អត្ថបទដោយ TCD / 30-6-2020

អ្នកឃ្លាំមើលនយោបាយអន្តរជាតិ ព្រមានថា ជំងឺកូវីដ១៩ បាន​ធ្វើឲ្យ​បែក​ធ្លាយ​មហិច្ឆតា​មហាអំណាច​ចិន ចង់​គ្រប់គ្រង​ប្រព័ន្ធ​នយោបាយ​សន្តិសុខ និង​សេដ្ឋកិច្ច​របស់​ពិភព​លោក។

លោកបណ្ឌិត សូ ណារ៉ូ អតីត​អគ្គទីប្រឹក្សា​ស្ថានទូតខ្មែរ​ប្រចាំប្រទេស​ឥណ្ឌូនេស៊ី អះអាង​ថា ប្រទេស​​អូស្ត្រាលី​បាន​នាំ​មុខ​ពិភពលោក​ ក្នុង​ការទាមទារ​ឲ្យ​ប្រទេស​ចិន សំដែង​ភាព​ស្មោះត្រង់​ផ្តល់​ភស្តុតាង នៃ​កើត​ឡើងរបស់​វីរុសកូរ៉ូណា។ លោកបន្តថា ក្នុងរយៈ​ពេលជាច្រើន​ទសវត្សរ៍​​​មក​​នេះ ចិន​​បាន​​​រៀប​​សេណារីយ៉ូ ផ្តល់​ជំនួយ និង​កម្ចី ដើម្បី​ចិញ្ចឹម និង​​ក្តោប​ក្តាប់​កូន​​​ប្រទេស​​ផ្តាច់ការ​​តូចៗ មាន​​កម្ពុជា​ ជាដើម ក្នុង​​ការគ្រប់គ្រង​​ភូមិសាស្ត្រ​​នយោបាយ និង​​​សេដ្ឋកិច្ច ដើម្បី​​ជួយ​ខ្លួន ឆ្ពោះ​​ទៅ​កាន់​​កាប់​ប្រព័ន្ធ​​នយោបាយ និង​​សេដ្ឋកិច្ច​របស់​ពិភពលោក​​ទាំងមូល។ លោក​​លើកឡើងថា សព្វថ្ងៃនេះ​ ចិន គឺជា​មហាអំណាច​​ឯកោ ដែលកំពុង​​​រង​វិបត្តិ​​ការទូត និង​​សេដ្ឋកិច្ច ជាមួយ​​បណ្តា​​ប្រទេស​​ជាង ១០០ ជុំវិញ​​ពិភពលោក ដោយសារ​​ការមិន​​ទទួល​ខុសត្រូវ​​ លើការ​​រីករាលដាល​​ពីជំងឺ​​រលាក​ផ្លូវដង្ហើម ដែល​​បាន​​ផ្ទុះឡើង​​ក្នុង​ទីក្រុង​​វូហាន នៃខេត្ត ហ៊ូពេ របស់​ខ្លួននោះ។ នេះបើ​តាម​អះអាង​​របស់​លោក ធ្វើឡើង​​ក្នុង​​កម្មវិធី Idea Talk នៃសារព័ត៌មាន ឌឹខេមបូឌា ឌែលី The Cambodia Daily នា​រាត្រី​​ថ្ងៃទី​​២៤ ខែ​មិថុនា ឆ្នាំ​២០២០ កន្លង​​ទៅ​នេះ។

លោកបណ្ឌិត​ សូ​ ណារ៉ូ គូសបញ្ជាក់ថា មហិច្ឆតា​វា​តទី​គ្រប់គ្រង​​ពិភពលោក​​របស់​ចិន កំពុង​ផ្ទុះ​​ការតវ៉ា​​​ពី​បណ្តា​​ប្រទេស​​ជា​ច្រើន ដែល​​ប្រទេស​​ទាំង​​នោះ សុទ្ធ​សឹង​​ជាសម្ព័ន្ធមិត្ត​​របស់​​មហា​អំណាច​​​លោក​​សេរី។ លោកបន្ត​ថា អាមេរិក​ នឹង​​មិនឈរ​អោប​ដៃ​មើល​​ការពង្រីក​​លទ្ធិកុម្មុយ​និស្ត​​របស់​​ចិន ឈាន​ទៅ​រកការ​​ទាញប្រព័ន្ធ​​ប្រជាធិបតេយ្យ​​របស់​​ពិភពលោក ឲ្យធ្លាក់​ចុះ ដោយ​ជំនួស​​មកវិញ នូវ​លទ្ធិ​គ្រប់គ្រង​​ក្តោបក្តាប់​​​សិទ្ធិ​សេរីភាព របស់​​សកលលោក​​នោះទេ។ លោក​​អះអាង​ថា នេះជាការ​ព្រមាន​​របស់​​សហរដ្ឋ​អាមេរិក ទៅ​កាន់​កុម្មុយនិស្ត​ចិន ជាលើក​ដំបូង ដែល​មិន​​ធ្លាប់​​មាន​​ក្នុងរយៈ​ពេល​រាប់​ទសវត្ស​​កន្លង​​មក​នេះ។

កាលពីថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០ រដ្ឋមន្ត្រីក្រសួង​ការបរទេសអូស្ត្រាលី បាន​ប្រកាសថា រដ្ឋាភិបាល​​​អូស្ត្រាលី នឹង​​ទាមទារ​​ឲ្យមាន​​ការស៊ើប​អង្កេត ដោយ​​ឯករាជ្យ​មួយ ស្តីពី​ប្រភព​​ផ្ទុះឡើង​​នៃ​​មេរោគ​​កូវីដ១៩ នៅ​ក្រុង​វូហាន។ នៅថ្ងៃទី​១៨ ខែមេសា លោក ដូណាល់ ត្រាំ ប្រធានាធិបតី​​សហរដ្ឋ​​អាមេរិក បាន​​និយាយ​​គម្រាម​​ថា ប្រសិន​បើ​មាន​​ការរកឃើញ​​ថា ចិន មាន​​ចេតនា​​អាក្រក់​​ណា​មួយ នៅពី​ក្រោយ​​ការ​ធ្វើឲ្យ​​ផ្ទុះឆ្លង​​រាល​ដាល នូវ​មេរោគ​​កូវីដ១៩ នេះ​​មែន នោះ​សហរដ្ឋ​អាមេរិក នឹង​មិន​​អត់ឱន​ឲ្យ​ចិន ជា​ដាច់​ខាត។

ចំណែក​​ក្រុមប្រទេស​​មហាអំណាច​​​ឧស្សាហកម្ម G7 នៅថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២០ កន្លង​​ទៅ​​​នេះ បាន​ចេញ​សេចក្តី​​ប្រកាស​​ក្រើន​​រំលឹក​​ឲ្យ​​ប្រទេស​​​ចិន ​លះបង់​​​ចោល​​​គម្រោង​​ការ​អនុវត្ត​​​ច្បាប់​​​​ដ៏​​ចម្រូង​​ចម្រាស ស្តីពី​​​​សន្តិសុខ​ជាតិ ហុងកុង​​ជាបន្ទាន់។ សម្រាប់​​​ក្រុម​ប្រទេស ​G7 ដែល​​ប្រមូល​ផ្តុំ​​ ដោយ​អាមេរិក អាល្លឺម៉ង់ ជប៉ុន បារាំង អង់គ្លេស អ៊ីតាលី និង​​កាណាដា បាន​​​ថ្លែង​ថា ច្បាប់​​សន្តិសុខ​ជាតិ ដែល​​​ចិន​​​គ្រោង​​​អនុវត្ត​​នៅ​​ទឹកដី​​​ហុងកុង នឹង​​គំរាមកំហែង​​​ប្រព័ន្ធ​​ដឹកនាំ​​​ស្វយ័ត​​​របស់​​ហុងកុង ដែល​​​រហូត​មក​​បាន​​​ជួយ​​​ហុងកុង ​ឲ្យ​​​អភិវឌ្ឍ​ខ្លួន​ ក្លាយ​​​​ជា​​តំបន់​​​ហិរញ្ញវត្ថុ​​​អន្តរជាតិ​ ដ៏សំខាន់​​មួយ​​នៅ​ក្នុង​​តំបន់។

