ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដែលព្រឹទ្ធសភាកម្ពុជា គ្រោង​​អនុម័ត​​ក្រោយ​ពេល​ចូល​ឆ្នាំ​ថ្មី កំពុង​ទទួល​រង​ការ​រិះគន់​បន្ថែម​ទៀត ពី​សំណាក់​អង្គការ​សហប្រជាជាតិ (អ.ស.ប «UN») និង​អ្នកជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា ជាច្បាប់ ធ្វើ​ឡើង​ក្នុង​គោល​ដៅ​រឹត​បន្តឹង​​ហួស​ហេតុ នូវ​សេរីភាព​ របស់​ពលរដ្ឋ​ ​រួម​មាន​​សេរីភាព​​ដើរ​ហើរ​ សេរីភាព​​ជួប​ប្រជុំ និង​​សេរីភាព​​បញ្ចេញ​​មតិ។​

កាល​ពីថ្ងៃទី ០៩ មេសា ឆ្នាំ​២០២០ លោក​ស្រី រ៉ូណា ស្ម៊ីត (​Rhona Smith) អ្នក​រាយការណ៍​ពិសេស​​នៃ អង្គការ​សហ​ប្រជា​ជាតិ (អ.ស.ប)​ បាន​ផ្ញើ​លិខិត​ទៅ​រដ្ឋាភិបាល​កម្ពុជា (សូម​ទាញ​យក Download) ស​ម្តែង​ការព្រួយ​បារម្ភ យ៉ាង​ដូច្នេះ​ថា ​«យើង​យល់​អំពី​ស្ថានភាពនៃ វិធានការ​បង្ការ​សុខភាព​ពលរដ្ឋ ពី​ការឆ្លង​ជំងឺ​កូវីដ-១៩។ ទោះ​ជាយ៉ាង​​ក្តី យើង​មាន​ការព្រួយ​បារម្ភ​ថា ការធ្វើ​ច្បាប់​នេះ​ឡើង មាន​ការ​រឹតត្បឹត​ធ្ងន់ធ្ងរ នូវសេរីភាព​បញ្ចេញ​មតិ សេរីភាព​​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សេរីភាព​ដើរហើរ ដែល​មាន​ចែង​ក្នុង​​កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ»

ក្នុង​លិខិត​ជា​ភាសា​អង់គ្លេស មាន ៤ ទំព័រ លោកស្រី រ៉ូណា ស្ម៊ីត បញ្ជាក់​បន្ថែម​​ថា «អ្នក​ជំនាញ​​ឯករាជ្យ​បាន​​​ស្នើ​​សុំ​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា​ ផ្តល់​​ព័ត៌មាន​ជាក់​លាក់​ ស្តីពី​​វិធានការ​​​ទាំង​​ឡាយ​​ដែល​​ត្រូវ​​អនុវត្ត​ ហើយត្រូវ​​ធានា​​​​ថា ​សេចក្តី​ព្រាង​​ច្បាប់​​នេះ ​ស្រប​តាម​​កាតព្វកិច្ច​​របស់​​​កម្ពុជា​ ក្រោម​​ច្បាប់​​នានា និង​​បទដ្ឋាន​​សិទ្ធិ​មនុស្ស​​អន្តរជាតិ»

បើតាម​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិ វីអូអេ (VOA) បាន​ដកសារ​អេឡិចត្រូនិច លោក ប្រាឌីប វ៉ាហ្កល (Pradeep Wagle​) តំណាង​​ឧត្តម​ស្នងការ​​អង្គការ​​សហ​​ប្រជាជាតិ​​ទទួល​​បន្ទុក​​សិទ្ធិ​​មនុស្ស ​ប្រចាំ​​ប្រទេស​កម្ពុជា​​ (UNHCR Cambodia) ឲ្យ​ដឹង​​ថា «​លិខិត​​បង្ហាញ​​ពី​សេចក្តី​​ព្រួយ​បារម្ភ របស់​លោកស្រី រ៉ូណា ស្មីត​ ត្រូវ​បាន​​ផ្ញើ​​ទៅ​​រដ្ឋាភិបាល​​កម្ពុជា ​តាម​​រយៈ​ស្ថាន​​បេសក​កម្ម​​អចិន្ត្រៃយ៍​​របស់​​កម្ពុជា ​ប្រចាំ​​អង្គការ​​សហ​​ប្រជាជាតិ​ (អ.ស.ប) នៅ​​ទីក្រុង​​ហ្សឺណែវ​ ប៉ុន្តែ​​​មិន​ទាន់​​​អាច​​បញ្ជាក់​ថា ​​រដ្ឋាភិបាល​​កម្ពុជា ​មាន​ការឆ្លើយតប ឬ​​យ៉ាង​ណា​នៅ​ឡើយ​​ទេ»។​

