គួសបញ្ជាក់ថា ជំនួបផ្លូវការដោយឡែកពីគ្នា រវាងលោកស្រីឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Wendy Sherman ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងភ្នំពេញ «បង្ហាញនូវសញ្ញាល្អ និងវិជ្ជមាន សម្រាប់ជាតិខ្មែរជារួម បើសិនអ្នកនយោបាយគ្រប់ភាគី ចាប់ផ្តើមប្រតិបត្តិរដ្ឋធម្មនុញ្ញជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ ដើម្បីស្តារស្ថានកម្ពុជាឡើងវិញ»។ (អត្ថបទបន្ថែមដោយ CWCI Cambodia)
អត្ថបទ The Cambodia Daily
02nd-6-2021
បញ្ញវន្តខ្មែរនៅក្រៅស្រុក បានអះអាងថា ជំនួបរវាងអនុរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក អ្នកស្រី Wendy Sherman និងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អាចនឹងផ្តល់ភាពវិជ្ជមានច្រើន សម្រាប់ការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក អ្នកស្រី Wendy Sherman បានជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារ ទី១ ខែមិថុនា នេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នេះថា ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសលោកសេរី ផ្ដោតសំខាន់ទៅលើការស្ដារលទ្ធិប្រជាធិបតេយ្យ និងគោលការណ៍គោរពសិទ្ធិមនុស្សជាចម្បង។
លោកអះអាងថា ទោះបីជាជំនួបនេះ មិនបានបង្ហាញដោយចំៗ ពីការជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ទម្លាក់ចោលនូវការចោទប្រកាន់ទៅលើប្រធានគណបក្សប្រឆាំង លោក កឹម សុខា ក៏ពិតមែន ប៉ុន្តែអ្វីដែលគេចង់បាននោះ គឺរដ្ឋាភិបាលកម្ពុជាងាកទៅគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការគោរពនូវរដ្ឋធម្មនុញ្ញរបស់ខ្លួនវិញ។
លោកបញ្ជាក់ថា នៅពេលរដ្ឋាភិបាលកម្ពុជា ងាកទៅរកការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយនោះ អ្នកទោសមនសិការទាំងអស់នៅកម្ពុជា នឹងទទួលបាននូវសិទ្ធិសេរីភាពពេញលេញជាមិនខាន ដូច្នេះដំណើរទស្សនកិច្ចការទូតនេះ គឺជាចំណុចវិជ្ជមានមួយ សម្រាប់កម្ពុជានាថ្ងៃអនាគតផងដែរ។
លោក ម៉ែន ណាត អះអាងថា ជំនួបនេះក៏ជាការដាស់តឿន លោក ហ៊ុន សែន ផងដែរចំពោះនយោបាយងាកទៅរកមហាអំណាចកុម្មុយនីស្តចិន របស់លោកកន្លងមក ដូច្នេះនេះជាសញ្ញាមួយ ដែលជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ងាកទៅស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពគោលការណ៍សិទ្ធិមនុស្ស ដែលត្រូវរដ្ឋាភិបាលកម្ពុជារឹតត្បិតកន្លងមក។
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នេះ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី Wendy Sherman បានទៅដល់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ខ្លួន ដែលនឹងបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះភាពចាំបាច់នៅអាស៊ាន ក្នុងការរកដំណោះស្រាយបញ្ហាកម្រិតទ្វេភាគី និងតំបន់ក្នុងពេលបច្ចុប្បន្ននេះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក ធ្លាប់បានប្រកាសមុនដំណើរទស្សនកិច្ចនៃអនុរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនថា ដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃរបស់អ្នកស្រី Wendy Sherman ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នេះ ដែលជាទស្សនកិច្ចលើកដំបូងនេះ នឹងធ្វើដំណើរទៅកាន់ ប្រទេសបែលហ្ស៊ិក តួកគី ឥណ្ឌូណេស៊ី កម្ពុជា និងប្រទេសថៃ។
មុនដំណើរទស្សនកិច្ចរបស់អ្នកស្រី Wendy Sherman ទៅកាន់កម្ពុជា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូបឺសុន (Phil Robertson) កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ បានលើកឡើងថា ក្នុងនាមជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដែលត្រូវបំពេញទស្សនកិច្ចនៅកម្ពុជា គួរតែរិះគន់ខ្លាំងៗជាសាធារណៈ នូវការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងគោលការណ៍សិទ្ធិមនុស្សនៅកម្ពុជា របស់រដ្ឋាភិបាល លោក ហ៊ុន សែន។
លោកបញ្ជាក់ថា លោកស្រី Sherman គួរតែទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការសាកល្បងប្រឆាំងនឹងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិបន្ត (CNRP) ទៀត ព្រមទាំងដោះលែងអ្នកទោសនយោបាយនៃបក្សនេះ ដែលរងការចោទប្រកាន់ទាំងអយុត្តិធម៌ និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ លើមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ផងដែរ៕

.