លោក សូ ណារ៉ូ លើកឡើងថា ចិនធ្វើ​​សង្គ្រាម​ពាណិជ្ជកម្ម​​ជាមួយ​​អាមេរិក​​ផង ប្រើ​​កម្លាំង​​យោធា ​នៅ​​គ្រប់​​ជ្រុង​​ប្រឆាំ​ង ​នឹង​​​ឥណ្ឌា​​ផង នៅ​ហុងកុង​​ផង តៃវ៉ាន់ វៀតណាម និង​​ជប៉ុន​​ទៀតនោះ។​ លោក​​បញ្ជាក់​​ថា តាម​​ការ​ពិ​ត​ទៅ វា​គ្មាន​​ប្រយោជន៍​​​អ្វី​​ដែល​​​ចិន ​ត្រូវ​​តតាំង​​ដោយ​​​ចំហ​​ ជាមួយ​​​ឥណ្ឌា​​ទេ​ ប៉ុន្តែ​​សម្រាប់​​អ្នក​ជាតិ​និយម​​​ចិន ការប្រឈម​​​​គ្រប់​ទិស​​​​ជា​​យុទ្ធ​សាស្ត្រ​​មួយ ដែល​​អាច​​​បង្ហាញ​​​​ប្រាប់​​​ប្រជាពលរដ្ឋ​​​ចិន ​ថា​​បក្ស​កុម្មុយនិស្ត​​​របស់​លោក ស៊ី ជិនពីង ប្រធានាធិបតី​​ចិន នៅតែ​ខ្លាំង ​និង​មាន​​​សមត្ថភាព។ លោក​​បន្ត​ថា មហា​​អំណាច​កុម្មុយនិស្ដ​​​ចិន បាន​​គម្រាម​កំហែង​​ផ្នែក​សេដ្ឋកិច្ច និង​​សន្តិសុខ ទៅលើ​​ប្រទេស​​នានា ដែល​​មាន​​ទំនាក់ទំនង​​ពាណិជ្ជកម្ម​​ជាមួយ​​ខ្លួន ជាពិសេស​​ប្រទេស​​អូស្ត្រាលី ដែល​​បាន​ជីក ឬស​ជីកគល់​​ អំពីជំងឺ​កូវីដ១៩ នេះ។ តែផ្ទុយ​​ទៅវិញ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​​ផ្តល់ឱកាស​​ដល់​​អូស្ត្រាលី និង​​កូរ៉េខាង​ត្បូង ចូល​​ក្នុង​កិច្ចប្រជុំ​​ជាមួយ​មហា​អំណាច​​ឧស្សាហកម្ម G7 ដោយ​ក្នុង​​នឹង​មាន​​ការជជែក​​ពិភាក្សា លើ​ប្រធានបទ​​សំខាន់​មួយ​​ផងដែរ អំពីជោគវាសនា​​របស់​​មហាអំណាច​​កុម្មុយនិស្ត​​ចិន ​មួយ​នេះ។

សេដ្ឋវិទូដ៏ល្បីមួយរូប ជាសាស្ត្រាចារ្យប្រចាំ​​សាកល​វិទ្យាល័យ​​នៅសហរដ្ឋ​អាមេរិក បាន​​លើកឡើងថា កំដៅ​នយោបាយ រវាង​​សហរដ្ឋ​​អាមេរិក​ និង​​ចិន អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​​ដល់ពិភពលោក ជាង​ជំងឺ​កូវីដ១៩ ​ទៅ​​ទៀត។

តែទោះយ៉ាង​ណា លោក​បណ្ឌិត សូណារ៉ូ បញ្ជាក់ថា បណ្តាប្រទេស​​លើពិភព​លោក នៅ​តែ​​រង​​ការបក​ស្រាយ​​ពីហេតុផល​​ពិត​ប្រាកដ​​របស់​​ភាគី​​ចិន នៃ​ជំងឺ​​កូវីដ១៩ នេះ​ ដោយ​​យក​ចិត្តទុក​​ដាក់​​យ៉ាង​​ម៉ឺងម៉ាត់ ព្រោះ​​ពួក​គេ​​ចង់​ដឹង​​ឲ្យ​បា្រកដ​ថា នៅ​ពីក្រោយ​​ជំងឺ​​រាតត្បាត​​ដ៏​កាច​​​សាហាវ​​នេះ ជាផែន​ការ​របស់​​ចិន​​ដែរ​ ឬ​ក៏អត់៕

So Naro -photo

.