អ្នកនាំពាក្យនៃ គណៈកម្មា​ធិការ​​​សិទ្ធិ​​មនុស្ស​រដ្ឋាភិបាល​កម្ពុជា នៅថ្ងៃទី ១៥ ខែ​មេសា​នេះ គឺ​លោក កត្តា អ៊ន ត្រូវ​​បាន​​វិទ្យុ​​វីអូឌី (VOD) ដក​ស្រង់​សម្តី​​ថា «ស្ថាន​ភាព​​​សិទ្ធិ​មនុស្ស​​​នៅ​​កម្ពុជា ​គឺ​ពុំ​​​មាន​​​ការ​ប៉ះ​ពាល់​​នោះ​​ទេ។ ផ្ទុយ​​​ទៅ​វិញ ​គឺ​មាន​​​ការ​​ជ្រោម​​​ជ្រែង​​​ឡើង​​​នៃ​​​សិទ្ធិ​មនុស្ស ទៅ​​វិញ​​ទេ»។​

បើតាម​វិទ្យុអាមេរិក វីអូអេ ផ្សាយ​ថា គណៈ​កម្មាធិការ​​សិទ្ធិ​​មនុស្ស​​រដ្ឋាភិបាល​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​ កាល​ពី​ថ្ងៃទី ១៣ ខែ​មេសា ការពារ​សេចក្តីព្រាងច្បាប់​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ថា «មិន​​​មាន​ចរិត​​ជា​​ការ​រំលោភ​​សិទ្ធិ​មនុស្ស​ ឬ​​ជា​ឧបករណ៍​​​ប្រមូល​​ផ្តុំ​អំណាច​ ដូច​​ការ​ចោទ​​ប្រកាន់​​បែប​អគតិ​ របស់​​ក្រុម​ប្រឆាំង​​មួយ​ក្តាប់​​តូច​​នោះ​​ទេ»

ចំណែកលោក ​Brad Adam​ នាយក​​អង្គការ​សិទ្ធិ​មនុស្ស​​អន្តរជាតិ Human​Rights ​Watch​ ប្រចាំ​​​​អាស៊ី​ បាន​ហៅ​​ថា​ «ច្បាប់​​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នេះ ធ្វើឡើង​ដើម្បី​ផ្តល់​​អំណាច​គ្មាន​ដែន​កំណត់ ឲ្យ​​នាយក​​រដ្ឋមន្រ្តី ហ៊ុន សែន ​ដែល​ក្នុង​នោះ​​មាន​ទាំងអំណាច​​អាជ្ញាសឹក​»។ លោក​ Brad Adams ​បន្ថែម​​ថា «ហើយ​វា​ ​{ច្បាប់​នេះ} ក៏​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល ​អាន​សារ​អ៊ីម៉ែល និង​ស្តាប់​ការ​សន្ទនា តាម​ទូរស័ព្ទផង​ដែរ»

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន​ បាន​​ថ្លែង​ការពារខ្លួន​​ថា ​ច្បាប់​នេះ​ មិន​​មែន​​ធ្វើ​ឡើង​​ដើម្បី​​​បំបិទ​​មាត់​​ក្រុម​​ប្រឆាំង​​នោះ​​ទេ​ គឺ​​ធ្វើ​ឡើង​​ដើម្បី​​ការពារ​​អាយុ​ជីវិត​​របស់​ប្រជាពលរដ្ឋ។

របាយការណ៍របស់ អង្គការសិទ្ធិមនុស្ស​​អន្តរជាតិ Human Right Watch ​​ឲ្យ​ដឹងថា រដ្ឋាភិបាល​​លោក ហ៊ុន សែន បាន​​ចាប់​ឃុំខ្លួន​អ្នក​រិះគន់ចំនួន ២៣ នាក់​ហើយ​មក​​ដល់​​ពេល​​នេះ ដោយសារ​តែ​ពួកគេ គ្រាន់តែបញ្ចេញ​មតិ អំពី​ការព្រួយ​បារម្ភ​របស់​ពួកគេ ជុំវិញ​​ស្ថានភាព​​រីក​​រាល​​ដាល​​ជំងឺ​​កូរ៉ូណា ឬ​កូវីដ-១៩៕

អត្ថបទដោយលោក ម៉ែន ណាត នៃ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

.