VOA Khmer, ថ្ងៃ​​​​ព្រហស្បតិ៍
ដោយលោក អូន ឆេងប៉រ / 18-2-2021

ភ្នំពេញ — អង្គការយូណេស្កូ​ (UNESCO)​ បាន​​ឱ្យ​​ដឹង​​ថា​​ ខ្លួន​​កំពុង​​តាម​​ដាន​​យ៉ាង​​ដិត​​ដល់​​ លើ​​គម្រោង​​សង់​​រមណីយដ្ឋាន​​សិប្ប​និម្មិត្ត​​តម្លៃ​​ប្រមាណ ៣៥០​ លាន​​ដុល្លារ​​របស់​ក្រុម​ហ៊ុន​​ណាហ្គា​ខប ​(NagaCorp Ltd) ដោយ​​បារម្ភ​​ថា​ គម្រោង​​នេះ​អាច​ «ប៉ះ​​ពាល់​​គុណ​តម្លៃ»​​ ឧទ្យាន​​បុរាណ​​អង្គរ ក្នុង​​ខេត្ត​​សៀមរាប

មជ្ឈមណ្ឌល​​បេតិកភណ្ឌ​​ពិភព​លោក​​​របស់​​យូណេស្កូ (UNESCO)​​ បាន​​ទទួល​​សំណូមពរ «ជា​ច្រើន» ​ពី​​សំណាក់​​ភាគី​​ទី​​បី​​នានា​ បង្ហាញ​​ពី​​ការ​​បារម្ភ​​របស់​​ពួក​គេ នេះ​​បើ​​តាម​សេចក្តី​​ប្រកាស​​របស់​​អង្គការ​​យូណេស្កូ​ ចុះ​​ថ្ងៃ​ទី​ ១៧ ខែ​​កុម្ភៈ ឆ្នាំ​​២០២១។

កាល​ពី​ខែ​​វិច្ឆិកា ឆ្នាំ​​២០២០ ក្រុមហ៊ុន​ណាហ្គា​ខប បាន​​ប្រកាស​​ពី​​គម្រោង​​សាង​​សង់​​រមណីយដ្ឋាន​ ​លើ​​ផ្ទៃ​​ដី​​ទំហំ​ ៧៥ ​ហិកតា នៅ​​ទី​តាំង​​ដី​​ជួល​​ពី​រដ្ឋ​​រយៈ​ពេល​ ៥០ ​ឆ្នាំ ដែល​​មាន​​ចម្ងាយ ​៥០០ ​ម៉ែត្រ​​ខាង​​ត្បូង​​តំបន់​​ពីរ​ ​នៃ​​ឧទ្យាន​​បុរាណ​​អង្គរ ជា​​ទីតាំង​​សម្បត្តិ​​បេតិកភណ្ឌ​​ពិភព​លោក​ ដែល​​ចុះ​​បញ្ជី​​ជាមួយ​​អង្គការ​​យូណេស្កូ តាំង​​ពី​ឆ្នាំ​ ១៩៩២​ មក។

គម្រោង​​រមណីយដ្ឋាន​​ទេសចរណ៍​​កែ​ច្នៃ​​នេះ ​រួម​​មាន​​សណ្ឋាគារ​ ដែល​​មាន ​៥០០ ​បន្ទប់ សួន​ទឹក​ ឆាយ​ណា​​ថោន (China Town) ប្រព័ន្ធ​​កសិណ​ទឹក សួន​ត្រូពិក និង​​ភូមិ​​វប្បធម៌​ ជា​ដើម។

ណាហ្គាខប បាន​​ប្រសិទ្​នាម​​គម្រោង​​នេះ​​ថា បឹង​​អង្គរ​​ដ៏​​អច្ឆរិយ (Angkor Lake of Wonder)។ នេះ​​បើ​​យោង​​តាម​​ឯកសារ​​ផ្លូវ​ការ​​របស់​​ក្រុមហ៊ុន​​ណាហ្គា​ខប​ ដែល​ VOA ទទួល​​បាន។

