ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះភាពតានតឹង រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ឬហៅថា «ការដណ្តើមអំណាចគ្នា នៅក្នុងតំបន់រវាងប្រទាំងពីរ»។ មានអ្នកចាក់ខ្សែខាងសហរដ្ឋអាមេរិក និងមានអ្នកចាក់ខ្សែខាងប្រទេសចិន ដោយរំពឹងថា «នឹងផ្ទុះចេញជាសង្គ្រាមទ្រង់ទ្រាយធំ»។ សូមរំលឹកថា ឧត្តមក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលមានសមាជិកប្រទេស ៥ រួមមាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន និងរ៉ុស្សី ដែលមានគោលបំណង «ថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ»។ ដូច្នេះ អ្នកដែលរំពឹងថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងចិន នឹងផ្ទុះទ្បើងនោះ «នឹងត្រូវខកបំណងហើយ»។
ប្រសិនគ្មានការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ រវាងប្រទេសទាំង ២ នេះទេ ហេតុអ្វីមហាអំណាចទាំងពីរនេះ ត្រូវមានជម្លោះនឹងគ្នា? តាមពិត នោះគឺជាការដណ្តើមផលប្រយោជន៍គ្នា ទៅវិញទៅមកនៅតំបន់ឥណ្ឌូ-ប៉ាសុីហ្វិក ដែលនឹងក្លាយជាទីផ្សារដ៏ធំជាងគេ នៅលើពិភពលោក។ ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ សរុបមាន ៤,៣ ពាន់លាននាក់ ឬស្មើនឹង ៦០% នៃចំនួនសរុបប្រជាពលរដ្ឋពិភពលោក។ ដោយសារប្រទេសចិន ស្ថិតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាសុីហ្វ៊ិកនេះ គឺមានអាទិភាពខ្ពស់ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន ជាងសហរដ្ឋអាមេរិក។
គោលនយោបាយ និងកម្មវិធីនយោបាយនានា របស់សហរដ្ឋអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាសុីហ្វិកនេះ គិតត្រឹមពីប្រធានាធិបតីទី៤១ លោក ចច ប៊ុស (George H. W. Bush), ប្រធានាធិបតីទី៤២ លោក ប៊ីល គ្លីនតុន (Bill Clinton) ប្រធានាធិបតីទី៤៣ ចច ដាបិលយូ ប៊ុស (George W. Bush), ប្រធានាធិបតីទី៤៤ បារ៉ាក់ អូបាម៉ា (Barack Obama) និងប្រធានាធិបតីទី៤៥ ដូណាល់ ត្រុម (Donald Trump) គឺបានត្រឹមតែរត់ឲ្យទាន់ចិន ជាមុនសិន មានន័យថា «សហរដ្ឋអាមេរិក ធ្វើកិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុខ ជាមួយប្រទេសចិន»។ ដោយសារនយោបាយនៃកិច្ចសហប្រតិបត្តិការរបៀបនេះហើយ បានផ្តល់ឱកាសដល់ប្រទេសចិន ពង្រឹង និងពង្រីកនៃរចនាសម្ព័ន្ធគ្រប់គ្រងតំបន់ឥណ្ឌូ-ប៉ាសុីហ្វិកនេះ បានយ៉ាងរឹងមាំ ជាពិសេសការគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូង (South China Sea) ដែលនឹងក្លាយជាតំបន់ធ្វើចរាចរណ៍ពាណិជ្ជកម្ម ដែលមានតម្លៃជាង ៣ ពាន់ពាន់លានដុល្លារ (3 trillions USD) ជាប្រចាំឆ្នាំ។
