សហគមន៍ខ្មែរ នៅប្រទេសបារាំង បាននាំគ្នាផ្ញើញត្តិទៅអង្គការ​យូណេស្កូ (UNESCO) ឲ្យជួយ​ការ​ថែ​រក្សាប្រាសាទអង្គរវត្ត ​ជា​សម្បត្តិ​​​បេតិ​​កភណ្ឌ​​​ពិភពលោក ដោយធ្វើអន្តរាគមន៍​បញ្ឈប់​គម្រោង​សាងសង់​​ឧទ្យាន​កំសាន្ត ពីសំណាក់​ក្រុមហ៊ុន កាស៊ីណូ​ «ណាហ្កា​​​ខប​ (Naga​Corp)»។ សូមទាញយកញត្តិ ភាសាបារាំង (French) និង ភាសាខ្មែរ (Khmer)

ញត្តិរបស់សហគមន៍ខ្មែរ​ នៅប្រទេសបារាំង

ជម្រាបមកលោកស្រី អូដ្រេ អាស៊្ហូឡេ​ (AUDREY AZOULAY)
អគ្គនាយកានៃ អង្គការយូណេស្កូ
ទីក្រុងប៉ារីស

កម្មវត្ថុ ៖ គម្រោងសាងសង់ឧទ្យានកំសាន្តមួយ នៅជិតឧទ្យាអង្គរ ប្រទេសកម្ពុជា

លោកស្រីអគ្គនាយកានៃអង្គការ យូណេស្កូ

ការសាងសង់​នាអនាគត​នៃ​ឧទ្យានកំសាន្ត «Angkor Lake of Wonder» ដ៏​ធំធេង​របស់​​ក្រុមហ៊ុន កាស៊ីណូ​ «ណាហ្កា​​ខប​ (Naga​Corp)» លើ​ទី​ដី​ទំហំ ៧៥ ហិកតារ និង​នៅ​ចម្ងាយ​​ប្រមាណ ​៥០០ ម៉ែត្រ​​ប៉ុណ្ណោះពី​«ឧទ្យាន​បុរាណ​វត្ថុ​អង្គរ» នឹង​​​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​ជា​ខ្លាំង ដល់​​បេតិ​កភណ្ឌ​វប្បធម៌ និង​សិល្បកម្ម​​ដ៏សំខាន់​បំផុត​របស់​ប្រជា​ជាតិ​ខ្មែរ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​​បេតិ​កភណ្ឌ​ពិភព​លោក ប្រឈម​នឹង​គ្រោះថ្នាក់ នៅ​ថ្ងៃទី ១៤ ធ្នូ ​១៩៩២។​

ការប៉ះ​ពាល់​ធំផុត គឺ​វត្តមាន និង​សកម្មភាព​នៃ​សំណង់​ថ្មី​នេះ វា​នឹង​ធ្វើ​ឲ្យ​សាប​រលាប​ដល់​កិត្តិ​នាម​​ដ៏​ឧត្តុង្គ​ឧត្តម របស់​​អង្គរ​ ដែល​តំណាង​នូវ​អរិយធម៌​ខ្ពង់​ខ្ពស់ របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​ដែល​​បាន​ផ្តល់​កំណើត​ដំបូង​បំផុត នៃ​ប្រជា​ជាតិ​ខ្មែរ។ ប្រាសាទ​អង្គរ ​បាន​ក្លាយ​ជា​និមិត្ត​រូប​នៃ​​អត្ថិភាព និង​ជា​ព្រលឹង​​នៃ​ប្រជា​ជាតិ​ខ្មែរ​នេះ។​ ជាអាទិ៍ យើង​បាន​ឃើញ​ហើយ​ថា ​របប​​នយោបាយ​ខ្មែរ​​​ ជា​​បន្ត​​បន្ទាប់ (ទោះ​បី​របប​បដិវត្ត​កុម្មុយនីស្ត ដែល​ប្រាថ្នា​កម្ទេច​ចោល​​ប្រវត្តិ​​សាស្រ្ត​ចាស់​ខ្មែរ​ក្តី) បាន​​យក​​រូបភាព​​ប្រាសាទ​អង្គរវត្ត ដាក់​នៅ​លើ​ទង់​ជ័យ​ជាតិ ដូចគ្នា​ទាំង​​អស់។

ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ធំ​-​តូច​ឯ​ទៀត​ទាំង​អស់ នៃ​សម័យ​អង្គរ ក៏​មិន​មែន​ជា​សំណង់ សម្រាប់​សាធារណជន​មក​មើល​កំសាន្ត ឬ​មក​ធ្វើ​បុណ្យទាន​អ្វីផ្ទាល់​ខ្លួន​ទេ។ ប្រាសាទ​នីមួយៗ​នោះ សុទ្ធ​​ជា​ទី​សក្ការ​បូជា ត្បិត​ជា​ទីដ្ឋាន​អាសនៈ នៃ​​ព្រះ​អាទិទេព​ ឬ​ព្រះពុទ្ធ​អង្គ និង​ពពួក​ទេវតា ដែល​​ថែ​​រក្សា​​-​​ការពារ​​មហា​នគរ និង​​ប្រជា​​ជាតិ​​ខ្មែរ។ ហេតុ​នេះ ទើប​មាន​​តែ​ក្រុម​​សាសនិក​ធំៗ ​និង​ព្រះរាជា​ប៉ុណ្ណោះ ដែល​អាច​ចូល​ទៅ​ក្នុង​ប្រាសាទ ដើម្បី​ប្រារព្វ​ពិធី​បូជា និង​បួង​សួង​ផ្សេងៗ។ រីឯ​អ្នក​​ឯទៀត​​​​ទាំង​​អស់ ​ចូល​រួម​ពិធី​ត្រឹម​តែ​នៅ​ជុំ​វិញ​ប្រាសាទ​ប៉ុណ្ណោះ។ នៅ​សម័យ​នេះ​ ក្រុម​អ្នក​ទេសចរ​ច្រើន​លើស​​លប់ បាន​​ពន្លឿន​​សំណឹក​ថ្ម នាំ​ឱ្យ​ខូច​វិនាស​ច្រើន ជា​ជាង​នា​សតវត្ស៍​នៃ​ការ​បោះ​បង់​អង្គរ​ នៅ​​កណ្ដាល​ព្រៃ ដូច​មាន​ការ​សង្កេត​ឃើញ របស់​​អង្គការ​យូណេស្កូ ពី​ឆ្នាំ​២០១៣ ស្រាប់​​ (Angkor: la rançon d’un succès, UNESCO 20/12/2013)។ អ្នក​​ឯក​ទេស​​អន្តរជាតិ បាន​ទាំង​ជំទាស់​ នឹង​ការ​សាង​សង់​អាកាស​យាន្តដ្ឋាន សម្រាប់​យន្តហោះ​ធំៗ ដែល​បន្លឺ​ស្នូរ​សម្លង​ខ្លាំងៗ នៅ​ជិត​បរិវេណ​នៃ​អង្គរវត្ត ផង។

        ការប៉ះ​ពាល់ធំ​មួយទៀត គឺ​ដល់​សំណង់​ប្រាសាទ​ទាំង​នោះ ដែល​អ្នក​ឯកទេស​ថា មិន​មាន​ភាព​​មាំ​មួន​ទេ ហើយ​ត្រូវ​ការ​​កិច្ច​​ថែ​រក្សា​ជា​ប្រចាំ ​ពីព្រោះ​ប្រាសាទ​ត្រូវ​បាន​សាង​សង់​ ដោយ​គ្មាន​បុកគ្រឹះ​​ជ្រៅ នៅ​លើ​ទី​ដី​ខ្សាច់​សើម ជា​ហេតុ​ធ្វើ​ឲ្យ​​ប្រាសាទ​​អង្គរ​វត្ត​ ត្រូវ​ការ​ទឹក​ជា​ច្រើន ​ជា​អចិន្ត្រៃយ៍​ព័ទ្ធ​ជុំវិញ។ ​ពេល​នេះ គេ​បាន​សង្កេត​ឃើញ​មាន​​ស្នាម​ប្រេះ ដោយ​​អន្លើ​​ទៅ​​ហើយ។ នេះ​ដោយសារ គ្រឹះ​ស្ថាបនា​ទន់​​ជ្រាយ នៅ​លើ​ទីដី​សើម ដែល​ធ្វើ​ឲ្យ​ប្រាសាទ មិន​អាច​ទប់​ទល់ និង​ការ​ជ្រៀត​ជ្រែក នៃ​​រុក្ខជាតិ​ និង​​កម្លាំង​ខ្លាំង​ក្លា នៃ​ការ​ប្រែ​ប្រួល​នៃ​អាកាសធាតុ (ភ្លៀង ព្យុះ រន្ទះ…) ​ផង​បាន​យូរ​ទេ។​ តើ​អ្នក​ឯកទេស​​អន្តរជាតិ​​ទាំង​​នោះ​ បាន​ចំណាយ​ពេល​វេលា​ប៉ុន្មាន​ឆ្នាំ ប៉ុន្មាន​ទសវត្សន៍ ដោយ​មធ្យោបាយ​​មនុស្ស​ និង​​ធនធាន​ប៉ុន្មាន ដើម្បី​គ្រាន់​តែ​​ធ្វើ​ការ​​ជួស​ជុល​ ឬ​ការ​តម្លើង និង​សាង​សង់​ជាថ្មី នូវ​ប្រាសាទ ដែល​បាន​បាក់​បែក ឬ​រលំ​រលាយ​រូប​នោះ?