គម្រោង​​អភិវឌ្ឍន៍​​នេះ ​គ្រោង​​នឹង​​ធ្វើ​​ឲ្យ​រួច​​រាល់ ​ក្នុង​ឆ្នាំ ​២០២៥។

ក្នុង​កិច្ច​ប្រជុំ​​គណៈ​កម្មាធិការ​​សម្រប​សម្រួល​​អន្តរជាតិ​​អង្គរ (ICC-Angkor) នៅ​​ចុង​​ខែ​មករា គម្រោង​​នេះ​​បាន​​ស្ថិត​​ចំ​កណ្ដាល​​នៃ​​ការ​​ពិភាក្សា ហើយ​យូណេស្កូ​​ថា «យោបល់​​បច្ចេកទេស​​របស់​​អ្នក​​ជំនាញ​ក្នុង​​វិស័យ​​អភិរក្ស​ និង​​អភិវឌ្ឍន៍​​ប្រកប​​ដោយ​​ចីរភាព​​​នោះ ​គឺ​​មិន​​គាំទ្រ​​យ៉ាង​​ជាក់​​ច្បាស់»

អង្គការ​​យូណេស្កូ បន្ថែម​​ក្នុង​​ន័យ​​ដើម​​ថា៖ «រយៈ​​ចម្ងាយ​​នៃ​​គម្រោង​​នេះ​ ​ទៅ​​នឹង​តំបន់​​ទ្រនាប់​​នៃ​​ទី​ស្ថាន​​បេតិកភណ្ឌ ​ដែល​​ត្រូវ​​ការពារ និង​​ក៏​​ដូច​ជា​​ទំហំ វិសាល​ភាព និង​​គោល​​គំនិត​​នៃ​​គម្រោង អាច​​មាន​​ផល​​ប៉ះ​ពាល់​​ជាក់​​ស្ដែង​​ដល់​​គុណ​​តម្លៃ​​ជា​​សាកល​​ដ៏​​ល្អ​​ឯក ​ដែល​​អង្គរ​​ត្រូវ​​បាន​​បញ្ចូល​​ក្នុង​​បញ្ជី​​បេតិកភណ្ឌ​​ពិភព​​លោក​​របស់​​យូណេស្កូ»

លោក ឡុង កុសល អ្នក​នាំពាក្យ​​អាជ្ញាធរ​ជាតិ​​អប្សរា ដែល​​ជា​ស្ថាប័ន​​គ្រប់​គ្រង​​តំបន់​​បេតិកភណ្ឌ​​នៃ​​ឧទ្យាន​​អង្គរ​ ទំហំ​​ប្រមាណ​ ៤០០ ​គីឡូ​ម៉ែត្រ​​ការ៉េ បាន​​ប្រាប់​ VOA ​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​​ថា រដ្ឋាភិបាល​​លើក​​​ទឹ​ក​ចិត្ត​​ការ​​វិនិយោគ តែ​​ខ្លួន​​ក៏​​ស្ដាប់​​យោបល់​​របស់​​អង្គការ​​យូណេស្កូ​​ផង​​ដែរ។

យ៉ាង​ណា​ក៏ដោយ លោក​​មិន​អាច​​បញ្ជាក់​​ច្បាស់​​នោះ​​ទេ​​ថា​ តើ​រដ្ឋាភិបាល​​នឹង​​បញ្ឈប់​​គម្រោង​​ណាហ្គា​​ខប​​ឬ​​អត់ បើ​​គណៈ​កម្មាធិការ​​សម្រ​បសម្រួល​​អន្តរជាតិ​​អង្គរ ឬ ​ICC ផ្ដល់​អនុ​សាសន៍​​ដូច្នោះ។

លោក​​មាន​​ប្រសាសន៍​​ថា៖ «អ៊ីចឹង​​ កិច្ច​​ការងារ​​អ្វី​​ទាំង​​អស់ អាជ្ញាធរ​​ជាតិ​​អប្សរា តែង​​តែ​​ឆ្លង​​យោបល់​​ទៅ​​គណៈ​កម្មាធិការ ICC អង្គរ អ៊ីចឹង ​ក្នុង​​ករណី​​ដែល​​គណៈ​កម្មាធិការ​​ បាន​​ផ្ដល់​​នូវ​​អនុ​សាសន៍​​យ៉ាង​​ដូច្នេះ នឹង​​មាន​​ការ​​ពិភាក្សា​​គ្នា​ ឬ​​យ៉ាង​​ម៉េច​​ទៀត ខ្ញុំ​​ក៏​​មិន​ដឹង​​​ដែរ។ តែ​​ប្រាកដ​​ណាស់ អាជ្ញាធរ​​ជាតិ​​អប្សរា ​នឹង​​ស្ដាប់​​យោបល់​​របស់​​គណៈ​កម្មាធិការ ​ICC ​អង្គរ»

