អត្ថបទ VOD (News) / ដោយ សេង ថៃ
12th-5-2022

បុរសពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ បាន​យក​ស្បែក​ជើង​ គប់​សំដៅ​​ទៅ​​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ចំណោម​ហ្វូង​អ្នកគាំទ្រ​​របស់​​លោក នៅ​ឯ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

តាមរយៈ​វីដេអូ​ឃ្លីប ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​​សង្គម​​នានា បាន​​បង្ហាញ​​ពី​បុរស​​វ័យ​​ជាង ​៦០ ​ប្លាយ​​ឆ្នាំ​ម្នាក់ ពាក់​អាវ​ធំ ក្រវាត់ក បាន​ដោះ​ស្បែក​ជើង​ប៊ូ​​របស់​​ខ្លួន គប់​​សំដៅ​ទៅ​​កាន់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អ្នកគាំទ្រ​កំពុង​ថត​ហ្សែលហ្វី (Selfie) ជាមួយ​លោក។ ប៉ុន្តែជា​សំណាង​ល្អ ស្បែក​ជើង​នេះ មិន​ត្រូវ​ចំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ ដោយ​ធ្លាក់​ចំទូរសព្ទដៃ​របស់​អ្នកគាំទ្រ​ស្ទើរ​តែ​ជ្រុះ​ចេញ​ពី​ដៃ។

ហេតុការណ៍នេះ​ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ រួមទាំង​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ផង ស្រឡាំង​កាំង ហើយ​ក្រោយ​មក​បុរស​គប់​ស្បែក​ជើង​​រូប​នោះ ​ត្រូវ​បាន​សមត្ថកិច្ច​អាមេរិក ​បង្គាប់​ឱ្យ​ចាកចេញ​ពី​កន្លែង​​កើត​​ហេតុ​​ភ្លាមៗ។

តាមរយៈ​វីដេអូ​ឃ្លីប​មួយ​ផ្សេង​ទៀត បុរស​អាមេរិកាំង​ដែល​អះអាង​ថា​ បាន​គប់​ស្បែក​ជើង​ទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា ខ្លួន​ពិត​ជា​មាន​បំណង​គប់​ស្បែក​ជើង ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិត​ប្រាកដ​មែន។ បុរសរូបនោះ​បាន​អះ​អាង​​ថា ខ្លួន​មាន​ឈ្មោះ អ៊ុក ទូច ​ជាអតីត​ទាហាន​សម័យ​សាធារណ​រដ្ឋខ្មែរ​របស់​លោក លន់ នល់ ដែល​​បច្ចុប្បន្ន​កំពុង​រស់​នៅ​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ពលរដ្ឋខ្មែរ​អាមេរិកាំង​រូបនេះ​ បញ្ជាក់ថា មូល​ហេតុ​ដែល​លោក​គប់​ស្បែក​ជើង​នេះ ដោយ​សារ​​លោក​​ខឹង​​សម្បា​​អាជ្ញាធរ​​រដ្ឋាភិបាល​​លោក ហ៊ុន សែន ដែល​បាន​សម្លាប់​គ្រួសារ​គាត់ និង​​ពលរដ្ឋខ្មែរ​ជាច្រើន​នាក់ អំឡុង​ពេល​ដែល​លោក​​ដឹកនាំ​ប្រទេស។

លោកថា៖ «បានជាខ្ញុំ​យក​ស្បែកជើង​ គប់ក្បាល​[លោក] ហ៊ុន សែន ព្រោះ ហ៊ុន សែន ​ជា Dictator [មេដឹកនាំ​ផ្ដាច់ការ] They Kill My Families in Cambodia [ពួកគេ​បាន​សម្លាប់​គ្រួសារ​របស់​ខ្ញុំ នៅ​កម្ពុជា] ហើយ ហ៊ុន សែន ហ្នឹង ​ខ្​ញុំគ្រាន់​តែ​យក​ស្បែកជើង​គប់​ក្បាល​គាត់ទេ ប៉ុន្តែ​គាត់​យក Grenade [គ្រាប់បែក​ដៃ] យក​គ្រាប់​បែក​គប់​បាតុករ​ងាប់​មិន​ចេះ​តិច​ នៅ​ស្រុក​ខ្មែរ។ តើខ្ញុំ​មាន​កំហុស​ដែរ​ឬ​អត់ បើ​ធ្វើ​អ៊ីចឹង?»

