………………
សេចក្តីថ្លែងការណ៍ UN (UN on KEM Sokha trial), English — Download
សេចក្តីថ្លែងការណ៍ UN រឿងក្តីលោក កឹម សុខា (ភាសាខ្មែរ) — Download

អ្នកជំនាញ​សិទ្ធិ​មនុស្ស​ អ.ស.ប៖ សវនាការ​កាត់ក្តី ​លោក កឹម សុខា «គ្មានគុណភាព»

(VOA Khmer /ដោយលោក ហ៊ុល រស្មី /17 មករា 2020)
ភ្នំពេញ — ដំណើរការកាត់​ក្តី​លោក​ កឹម សុខា​ ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​​ត្រូវបាន​​រំលាយ​ បាន​ប្រព្រឹត្ត​ទៅប្រកប​​ដោយ​ភាព​មិន​ប្រក្រតី​ និង «គ្មានគុណភាព»។​ នេះជាការបញ្ជាក់​របស់ ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​នៃ អង្គការ​សហប្រជាជាតិ​ (អ.ស.ប.) ក្នុង​សេចក្តីប្រកាស​មួយ ​ដែល VOA ​បាន​ទទួល​នៅ​ថ្ងៃសុក្រ​នេះ ​ពី​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ ក្នុង​​ទីក្រុង​ហ្សឺណែវ។

សវនាការ​កាត់​ក្តីលោក ​កឹម សុខា​ ​ បានចាប់​ផ្តើម​កាល​ពីថ្ងៃ​ទី ​១៥​ ខែមករា​ ឆ្នាំ ​២០២០ ​នៅ​តុលាការ​ក្រុងភ្នំពេញ ​ក្រោម​បរិយាកាស​រឹតត្បិត មិនឲ្យអ្នកសារព័ត៌​មាន​ចូលរួម​ និង​ក្រោម​ការ​ឃ្លាំមើល​ពី​ក្រុមអង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ និង​ក្រៅប្រទេស។

​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ បានបង្ហាញ​ក្តីកង្វល់​ អំពីការ​ជំនុំ​ជម្រះ​ក្តី​ពី បទក្បត់​ជាតិ​ ដែលបាន​ចាប់​ផ្តើម​ក្នុងសប្តាហ៍នេះ​ ប្រឆាំង​នឹង​លោក ​កឹម សុខា​ មេដឹកនាំគណបក្ស​ប្រឆាំង ​នៅ​កម្ពុជា​។​ ក្រុមអ្នកជំនាញ​ បាន​កត់សម្គាល់​ថា​ ដំណើរការ​ទាំងមូល​ចាប់​ពីការ​ចោទប្រកាន់រហូត​ដល់ ការ​ជំនុំ​ជម្រះក្តី​ «​គ្របដណ្តប់​ដោយ​ភាព​មិន​ប្រក្រតី»

ក្រុមអ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​ អង្គការ​សហប្រជាជាតិ​ បាន​មាន​ប្រសាសន៍ នៅ​ក្នុង​សេចក្តីប្រកាសថា៖ «យើង មាន​ហេតុ​ផល​រឹងមាំ​អាច​ជឿ​ថា​ ការ​ចោទ​ប្រកាន់​ពី​ប​ទក្បត់​ជាតិ​ ប្រឆាំង​នឹង​ លោក​ សុខា គឺ​ជា​ហេតុ​ផល​នយោបាយ ហើយ​ការចោទ​ប្រកាន់​នេះ ​វាក៏ជាផ្នែក​នៃ​លំនាំ​មួយ​កាន់​តែ​ធំ​ជាង​នេះ​ នៃ​ការ​ប្រើ​ប្រាស់​ច្បាប់​ មិន​ត្រឹមត្រូវ ​ដើម្បី​ដាក់​គោល​ដៅ​ទៅ​លើ​គូ​ប្រជែង​នយោបាយ​ និង​អ្នក​រិះគ​ន់​រដ្ឋាភិបាល»

ក្រុមអ្នក​ជំនាញអ្នកជំនាញ អ.ស.ប ដែលមានលោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត (Ms Rhona Smith) អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា លោក ដាវីដ កាយ៉េ (Mr. David Kaye) អ្នករាយការណ៍ពិសេស ស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិ និង លោក ឌីហ្គោ កាសៀ-សាយយាន (Mr. Diego García-Sayán) អ្នករាយការណ៍ពិសេស ស្តីពីឯករាជ្យភាពរបស់ចៅក្រម និងមេធាវី បានថ្លែង​ដោយ​សង្កត់​ធ្ងន់ថា៖ «​ដំណើរ​ការ​ទាំងមូលនៃការចាប់ខ្លួន និង​ការ​ឃុំខ្លួន​របស់​លោក​ កឹម សុខា​ គឺ​មិនមាន​គុណភាព​ អាច​ទទួល​យកបាន​ ដោយ​មាន​ភាព​មិន​ប្រក្រតី​ និង​ការមិនគិតគូរ​យ៉ាងច្បាស់ ​ពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់កម្ពុជា»​។​

លោក ​កឹម សុខា​ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី ៣​ ខែ​កញ្ញា ​នៅ​ឆ្នាំ ​២០១៧​ ភ្លាមៗ​ក្រោយពេល​ វីដេអូ​របស់​លោក​ជាង ​១ ម៉ោង ​ដែល​លោក ​បាន​ថ្លែង​នៅឆ្នាំ ២០១៣ ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ អំពី​យុទ្ធសាស្ត្រ​របស់​លោក ​ដើម្បី​ប្រជែង​ជាមួយ​ដៃគូ​នយោបាយ ​គឺ​គណបក្ស​កាន់​អំណាច​នោះ ​ត្រូវ​ប្រទះ​ឃើញ​បង្ហោះ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​ឡើងវិញ។​