អ្នក​នាំ​ពាក្យ​​មួយ​រូប​​​នៃ​​​ក្រុមហ៊ុន​​​ណា​ហ្គា​ខប បាន​​​បដិសេធ​​​ធ្វើ​​​អត្ថាធិប្បាយ ពេល VOA ​ទាក់​ទង​​​ស្នើ​​​សុំ​​​សម្ភាសន៍​​​តាម​​​ទូរស័ព្ទ ​ដោយ​​​ស្នើ​​​ឱ្យ​​​ផ្ញើ​​​​ជា​​សារ​​អ៊ីមែល​​​វិញ។ មក​​ត្រឹម​​​រសៀល​​​ថ្ងៃ​​​ព្រហស្បតិ៍​​នេះ ក្រុម​ហ៊ុន​​​មិន​​​ទាន់​​​ឆ្លើយ​​​តប​​​នឹង​​​សំណួរ​​​របស់​​​វីអូអេ​​ នៅ​​ឡើយ​​​ទេ។

ក្នុង​កំណត់​ហេតុ​ចុះ​ថ្ងៃ​ទី​​​១៥ ខែ​​​វិច្ឆិកា ឆ្នាំ​​​២០២០ ផ្ញើ​​​ជូន​​​ម្ចាស់​​​ភាគហ៊ុន​​​ខ្លួន​​ ក្នុង​ក្រុមហ៊ុន​ណា​​ហ្គា​​​ខប ​បាន​​​ឱ្យ​​ដឹង​​ថា ​គម្រោង​​បឹង​​អង្គរ​​ដ៏​​អច្ឆរិយ នេះ​​ទទួល​​បាន «ចំណាប់​​អារម្មណ៍​​ខ្លាំង​​​មែន​​​ទែន» ពី​​សំណាក់​​ក្រុមហ៊ុន​​រដ្ឋ​​ចិន​​មួយ ​ដែល​​មិន​​បញ្ចេញ​​ឈ្មោះ​​ក្នុង​​ការ «ផ្ដល់​​ហិរញ្ញប្ប​ទាន​​សាង​​សង់ ​និង​​បញ្ចប់»។​

ក្រុម​ហ៊ុន​​ណាហ្គាខប​ បាន​​ត្រឹម​​បង្ហើប​​ថា​ ក្រុមហ៊ុន​​រដ្ឋ​​ចិន​​នោះ​ ​មាន ​«កេរ្តិ៍​ឈ្មោះ​​កសាង​​សួន​​កម្សាន្ត​​ធំៗ ​និង​​ជា​​ក្រុមហ៊ុន​​ទទួល​​កិច្ច​​សន្យា​​ខ្នាត​​ធំ​ ដែល​​បាន​​ពាក់ព័ន្ធ​​នឹង​​ទី​កម្សាន្ត Shanghai Disney Land»។ កំណត់​ត្រា​របស់​ Shanghai Disneyland បង្ហាញ​​ថា ​ក្រុមហ៊ុន​​រដ្ឋ​​ចិន ​ដែល​​ជា​​ម្ចាស់​​ភាគ​ហ៊ុន​​វិនិយោគ​​កសាង​​ទី​ក​ម្សាន្ត​នោះ ​មាន​ឈ្មោះ ក្រុម​ហ៊ុន Shanghai Shendi Group ដែល​​ចូល​​ហ៊ុន​​ជាមួយ​​ក្រុមហ៊ុន Walt Disney Company របស់​​សហរដ្ឋ​​អាមេរិក