ទោះជាយ៉ាងនេះក្ដី ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន មិន​បាន​បង្ហាញ​ការ​ខឹង​សម្បា​ទៅ​កាន់​បុរស​រូបនេះ​ឡើយ ហើយ​ផ្ទុយ​ទៅវិញ លោក​បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​របស់​លោក នៅ​សហរដ្ឋអាមេរិក អត់ធ្មត់ និង​មិន​តបត​ចំពោះ​ជន​ដែល​បង្ក​ហេតុ និង​អ្នក​ដែល​ប្រឆាំង​​លោក​​ដោយ​​ហិង្សា​ ដែល​នាំ​ឱ្យ​ខុស​នឹង​ច្បាប់​សហរដ្ឋ​អាមេរិក​នោះ​ទេ។

លោកថា៖ «ខ្ញុំសូមផ្ដាំផ្ញើ​ជូន​បងប្អូន​ទាំង​អស់ ឱ្យ​មាន​ការ​អត់ធ្មត់​ចំ​ពោះ​មុខ ការញុះញង់ ការ​បង្ក​ហេតុ​ពី​ជន​ដែល​មិន​ចូលចិត្ត​រូប​ខ្ញុំ ប៉ុន្តែ​បាន​មក​បំផ្លាញ​ទឹកចិត្ត​បងប្អូន​នៅ​ទីនេះ។ បើទោះ​​បី​​ជា​​គេ​​ញុះញង់​ក៏ដោយ ​យើង​ពុំ​គួរ​មាន​សកម្មភាព​តបត​ណា​មួយ​ ចំពោះ​ពួកគេ​ទេ។ យើង​ត្រូវ​​ប្រកាន់​យក​ឥរិយាបថ​ថ្លៃថ្នូរ ក្នុង​ឋានៈ​ជា​អ្នកគាំទ្រ​ព្រះរាជា​ណាចក្រ​កម្ពុជា គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ឬ​រហូត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា»

ប្រព័ន្ធផ្សព្វផ្សាយ​គាំទ្រ​រដ្ឋាភិបាល​ បាន​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់​ ពី​ការ​ទទួល​ស្វាគមន៍​របស់​ពលរដ្ឋខ្មែរ​អាមេរិកាំង ចំពោះ​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អញ្ជើញ​ទៅ​ចូល​រួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក នៅថ្ងៃទី​១២-១៣ ខែ​ឧសភា​នេះ។ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​មាន​ពលរដ្ឋខ្មែរ​អាមេរិកាំង​មួយ​ក្រុម​ទៀត បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ទទួល​ស្គាល់​ថា នេះ​គឺជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​សម្រាប់​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ តែ​លោក​នៅ​តែ​​ទទូច​ឱ្យ​​អាជ្ញាធរ​អាមេរិក ចាត់​វិធានការ​ច្បាប់​លើ​ជន​បង្ក​ហេតុ ហើយ​​នាំ​យក​​មក​​ទទួល​​ខុស​ត្រូវ​ចំពោះ​​មុខ​​ច្បាប់​​របស់​អាមេរិក។

លោកថា៖ «ទេ! នៅទីណា​ក៏ដោយ​ឱ្យ​តែ​ធ្វើ​ផ្ដេសផ្ដាស ដែល​បង្ក អុកឡុក ឬ​មួយ​នាំ​ឱ្យ​មាន​អំពើ​អនាធិបតេយ្យ​នៅ​ក្នុង​អង្គប្រជុំ អាហ្នឹង​គឺ​ថា​ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ហើយ មិន​ថា​នៅ​ស្រុក​ខ្មែរ មិន​ថា​នៅ​អាមេរិក នៅ​បារាំង​ទេ សមត្ថកិច្ច​គេ​មិន​បណ្ដែត​បណ្ដោយ​ឱ្យ​ជន​ចំនួន​ភាគ​តិច​លើ​លោក​ហ្នឹង គឺ​ធ្វើ​អ្វី​ផ្ដេសផ្ដាស​បង្ក​បរិយាកាស​មិន​ល្អ​ទេ»។