       សណ្ឋាគារផ្កាយ​៥ ខ្ពស់ៗ​ស្កឹម​ស្កៃ ២ កន្លែង​ជិះ​ក្តារ​លេង​លើទឹក ល្អាង​ទឹក​ខ្នាត​ធំ សួន​បុប្ផា​ចម្រុះ​ពណ៌ ឧទ្យាន​បែប​​វប្បធម៌​​​ប្រវត្តិ​សាស្ត្រ និង​​«ទី​ក្រុង​ចិន (China Town)​» នឹង​នាំ​ទេសចរ មក​ច្រើន​ជ្រុល​ទៀត​មិន​ខាន​។ អាង​ទឹក​ធំធេង​របស់​​ក្រុមហ៊ុន​​«ណាហ្គា​ខប»នោះ​សោត នឺង​ត្រូវ​ការ​ទឹក​ច្រើន​​លើស​លប់ ពី​ស្ទឹង​សៀមរាប ដែល​សព្វថ្ងៃ​នេះ មាន​ការ​ខ្វះខាត​​ទឹក​​ទៅ​​ហើយ ​សម្រាប់​ទីក្រុង​សៀម​រាប​ ​និង​​នៅ​ឧទ្យាន​អង្គរ​នោះ។ រីឯ​ទីក្រុង​​ចិន (China Town) ​​របស់​ក្រុមហ៊ុន​នោះ យើង​បាន​​ឃើញ​​ហើយ ​នៅ​ទីក្រុង​ភ្នំពេញ ​និងនៅទីក្រុងព្រះសីហនុ ដូចគ្នានិងការបង្កើត​«ឆៃណាថោន» នៅគ្រប់​កន្លែង​​​ទាំងអស់​​ក្នុង​លោក វា​តែង​តែ​ជា​ទីតាំង​នៃ​ការ​ផ្សាយ​វប្បធម៌​ចិន យ៉ាង​ខ្លាំង​ក្លា​បំផុត ដែល​ធ្វើ​​ឲ្យ​​សាបរលាប ឬ​​បាត់​ទាំង​ស្រមោល នូវ​វប្បធម៌​របស់​អ្នក​ម្ចាស់​ប្រទេស​​តែ​ម្តង។

តើទាំងអស់នេះ មិន​មែន​ជា​ការលក់​គុណ​បុណ្យ​ដ៏​ធំធេង​របស់​អង្គរ ឲ្យ​ទៅ​ឈ្មួញ​រកស៊ី ក្នុង​​នាម​​នៃ​«អភិវឌ្ឍន៍» ឬ​​ទេ? តើ​គេ​ត្រូវ​ធ្វើ​កិច្ច​អភិវឌ្ឍ​ប្រទេស សម្រាប់​តែ​លុយ និង​ដើម្បី​តែលុយ ឬ?

សហគមន៍ខ្មែរ​នៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​បាន​ទទួល​ដំណឹង គួរ​ឲ្យ​បារម្ភ​ជា​ខ្លាំង ចំពោះ​ការ​សាប​រលាប​កិត្តិនាម នៃ​​អរិយធម៌​ និង​វប្បធម៌​​ដ៏​ខ្ពង់ខ្ពស់ ​ព្រម​ទាំង​​និមិត្តរូ​បរស់​រវើក​ នៃ​ព្រលឹង​របស់​ជាតិ​ខ្មែរ ដោយ​សារ​វត្តមាន និង​សកម្មភាព នៃ​​ឧទ្យាន​​​កំសាន្ត របស់​ក្រុមហ៊ុន​«ណាហ្កាខប»​នោះ។​

សូមលោកស្រីអគ្គនាយក ដោយ​យោង​តាម​សមត្ថកិច្ច​ដ៏ខ្ពង់​ខ្ពស់ នៃ​អង្គការ​យូណេស្កូ ក្នុង​ការ​ថែ​រក្សា​សម្បត្តិ​​បេតិ​​កភណ្ឌ​​​ពិភពលោក មេត្តា​ធ្វើអន្តរាគមន៍ ដើម្បី​កម្រិត​ចំនួន​ទស្សនាចរ នៅ​ប្រាសាទ​អង្គរ និង​បញ្ឈប់​គម្រោង​សាងសង់​​ឧទ្យាន​កំសាន្ត​នោះ ដើម្បី​ជួយ​សង្គ្រោះ​អង្គរវត្ត និង​ដួង​ព្រលឹង​ជាតិខ្មែរ ឱ្យ​រួច​អំពី​​ហានិភ័យ​​នេះ

សូមលោកស្រី​អគ្គនាយកា ទទួល​នូវ​សេចក្ដី​គោរព និង​ដឹង​គុណ​ដ៏ជ្រាលជ្រៅ​អំពី​យើងខ្ញុំ។

ធ្វើនៅប្រទេសបារាំង ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០

សហគមន៍ខ្មែរ នៅប្រទេសបារាំង

(អត្ថបទនេះ ទទួល​បាន​ពី​បណ្ឌិត ឌី ការ៉េត នៃគណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា ប្រទេស​បារាំង)

.

.