ណាហ្គាខប ​ក៏​​បាន​​បរិយាយ​​បឹង​​អង្គរ​​ដ៏​​អច្ឆរិយ​​ថា​​ជា​ «គម្រោង​រមណីយដ្ឋាន​​ប្រមូល​ផ្ដុំ​ ជា​​កញ្ចប់​​តែ​​មួយ​​គត់​ ដែល​​មាន​​រយៈ​​ចម្ងាយ​​ជិត​​នឹង​​ប្រាសាទ​​អង្គរ​វត្ត​ នៅ​​ខេត្ត​​សៀមរាប​ ជាង​​គេ»

ក្រុមហ៊ុន​នេះ​​បន្ថែម​​ថា​ ខ្លួន​បាន​​សម្រេច​​កិច្ច​​ព្រម​ព្រៀង​​ជាមួយ​អាជ្ញាធរ​ជាតិ​​អប្សរា តាំង​​តែ​​ពី​ថ្ងៃ​ទី​​១២ ខែ​​ឧសភា ឆ្នាំ​​២០២០ ក្នុង​​ការ​​ទទួល​​បាន​​ទីតាំង​​ដី​​ជួល​​ប្រមាណ ​៧៥​ ហិកតា ក្បែរ​​តំបន់​​ការ​ពារ​​នៃ​​ឧទ្យាន​​បុរាណ​​អង្គរ។

នៅ​ពេល​​ត្រូវ​​បាន​​សួរ​​អំពី​​ការ​ «សម្រេច​​កិច្ច​​ព្រម​​ព្រៀង» ជាមួយ​​ក្រុមហ៊ុន ណាហ្គាខប នា​​ថ្ងៃ​ទី​​១២ ខែ​​ឧសភា ឆ្នាំ​២០២០ នោះ​​ថា​​ជា​​ការណ៍​​ពិត​​ដែរ​​ឬ​ទេ លោក ឡុង កុសល អ្នក​នាំពាក្យ​​អាជ្ញាធរ​​ជាតិ​​អប្សរា បាន​​ប្រាប់​​វីអូអេ​​ថា៖ «ធម្មតា ការ​វិនិយោគ​​តែង​​តែ​​បាន​​បញ្ជាក់​​ច្បាស់ ហើយ​​ការ​​វិនិយោគ​​ជា​​គោល​​នយោបាយ​​របស់​​រាជ​រដ្ឋាភិបាល​​កម្ពុជា​ ក្នុង​​ការ​​ទាក់​​ទាញ​​វិនិយោគ​​ពី​​បរទេស។ អ៊ីចឹង​​អា​នេះ ​វា​​អត់​​មាន​​អី​​ជា​​បញ្ហា​​អ្វី​​ទេ ខ្ញុំ​​អត់​​គិត​​ថា ​មាន​​អ្វី​​ជា​​បញ្ហា»

ខណៈ​លើក​​ឡើង​​អំពី​​ការ​​ពិគ្រោះ​​យោបល់​​ជាមួយ​ ICC-Angkor នោះ លោក ឡុង កុសល​ ថា លោក​​ក៏​​មិន​​ដឹង​​ដែរ​​ថា​ មុន​​ពេល​​ «សម្រេច​​កិច្ច​​ព្រម​​ព្រៀង» ​ផ្ដល់​​ដី​​ជួល​​ក្បែរ​​ឧទ្យាន​​អង្គរ​​ ទៅ​​​ឱ្យ​​ក្រុម​ហ៊ុន​​ណាហ្គាខប​ កាល​​ពី​​ឆ្នាំ​​មុន​​នោះ អាជ្ញាធរ​​ជាតិ​អប្សរា​ បាន​​សួរ​​យោបល់ ​ICC​ ឬ​​ក៏​​យ៉ាង​​ណា៕

អត្ថបទភ្ជាប់៖
សហគមន៍ខ្មែរ​ ប្រទេសបារាំង ផ្ញើញត្តិទៅអង្គការ​ UNESCO ស្នើ​​អន្តរាគមន៍​​បញ្ឈប់​គម្រោង​​ក្រុមហ៊ុន​មួយ ធ្វើ​ឲ្យ​​ប៉ះ​ពាល់​​​ប្រាសាទ​​អង្គរ​វត្ត

.