសបែបនេះ គឺជាអាស៊ានមិនគ្រប់ទឹក ហើយក៏មិនអាចសម្រេចកិច្ចការផ្សេងៗ ជាឯកច្ឆន្ទបានដែរ។ លោកនឹងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល អំពីយុទ្ធសាស្ត្ររបស់លោក ក្នុងការដោះស្រាយវិបត្តិនៅភូមា៕
.