ដោយមើលឃើញវិសាលភាពនៃតម្លៃពាណិជ្ជកម្ម នៅក្នុងតំបន់ឥណ្ឌូ-ប៉ាសុីហ្វិកនេះ សហរដ្ឋអាមេរិក បានចាប់ផ្តើមដំទ្បើងសាច់ដុំ ដោយកែប្រែយុទ្ធសាស្ត្រ នៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន។
ប្រធានាធិបតី ដូណាល់ ត្រុម កាលនៅជាបេក្ខជនប្រធានាធិបតី បានជំទាស់នឹងគោលនយោបាយ ដែលផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូ នៅក្នុងតំបន់អាស៊ី-ប៉ាសុីហ្វិក (TPP – Trans-Pacific Partnership)។ ប៉ុន្តែក្រោយទទួលបានជ័យជំនះពីការបោះឆ្នោត ហើយក្លាយខ្លួនជាប្រធានាធិបតី លោក ត្រុម បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Wilbur Ross បន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូ នៅក្នុងតំបន់នោះ ជាមួយប្រទេសនានា ដែលជាសមាជិកឲ្យអនុម័តយល់ព្រម។ ទើបនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ ប្រទេសវៀតណាម បានក្លាយជាសមាជិកទី៧ ក្នុងការយល់ព្រម ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូ TPP។
ទោះជាមានការវិវត្តន៍បែបនេះក្តី សហរដ្ឋអាមេរិក នៅមិនទាន់មានកម្លាំងជារចនាសម្ព័ន្ធពេញលេញ ក្នុងការប្រកួតប្រជែងជាមួយប្រទេសចិន នៅទ្បើយទេ។ ហេតុដូច្នេះហើយ សង្គ្រាមពាក្យសំដី រវាងសហរដ្ឋអាមេរិក និង ចិន ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង កាន់តែខ្ទរខ្ទារ ពេលការបោះឆ្នោតនៅសហរដ្ឋអាមេរិក ក៏កាន់តែខិតជិតមកដល់ នៅខែវិច្ឆិកា ខាងមុខនេះ។
ឥទ្បូវនេះ សូមងាកមកកម្ពុជាយើងវិញ តើគួរជ្រើសរើសផ្លូវដើរយ៉ាងណា? ចម្លើយមានពីរ៖ ១)- ជម្រើសសម្រាប់ពាណិជ្ជកម្ម និង ២)- ជម្រើសសម្រាប់នយោបាយ។
ចំពោះជម្រើសទី១ កម្ពុជាត្រូវរក្សាតុល្យភាពនៃដៃគូពាណិជ្ជកម្មរបស់ខ្លួន រវាងចិន និងសហរដ្ឋអាមេរិក ដោយមិនត្រូវជ្រើសរើសមួយ ចោលមួយនោះទេ។ ចំពោះជម្រើសទី២ វិញ កម្ពុជាត្រូវរក្សាគោលនយោបាយអព្យាក្រឹតរបស់ខ្លួន ដោយត្រូវងាកមកគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន។ នេះមានន័យថា កម្ពុជា ត្រូវទម្លាក់ចោលបទចោទប្រកាន់ លោក កឹម សុខា {មេដឹកនាំបក្សប្រឆាំង}, អ្នកនយោបាយ និងសកម្មជននយោបាយទាំងអស់ ដើម្បីបើកផ្លូវ ឲ្យមានការប្រកួតប្រជែងគ្នា ខាងនយោបាយ ស្របតាមមាត្រា៥១ ថ្មី នៃរដ្ឋធម្មនុញ្ញ៖ «ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស»។
អត្ថបទនេះ ជូនជាគំនិតដល់ក្រុមមេដឹកនាំ និងអ្នកនយោបាយដែលមានទស្សនវិស័យរបស់ខ្មែរ ធ្វើជាសារណាដោះស្រាយបញ្ហាវិបត្តិនយោបាយកម្ពុជា ដើម្បីស្តារប្រក្រតីភាព និងលទ្ធិប្រជាធិបតេយ្យកម្ពុជាឡើងវិញ ដោយឈរលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ជាមូលដ្ឋាន។
អត្ថបទដោយលោក ទូច វិបុល នៃចលនានិស្សិតខ្មែរ SMD /សម្រួលអត្ថបទ៖ ម៉ែន ណាត
.


.