ក្រុម​មេធាវី​ទាំងពីរ​ក្រុម ​របស់​លោក​ កឹម សុខា​ និង​ភាគី​រដ្ឋាភិបាល​ ត្រូវ​គេ​រាយការណ៍​​មក​​ថា ​បាន​ដេញ​ដោល​គ្នា​ខ្លាំង ​ទៅលើ​ភស្តុតាងវីដេអូ​ខាងនោះ​។ ក្រុមមេធាវី​ បាន​ប្រកែក​គ្នា ពាក់​ព័ន្ធនឹង​ផ្នែកមួយនៃ​វីដេអូនោះ​ ដែល​មាន​រយៈពេល​ជាង ​២ នាទី ​ដែល​មាន​ការ​កាត់​ជា​កង់ៗ ​និង​ ដំណាក់​កាល​នៃ​រឿង​រ៉ាវ​ ដែល​កើត​ឡើង​មុន​ច្បាប់​សន្ទិដ្ឋិភាព​ ត្រូវ​ប្រកាស​ឲ្យ​ប្រើ ​ហើយ​នឹង​ដំណើរការ​នីតិវិធី​មួយ​ចំនួន​ទៀត​ មុននឹង​បន្ត​ទៅ​កាន់​អង្គហេតុ​ អង្គច្បាប់​និង​អង្គ​សេចក្ដី​ផ្សេង។

លោក ​ជិន ម៉ាលីន​ មន្ត្រី​នាំពាក្យ​ក្រសួង​យុត្តិធម៌​ បានប្រាប់​ VOA ​ភ្លាមៗ​ ក្រោយ​ការ​​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ (អ.ស.ប) ថា​ការ​អះអាង​ពីភាគីខាង​ក្រៅ​ណាមួយ​ មិន​អាច​ដាក់​សម្ពាធ​លើនីតិវិធីច្បាប់​ របស់​ប្រទេស​កម្ពុជានោះទេ។ {លោកថា} «ដំណើរ​ការ​សវនាការ​របស់​លោក កឹម​ សុខា​ នេះ ​គឺ​បាន​ប្រព្រឹត្តិ​ទៅ​ទៅ​តាម​បែប​បទ ​និង​និតិវិធី​ច្បាប់​ ដែលមាន​ជាធរមាន​នៅ​កម្ពុជា។​ ដូច្នេះ​រាល់​ការ​អត្ថាធិប្បាយ​ ឬ​ក៏ការរិះគន់ ​ពី​សំណាក់​ភាគី​ណា​ក៏​ដោយ​ រួម​ទាំង​ក្រុម​ដែល​គាំទ្រ​អតីតបក្ស​ ប្រឆាំង​ នឹង​មិន​មាន​ឥទ្ធិពល​អី​ទៅ​លើ​ការ​សម្រេច​របស់​តុលាការ​ ដែល​ជាស្ថាប័ន​ឯករាជ្យ​នោះទេ​ បាទ»​

ទោះ​ជាយ៉ាង​ណាក៏ដោយ​ ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ បាន​អំពាវនាវ​​ម្តង​​ហើយ​​ម្តង​​ទៀត​ ដល់​អាជ្ញាធរ ឲ្យ​ធានា​យុត្តិធម៌​សម្រាប់​ លោក កឹម ​សុខា​ និង​ ធានា​សិទ្ធិ​របស់​លោក ​ក្នុង​ការ​ទទួល​បាន​សំណង​ និង​ជួស​ជុល​ការ​ខូចខាត​ផ្សេង​ទៀត​៕

…………………
គួររំលឹកថា លោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួន នៅគេហដ្ឋានរបសើលោក កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ៣ ខែកញ្ញា ២០១៧ ក្រោយពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាបងក្រាបបណ្តាញសារព័ត៌ឯករាជ្យ (កាសែត The Cambodia Daily, វិទ្យុ VOA, វិទ្យុអាស៊ីសេរី RFA) និងអង្គការអង្គការ NDI របស់អាមេរិក នៅកម្ពុជា រួមទាំងវាយប្រហារចំៗដោយគ្មានភស្តុតាង ទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងខែ សីហា ២០១៧ ជុំវិញផែនការធ្វើបដិវត្តពណ៌ ជាមួយបក្សប្រឆាំង។

លុះដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ២០១៧ លោក ហ៊ុន សែន បញ្ជាឲ្យតុលាការកំពូល ធ្វើសវនការរំលាយ គណបក្សសង្គ្រោះជាតិ និង រំលាយរចនាសម្ព័ន្ធគណបក្សនេះ ដែលមានកៅអីតំណាងរាស្ត្រ ចំនួន ៥៥ នៅរដ្ឋសភា និង សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន ចំនួន ៥០៧ នាក់ការចាប់ខ្លួនលោក កឹម សុខា កាលនោះ ធ្វើឡើងដោយខុសនីតិវិធីរដ្ឋបាល (ម៉ោងរដ្ឋបាល) និង គ្មានដីការចាប់ខ្លួន ដែលជាការចាប់ខ្លួន តាមការបញ្ជាតាមទំនើងចិត្តរបស់ ហ៊ុន សែន ដោយរំលោភយ៉ាងធ្ងន់ធ្ងរ នូវរដ្ឋធម្មមនុញ្ញ មាត្រា៨០ ស្តីពីអភ័យឯកសិទ្ធិ របស់​សមាជិករដ្ឋសភា។
(អត្ថបទបន្ថែមដោយលោក ម៉ែន ណាត)

.

.