សាស្ត្រាចារ្យផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា បាន​លើក​ឡើង​ពី​បរិបទ​នៅ​ប្រទេស​បស្ចិម​លោក​ថា សកម្មភាព​បែប​នេះ គឺជា​ការ​បង្ហាញ​ឥរិយាបថ​មួយ​ដែល​ពលរដ្ឋ​របស់​ពួកគេ​ មិន​ពេញចិត្ត​ ចំពោះ ថ្នាក់​ដឹកនាំ​ប្រទេស​ណា​មួយ។ ជាឧទាហរណ៍ ករណី​គប់​ស្បែក​ជើង​ទៅ​លើ​អតីត​ប្រធានាធិបតី​អាមេរិក លោក ចក ដាប់ប៊ែលយូ ប៊ូស នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់, ករណី​យុវជន​ម្នាក់​ ទះ​កំផ្លៀង​លោក អេម៉ានូអ៊ែល ម៉ាក្រុង ប្រធានាធិបតី​បារាំង និង​ករណី​បាញ់ថ្នាំ​ក្រហម ទៅ​លើ​មុខ​របស់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​នៅ​ប្រទេស​ប៉ូឡូញ កាល​ពីពេល​ថ្មីៗនេះ ជាដើម។

លោកថា៖ «ជាឥរិយាបថ​មួយ​នៅ​លោក​ខាងលិច ការ​គប់​ស្បែកជើង ការ​គប់​ពងមាន់ គប់​ប៉េងប៉ោះ វា​ជា​ឥរិយាបថ​មួយ​នៃ​ការ​មិន​ពេញចិត្ត យើង​អាច​ថា​ជា​ការ​ប្រមាថ​ក៏​ថា​បាន​ដែរ រហូត​ដល់​ការ​គប់​ស្បែក​ជើង​នេះ ទៅ​ថ្នាក់​ដឹកនាំ​កម្ពុជា​កន្លង​មក ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា វា​អត់​ដែល​មាន​ទេ។ អ៊ីចឹង នៅ​ក្នុងបរិបទ​នៃ​ការ​បញ្ចេញ​មតិ សម្ដែង​មតិ បើមាន​ទោស ក៏​អត់​មាន​ទោស​អី​ធំដុំ​ទេ បើ​យើង​និយាយ​ឱ្យ​មែន​ទែន។ ក៏ប៉ុន្តែ​នៅ​ក្នុង​បរិបទ​កម្ពុជា ជា​រឿង​មួយ​ផ្សេង​ទៀត យើង​មិន​ថា​ទេ! តែនេះ​វា​កើត​នៅ​លើ​ទឹកដី​អាមេរិក»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​​ពិសេស​​អាស៊ាន​-​អាមេរិក តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន។ កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​ចាប់​ពីថ្ងៃទី​១២-១៣ ខែ​ឧសភា ដោយ​ពិភាក្សា​ទៅ​លើ​ប្រធានបទ​សំខាន់ៗ ​រួម​មាន ការឆ្លើយតប​នឹង​ជំងឺកូវីដ-១៩ បញ្ហា​សន្តិសុខ​សុខភាព​សកល បម្រែបម្រួល​អាកាសធាតុ និង​ការ​តភ្ជាប់​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​គ្នា។ ជាមួយ​គ្នា​នេះ ភាគី​ទាំង​សង​​ខាង ​ក៏​នឹង​ជជែក​គ្នា​លើ​បញ្ហា​តំបន់ ​និង​អន្តរជាតិ ដែល​ជា​ប្រយោជន៍​ និង​កង្វល់​រួម​ផង​ដែរ៕